​យុវជន​ប្ដេជ្ញា​ជំរុញ​វិស័យ​រ៉ូបូត​នៅ​កម្ពុជា​ឱ្យ​រីកចម្រើន​

​យុវជន​ប្ដេជ្ញា​ជំរុញ​វិស័យ​រ៉ូបូត​នៅ​កម្ពុជា​ឱ្យ​រីកចម្រើន​

​អ្នកជំនាញ និង​យុវជន​ដែល​ចាប់អារម្មណ៍​សិក្សា​លើ​ការបង្កើត​មនុស្ស​យន្ត​ឬ​រ៉ូបូត ចង់​ឃើញ​យុវជន​ងាក​មក​ឆាប់​អារម្មណ៍​សិក្សា​លើ​វិស័យ​រ៉ូបូត​ឱ្យបាន​ច្រើន ដើម្បី​បង្កើន​ធនធានមនុស្ស ឈាន​ទៅ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​

​ការលើកឡើង​នេះ​ធ្វើឡើង​នៅ​ក្នុង​ការប្រកួតប្រជែង​រ៉ូ​បូតថ្នាក់​ជាតិ​លើក​ទី​៤ នៅ​កម្ពុជា ប្រចាំឆ្នាំ​២០១៧ ដែល​ប្រារព្ធ​ឡើង​កាលពី​ចុងខែ​មេសា ក្រោម​ប្រធានបទ «​ការបាញ់​ថាស​ជ័រ​ឱ្យ​ទើលើ​ទីតាំង​»​។ កម្មវិធី​ប្រកួត​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោល​បំណង​ជំរុញ និង​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត ដែល​កំពុង​សិក្សា ដើម្បី​តម្រង់ទិស​វិជ្ជាជីវៈ លើ​ជំនាញ​រ៉ូបូត ក្នុង​ការជួយ​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ប្រទេសជាតិ​។​

ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន​ចូលរួម​ប្រកួត​មាន​ចំនួន​១១​ក្រុម ដែល​មាន​បេក្ខជន​ចំនួន​៥៤​នាក់ ក្នុង​នោះបេ​ក្ខ​នារី​ចំនួន​៣​នាក់​។​

​យុវជន  ស្រេង សុធា​និត និស្សិត​មក​ពី​វិទ្យាសា្ថន​ជាតិ​ពហុបច្ចេកទេសក​ម្ពុ​ជា និង​ជា​សមាជិក​ក្រុម​ដែល​ទទួលបាន​ជ័យ​លា​ភី​​លេខ​១ បានឱ្យដឹងថា មូលហេតុ​ដែល​ខ្លួន​សិក្សា​លើ​មុខជំនាញ​រ៉ូបូត ដោយសារ​ចិត្ត​ស្រលាញ់​ផង និង​សង្កេតឃើញថា វិស័យ​រ៉ូបូត​នេះ​មិនសូវ​មាន​យុវជន​ខ្មែរ​ចាប់អារម្មណ៍​ច្រើន បើ​ទោះ​ជំនាញ​នេះ​មាន​សារៈសំខាន់​ក្តី​៖ «​ចំពោះ​ការសិក្សា​ផ្នែក​រ៉ូបូត​នៅ​កម្ពុជា គឺ​ពុំ​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ និស្សិត​ផ្នែក​ខាង​ហ្នឹង​មាន​ចំនួន​តិច​មែនទែន​។ អ៊ីចឹង​សូម​ផ្តាំផ្ញើ​ទៅ​និស្សិត​ជំនាន់​ក្រោយ​ដែល​ទើបតែ​វិទ្យាល័យ​អី​ហ្នឹង ខ្លះ​គាត់​អត់​ស្គាល់ អ៊ីចឹង​ត្រូវ​ជំរុញ​ឱ្យ​គាត់​ទៅ​រៀន​ផ្នែក​ផ្សែង​ដូចជា​ខាង​គណនេយ្យ ខាង​អី​ផ្សេង​អ៊ីចឹងទៅ អ៊ីចឹង​គាត់​អត់​យល់​ថា​ផ្នែក​បច្ចេកវិទ្យា​ផ្នែក​រ៉ូបូត​នេះ វា​សំខាន់ គឺ​វា​ជួយ​ឱ្យ​វិស័យ​ខាង​ហ្នឹង​(​រ៉ូបូត​)​រីកចម្រើន​។ ធម្មតា​តាម​បណ្តា​ប្រទេស​រីកចម្រើន​ភាគច្រើន​គឺ​គេ​រីកចម្រើន​ខាង​បច្ចេកវិទ្យា វា​ធ្វើឱ្យ​ប្រទេស​គេ​រីកចម្រើន​»​។​

និស្សិតធ្វើ​ការ​បញ្ជា​រ៉ូបូតរបស់​ពួក​គេ ដើម្បី​បង្ហាញ​ដល់​មហា​ជន​
និស្សិតធ្វើ​ការ​បញ្ជា​រ៉ូបូតរបស់​ពួក​គេ ដើម្បី​បង្ហាញ​ដល់​មហា​ជន​

​ទន្ទឹម​គ្នា​នេះ​ដែរ ជា​និស្សិត​ម្នាក់​ទៀត ដែល​ជា​សមាជិក​ក្រុម​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១​ដែរនោះ យុវតី ឆន ចន្ធា បានឱ្យដឹងថា  ទោះជា​មុខជំនាញ​វិស្វកម្ម​មេកា​និក មាន​ការលំបាក​ច្រើន និង​មិន​សូវ​ឃើញ​មាន​ស្ត្រី​រៀនក្តី តែ​យុវតី​រូបនេះ មិន​ធ្លាប់​គិត​បោះបង់ចោល​នោះឡើយ ដោយសារ​ចំណង់​ចំណូល​ចិត្ត​ផង និង​ចង់​ជំរុញ​វិស័យ​រ៉ូបូត​ឱ្យ​ដើរ​ទៅ​មុខ​ផង​៖ «​ជា​ការពិត​ណាស់ នៅក្នុង​ហ្នឹង​គឺ​វា​លំបាក​ខ្លាំង​។ មូលហេតុ​ដែល​ខ្ញុំ​មក​រៀន​ផ្នែក​ជំនាញ​ហ្នឹង ដោយសារ ទី​១ ចំណង់​ចំ​ណូល​ចិត្ត ខ្ញុំ​តាំងពី​តូច​មក​អត់​ចូលចិត្ត​ការងារ​មនុស្ស​ស្រី អ៊ីចឹង​ដែល​ឡើង​មក​រៀន​ហ្នឹង ពុក​ម៉ែ​ក៏​គាត់​ប្រឆាំង ហើយ​បង​ប្រុស​​ស្រលាញ់ គាត់​ជំរុញ​ឱ្យ​មក​រៀន​ផ្នែក​ហ្នឹង​ទៅ​។ នៅក្នុង​ក្រុម​ហ្នឹង​មាន​គ្នា​៧​នាក់ ហើយ​សម្រាប់​រូប​ខ្ញុំ ប្រធាន​ក្រុម​ឱ្យ​ខ្ញុំ Design ខាង​ផ្នែក​សៀ​គ្វី​។ ផ្នែក​សៀគ្វី​ហ្នឹង​គឺ​យើង​តេស្ត​ទៅលើ​សៀគ្វី​របស់​រ៉ូបូត ដែល​យើង​បញ្ចូល Program ដើម្បី Run រ៉ូ​បូតបាន​»​។​

​ចំណែក​អគ្គនាយក​ក្រុមហ៊ុន​តូយ៉ូតា ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​គណៈកម្មាកា​រលើ​ការប្រកួត​លើ​រ៉ូ​ប៉ូត ថ្នាក់​ជាតិ​លើក​ទី​៤ ឆ្នាំ​២០១៧ នោះដែរ លោក ហ៊ី​រ៉ូ​យ៉ូ​គី អ៊ី​តូ​ស យល់ថា ការប្រកួតប្រជែង​នេះ​គឺជា​ការ​ប្រជែង​ដ៏​ល្អ ដែល​អាច​ឱ្យ​មនុស្ស​គ្រប់​គ្នា​ស្វែងយល់​ការ​វិ​និ​យោគ​​លើ​​ផ្នែក​​រ៉ូបូត​។ លោក​សង្ឃឹមថា កម្មវិធី​នេះ​នឹង​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​កាន់តែ​ច្រើន​លើ​វិស័យ​បច្ចេកវិទ្យា​រ៉ូបូត​នេះ​។​

អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា ប្រចាំ​ប្រទេស​កម្ពុជា​រូបនេះ ក៏​បាន​ជំរុញ​ឱ្យ​យុវជន​ដែល​សិក្សា​លើ​ផ្នែក​នេះ បង្កើត​គំនិត​ឆ្នៃប្រឌិត និង​ប្រើប្រាស់​ការ​ស្រមៃ​របស់ខ្លួន កុំ​ផ្ដោតទៅលើ​វិធីសាស្ត្រ​តែមួយគត់​៖ «​សូម​ប្រើប្រាស់​ការ​ស្រមៃ​របស់​អ្នក កុំ​ផ្ដោតទៅលើ​វិធីសាស្ត្រ​តែមួយ​។ សូម​បង្កើត​អ្វីដែល​ថ្មីៗ ហើយ​ការស្រមើស្រមៃ គឺជា​រឿង​សំខាន់​ណាស់​»​។​

​ទាក់ទិន​នឹង​វិស័យ​រ៉ូបូត​នៅ​កម្ពុជា​នេះ​ដែរ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា លោក​ត្រេកអរ​នៅពេល​ដែល​ឃើញ​យុវជន​មួយចំនួន ងាក​មក​សិក្សា​លើ​ការបង្កើត​រ៉ូបូត​។ បន្ថែម​ពី​នេះ លោក​ថា ក្រសួង​ព័ត៌មាន​នឹង​បន្ត​ជំរុញ​វិស័យ​នេះ ឱ្យ​ឈាន​ទៅដល់​ការប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ជា​អធិបតី​ក្នុង​ការប្រគល់​ពានរង្វាន់​ដល់ជ័យ​លាភីលេខ១​
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ជា​អធិបតី​ក្នុង​ការ​ចែក​ពានរង្វាន់​ជ័យ​លាភីលេខ១​

​លោក ខៀវ កាញារីទ្ធ ក៏​បាន​ជំរុញ​ទៅ​យុវជន​ដែល​សិក្សា​ផ្នែក​នេះ ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត​៖ «​និយាយ​រួម​គឺ​មាន​ប៉ុណ្ណឹង​ទេ​ការប្រកួត ហើយ​សំខាន់​ទៀត​យើង​បញ្ជូន​ទៅ​ប្រកួត​អន្តរជាតិ ហើយ​កន្លងមក​ពីរ​ឆ្នាំ​មុខ យើង​ជាប់​បាន​លេខ​​៣​​ក្នុង​​ការ​ប្រកួត​​អន្តរជាតិ ហើយ​លើក​នេះ​មិន​ដឹង​បាន​លេខ​ប៉ុន្មាន​ទេ ប៉ុន្តែ​យ៉ាង​អន់​ណាស់​ក៏​ឃើញ​ថា យើង​បាន​ឈាន​ចូល​អន្តរជាតិ​ជា​មួយ​គេ​ដែរ​។ និយាយ​រួម​គឺ​ពិគ្រោះ​ជាមួយ​គ្រូ​របស់​យើង​ទី​ព្រឹក្សារ​បស់​យើង​ថែមទៀត ដើម្បី​យល់​អំពី​បច្ចេកទេស​គេ ហើយ​នឹង​ត្រៀមខ្លួន​ដើម្បី​អាច​ទៅ​ប្រកួត​នឹង​គេ​បាន​»​។​

​រ៉ូបូ​តដែល​ទទួលបានជ័យ​លាភី​លេខ​១ ក្នុង​ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី​៤​នេះ នឹង​ត្រូវ​ទៅ​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​យក​ពានរង្វាន់ ABU Robocon ២០១៧ កម្រិត​អន្តរជាតិ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​សីហា ឆ្នាំ​២០១៧​។​

​អ្នកជំនាញ និង​និស្សិត​ខាង​ផ្នែក​រ៉ូបូត នៅតែ​ចង់​ឃើញ​រដ្ឋាភិបាល ធ្វើ​យ៉ាងណា​ជំរុញ​ធនធានមនុស្ស​ក្នុង​វិស័យ​រ៉ូបូត​នេះ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះ​វិស័យ​នេះ​ក៏​ជា​វិស័យ​មួយ​ដែល​មាន​អាទិភាព​ខ្ពស់ ជួយ​ជម្រុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ដែរ​៕

ចែករំលែកតាម៖