​សិស្សានុសិស្ស​បញ្ចេញ​គំនិត​ច្នៃប្រឌិត​តាមរយៈ​ការផលិត​ភាពយន្ដ​ខ្លី​សម្រាប់​ប្រកួត​នៅ​ជប៉ុន​

​សិស្សានុសិស្ស​បញ្ចេញ​គំនិត​ច្នៃប្រឌិត​តាមរយៈ​ការផលិត​ភាពយន្ដ​ខ្លី​សម្រាប់​ប្រកួត​នៅ​ជប៉ុន​

សិស្សានុសិស្ស​ជ័យលាភីដែល​ទទួល​ពាន​រង្វាន់ផលិត​រឿង​អប់រំខ្នាតខ្លី

​ភាពយន្ត​ខ្លី​ផលិត​ដោយ​សិស្សានុសិស្ស​កម្ពុជា​ចំនួន​៣​ក្រុម នឹង​ត្រូវ​តំណាងឱ្យ​កុមារ​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​នៅ​ប្រទេស​ជប៉ុន នៅក្នុង​ខែ​វិច្ឆិកា​ខាងមុខ បន្ទាប់ពី​ក្រុម​ទាំង​៣​បាន​ជាប់​នៅក្នុង​កម្មវិធី​ប្រលង​ជ្រើសរើស​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុងប្រទេស​កម្ពុជា​។​

​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុងប្រទេស​កម្ពុជា​នៃ​មហោស្រព​ភាពយន្ដ​កុមារ​អន្តរជាតិ​អាស៊ី ក្រោម​ប្រធានបទ «​គ្រូបង្រៀន​» ត្រូវបាន​រៀបចំ​ឡើង​កាលពី​ពាក់កណ្ដាល​ខែ​កញ្ញា ដោយ​បាន​ចម្រាញ់​យក​ភាពយន្ត​ខ្លី​ចំនួន​១៥​មកចាក់​បង្ហាញ ក្នុងចំណោម​ភាពយន្ត​២៨​ដែល​ត្រូវបាន​ដាក់​ចូលរួម​ប្រកួត​។​

​លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​គណៈកម្មការ​នៅក្នុង​កម្មវិធី​ប្រកួត​ភាព​យន្ដ​ខ្នាត​ខ្លី​នោះ​មានប្រសាសន៍ថា ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​ធ្វើកំណែទម្រង់ និង​លើកកម្ពស់​សិស្សានុសិស្ស​ទៅលើ​ផ្នែក​បំណិន​ជីវិត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការពិចារណា ការវិភាគ និង​ការអភិវឌ្ឍ​គំនិត​ឱ្យ​ចេញ​ជា​ស្នាដៃ​។ លោកស្រី​បន្ត​ថា កម្មវិធី​ប្រកួត​ភាពយន្ដ​ខ្នាត​ខ្លី​នេះ​គឺជា​ឱកាស​របស់​សិស្សានុសិស្ស​ខ្មែរ​ក្នុងការ​បញ្ចេញស្នាដៃ​ផលិត​ជា​ខ្សែភាពយន្ត​ខ្លី ដើម្បី​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា មិន​ខុស​ពី​ឆ្នាំមុនៗ​សិស្សានុសិស្ស​តំណាង​ប្រទេស​កម្ពុជា​ទាំងអស់ នៅតែ​អាច​រក្សា​ទឹក​ដៃ​របស់​ខ្លួន​បាន​យ៉ាង​ល្អ ដែល​នេះ​ពិតជា​ធ្វើឱ្យ​មាន​ការ​ស្ញប់ស្ញែង​ជាខ្លាំង​៖ «​បើ​តាម​សង្កេត​មើលទៅ សមត្ថភាព​របស់​សិស្ស​យើង​មិន​សូវ​ប្លែក​គ្នា​ប៉ុន្មាន​ទេ​។ គ្រាន់តែ​នៅក្នុង​ឆ្នាំនេះ សិស្ស​ដែល​បាន​ផលិត​មកនេះ​កាត់​បាន​ប្រមូលផ្ដុំ​នូវ​ខ្លឹមសារ​ទៅ​តាម​ប្រធានបទ​ដែល​ទាក់ទង​ទៅ​នឹង​គ្រូបង្រៀន ដល់​ចឹង​តាម​ប្រធានបទ​នីមួយៗ​ស្នាដៃ​នៅតែ​ល្អ​ដដែល ដូចគ្នា​»​។​

​ក្រុម​ទាំង​៣​ដែល​បាន​ឈ្នះ​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ នឹង​ត្រូវ​ទៅ​ចូលរួម​នៅក្នុង​វគ្គ​ប្រលង​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង​គី​តា​មិ ខេត្ត​ហុក​កៃដូ ប្រទេស​ជប៉ុន នៅ​ចុង​ខែ​វិច្ឆិកា​ខាងមុខនេះ​។ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន រួម​ទាំង​ប្រទេស​ទីម័​រខាង​កើត ចិន កូរ៉េខាងត្បូង ម៉ុង​ហ្គោល តៃវ៉ាន់ និង​ជប៉ុន​។

​បេ​ក្ខ​នារី ខាត់ សុ​ដាវ​ណ្ណ សិស្ស​ថ្នាក់​ទៅ​១១​នៃ​សាលា Cambodia Adventist School និង​ជា​អ្នកតំណាង​ក្រុម​ដែល​ជាប់​ជ័យលាភី​លេខ​១​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ សម្ដែង​ចំណាប់អារម្មណ៍​ថា វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ឱ្យ​សិស្សានុសិស្ស​បញ្ចេញ​នូវ​សមត្ថភាព​ច្នៃប្រឌិត​ដែល​ខ្លួន​មាន​៖ «​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​យុវជន​ខ្មែរ​ដែល​យើង​អាច​បញ្ចេញ​មតិយោបល់​យើង ហើយ​នឹង​អាច​ផលិត​អ្វីមួយ​ដែល​វា​មាន​តម្លៃ​អប់រំ​នៅ​ក្នុង​ហ្នឹង ដើម្បី​សម្រាប់​យក​ទៅ​អប់រំ​គេ​ដទៃទៀត មិន​ថា​តែ​ប្រជាជន​ខ្មែរ ព្រមទាំង​យុវជន​ផ្សេងៗ​ទៀត​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ី​។ និយាយ​ទៅ​ដំបូង​គេ​បង្អស់​ផលវិបាក​មែនទែន​នោះ​គឺ​រើស​សាច់រឿង​ណា​ដែល​យើង​គិត​មក​ថា​វា​អត់​ដូច​គេ​ទាំងអស់​។ យើង​ខិតខំ​ព្យាយាម​រើស​គំនិត​ណា​ដែល​ប្លែក​ពី​គេ និង​របៀប​ថា​ដាក់​មកវា​ផូរផង់​ជាង​គេ​ចឹង​។ ចឹង​ពេល​នឹង​គឺ​ពិបាក​មែនទែន ព្រោះ​គំនិត​គេ​មាន​រឿង​ដទៃៗ​ហើយ​ផ្សេង​ច្រើន ហើយ​គំនិត​ដដែលៗ​ក៏​មាន​ច្រើន ចឹង​យើង​ខ្លាច​ថា​ផលិត​មកហើយ​វា​ដូច​គេ​ដូច​ឯង​ចឹង វា​អត់​សូវ​លេចធ្លោ​ជាងគេ​»​។​

​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​ជប៉ុន ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ចំណែក​សិស្សានុសិស្ស​កម្ពុជា​វិញ​ត្រូវបាន​អញ្ជើញ​អោយ​ចូលរួម​ក្នុង​មហោស្រព​នេះ​តាំងពី​ឆ្នាំ​២០០៩៕

ចែករំលែកតាម៖