ផល​ប៉ះពាល់​នៃ​ទូរសព្ទ​ចំពោះកុមារ

ផល​ប៉ះពាល់​នៃ​ទូរសព្ទ​ចំពោះកុមារ

កុមារ​ដែល​ប្រើប្រាស់​ទូរសព្ទ​ច្រើន​ហួស​ប្រមាណ​នឹង​មាន​ផល​ប៉ះពាល់​ជាច្រើន​ដូចជា​ ថយ​ចុះ​ទំនាក់ទំនង​រវាង​ឪពុកម្តាយ​និងកូន​ បាត់បង់​ចំណង់​ក្នុង​ការសិក្សា​ ធ្វើ​ឱ្យ​កុមារ​ធាត់ កើត​ជំងឺទឹកនោម​ផ្អែម ​កើតជំងឺសរសៃ​ឈាមបេះដូង​ ឆាប់ខឹង ​បាក់ទឹកចិត្ត​ជាដើម។​ នេះបើ​តាមការ​បញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត ​សេង​ សាម៉ន​ ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក។

លោក​វេជ្ជបណ្ឌិត​ សេង ​សាម៉ន ​បានបញ្ជាក់​បន្ថែមយ៉ាង​ដូច្នេះថា៖​ ជាពិសេសក្មេងញ៉ាំបានហើយគាត់លេងទូរសព្ទ មានន័យថា គាត់ញ៉ាំបាយជាមួយទូរសព្ទ អ៊ីចឹងកាលដែលគាត់ចេះតែញ៉ាំៗ វាធ្វើឱ្យមានបញ្ហាលើសគីឡូ។ អ៊ីចឹងក្មេងលើសគីឡូវាអាចមានផលប៉ះពាល់មួយ គឺជំងឺតែម្តង។ គាត់អាចកើតជំងឺលើសឈាម ជំងឺទឹកនោមផ្អែម​តាំងពីគាត់នៅក្មេង។ មានបញ្ហាមួយដែលសំខាន់ដែលនោះ គឺទាក់ទងនឹងវិទ្យុសកម្មរបស់ទូរសព្ទហ្នឹង បើក្មេងប្រុសទៅជាអេ គឺបាត់បង់លទ្ធភាពក្នុងការបង្កើតមេជីវិត»។

លោកវេជ្ជបណ្ឌិត ​សេង​ សាម៉ន​ ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក
លោកវេជ្ជបណ្ឌិត ​សេង​ សាម៉ន​ ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក

តាម​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​មជ្ឃមណ្ឌល​សុខភាព​ផ្លូវចិត្ត​កុមារ ​និងយុវវ័យ​ ដែល​បានចេញ​ផ្សាយថ្មីៗនេះ ​កុមារ​ ដែល​មើល​ឧបករណ៍​អេឡិចត្រូនិច​ច្រើនជាង ​៣ម៉ោង​ ក្នុងមួយថ្ងៃ​ នឹង​មានការ​អភិវឌ្ឍ​យឺតយ៉ាវ ផ្នែក​ភាសា​ រពឹសខ្លាំង​ ខណៈ​ជាទូទៅ​កុមារ​អូទីស្សឹម​ក៏មាន​បញ្ហា​រួម​ទាំង​នេះដែរ។

លើស​ពីនេះ​ ការមើល​កញ្ចក់​អេក្រង់​អេឡិចត្រូនិច​មុនអាយុ ​១៨ខែ​ មិនត្រឹមតែ​មាន​ផលប៉ះពាល់​អវិជ្ជមាន​យូរ​អង្វែង​លើ​ការអភិវឌ្ឍ​ភាសា​ ជំនាញ​ក្នុង​ការអាន​ និង​ការចងចាំ​រយៈពេលខ្លី​ប៉ុណ្ណោះ​ទេ វាថែម​ទាំងធ្វើឱ្យ​មានបញ្ហា​នៃការ​គេង​ និង​ការ​ផ្ចង់​អារម្មណ៍​ផងដែរ។

ជុំវិញ​បញ្ហា​ទាំងអស់​នេះ ​លោក​ អៀង​ សុធារ៉ា​ ប្រធាន​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគកម្ពុជា​ ជប៉ុន​ បានលើកឡើងថា៖​«ហេតុអ្វីបានមានសិក្ខាសាលាបែបនេះឡើង? ខ្ញុំករុណាមានបទពិសោធខ្លួន​ឯងផង និងសង្កេតឃើញឪពុកម្តាយមាតាបិតាសិស្សមួយចំនួន ការយល់ដឹងពីគ្រោះថ្នាក់នៅមានកំរិត។ កាលណាការយល់ដឹងនៅតិចនៅទាបដូច្នេះ កាលណាក្មេងទាំងនេះ ៣០ឆ្នាំទៀត ឪពុកម្តាយមិនបានប្រយ័ត្នទេ គ្រាន់តែបញ្ហាទូរសព្ទនេះក៏អាចបំផ្លាញអនាគតរបស់កុមារយើងបានដែលនៅពេលអនាគត។ សួរថា ៣០ឆ្នាំទៀតយើងពឹងអ្វី ហើយពឹងម៉េចកើត បើគាត់អត់ចេះនិយាយផងហ្នឹង ពីព្រោះមើលទូរសព្ទច្រើនពេក ពឹងម៉េចកើតបើភ្នែកមើលអត់ឃើញផងហ្នឹង ពីព្រោះមើលទូរសព្ទច្រើនពេក ពឹងម៉េចកើត​បើគាត់ខឹងមួយថ្ងៃ១០០ដងហ្នឹង ពីព្រោះមើលទូរសព្ទច្រើនពេក»។

 

​លោក​ អៀង​ សុធារ៉ា​ ប្រធាន​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគកម្ពុជា​ ជប៉ុន​
​លោក​ អៀង​ សុធារ៉ា​ ប្រធាន​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគកម្ពុជា​ ជប៉ុន​

យុវជន​ សុង​ រ័ត្នបញ្ញា​ រៀន​នៅ​សាលាមីគីវ៉េ៖​ ក្នុងសិក្ខាសាលាហ្នឹង ខ្ញុំបានរៀនសូត្របានច្រើន ជាពិសេសគឺផលប៉ះពាល់មួយចំនួនទៀតដែលខ្ញុំមិនទាន់ដឹង។ ទី១គឺវិទ្យុសកម្ម វិទ្យុសកម្មគឺវាធ្វើឱ្យខួរក្បាលរបស់យើង​កើតមហារីក អាហ្នឹងក៏ខ្ញុំមិនទាន់ដឹងដែរ។ ទី២ហ្នឹង អាចធ្វើឱ្យកុមារចាប់ពីអារម្មណ៍ចាប់ពីអាយុ០ឆ្នាំទៅដល់២ឆ្នាំ អាចធ្វើឱ្យគាត់ខូចភ្នែកឬក៏ខូចស្មារតីជាដើម»។

យុវជន​ សុង​ រ័ត្នបញ្ញា​ សិស្សនៅ​សាលាមីគីវ៉េ
យុវជន​ សុង​ រ័ត្នបញ្ញា​ សិស្សនៅ​សាលាមីគីវ៉េ

 

យុវជន​ ច័ន្ទ​ គីមហេង​ រៀន​នៅវិទ្យាល័យ​ សម្តេច​អគ្គមហា​ធម្មពោធិសាល​ ជាស៊ីម​ ព្រែក​អញ្ចាញ៖«ផលអវិជ្ជមានវាមានច្រើនជាងផលវិជ្ជមាន ចំពោះផលអវិជ្ជមាន វាធ្វើឱ្យក្មេងៗឈឺភ្នែក ធាត់ ឆ្វេវឆាវច្រើន នៅពេលឪពុកមា្តយហៅម្តងៗផ្តោតអារម្មណ៍នៅតែទូរសព្ទមិនឆ្លើយមិនអី ទាល់ឪពុកម្តាយហៅពីរ បីដង ឬច្រើនដងបានគាត់លឺ»។

យុវជន​ ច័ន្ទ​ គីមហេង​ រៀន​នៅវិទ្យាល័យ​ សម្តេច​អគ្គមហា​ធម្មពោធិសាល​ ជាស៊ីម​ ព្រែក​អញ្ចាញ
យុវជន​ ច័ន្ទ​ គីមហេង​ សិស្សវិទ្យាល័យ​ សម្តេច​អគ្គមហា​ធម្មពោធិសាល​ ជាស៊ីម​ ព្រែក​អញ្ចាញ

 

យុវតី​​​ នៅ​ សុវណ្ណា​  រៀន​នៅវិទ្យាល័យ ​សម្តេច​អគ្គមហា​ធម្មពោធិសាល​ ជាស៊ីម​ ព្រែក​អញ្ចាញ៖«គុណវិបត្តិនៃការប្រើទូរសព្ទច្រើន អាចបណ្តាលឱ្យយើង មានផលប៉ះពាល់ចំពោះខួរក្បាល ហើយអាចបណ្តាលឱ្យកើតជំងឺមហារីក»៕

 

យុវតី​​​ នៅ​ សុវណ្ណា​  សិស្ស​នៅវិទ្យាល័យ ​សម្តេច​អគ្គមហា​ធម្មពោធិសាល​ ជាស៊ីម​ ព្រែក​អញ្ចាញ
យុវតី​​​ នៅ​ សុវណ្ណា​ សិស្ស​វិទ្យាល័យ ​សម្តេច​អគ្គមហា​ធម្មពោធិសាល​ ជាស៊ីម​ ព្រែក​អញ្ចាញ
ចែករំលែកតាម៖