ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​

ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​

យុវជន​មួយ​ក្រុម​ដែល​ជា​ម្ចាស់​ជ័យលាភី​ក្នុង​ការប្រកួត​ផែនការ​អាជីវកម្ម ប្ដេជ្ញា​យក​ផែនការអាជីវកម្ម​របស់​ពួកគេ​មក​អនុវត្ត ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​។​

​ការលើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​ការប្រកួត​ផែនការ​អាជីវកម្ម​ក្នុង​តំបន់​លើក​ទី​២ ដែល​ប្រារព្ធ​ឡើង​នា​ចុងខែ​កក្កដា ឆ្នាំ​២០១៧​នេះ​។ ការប្រកួត​នេះ មាន​បេក្ខជន​ចូលរួម​ប្រកួត​សរុប​១១​ក្រុម មកពី​៣​ប្រទេស​គឺ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។​
​យុវជន ថៅ ពុទ្ធា​ឫទ្ធិ និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​ជា​សមាជិក​ក្រុម «​ស្គេ​ន​សៀវភៅ​» ដែល​ទទួលបាន​ជ័យលាភី​លេខ​១​ក្នុង​ការប្រកួត​ផែនការអាជីវកម្ម​នេះ​លើកឡើងថា នៅពេលដែល​ពួកគេ​រៀន​នៅ​វិទ្យាល័យ ពួកគេ​មិន​អាច​មើល​រូបភាព​ផ្សេងៗ​នៅក្នុង​សៀវភៅ​សិក្សា​បាន​ច្បាស់ ដូច្នេះ​ពួកគេ​ក៏​មាន​គំនិត​បង្កើត​កម្ម​វិធី «​ស្គេ​ន​សៀវភៅ​» នេះ​ឡើង​៖ «​ហេតុផល​ដែល​ពួក​ខ្ញុំ​បង្កើត​កមុ្ម​វិធី​ស្គេ​ន​សៀវភៅ​ហ្នឹង ដោយសារ​ចេញពី​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់​។ ពេល​ខ្ញុំ​រៀន​ចឹង នៅ​វិទ្យាល័យ​ខ្ញុំ​មិនដែល​ឃើញ​របស់​(​រូបភាព​)​ដែល​ខ្ញុំ​រៀន​ទេ ដល់​ហើយ​ខ្ញុំ​គិត​ថា​នេះ​ជា​បញ្ហា​។ បន្ទាប់មក​បាន​ខ្ញុំ​បង្កើត​កម្មវិធី “​ស្គេ​ន​សៀវភៅ​” នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពីព្រោះ​ថា​បញ្ហា​នេះ​ចេញ​ពី​ពួក​ខ្ញុំ​ផ្ទាល់​»​។​

ក្រុម «ស្គេនសៀវភៅ» ឡើងទទួល​ពានរង្វាន់​លេខ​១​ក្នុង​ការ​ប្រកួតផែនការ​អាជីវកម្មក្នុង​តំបន់​លើក​ទី២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧
ក្រុម «ស្គេនសៀវភៅ» ឡើងទទួល​ពានរង្វាន់​លេខ​១​ក្នុង​ការ​ប្រកួតផែនការ​អាជីវកម្មក្នុង​តំបន់​លើក​ទី២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧

ទន្ទឹម​នឹង​គ្នា​នេះដែរ យុវជន ញ៉េវ ច័ន្ទ​ពេញ​ពន្លឺ សមាជិក​ក្រុម​ស្គេ​ន​សៀវភៅ​ដែល​ទទួលបាន​ជ័យលាភី​លេខ​១​នេះ​លើកឡើង​ថា វា​ពិតជា​អស្ចារ្យ​ដែល​ពួកគេ​អាច​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​បែបនេះ​។ យុវជន​រូបនេះ​បន្ត​ថា គេ​នឹង​ដំណើរការ​គម្រោង​អាជីវកម្ម​របស់​ពួកគេ ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៖

«​កម្មវិធី​ថ្ងៃ​ហ្នឹង​គឺ​អស្ចារ្យ​សម្រាប់​ពួក​ខ្ញុំ ដែល​ពួក​ខ្ញុំ​មាន​ឱកាស​មក​បង្ហាញ​នូវ​ប្លង់​អាជីវកម្ម​របស់​ខ្ញុំ​ដែល​ពួក​ខ្ញុំ​បាន​រៀបចំ​កន្លងមក​។ ដំបូង​ឡើយ​គឺ​ពួក​ខ្ញុំ​យក​តែ​(​សៀវភៅ​)​ភាសា​ខ្មែរ និង​សៀវភៅ​ជីវវិទ្យា យើង​យក​មក​សិក្សា​ហើយ​ស្កេន​វា​។ អ៊ីចឹង​បន្ទាប់ពី​ពួក​យើង​បាន​ឈ្នះ​គឺ​យើង​មាន​គម្រោង​ថា​ចង់​ធ្វើ​សៀវភៅ​ថ្នាក់​ទី​១២​ទាំងអស់​តែ​ម្តង ដើម្បី​ឱ្យ​សិស្ស​ទាំងអស់​នៅ​ថ្នាក់​វិទ្យាល័យ អនុវិទ្យាល័យ គឺ​គាត់​មាន​ភាពងាយស្រួល​ក្នុង​ការសិក្សា និង​ស្វែងយល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​តិច​ណូ​ឡូជី ហើយ​លាយ​និង​ការសិក្សា​បែប​កម្សាន្ត​ផង​ដែរ​។ ខ្ញុំ​និង Team (​សមាជិក​ក្រុម​)​ទាំងអស់​នឹង​យក​គម្រោង​នេះ​ដើម្បី​បន្ត​ទៅមុខ​ទៀត ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ក្រសួង​អប់រំ ក៏ដូចជា​ការសិក្សាអប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ផងដែរ​»​។​

ការប្រកួត​ផែនការ​អាជីវកម្ម​ក្នុង​តំបន់ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​យុវជន​ឱ្យ​ចេះ​រៀបចំ​ផែនការ​អាជីវកម្ម និង​ផ្ដល់​ឱកាស​ឱ្យ​យុវជន​បង្ហាញ​នូវ​សមត្ថភាព​ដែល​ខ្លូន​មាន​។ នេះ​បើ​តាម​ការលើកឡើង​របស់លោក ស៊ី វណ្ណា អ្នក​ចាត់ការ​ទូទៅ​នៃ​ការប្រកួត​ផែនការ​អាជីវកម្ម​ក្នុង​តំបន់​លើក​ទី​២​នេះ​៖

«​គោលដៅ​ទី​១ គឺ​ជំរុញ​ឱ្យ​សិស្ស​យើង​ដែល​បាន​រៀន​វគ្គ​សហគ្រិន គាត់​មាន​ឱកាស​បង្ហាញ​នូវ​សមត្ថភាព ឬ​ក៏​យក business plan (​ផែនការ​អាជីវកម្ម​) ដែល​គាត់​រៀបចំ​ក្នុង​ការរៀនសូត្រ មក​តេស្ដ​មើល​ជាក់ស្ដែង ថា​តើ​ប្រទេស​ផ្សេងៗ​ជាមួយ​នឹង​គាត់​មាន​កម្រិត​ណា​? ហើយ​អាច​ទៅរួច​កម្រិតណា​? ចឹង​នៅពេល​ដែល​គាត់​អាច​មាន​បង្ហាញ​នូវ​អ្វី​ដែល​ជា​សក្តានុពល​នូវ​ផែនការអាជីវកម្ម​របស់​គាត់​បាន អាចធ្វើឱ្យ investors (​វិនិយោគិន​) [​ចាប់អារម្មណ៍​] ពីព្រោះ​យើង​បាន​អញ្ជើញ investor អី​ឱ្យ​គាត់​មក​ចូលរួម គាត់​អាច​នឹង​វិនិយោគ​ទៅ​លើ​ផែនការអាជីវកម្ម​របស់គាត់​»​។​

គណៈកម្មការ​នៃ​ការ​​ប្រកួត​ផែនការ​អាជីវកម្ម​ក្នុង​តំបន់​លើក​ទី​២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧
គណៈកម្មការ​នៃ​ការ​​ប្រកួត​ផែនការ​អាជីវកម្ម​ក្នុង​តំបន់​លើក​ទី​២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧

​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន (JICA) និង​ជា​គណៈកម្មការ​នៃ​ការប្រកួត​ផែនការ​អាជីវកម្ម​ក្នុង​តំបន់​លើក​ទី​២ លោក Funabashi Gaku លើកឡើងថា ប្រទេស​ជប៉ុន​នឹង​បន្ត​ជ្រោមជ្រែង​ទៅលើ​កម្មវិធី​បែបនេះ​បន្ថែមទៀត​៖

«​ខ្ញុំ​គិតថា​មានគំនិត​អាជីវកម្ម​ថ្មីៗ​ជាច្រើន ហើយ​គុណភាព​ខ្ពស់​ខ្លាំងណាស់ ដូច្នេះ​ខ្ញុំ​ពិតជា​ស្ងើចសរសើរ​មែនទែន​។ ការប្រកួត​បែបនេះ​គឺជា​ផ្លូវ​មួយ​ដ៏​ល្អ​សម្រាប់​ស្វែងរក​គំនិត​ច្នៃប្រឌិត និង​អាជីវកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត ជាពិសេស​ចេញពី​យុវជន​ក្មេងៗ ហើយ​ខ្ញុំ​គិត​ថា​ការលើកទឹកចិត្ត​ឱ្យ​យុវជន​ចាប់ផ្តើម​អា​ជីវភាព ជាមួយ​នឹង​គំនិត​ថ្មីៗ​នោះ វា​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នី​មួយៗ​មាន​ការផ្លាស់ប្តូរ​។ ការប្រកួត​បែបនេះ​ចូលរួម​ចំណែក​ស្វែងរក​យុវជន​ដែល​មាន​ភាព​ច្នៃប្រឌិត ហើយ​ខ្ញុំ​គិតថា JICA នឹង​ធ្វើការ​ទៅ​លើ​កម្មវិធី​បែបនេះ​ទៅ​ថ្ងៃមុខ​ទៀត​»​។​

​យុវជន​ដែល​បាន​ជ័យលាភី​ក្នុង​ការប្រកួត​ផែនការ​អាជីវកម្ម​ក្នុង​តំបន់​លើក​ទី​២ នឹង​បាន​ឱកាស​ទៅ​សិក្សា​វគ្គ​ខ្លី​នៅ​ប្រទេស​ជប៉ុន​អំពី​ការធ្វើ​អាជីវកម្ម​និង​ចូលរួម​វគ្គ​សិក្សា​អំពី​ការធ្វើ​អាជីវកម្ម​ដោយ​មិន​គិតថ្លៃ​រយៈពេល​មួយ​ឆ្នាំ​ពេញ​នៅក្នុង​ប្រទេស​របស់​ពួកគេ​៕

ចែករំលែកតាម៖