តើ​អ្វី​ទៅ​ជា​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន ឬ CSR ?

តើ​អ្វី​ទៅ​ជា​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន ឬ CSR ?

​តាមពិត​ទៅ​អត្ថន័យ​នៃ​ពាក្យ CSR (Corporate Social Responsivity) ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​នោះ គឺ​មាន​ការយល់ច្រលំ​ជាច្រើន​ថា​ជា​ការបរិច្ចាគ ឬ​ក៏​ធ្វើ​ការងារ​ដើម្បី​ជួយ​ជំរុញ​ខាង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ជា​ដើម​។ ប៉ុន្តែ​អ្នកស្រី​បណ្ឌិត រ៉ូមី​ណា ដឺ យុង​ហ្គ បានបញ្ជាក់​ថា ការ​យល់​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ​៖ «​អ្នក​សាងសង់​សាលារៀន ឧបត្ថម្ភ​សៀវភៅ ឬ​ឧបត្ថម្ភ​ការប្រកួត​កីឡា​បាល់ទាត់​ក្នុងស្រុក អ៊ីចឹង​អ្នក​បាន​ចំណាយ​លុយ​លើ​រឿង​អស់ទាំងនោះ ប៉ុន្តែ​អ្នក​មិន​ដែល​ខ្វល់​នោះទេ ហើយ​នៅពេល​ដែល​អ្នក​ធ្វើ​ជំនួញ​នោះ គឺ​គិតតែ​ប្រាក់ចំណេញ​តែមួយ​មុខ អ៊ីចឹង​មួយឆ្នាំ​មួយដង អ្នក​ធ្វើ​រឿង​ដែល​មើលទៅ​ល្អ​សម្រាប់​សហគមន៍​ហើយ​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត នោះ​គឺជា​ការធ្វើ​ទំនាកទំនង​សាធារណៈ ឬ PR មិនមែនជា CSR នោះទេ​។ CSR គឺជា​អ្វី​ដែល​អ្នក​បញ្ចូល​នៅក្នុង​ក្រុមហ៊ុន​របស់​អ្នក​ផ្ទាល់ ហើយ​មាន​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ជា​ដើម គ្រប់​គ្នា​នៅក្នុង​ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុមហ៊ុន​មាន​ប្រាក់​ចំណេញ ហើយ​អាច​ដំណើរ​ទៅ​បាន​យូរអង្វែង ហើយ​មុខ​ជំនួញ​ដែលមាន​ទំនួល​ខុស​ត្រូវ ក៏​ត្រូវ​ធ្វើ​យ៉ាង​ឱ្យ​បុគ្គលិក​របស់​ខ្លួន​យល់ដឹង​ពី​សិទ្ធិ​ការងារ​របស់​ពួកគេ​ផង​ដែរ ហើយ​ប្រសិនបើ​ពួកគេ​មិន​យល់ដឹង​ពី​សិទ្ធិ​របស់​ខ្លួនឯង​នោះ តើ​ឱ្យ​ពួកគេ​ធ្វើការ​ដោយ​របៀប​ណា​ទៅ​? ហើយ​ទាមទារ​សិទ្ធិ​របស់​ពួក​យ៉ាងដូចម្តេច​ទៅ​?»​។​

​អ្នកស្រី​បណ្ឌិត រ៉ូមី​ណា ដឺ យុង​ហ្គ ប្រធាន​គណៈ​កម្មា​ធិការ​​ធុរកិច្ច​ប៉ៃ​តង​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នាពេល​កន្លងមក​
​អ្នកស្រី​បណ្ឌិត រ៉ូមី​ណា ដឺ យុង​ហ្គ ប្រធាន​គណៈ​កម្មា​ធិការ​​ធុរកិច្ច​ប៉ៃ​តង​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នាពេល​កន្លងមក​

​តើ CSR ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​អ្វីខ្លះ​នៅក្នុង​ក្រុមហ៊ុន ឬក៏​ស្ថាប័ន​នានា​នោះ​? សម្រាប់​លោក សរ ផា​រិទ្ធ ដែល​ជា​នាយក​ក្រុមហ៊ុន ES-PRO Construction បាន​មើលឃើញ​ពី​ការផ្លាស់ប្តូរ​យ៉ាង​វិជ្ជមាន នៅក្នុង​ក្រុមហ៊ុន​របស់​លោក បន្ទាប់ពី​លោក​បាន​អនុវត្ត CSR នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​៖ «​ប្រែប្រួល​ច្រើន ទី​១​របៀប​ធ្វើការ​របស់​យើង​ប្រែប្រួល ទម្លាប់​ខ្ជិលច្រអូស​របស់​បុគ្គលិក​លែងមាន ទម្លាប់​មិន​យកចិត្តទុកដាក់​ក្នុង​ការងារ​ក៏​លែងមាន ប្រសិទ្ធភាព​ការងារ​កើន​ឡើង គុណភាព​ការងារ​ល្អ​។ កាល​លើក​មុន​យើង​ចំណាយ​ពេល​ច្រើន​ទៅលើ ខ្វល់ខ្វាយ​លើ​រឿង​តើ​មាន​មនុស្ស​មក​ធ្វើការ​ដូច​យើង​គិត​ឬ​អត់​? ដល់​ពេល​ព្រឹក​ឡើង​អត់​មាន​មនុស្ស​អ៊ីចឹងទៅ អ្នក​នេះរ​វ​ល់​អញ្ចេះ​មួយៗ សុទ្ធតែ​ហេតុផល មិន​អាច​ទទួលយក បាន បើ​ក្នុង​នាម​យើង​ជា​អ្នក​បាន​រៀនសូត្រ យើង​ដឹង​ថា​កុហក​ហ្មង តែ​សម្រាប់​ពួកគាត់​ជា​រឿង​ធម្មតា​។ ប៉ុន្តែ​ដល់​ពេល​យើង Apply របរ​ហ្នឹង​ទៅ យើង​ឱ្យ Benefit គាត់​បាន​ត្រឹមត្រូវ គ្រាន់​ឈប់សម្រាក​យើង​ឱ្យ​ប្រាក់​ឧបត្ថម្ភ​នេះ យើង​ឱ្យ​ការ​លើក​ទឹក​ចិត្ត​អ​ញ្ចេះ យើង​បង្រៀន​គាត់​អ​ញ្ចេះ យើង​បង្កើត Team Work អ​ញ្ចេះ​។ នេះ​ជា​ផ្នែក​នៃ​ការ​បង្កើត CSR នៅក្នុង​ក្រុម​ហ៊ុន ស្រាប់តែ​ជា​លទ្ធផល​ពួកគាត់​ប្រឹងប្រែង​ធ្វើការ​រហូត​ដល់​មាន​ការប្រឹងប្រែង​មួយ​មិន​គួរឱ្យ​ជឿ​ថា វា​មាន​ឥទ្ធិពល​ដល់​ថ្នាក់​ហ្នឹង​ផង ហើយ​ប្រែប្រួល​ខ្លាំង​មែនទែន​»​។​

លោក សរ ផា​រិទ្ធ នាយក​ក្រុមហ៊ុន ES-PRO Construction
លោក សរ ផា​រិទ្ធ នាយក​ក្រុមហ៊ុន ES-PRO Construction

​បើទោះបីជា​ក្រុមហ៊ុន​របស់​លោក​ផា​រិទ្ធ មាន​បុគ្គលិក​ទើបតែ​៣០​នាក់​ក៏ដោយ ក៏​ប៉ុន្តែ​លោក​គិតថា នេះ​គឺជា​ការចាប់ផ្តើម​មួយ​ដ៏​ល្អ ក្នុង​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន និង​សង្គម​ទាំងមូល​៖ «​ចីរភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​មួយ វា​ចៀស​មិន​ផុត​ពី​ការចាំបាច់​នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ទេ អ៊ីចឹង​ខ្ញុំ​ជា​ក្រុមហ៊ុន​តូច​មួយ កម្មករ​របស់​ខ្ញុំ​ជា​សមាជិក​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​ហ្នឹង អ៊ីចឹង​បើ​គាត់​ម្នាក់​ល្អ អ្នកធ្វើការ​ជាមួយ​ខ្ញុំ​៣០​នាក់ គាត់​មក​៣០​សហគមន៍ យ៉ាងហោចណាស់​ក៏​សហគមន៍​មាន​មនុស្ស​ល្អ​ម្នាក់​ដែរ​។ មាន​ក្រុមហ៊ុន​តូច​មួយ​ដូច​ខ្ញុំ ខ្ញុំ​គិត​ថា​សហគមន៍​របស់​យើង ប្រទេស​របស់​យើង​ក៏​នឹង​ល្អ​ដែរ​បើ​មាន​ច្រើន ព្រោះ​យើង​បាន​គិត​ពី​បុគ្គលិក​របស់​យើង​។ យើង​បាន​ផ្តល់​ការងារ​ឱ្យ​គាត់ មិនចាំបាច់​ធ្វើ​ចំណាកស្រុក ហើយ​គាត់​អាច​រក​ការងារ​នៅ​ស្រុក​ខ្មែរ​ធ្វើ​បាន រស់នៅ​ក្នុង​ជីវភាព​មួយ​ថ្លៃថ្នូរ ការងារ​ដូច​គេ​ដូច​ឯង​។ ពិតមែនតែ​ជា​កម្មករសំណង់ ប៉ុន្តែ​គាត់​មាន​ការងារ​ដូច​គេ​ដូច​ឯង​បាន​ប្រាក់​សមរម្យ​អ៊ីចឹង​ខ្ញុំ​គិតថា វា​ជា​ចំណែក​មួយ​ក្នុង​ការជួយ​ប្រទេសជាតិ​ហើយ​»​។​

​សម្រាប់​ប្រទេស​កម្ពុជា​នៅ​មិនទាន់​មាន​ការកំណត់​ជាក់លាក់​ណាមួយ​ចំពោះ​ការងារ CSR នេះ​នៅឡើយ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​ជាង​៣០​ស្ថាប័ន បាន​កំពុងតែ​ចាប់ផ្តើម​រួមគ្នា ដើម្បី​ធ្វើ​ការងារ​នេះ​ឡើង​។ សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រ​សហ្ប​តិ៍ ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧​នេះ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ឬ EUROCHAM Cambodia បាន​ប្រារព្ធ​វេទិកា​ធុរៈកិច្ច​បៃតង​ប្រចាំឆ្នាំ​២០១៧ Green Business Forum 2017 ក្រោម​ប្រធានបទ ការទទួលខុសត្រូវ​ដោយ​មាន​សកម្មភាព Responsibility in Action​។ វេទិកា​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ពេញ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​កិច្ចពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​៤ ដែល​រួមមាន​ការប្រើប្រាស់​ហិរញ្ញវត្ថុ​លើ​ប្រព័ន្ធ​សូ​ឡា ការកែច្នៃ​សំរាម ការសែ្វងរក​សញ្ញាប័ត្រ ឬ​ការទទួលស្គាល់​លើ​ផលិតផល និង​ការប្រើប្រាស់ CSR ដើម្បី​ការរីកចម្រើន​នៅ​ក្នុង​ក្រុមហ៊ុន​ឬក៏​ស្ថាប័ន​៕

ចែករំលែកតាម៖