​ភាគី​ពាក់ព័ន្ធ​ប្ដេជ្ញា​លើកកម្ពស់​ការដាំ​បន្លែ​ផ្លែឈើ​សរីរាង្គ​

​ភាគី​ពាក់ព័ន្ធ​ប្ដេជ្ញា​លើកកម្ពស់​ការដាំ​បន្លែ​ផ្លែឈើ​សរីរាង្គ​

​យោង​តាម​ឯកសារ​មួយចំនួន​បាន​បង្ហាញថា ក្នុង​មួយ​ថ្ងៃៗ បន្លែ​ផ្លែឈើ​ចន្លោះ​ពី​២០០​ទៅ​១០០០​តោន​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ ក៏ប៉ុន្តែមានតែ​បន្លែ​ផ្លែ​ឈើ​ប្រមាណ​១​តោន​ប៉ុណ្ណោះ​ដែល​ជា​បន្លែ​ផ្លែឈើ​សរីរាង្គ​។ លើសពីនេះ បន្លែ​ផ្លែឈើ​មួយចំនួន​ក៏​ត្រូវបាន​គេ​អះអាង​ថា​មាន​ជាតិគីមី ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​

​នៅក្នុង​កម្មវិធី «​ការចូលរួម​ស្វែងយល់​ពី​ដំណាំ​សរីរាង្គ​» ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Organic Awareness Day ដែល​ត្រូវបាន​រៀបចំឡើង​កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ លោក មៀច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​មានប្រសាសន៍ថា សព្វថ្ងៃ​នេះ​ជាតិគីមី​បាន​វាយលុក​ចូល​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​ខ្លាំង ខុស​ពី​ពេល​មុន​ដែល​កសិករ​មិន​ប្រើ​សារ​ជាតិគីមី​ទៅលើ​បន្លែ​ផ្លែឈើ​សោះ​៖ «​យើង​អត់​ចូល​ចិត្ត​ទេ អា​បន្លែ​ធម្មជាតិ​ដែល​មាន​ដង្កូវ មាន​សត្វល្អិត​ទំ​មាន​រោម​មាន​ស៊ី​ទៅ​ថា​អា​នុង​ស៊ី​ទៅ គឺថា​ចុកពោះ​ខ្លាច​មាន​ដង្កូវ​ព្រូន​អី​ចូល​ដល់​ក្នុង​ពោះ​យើង​។ ចឹង​យើង​ប្រើប្រាស់​ជាតិគីមី​ថ្នាំ​សម្លាប់​សត្វល្អិត​តាម​បច្ចេកវិទ្យា​កាល​ហ្នឹង​បច្ចឹម​ប្រទេស ដែល​យើង​ប្រើ​ពាក្យ​លោកខាងលិច​គឺ​ជឿនលឿន​ជាង​យើង​»​។​

លោក អៀង សុធា​រ៉ា ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ដែល​បាន​រៀបចំ​កម្មវិធី «​ការចូលរួម​ស្វែងយល់​ពី​ដំណាំ​សរីរាង្គ​» លើកឡើងថា ការបរិភោគ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​សារ​ជាតិគីមី​បាន​ក្លាយជា​បញ្ហា​ប្រឈម​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នា​ពេលបច្ចុប្បន្ន​។ លោក​ថា បន្លែ​ផ្លែឈើ​នេះ​បាន​បង្ក​ជា​បញ្ហា​សុខភាព​ដល់​ប្រជាពលរដ្ឋ ដែល​តម្រូវ​ឱ្យ​ពួកគាត់​បាន​ចំណាយ​ថវិកា​និង​ពេលវេលា​ជាច្រើន ដើម្បី​ទទួល​ការត្រួតពិនិត្យ​និង​ព្យាបាល​៖

«​មាន​អត្ថបទ​មួយ​នៅក្នុង​ក្រសួង​កសិកម្ម​ដែរ​គឺ​ថា​ខ្ញុំ​បាន​អាន​ទៅ​ឃើញ​ថា​មាន​បន្លែ​នាំចូល​ក៏​ច្រើន ហើយ​បន្លែ​ដាំ​នៅ​ស្រុក​ខ្មែរ​យើង​ក៏​ច្រើន​ដែរ ក៏ប៉ុន្តែ​ការដាំ​ហ្នឹង​មាន​ប្រើប្រាស់​សារជាតិ​គីមី​ដែល​ខុសពី ឬក៏​លើស​ពី​អ្វី​ដែល​ខាង​អន្តរជាតិ​គេ​អនុញ្ញាត​ឱ្យ ដោយសារ​មើលឃើញ​បែប​នឹង​បាន​ក្រុម​ខ្ញុំបាទ​ហ្នឹង​ប្រឹង​ថា​ធ្វើយ៉ាងណា​ឱ្យ​មាន​ការអប់រំ​មួយ​ចូល​ទៅ​ដល់​ប្រជាជន​ទូទៅ​ថា ឱ្យ​គាត់​យល់​អំពី​សុខភាព​របស់​គាត់​ដែល​សុខភាព​ហ្នឹង​វា​អត់​មាន​អី​យក​ទៅ​ទិញ​បានទេ យើង​មាន​លុយ​ប៉ុណ្ណា​ក៏​មិន​អាច​យក​ទៅ​ទិញ​បាន​ដែរ​»​។​

Organic-plant-20170910_02

​កម្មវិធី​ការចូលរួម​ស្វែងយល់​ពី​ដំណាំ​សរីរាង្គ​មាន​អ្នកចូលរួម​មកពី​ភាគី​ផ្សេងៗ ដែល​មាន​ទាំង​ស្ថាប័នរដ្ឋ ស្ថាប័ន​ឯកជន អ្នកជំនួញ និង​កសិករ​មកពី​ខេត្ត​ឆ្ងាយៗ​។ ក្រៅពី​ទទួលបាន​បទពិសោធន៍​ចែករំលែក​ពី​អ្នកជំនាញ អ្នកចូលរួម​ទាំងអស់​ក៏​បានដើរ​ទស្សនិកកិ​ច្ច​ដល់​ចម្កា​រ​បន្លែ​ផ្លែឈើ​សរីរាង្គ​ផ្ទាល់ ដើម្បី​យល់ដឹង​ពី​វិធី​ដាំ ថែទាំ វេច​ខ្ចប់​បន្លែ​ផ្លែឈើ និង​ចូលរួម​ដាំ​កូន​បន្លែ​ផងដែរ​។​

​អ្នកស្រី កោ សីហា កសិករ​មកពី​ខេត្ត​ក្រចេះ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​ប្រសាសន៍ថា អ្នកស្រី​និង​កសិករ​ក្នុងភូមិ​តែងតែ​ដាំ​ដំណាំ​ដោយ​ប្រើប្រាស់​សារធាតុ​គីមី ដែល​អ្នកស្រី​ទទួលស្គាល់​ថា អាច​ប៉ះពាល់​ដល់​សុខភាព​និង​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការព្យាបាល​។ អ្នកស្រី​បន្ថែមថា ក្រោយពី​បាន​ស្វែងយល់​ពី​ដំណាំ​សរីរាង្គ​នេះ អ្នកស្រី​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ជា​កសិករ​ដំបូង​ក្នុង​ភូមិ ដែល​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទៅ​ដាំ​បន្លែ​ផ្លែ​ឈើ​បែប​សរីរាង្គ​វិញ​៖

«​ចា​ស​! ខ្ញុំ​ដាំ​។ ប៉ុន្តែ​គេ​ផ្សេងៗ​ទៀត​ខ្ញុំ​មិនទាន់​ហ៊ាន​ថា​ទេ ដោយសារ​ទាល់តែ​យើង​មក​យើង​ដក​ពិសោធន៍​សិន ទាល់​គេ​ឃើញ​យើង​ធ្វើ​ហ្នឹង​គេ​ធ្វើ​តាម​យើង​ហើយ​។ ខ្ញុំ​ប្រាកដថា​ប្រហែល​ជា​អ្នកភូមិ​ខ្ញុំ​ធ្វើ​តាម ព្រោះ​ខ្ញុំ​ចូលចិត្ត​បន្លែ ប្ដី​ខ្ញុំ​ក៏​ចូល​ចិត្ត​បន្លែ កូន​ខ្ញុំ​ក៏​ចូល​ចិត្ត​បន្លែ ខ្ញុំ​ចង់​ដាំ​ស្ពៃ ដូចជា​ស្ពៃចង្កឹះ ស្ពៃ​ក្រ​ញ៉ាញ់ ហើយ​នឹង​ស្ពៃជើងទា​។ ខ្ញុំ​ដាំ​ដើម្បី​ក្រុមគ្រួសារ​ខ្ញុំ​ហូប ព្រោះ​ខ្ញុំ​ចូលចិត្ត ហើយ​ត្រស​ក់ដាំ​មុខ​តិចៗ​ទៅ ដើម្បី​បើ​គេ​អ្នកទិញ​មក​គេ​ថា​បើសិន​គេ​ចង់​ហូប​អី​គេ​មាន​អានេះ​តិច​អានោះ​តិចចឹង​ទៅ គេ​មក​ចូល​ផ្ទះ​យើង​ច្រើន​»​។​

Organic-plant-20170910_03

​លោក​សុខ លីដា ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័​យយល់ឃើញថា ការបញ្ជ្រាប​ចំណេះដឹង​ពី​បន្លែ​ផ្លែឈើ​សរីរាង្គ​បែបនេះ ពិតជា​មាន​សារៈសំខាន់​ដល់​មនុស្ស​ទូទៅ​ក្នុង​ការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការដាំដុះ​បន្លែ​ផ្លែ​ឈើ​មាន​សារធាតុ​គីមី​បន្តិច​ម្ដងៗ​។​

​លោក​សុខ លីដា អះអាងថា លោក​ប្ដេជ្ញា​នឹង​យក​ចំណេះដឹង​ដែល​លោក​ទទួលបាន​ទៅ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត​ឱ្យ​ខំ​ប្រឹងប្រែង​ពន្យល់ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ឱ្យ​ងាក​មក​ធ្វើ​កសិកម្ម​បែប​សរីរាង្គ​វិញ​៖

«​ទៅ​វិញ​ខ្ញុំ​នឹង​បាន​ផ្សព្វផ្សាយ ឬ​មួយ​ហៅ​មន្ត្រី​ជំនាញ​ទាំងអស់​នៅក្នុង​មន្ទីរ​គឺ​ខ្ញុំ​ធ្វើ​បទ​បង្ហាញ​មួយ​ទាក់ទង​នឹង​កសិកម្មសរីរាង្គ​នេះ​។ ហើយ​បន្ទាប់ពី​នោះ​គឺ​សុំ​យោបល់​លោក​ប្រធាន​អាច​មាន​ចុះទៅ Field ឬ​ផ្សព្វ​ផ្សាយ​​ដល់​សហគមន៍ ឬ​តាម​មន្ត្រី​ការិយាល័យ​តាម​ស្រុក​តាម​ភូមិ​បន្ថែម​ទៀត​ឱ្យ​គាត់​យល់​ដឹង​ពី​រឿងនេះ​។ បើ​តាម​ខ្ញុំ​គិត​ដោយសារ​ជំហាន​ដំបូង​វា​រាង​លំបាក​បន្តិច ប៉ុន្តែ​យើង​នឹង​ព្យាយាម​បញ្ជ្រាប​គាត់​ម្ដង​បន្តិចៗ​។ ចឹង​គាត់​នឹង​អាច​យល់ដឹង​ទៅ​លើ​ការ​ដាំ​បន្លែ​នេះ​»​។​

​ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​លោក អៀង សុធា​រ៉ា មានប្រសាសន៍ថា លោក​សង្ឃឹម​នឹង​មាន​ការ​ជ្រោមជ្រែង​បន្ថែម​ពី​សំណាក់​ស្ថាប័នរដ្ឋ ស្ថាប័ន​ឯកជន កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដើម្បី​រួមគ្នា​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​អាហារ​បន្លែ​ផ្លែឈើ​ប្រកបដោយ​សុវត្ថិភាព​៕

ចែករំលែកតាម៖