​លោក ឃីម សុខ​ហេង​៖ ជំនាញ​ទន់​និង​ការជ្រើសរើស​ជំនាញ​រៀន​សំខាន់​សម្រាប់​យុវជន​

​លោក ឃីម សុខ​ហេង​៖ ជំនាញ​ទន់​និង​ការជ្រើសរើស​ជំនាញ​រៀន​សំខាន់​សម្រាប់​យុវជន​

​លោក ឃីម សុខ​ហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ថ្លែង​នៅក្នុង​សិក្ខាសាលា​តម្រង់ទិស «​ផ្លូវត្រូវ​ដើរ​ក្រោយ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​» (រូបភាព៖ អ៊ូ បាណុង)

​យុវជន​ដែល​ទើបតែ​បញ្ចប់​ការសិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ការយល់ដឹង​កាន់តែ​ច្រើន​អំពី​ការ​សម្រេចចិត្ត​ជ្រើស​ជំនាញ ឬ​ជំនួញ​ដែល​ខ្លួន​ចង់​បន្ត​ទៅ​ថ្ងៃ​អនាគត បើ​ប្រៀបធៀប​យុវជន​ឆ្នាំ​កន្លងទៅ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​លោក ឃីម សុខ​ហេង នៅក្នុង​សិក្ខាសាលា​តម្រង់ទិស «​ផ្លូវត្រូវ​ដើរ​ក្រោយ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​» កាលពីដើម​ខែ​កញ្ញា​។​

សិក្ខាសាលា​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ និង​សមាគម​ពាណិជ្ជករ​វ័យក្មេង​កម្ពុ​ជា​នេះ​មាន​គោលបំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ស្វែងយល់​ពី​ទីផ្សារការងារ​និង​តម្រូវកា​ររ​ប់ស​និយោជក សារៈសំខាន់​នៃ​ការជ្រើសរើស​ជំនាញ​សមស្រប​នឹង​ទេពកោសល្យ ការ​កំណត់​គោលដៅ​ជីវិត និង​ដំណោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការបន្ត​ថ្នាក់​មហា​វិទ្យាល័យ​។​

​លោក ឃីម សុខ​ហេង ដែល​ជា​វាគ្មិន​មួយ​រូប​នៅ​ក្នុង​សិក្ខាសាលា​នេះ​លើកឡើងថា បច្ចុប្បន្ន​យុវជន​មាន​ឱកាស​ច្រើន​ក្នុង​ការចូលរួម​ស្វែងយល់​ពី​ការជ្រើសរើស​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ ដោយ​ពួកគេ​បាន​ជួប​ជាមួយ​វាគ្មិន​ល្បីៗ ដើម្បី​សាកសួរ និង​សំណេះសំណាល​។ លោក​ថា តាម​បទពិសោធន៍​របស់​លោក​ក្នុង​ការរៀបចំ​សិក្ខា​សាល​នេះ​តាំងពី​ឆ្នាំ​២០១៣​មក ការ​យល់ដឹង​របស់​យុវជន​អំពី​ការស្វែងយល់​អំពី​អនាគត និង​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៖ «​ទី​១​អាច​ដោយសារតែ​គាត់​ទទួលបាន​ព័ត៌មាន​ច្រើន​តាមរយៈ​វិទ្យុ​ផង ទូរទស្សន៍​ផង ជាពិសេស​គឺ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។ អ៊ីចឹង​អាហ្នឹង​គឺជា​កត្តា​ដែល​សំខាន់ ដែល​ញ៉ាំង​ឱ្យ​យុវជន​របស់​យើង​ហ្នឹង​គាត់​មាន​ព័ត៌មាន​ទូលំទូលាយ​ដើម្បី​ឈានទៅរក​ការសម្រេចចិត្ត​ចាប់​យក​មុខជំនាញ ឬក៏​អាជីព​ច្បាស់លាស់​សម្រាប់​ទៅ​ថ្ងៃ​អនាគត​របស់​គាត់​»​។​

​លោក ឃឹម សុខ​ហេង លើកឡើង​បន្ថែមថា យុវជន​ចាំបាច់​ត្រូវតែ​មាន​ជំនាញ​ទន់​ដែលជា​ជំនាញ​ក្នុង​ការពិចារណា ការធ្វើ​ការងារ​ជា​ក្រុម រួម​ទាំង​ជំនាញ​ជា​អ្នកដឹកនាំ​នៅក្នុង​ខ្លួន​ដើម្បី​ជា​ស្ពាន​ក្នុងការ​ប្រកបការងារ ឬ​អាជីវកម្ម​នៅក្នុង​តំបន់​៖ «​អ៊ីចឹង​យើង​មើលឃើញ​ថា​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ក៏​ច្រើន​ដែរ ចឹង​ប្អូនៗ​ខ្លះ​គាត់​ជ្រើសរើស​វិទ្យាសាស្ត្រ​ពិត គាត់​អាច​ជ្រើស​​រើស​វិទ្យាសាស្ត្រ​សង្គម ចឹង​អាហ្នឹ​ងទាំង hard skill (​ជំនាញ​រឹង​) ទាំង soft skill (​ជំនាញ​ទន់​)​ហ្នឹង​គឺ​វា​សំខាន់​សម្រាប់​ពួកគាត់​។ ហើយ​នៅក្នុង​វិស័យ​ធុរកិច្ច វិស័យ​ពាណិជ្ជកម្ម​នេះ គឺ soft skill (​ជំនាញ​ទន់​) ជំនាញ​ក្នុង​ការគិត ជំនាញ​ក្នុង​ការធ្វើការ​ជា​ក្រុម ជំនាញ​ក្នុង​ភាពជា​អ្នកដឹកនាំ​គឺ​រឹតតែ​សំខាន់ ពីព្រោះ​យើង​រស់នៅក្នុង​សកល​ភាវូបនីយកម្ម ចឹង​ចាំបាច់​ណាស់​យើង​ត្រូវមាន​ចំណេះដឹង​ទូលំទូលាយ ចេះ​សម្រប​ខ្លួន​ជាមួយ​អ្នក​ដទៃ​ផ្សេង ហើយ​ចេះ​ធ្វើការ​ជាមួយ​អ្នក​ដែល​មាន​វប្បធម៌​ផ្សេង​ពី​យើង ចឹង​អាហ្នឹង​គឺជា​រឿង​ដែល​សំខាន់​»​។​

សិក្ខាសាលា​តម្រង់ទិស «​ផ្លូវត្រូវ​ដើរ​ក្រោយ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​» ដែល​ត្រូវ​បាន​ធ្វើឡើង​កាលពីដើម​ខែ​កញ្ញា​ (រូបភាព៖ អ៊ូ បាណុង)
សិក្ខាសាលា​តម្រង់ទិស «​ផ្លូវត្រូវ​ដើរ​ក្រោយ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​» ដែល​ត្រូវ​បាន​ធ្វើឡើង​កាលពីដើម​ខែ​កញ្ញា​ (រូបភាព៖ អ៊ូ បាណុង)

សិក្ខាសាលា​តម្រង់​ទិស​នេះ ទទួលបាន​ការចូលរួម​ពី​យុវជន​ជាង​២០០​នាក់​មក​ពី​សាលា​ផ្សេងគ្នា​ដោយ​ខ្លះ​ស្ថិត​ក្នុង​វិទ្យាល័យ ឯ​ខ្លះ​ទៀត​កំពុង​សិក្សា​ជំនាញ​នៅ​សាកលវិទ្យាល័យ​។​

យុវជន ឡ​ន កក្កដា និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច យល់ឃើញថា ការ​ដែល​ឱ្យ​យុវជន​ក៏ដូចជា​រូបគេ​ផ្ទាល់​បាន​យល់ដឹង​អំពី​ការតម្រង់ទិស​ក្រោយ​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ ឬ​ភាសា​សាមញ្ញ​ហៅថា​បាក់​ឌុប ពិតជា​មាន​សារៈប្រយោជន៍​ខ្លាំងណាស់ ដើម្បី​ជួយ​កុំ​ឱ្យ​យុវជន​មាន​ភាព​ស្ដាយក្រោយ​នៅពេល​អនាគត​៖ «​យើង​ត្រូវតែ​សិក្សា​វា​ឱ្យបាន​ច្បាស់​មុន​នឹង​យើង​ទៅ​ធ្វើ​អ្វីមួយ ឬ​ក៏​យើង​ទៅ​សិក្សា​អ្វី​មួយ​យើង​ត្រូវ​កំណត់​គោលដៅ​ខ្លួនឯង​ឱ្យបាន​ច្បាស់លាស់ ពីព្រោះ​វា​ជា​ការ​សំខាន់​បំផុត​។ កាលណា​ដែល​ចូល​ទៅ​ធ្វើការ​កន្លែង​ណាមួយ ឬក៏​ស្ថាប័ន​ណា​មួយ​គេ​ត្រូវការ​មនុស្ស​ដែល​មានចំណេះដឹង មនុស្ស​មាន​បទពិសោធន៍​ការងារ មនុស្ស​ដែល​មានគំនិត​ផ្ដួចផ្ដើម​ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង ស្ថាប័ន និង​សង្គមជាតិ​ទាំងមូល​»​។​

​ទន្ទឹម​នឹង​គ្នា​នេះដែរ យុវតី ឌឿ​ន គង្គា ដែល​ជា​សិស្ស​ទើប​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០១៧​នេះ អះអាងថា បន្ថែម​លើ​ការចែករំលែក​របស់​វាគ្មិន​ដែល​មាន​បទពិសោធន៍​ល្អៗ និង​ច្រើន​ឆ្នាំ​មាន​ភាព​ក្បោះក្បាយ ខ្លួន​នឹង​បន្ត​ស្វែងយល់​ពី​ខ្លួនឯង​បន្ថែម​ទៀត ដើម្បី​ចៀសវាង​ពី​ការអូសទាញ​តាម​គ្នា​នាំ​ឱ្យ​ខាតបង់​ពេលវេលា​៖ «​ពេល​ខ្ញុំ​ស្ដាប់​វាគ្មិន​គាត់​បាន​និយាយ​គាត់​ថា យើង​ត្រូវ​សិក្សា​ពី​ខ្លួនឯង​ហើយ សិក្សា​ពី​ចំណុច​ខ្សោយ​និង​ចំណុច​ខ្លាំង​របស់​យើង ថា​គោលដៅ​របស់​យើង​ចង់​ទៅ​ខាង​ណា​។ បើ​ចំណង់​ចំណូលចិត្ត​យើង​ចង់​ទៅ​រៀន​ខាង​ហ្នឹង​មួយ​គឺ​យើង​ត្រូវ​ខំ លក្ខណៈ​ថា​មាន​កម្លាំង​ចិត្ត​ហើយ​យើង​ត្រូវមាន​គោលដៅ​ឱ្យ​ច្បាស់លាស់ ទើប​គោលបំណង​យើង​សម្រេចបាន​ជោគជ័យ​។ ខ្ញុំ​នឹង​ខិតខំ​បន្ត​ស្រាវជ្រាវ​ពី​សង្គម​ខាងក្រៅ​និង​នៅក្នុង​សង្គម​យើង ឬក៏​ខាង​បងៗ​ជំនាន់​មុន​ដែល​ទទួលបាន​ជោគជ័យ ឬ​ក៏​ទទួល​ការ​ស៊ើបសួរ​ពី​លោកគ្រូ​អ្នកគ្រូ​ដែល​គាត់​ធ្លាប់​បង្ហាត់បង្ហាញ​»​។​

​ក្នុងនាម​ជា​អ្នក​បណ្ដុះបណ្ដាល និង​ជា​អ្នក​អប់រំ​ដល់​យុវជន​ដែល​ជា​សសរទ្រូង​នៃ​ប្រទេសជាតិ លោក ឃីម សុខ​ហេង អះអាងថា លោក​នឹង​ខំ​សម្រិត​សម្រាំង​កម្មវិធីសិក្សា ដើម្បី​ឆ្លើយតប​នឹង​ទីផ្សារ​ការងារ​បច្ចុប្បន្ន រួម​នឹង​ការប្រមូលផ្ដុំ​បុគ្គល ដែល​ជោគជ័យ​មក​ចែករំលែក​បទពិសោធន៍​ស្ដីពី​ជំនាញ​ទន់​បន្ថែមទៀត​៕

ចែករំលែកតាម៖