​អ្នកជំនាញ​៖ សិល្បៈ​យីកេ​កំពុង​ខ្សត់ខ្សោយ​អ្នក​បន្តវេន

​អ្នកជំនាញ​៖ សិល្បៈ​យីកេ​កំពុង​ខ្សត់ខ្សោយ​អ្នក​បន្តវេន

ការ​សម្តែង​ល្ខោន​យីកេក្នុងសាលសិល្បៈក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា កាលពី​ពេល​កន្លងមក​

នេះ​គឺជា​សំឡេង​ចម្រៀង​យីកេ​នៅក្នុង​រឿង​កាកី ដែល​ត្រូវបាន​ក្រុម​សិល្បៈ​យីកេ​អមតៈ យក​មក​សម្តែងឡើង នៅ​ក្នុង​សាល​សិល្បៈ​ក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា កាលពី​ពាក់កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧​។ ការសម្ដែង​នេះ​ត្រូវបាន​រៀបចំឡើង  ដើម្បី​ឱ្យ​មហាជន​បាន​ស្វែងយល់​ពី​សិល្បៈ​យីកេ ព្រមទាំង​រួមចំណែក​លើកកម្ពស់​សិល្បៈ​ប្រភេទ​នេះ​។​

​ជា​ទម្រង់​សិល្បៈ​ល្ខោន​រឿង​ដែល​មាន​លាយឡំ​ការ​ច្រៀង​រាំ​ផង​នោះ យីកេ​គឺជា​សិល្បៈ​បុរាណ​មួយបែប​ដែល​មាន​កំណើត​ជា​យូរលង់​ណាស់​មកហើយ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។​

​សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​យីកេ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ អ្នកស្រី អ៊ុយ លតា​វណ្ណ ឱ្យដឹងថា តាម​ការស្រាវជ្រាវ​ផ្នែក​សិល្បៈ សិល្បៈ​យីកេ​ទំនង​កើតឡើង​នៅក្នុង​សតវត្ស​ទី​៩ ក្នុង​ជំនាន់​ព្រះបាទ​ជ័យ​វវ្ម័ន​ទី​២៖ «​អ្វី​ដែល​គេ​លើក​មក​និយាយ​ជា​សំខាន់​គឺ​ស្តេច​ខ្មែរ​មួយអង្គ ព្រះនាម​ជ័យវរ្ម័ន​ទី​២ ដែល​គាត់​បាន​ទៅ​រស់នៅ​ឯ​ប្រទេស​ជ្វា​អស់​រយៈពេល​១២​ឆ្នាំ។ នៅ​ពេល​គាត់​បាន​រួច​រំដោះ​មក​ស្រុក​ខ្មែរ​វិញ គឺ​គេ​ជឿ​ថា​គាត់​ប្រហែលជា​បាន​នាំ​យក​អ្វី​ដែល​ជា​វប្បធម៌ អរិយធម៌​របស់​ជន​ជាតិ​ជ្វា​ហ្នឹង​យក​មក​ជាមួយ ព្រោះ​គេ​ឃើញ​ជនជាតិ​ចាម​ហ្នឹង​មាន​ស្គរ​សក្ការៈ គឺ​គាត់​សូត្រធម៌។ គឺ​គាត់​វាយ​ស្គរ ហើយ​ស្គរ​សក្ការៈ​មាន​ទ្រង់ទ្រាយ​ដូច​ស្គរ​យីកេ​យើង​អ៊ីចឹង ប៉ុន្តែ​ខុស​ត្រង់​ថា ស្គរ​សក្ការៈ​បងប្អូន​ចាម​ហ្នឹង​មាន​ស្នៀត​តែ​៦​ទេ។ ចំណែក​ស្គរ​យីកេ​យើង​មាន​ស្នៀត​៨​។ អ៊ីចឹង​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ត្រឡប់​មក​វិញ​ក្នុង គ​.​ស ៨០២ បានន័យថា​ដើម​សតវត្ស​ទី​៩​។ អ៊ីចឹង​គេ​សន្និដ្ឋានថា យីកេ​ហ្នឹង​ប្រហែល​កើត​នៅ​សតវត្ស​ទី​៩​ហ្នឹងហើយ​»​។​

​អ្នកស្រី  អ៊ុយ លតា​វណ្ណ បញ្ជាក់ថា សិល្បៈ​យីកេ​មាន​របៀប​ច្រៀង​ទាំងអស់​រហូត​ជាង​៨០​បទ ដែល​មិន​មាន​ជាតិ​សាសន៍​ណា​មាន​ទម្រង់​សិល្បៈ​យីកេ​ដ៏​ច្រើន​ដូច​កម្ពុជា​នោះទេ​។ ចំណែក​ឧបករណ៍​តន្ត្រី​ដើម្បី​ប្រគុំ​នៅក្នុង​សិល្បៈ​នេះ​វិញ គេ​ឃើញ​មាន ស្គរ ស្រ​ឡៃ និង​ទ្រ​។​

អ្នកស្រី អ៊ុយ លតា​វណ្ណ សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​យីកេ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ
អ្នកស្រី អ៊ុយ លតា​វណ្ណ សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​យីកេ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ

​ចំពោះ​របៀប​សម្ដែង​វិញ អ្នកស្រី អ៊ុយ លតា​វណ្ណ ឱ្យដឹងថា មាន​ស្រី​ប្រុស ច្រៀង​រាំ​និង​និយាយ​ខ្លួនឯង​ថែម​ដោយ​ពាក្យ​ពោល​នៃ​គ្រូធំ​របស់​វង់​ល្ខោន រៀបរាប់​សាច់រឿង​។ គេ​អាច​សម្តែង​សិល្បៈ​យីកេ​បាន​ដោយ​មនុស្ស​តិច​ឬ​ច្រើន គឺ​អាស្រ័យ​ទៅលើ​លទ្ធភាព​វង់​តូច ឬ​វង់​ធំ ស្រប​តាម​ប្រភេទ​សាច់​រឿង​របស់​យីកេ​។​

​សាស្ត្រាចារ្យ​រូបនេះ​ក៏​បាន​អះអាង​ឱ្យដឹងថា ដើម្បី​រៀន​សិល្បៈ​យីកេ​ឆាប់​ចេះ​ត្រូវ​មាន​ចំណុច​៣​សំខាន់ៗ គឺ​ត្រូវមាន​ទេព​កោ​សល្យ​ក្នុងការ​ច្រៀង​រាំ និង​ការអត់ធ្មត់​ព្យាយាម​ក្នុង​ការសម្តែង​។​

ទម្រង់​សិល្ប​:​យីកេ​ក៏ដូចជា​ទម្រង់​ល្ខោន​ដទៃទៀត​ដែរ ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​ល្ខោន​នោះ​គឺ​ក្បាច់​រាំ​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​ពី​សាស្ត្រាចារ្យ អ៊ុយ លតា​វណ្ណ​៖ «​មាន​៥ មាន​៨ មាន​១២ ទៅតាម​វង់​តូច វង់​ធំ តាម​លទ្ធភាព​វង់ ហើយ​[ឧបករណ៍​]​ភ្លេង​អត់​មាន​ទេ មាន​ស្រឡៃ​មួយ​ទេ ហើយ​អ្នក​ច្រៀង​គឺ​ច្រៀង អ្នករាំ​គឺ​ច្រៀង​ផង រាំ​ផង​។ លក្ខណៈ​សំខាន់​របស់​យី​កេ គឺថា​ក្បាច់​រាំ​ជា​ក្បាច់​រាំ​របស់​ខ្មែរ ប៉ុន្តែ​យីកេ​បាន​រក​លក្ខណៈ​ពិសេសរ​បស់​ខ្លួនឯង​មួយ​របស់​ក្បាច់​រាំ គឺ​ក្បាច់​រាំ​របស់​យីកេ​ប្រើ​បន្ទាត់​បត់ ចំណែក​ក្បាច់​រាំ​របស់​ខ្មែរ​គឺ​ប្រើ​បន្ទាត់កោង អ៊ីចឹង​គាត់​ប្រើ​បន្ទាប់​បត់​ហើយ​រាំ​ភ្លូ​ក មិន​រាំ​លំនឹង​ដូច​ក្បាច់​រាំ​ខ្មែរ​យើង​ទេ​»​។​

​អ្នកជំនាញ​ខាង​សិល្បៈ​យីកេ​រូប​នេះ​ឱ្យដឹង​ទៀត​ថា  សិល្បៈ​យីកេ​មិន​ត្រឹមតែ​មាន​ក្បាច់​រាំ​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្មែរ​ប៉ុណ្ណោះ​ទេ  តែ​យីកេ​ក៏​ជា​សិល្បៈ​មួយបែប​ដែល​មាន​ភាព​ទន់ភ្លន់​និង​ថ្លៃថ្នូរ ទាំង​បទ​ចម្រៀង​និង​សម្លៀកបំពាក់​៖ «​បើ​ប្រៀប​នឹង​ល្ខោនបាសាក់ ទស្សនិកជន​ចូលចិត្ត​មើល​យីកេ ព្រោះ​យីកេ​គឺ​មាន​ភាពទន់ភ្លន់​ហើយ​ការសម្តែង​របស់​(​ល្ខោន​)​យីកេ​ហ្នឹង​គឺ​សម្តែង​ពី​មនោសញ្ចេតនា​ពិតៗ ហើយ​ចម្រៀង​ពីរោះ​»​។​

​មកដល់​ត្រង់​ចំណុច​នេះ សាស្ត្រាចារ្យ​ផ្នែក​យីកេ​រូបនេះ​ហាក់​និយាយ​ប្រែ​ទឹក​មុខស្រពោន​វិញ​ថា ទោះ​ជា​សិល្បៈ​យីកេ​មាន​លក្ខណៈ​ពិសេស​ច្រើន ហើយ​បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិ​ក្តី ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​យុវជន​តិចតួច​ណាស់ ដែល​ចាប់អារម្មណ៍​រៀន​ផ្នែក​សិល្បៈ​របាំ​បុរាណ ពិសេស​យីកេ​នេះ​។​

សាស្ត្រាចារ្យ​យីកេ អ្នកស្រី  អ៊ុយ លតា​វណ្ណ សង្កេតឃើញថា យុវជន​ភាគច្រើន​គិតថា របាំ​និង​ល្ខោន​បុរាណ​ពិបាក​រៀន មាន​លក្ខណៈ​ស្មុគស្មាញ ទាមទារ​ឱ្យ​មាន​ការអត់ធ្មត់​ច្រើន​។ ជាងនេះទៀត យុវជន​គិតថា របាំ​និង​ល្ខោន​បុរាណ​ខ្វះ​ទីផ្សារ​ការងារ បើ​ធៀប​នឹង​សិល្បៈ​សម័យ​ឬ​មុខជំនាញ​ដទៃ​។

​សាស្ត្រាចារ្យ​រូបនេះ​ព្រួយបារម្ភ​ថា សិល្បៈ​យីកេ​កំពុង​ខ្សត់ខ្សោយ​អ្នក​បន្តវេន ព្រមទាំង​អាច​បាត់បង់​នា​ថ្ងៃ​អនាគត​។ បើ​ទោះបីជា​មិន​អាច​បញ្ជាក់​ច្បាស់​ពី​ចំនួន​អ្នកជំនាញ និង​សិល្បករ​សម្ដែង​ល្ខោន​យីកេ​នៅក្នុង​ប្រទេស​កម្ពុជា​ថា​មាន​ចំនួន​ប៉ុន្មាន​ក៏​ដោយ សាស្ត្រាចារ្យ​រូបនេះ​ឱ្យដឹងថា សូម្បី​តែ​ពេល​សម្តែង​សិល្បៈ​យីកេ​ម្តងៗ​នាពេល​បច្ចុប្បន្ន គេ​ត្រូវការ​ទាញ​យក​តារា​សម្តែង​ពី​សិល្បៈ​ផ្សេងៗ​ដូចជា​ផ្នែក​ល្ខោន មក​ជំនួស​ឬ​បំពេញបន្ថែម​៖ «​សម្រាប់​យីកេ​នៅពេល​បច្ចុប្បន្ន វា​ស្ទើរតែ​បាត់បង់​។ ឥឡូវនេះ​យីកេ​គឺ​នៅតែ​សាលា​វិចិត្រសិល្បៈ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​នេះ និង​ខេត្ត​កំពតនិង​ខេត្ត​តាកែវ​។ ការ​ស្ទើរតែ​បាត់បង់​នេះ​គឺ​មិនមែន​មក​ពី​ប្រជាជន​យើង​មិន​គាំទ្រ​ទេ គឺ​ទម្រង់​ល្ខោន​យីកេ​នេះ​ពិបាក ពិបាក​ក្នុងការ​ហាត់រៀន ពិបាក​ក្នុង​ការ​តែង​និពន្ធ​រឿង​ដើម្បី​តម្រូវ​នឹង​ទម្រង់​យី​កេ​។ អ៊ីចឹង​ហើយ​បាន​អ្នកធ្វើ​សិល្បៈ មហាជន​តាម​ស្រុកភូមិ ភាគច្រើន​គាត់​ងាក​ទៅ​(​ល្ខោន​)​បាសាក់ ព្រោះ​ល្ខោនបាសាក់​វា​ងាយស្រួល​»​។​

​សាស្ត្រាចារ្យ​ផ្នែក​យី​កេ អ្នកស្រី  អ៊ុយ លតា​វណ្ណ ជំរុញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​សិក្សា​ស្វែងយល់​ពី​ជំនាញ​យី​កេ និង​រួម​គ្នា​ផ្សព្វផ្សាយ ព្រមទាំង​ថែរក្សា​និង​លើកតម្កើង​កេរតំណែល​សិល្បៈ​ដ៏​មាន​តម្លៃ​ប្រភេទ​នេះ​៕

ចែករំលែកតាម៖