​ព្រឹត្តិការណ៍​ស្នាដៃ​និង​អនាគត​រួមចំណែក​បង្ហាញ​និង​បំផុសគំនិត​ឱ្យ​គាំទ្រ​សិល្បៈ​ខ្មែរ​

​ព្រឹត្តិការណ៍​ស្នាដៃ​និង​អនាគត​រួមចំណែក​បង្ហាញ​និង​បំផុសគំនិត​ឱ្យ​គាំទ្រ​សិល្បៈ​ខ្មែរ​

ការ​សម្តែង​ល្ខោន​ខោល​​នៅ​សាលមហោស្រពចតុមុខ ក្នុង​ព្រឹត្តិការណ៍សិល្បៈខ្មែរលើកទី៥ស្តីពី ស្នាដៃ និងអនាគត

​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជាច្រើន​ទម្រង់​ដូចជា​របាំ​បុរាណ របាំ​ប្រពៃណី និង​សិល្បៈ​ផ្សេងទៀត ជាពិសេស​ល្ខោនខោល ត្រូវ​បាន​សម្ដែង​ជូន​សាធារណជន​ទស្សនា​នៅក្នុង​ព្រឹត្តិការណ៍​សិល្បៈ​ខ្មែរ​លើក​ទី​៥​ស្តីពី ស្នាដៃ​និង​អនាគត ក្រោម​ប្រធានបទ «​ជីវិត​ល្ខោនខោល​ខ្មែរ​»​។ ក្រៅពី​ការសម្ដែង​សិល្បៈ ព្រឹត្តិការណ៍​នេះ​ក៏​មាន​ដាក់​តាំងពិព័រណ៍​ឧបករណ៍​សិល្បៈ​នានា​ផង​ដែរ ដែល​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកទស្សនា​។​

​សាធារណជន ពិសេស​យុវជន បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​និង​រំភើប​នៅពេលដែល​ពួកគេ​បាន​ចូលរួម​ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ធំ​ប្រចាំឆ្នាំ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពីដើម​ខែ​កញ្ញា នៅ​សាល​មហោស្រព​ចតុមុខ​។ ពួក​គេ​ចាត់ទុក​ព្រឹត្តិការណ៍​នេះ ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ ជួយ​រួមចំណែក​បង្ហាញ និង​លើកស្ទួយ​ទម្រង់​សិល្បៈ​ខ្មែរ​។​

​អ្នកស្រី ញ៉ែម សុមាលី បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល មានប្រសាសន៍ថា អ្នកស្រី​មាន​ចិត្ត​រំភើប​រីករាយ​នៅពេល​បាន​ចូលរួម​កម្មវិធី​នេះ ព្រមទាំង​ឃើញ​ការសម្តែង​សិល្បៈ​ជាច្រើន​ទម្រង់ ពិសេស​ការសម្តែង​ល្ខោនខោល​។​

​ដោយ​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​រៀងរាល់ឆ្នាំ អ្នកស្រី សុមាលី យល់ថា ការរៀបចំ​ព្រឹត្តិការណ៍​ឆ្នាំនេះ មាន​ភាពខុសប្លែក​ពី​បណ្ដា​ឆ្នាំ​មុនៗ និង​មាន​ការគាំទ្រ​ច្រើន​។ អ្នកស្រី​ចង់ឱ្យសា្ថ​ប័ន​ពាក់ព័ន្ធ គាំទ្រ​និង​រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ឱ្យ​យុវជន​ដែល​មិនសូវ​ស្គាល់ និង​មិន​ទាន់​យល់ច្បាស់​ពី​ទម្រង់​នៃ​សិល្បៈ​ខ្មែរ បាន​ស្គាល់​ពី​តម្លៃ​សិល្បៈ​ខ្មែរ ដើម្បី​លើកស្ទួយ​ទម្រង់​ប្រភេទ​សិល្បៈ​បុរាណ​ឱ្យ​រស់រាន​ឡើងវិញ​៖

«​គាំទ្រ ព្រោះ​វា​ជា​អត្តសញ្ញាណ​របស់​ជាតិ​យើង ហើយ​បើ​យើង​បាត់​អ្វី​ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ​យើង វា​ជា​ចំណុច​មួយ​ដ៏​សំខាន់ ហើយ​របាំ​នេះ​មិន​ងាយ​ហាត់​បានទេ​។ អ៊ីចឹង​អ្វី​ដែល​ជា​របស់​យើង យើង​ព្យាយាម​អត់​គាំទ្រ យើង​បែរ​ជា​ងាក​ទៅ​គាំទ្រ​អ្វី​ដែល​ជា​របស់​បរទេស​ច្រើនពេក អ៊ីចឹង​យើង​បាត់​របស់​យើង​»​។​

​ទន្ទឹមគ្នានេះ តំណាង​ក្រុមយុវជន​ដែល​ចូលរួម​ដាក់តាំង​បង្ហាញ ក្បាច់គុណ​ល្បុក្កតោ​ខ្មែរ នៅក្នុង​ព្រឹត្តិការណ៍​សិល្បៈ​នេះ លោក សយ ផានិ​ច យល់ថា នៅពេលដែល​ការគាំទ្រ​របស់​យុវជន​ធ្លាក់ចុះ ខណៈ​បណ្ដាញ​សង្គម​កំពុង​រីក​សុះសាយ សិល្បៈ​បុរាណ​ខ្មែរ នឹង​កាន់តែ​ជួប​ហានិភ័យ​កាន់​ខ្លាំង​។

lkoun_khoul_20170905-02

​លោក​លើកឡើង​ថា ការរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ធំ​ប្រចាំឆ្នាំ​ដោយ​ផ្តោត​លើ​ប្រធានបទ​សំខាន់ «​ជីវិត​ល្ខោនខោល​ខ្មែរ​» គឺ​ចំណែក​មួយ​ជួយ​ជំរុញ​ឱ្យ​យុវជន​ស្គាល់​ពី​តម្លៃ​សិល្បៈ​បុរាណ​។ ទោះជា​យ៉ាងណា យុវជន​រូប​នេះ​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវមាន​កញ្ចប់​ទុន​បន្ថែម រួម​ទាំង​ផ្សព្វផ្សាយ​បន្ថែម ដើម្បី​សង្គ្រោះ​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ប្រភេទ​៖ «​សំណូមពរ​ដល់​មហាជន​ទាំងអស់​ឱ្យ​ជួយ​គាំទ្រ​ដល់​សិល្បៈ​ល្ខោនខោល​ខ្មែរ​យើង​ឱ្យបាន​ច្រើន ព្រោះ​ថា​ឥឡូវ​ជិត​បាត់បង់​ហើយ​។ នៅ​មាន​តែ​ប៉ុន្មាន​តំបន់​ហ្នឹង​ទេ បើ​ថា​សិល្បៈ​សម័យ យើង​អភិវឌ្ឍ​ទៅ ហើយ​សិល្បៈ​បុរាណ​យើង​អភិរក្ស​មក​»​។​

​ព្រឹត្តិការណ៍​សិល្បៈ​ខ្មែរ​លើក​ទី​៥​ស្តី​ពី​ស្នាដៃ​និង​អនាគត ក្រោម​ប្រធានបទ «​ជីវិត​ល្ខោនខោល​ខ្មែរ​» ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមយុវជន​មកពី​ក្រុមការងារ​រីកសាយ ជាមួយនឹង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ព្រឹត្តិការណ៍​នេះ​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​តំណាង​ក្រសួង​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ មន្ត្រីរាជការ សិស្ស​និស្សិត និង​យុវជន ជាង​១០០០​នាក់​។

​តំណាង​យុវជន​រៀបចំ​កម្មវិធី​មកពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កញ្ញា កឹម សាំ​សុ​វណ្ណី លើកឡើងថា ព្រឹត្តិការណ៍​នេះ ក្រៅពី​ផ្តោត​សំខាន់​លើ​ការសម្តែង​សិល្បៈ​ល្ខោន​ខោល ដែល​មកពី​តំបន់​ទាំង​៣​តំបន់ មកពី​ខេត្ត​កណ្តាល កំពង់ធំ និង​ភ្នំពេញ គឺជា​តំបន់​ដែល​នៅ​សេសសល់​នៅ​កម្ពុជា​បច្ចុប្បន្ន ពិសេស​ទម្រង់​សិល្បៈ​ជាច្រើន​ទៀត ដែល​យុវជន​មិនសូវ​បាន​ឃើញ​។​
​ទន្ទឹមគ្នានេះ កញ្ញា​លើកឡើងថា ព្រឹត្តិការណ៍​នេះ​ក៏​បាន​បង្ហាត់បង្រៀន​ឱ្យ​យុវជន ដែល​ស្រឡាញ់​វិស័យ​សិល្បៈ​មានឱកាស​រៀនសូត្រ ទទួលបាន​ឱកាស​ការងារ​ស្ម័គ្រចិត្ត ដើម្បី​ពង្រឹង​សមត្ថភាព​និង​បទពិសោធន៍​របស់​ខ្លួន​បន្ថែមទៀត​៖

«​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​ខ្ញុំ​គិតថា បើ​គាត់​ចង់​ឱ្យ​ល្ខោនខោល​ហ្នឹង​ដើរ​ទៅ​មុខ​បាន​ច្រើន មានន័យថា​យើង​គួរ​មាន​សាលា​មួយ​ច្បាស់លាស់ ទោះបីជា​យ៉ាងណា​យើង​ត្រូវតែ​មាន​ការផ្តល់​ចំណេះដឹង​។ អ៊ីចឹង​បើ​យើង​មាន​សាលា​ច្បាស់លាស់ យើង​អាច​លើកទឹកចិត្ត​ឱ្យ​កូន​ខ្មែរ ឬ​អ្នក​ដែល​គាត់​ស្រលាញ់​ហ្នឹង ឱ្យ​គាត់​មក​រៀនសូត្រ​បាន ហើយ​យើង​ស្វែងរក​គ្រូ​ណា​ដែល​មាន​សមត្ថភាព គាត់​(​យុវជន​)​នឹង​មក​រៀន​។ បន្ថែម​ពី​ហ្នឹង​យើង​ត្រូវការ​មានការ Support (​ជួយឧបត្ថម្ភ​)​ជា​ថវិកា​ផង​ដែរ ដើម្បី​ឱ្យ​លោកគ្រូ អ្នកគ្រូ​មាន​ទឹកចិត្ត​ក្នុង​ការបង្រៀន ហើយ​ជួយ​ពួកគាត់​បន្ថែម​ធ្វើ​ម៉េច​ឱ្យ​ល្ខោន​របស់​យើង​កាន់តែ​ល្អ​ឡើងៗ​»​។

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ ដែល​បាន​ចូលរួម​កម្មវិធី​នេះ​មានប្រសាសន៍ថា ក្រសួង​តែង​គាំទ្រ​និង​ជំរុញ​ឱ្យ​យុវជន និង​សិស្សសាលា​សិល្បៈ​រៀបចំ​កម្មវិធី​នានា ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ដល់​សាធារណជន​។ ទាក់ទង​នឹង​ការអប់រំ ផ្សព្វផ្សាយ​វិញ លោក បញ្ជាក់ថា ក្រសួង​បាន​រៀបចំ​និង​ចូលរួម​កម្មវិធី​សិល្បៈ​ជាច្រើន ព្រមទាំង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​ដើម្បីឱ្យ​ពលរដ្ឋ​បាន​ជ្រួតជ្រាប​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​។​

​ទន្ទឹមនឹងនេះ លោក​ក៏​អំពាវនាវ​ឱ្យ​យុវជន​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ​ឱ្យបាន​គង់វង្ស ដោយ​មិន​ត្រូវ​លើកតម្កើង​តែ​សិល្បៈ​វប្បធម៌​បរទេស​នោះ​ឡើយ​៖ «​និយាយ​ប្រាប់​ត្រង់​ក្រសួង​ព័ត៌មាន​នឹង​ពាំនាំ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ក្រុមការងារ​រីកសាយ និង​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការងារ​នេះ​មាន​ការ​វិវត្តិ​ទៅមុខ​»​។​

​សារ​ធា​រណ​ជន ពិសេស​យុវជន​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ ចង់ឱ្យ​មាន​ការរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​ផ្សព្វផ្សាយ​អំពី​សិល្បៈ​ខ្មែរ​ទៅ​ដល់​ស្រទាប់​មហាជន ដើម្បី​ពង្រីក​ការសម្ដែង​សិល្បៈ​ទៅ​តាម​បណ្ដា​ខេត្ត និង​ដាក់បញ្ចូល​មេរៀន​ស្ដីអំពី​សិល្បៈ​វប្បធម៌​ខ្មែរ ឱ្យបាន​កាន់តែ​ច្រើន​ក្នុង​កម្មវិធីសិក្សា​។

​ចំណែក​ក្រុម​យុវជន​និយម​សិល្បៈឈ្មោះ​ក្រុម​រីក​សាយ និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ខ្មែរ​លើក​ទី​៥ សង្កេតឃើញថា ព្រឹត្តិការណ៍​សិល្បៈ​ឆ្នាំ​នេះ​មាន​ការគាំទ្រ​កើនឡើង​។ ទោះ​យ៉ាងណា​អះអាងថា រាល់​ការរៀបចំ​កម្មវិធី​ពិព័រណ៍​សិល្បៈ ទាមទារ​ការចំណាយ​ច្រើន ទាំង​ពេល​វេលា​និង​ធនធាន​ដើម្បី​រៀបចំ​និង​សម្ដែង ហើយ​ត្រូវការ​ជា​ចាំបាច់​នូវ​ការគាំទ្រ​ផ្នែក​ស្មារតី និង​ហិរញ្ញវត្ថុ​។​

អ្នករៀបចំ​កម្ម​វី​ធី​បញ្ជាក់ថា ពួកគេ​នឹង​រៀបចំ​ការតាំងពិព័រណ៍​សិល្បៈ​ឱ្យបាន​ច្រើន​នៅពេល​ខាងមុខ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​និង​បរទេស​បាន​ស្គាល់​កាន់តែច្បាស់​អំពី​សិល្បៈ​វប្បធម៌​ខ្មែរ​។ ដោយសារ​ក្រុមការងារ​របស់​ពួកគេ​ធ្វើ​កិច្ចការ​នេះ​តាម​ការស្ម័គ្រចិត្ត ពួក​គេ​អះអាង​ថា កិច្ចការងារ​នេះ​អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​មាន​ការចូលរួម និង​គាំទ្រ​ពី​សាធារណជន ព្រមទាំង​មាន​ការជួយ​ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​និង​វិស័យ​ឯកជន​៕

ចែករំលែកតាម៖