​សាកលវិទ្យាល័យ​ចំណាស់​ជាងគេ​២​សហការ​គ្នា​ពង្រឹង​គុណភាព​អប់រំ​ថ្នាក់​អក្សរសាស្ត្រ​និង​ខេ​មរ​សិក្សា​

​សាកលវិទ្យាល័យ​ចំណាស់​ជាងគេ​២​សហការ​គ្នា​ពង្រឹង​គុណភាព​អប់រំ​ថ្នាក់​អក្សរសាស្ត្រ​និង​ខេ​មរ​សិក្សា​

​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​សហការ​ជាមួយ​ពុទ្ធិក​សាកល​វិទ្យា​ព្រះសីហនុ​រាជ​ពង្រឹងគុណភាព​ថ្នាក់​សិក្សា​ជាន់ខ្ពស់​លើ​មុខ​ជំនាញ​អក្ស​សាស្ត្រ​ខ្មែរ​ និង​ខេ​មរ​សិក្សា​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​កិច្ចសហការ​នេះ​ធ្វើឡើង​តាមរយៈ​ការចុះ​អនុស្សរណៈ​ស្ដី​ពី​ការយោគយល់​គ្នា​លើ «​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ស្រាវជ្រាវ​និង​ការបណ្ដុះបណ្ដាល​» រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​។​

នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ ​ស្ដី​ពី​ការយោគយល់​គ្នា​រវាង​សាកលវិទ្យាល័យ​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា លោក ជេ​ត ជាលី សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​មានប្រសាសន៍ថា ភាសា​ខ្មែរ​មាន​ឫសគល់​ចេញពី​ភាសាបាលី​ និង​សំ​ស្ត្រឹត​។ ដូចនេះ ភាសាបាលី​ និង​សំស្ក្រឹត​មាន​សារៈសំខាន់​សម្រាប់​អ្នក​សិក្សា​ពី​អក្សរសាស្ត្រ​ខ្មែរ​៖ «យើង​មិនអាច​រៀន​ភាសា​ខ្មែរ​ដោយ​មិន​ដឹង​អំពី​បាលីសំស្រ្កឹត​បាន​។​ អ៊ីចឹងគោលដៅ​យើង​ ​ទីមួយដំបូង​បំផុត​នេះ គឺការ​បណ្តុះ​បណ្តាល​ភាសាខ្មែរបាន​ជ្រៅជ្រះ​ជាង​អ្វី​ដែល​យើង​កំពុង​តែធ្វើ​រាល់​ថ្ងៃ»។

លោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

​អនុស្សរណៈ​ស្ដីពី​ការយោគយល់​គ្នា​នេះ​ផ្ដោតលើ​កិច្ច​សហ​ប្រតបត្តិការធំៗ​៥​ចំណុច​មាន​ដូចជា ការផ្លាស់ប្ដូរ​សាស្ត្រាចារ្យ​ និង​បទពិសោធន៍ ការផ្លាស់ប្ដូរ​និស្សិត​ដោយ​មាន​ការទទួលស្គាល់​ប្រព័ន្ធក្រេ​ឌី​ត​គ្នា​ទៅវិញទៅមក ការរៀបចំ​សកម្មភាព​អភិវឌ្ឍ​សមត្ថភាព​សាស្ត្រាចារ្យ​លើ​ផ្នែក​ខេ​មរ​សិក្សា សហកា​រលើ​សកម្មភាព​សិក្សា​អប់រំ ​និង​បណ្ដុះបណ្ដាល ព្រមទាំង​រៀបចំ​សិក្ខាសាលា សន្និសីទ​អំពី​ខេ​មរ​សិក្សា និង​សហការ​រៀបចំ​គម្រោង​ស្រាវជ្រាវ​អំពី​ខេ​មរ​សិក្សា ដោយ​ផ្ដោត​សំខាន់​លើ​ពុទ្ធ​សាសនា និង​ទស្សនវិជ្ជា​។​

​ព្រះ​ធម្ម​ឃោសា​ចារ្យ​បណ្ឌិត ឃី សុវណ្ណ​រតនា សាកលវិទ្យាធិការ​ស្ដីទី​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​មាន​ថេរ​ដីកា​ថា គោលបំណង​សំខាន់​នៃ​អនុស្សរណៈ​នេះ ​គឺ​ដើម្បី​ពង្រឹង​ការបណ្ដុះបណ្ដាល​ភាសា​ខ្មែរ​ឱ្យ​កាន់តែ​មាន​គុណភាព​។​

​ព្រះ​ធម្ម​ឃោសា​ចារ្យ​មានថេរ​ដីកា​បន្តថា ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​ផ្ដោត​សំខាន់​លើ​ការបណ្ដុះបណ្ដាល​ឯកទេស​ភាសា​ខ្មែរ ហើយ​បាននិងកំពុង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជាច្រើន​។ ជាមួយ​នឹង​ធនធាន​ដែល​សាកលវិទ្យាល័យ​ទាំងពីរ ក៏ដូចជា​ស្ថាប័ន​ដទៃ​ទៀត​បាន បណ្ដុះបណ្ដាល ព្រះអង្គ​មាន​ជំនឿ​ថា គោលដៅ​នៃ​ការពង្រឹង​គុណភាព​សិក្សា​នេះ​នឹង​អាច​សម្រេចបាន​៖​ «យើង​ចង់​ពង្រឹង​ភាសាខ្មែរ​ឱ្យ​កាន់​តែ​មាន​ភាព​ទូលំ​ទូលាយ យើង​ទាក់​ទាញ​និស្សិត​បរទេសឱ្យមក​រៀន​នៅទី​នេះ ដែល​សកល​វិទ្យា​ទាំងពីរ​គិត​ថាយើង​អាច​ធ្វើ​បាន​ ជាមួយនិង​ការ​ពង្រឹង​នូវ​សមត្ថភាពរបស់​ធនធាន​សាស្ត្រាចារ្យ​របស់​យើង​ ហើយ​និង​ពង្រីក​នូវឯកសារ​ សៀវភៅក្បួន​ច្បាប់​ទាក់​ទង​និង​ភាសាខ្មែរ ឱ្យកាន់​តែសម្បូរបែប​។​ យើង​ក៏នឹង​​សហការផ្នែក​ខាង​ការ​ស្រាវជ្រាវ​រួម​គ្នា យើង​នឹង​ពិភាក្សា​អំពី​គម្រោង​ស្រាវ​ជ្រាវមួយ​ចំនួន ដែល​យើង​គិត​ថា​អាច​នឹង​ស្រាវជ្រាវ​រួម​គ្នា​បាន។​ ចំនុចទី​៥​នៃ​ចំនុច​សហប្រតិបត្តិការ​នេះ គឺទាក់​ទង​នឹង​ការ​ស្រាវជ្រាវ​លើ​ផ្នែក​វិស័យខេមរសិក្សា ផ្តោត​សំខាន់​ល់​ពុទ្ធសាសនា​ និង​ទស្សនវិជ្ជា។ ត្រង់​នេះ​គឺ​ដែល​យើង​គ្រោង​ថា នឹង​អាច​ស្រាវ​ជ្រាវ​រួម​គ្នា​នូវ​គម្រោង​ណាមួយ​ ហើយ​អាច​ចេញ​ជា​សៀវភៅ ជា​ការ​ finding ការ​រកឃើញ​ ហើយ​យើង​បោះពុម្ពផ្សាព្វផ្សាយ»។​

20170406-Khy-Sovann-Rotana-02
ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការស្ដីទីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក ជេ​ត ជាលី បានឱ្យដឹងថា សាកលវិទ្យាល័យ​ទាំងពីរ​បាន​និង​កំពុង​តែ​រៀបចំ​កម្មវិធីសិក្សា ដើម្បី​ធានា​គុណភាព​សិក្សា​៖ «ទីមួយគឺរៀបចំ​សិក្ខាសាលាដើម្បី​ទាំង​អស់គ្នា​ទទួល​យក​បាន​ថា កម្មវិធី​សិក្សា​នេះ​អ្នក​ប្រាជ្ញ​ខាង​ភាសា​ខ្មែរថា​ត្រូវ​ហើយ កម្មវិធី​ហ្នឹង​ពិត​ជា​បណ្ឌិត កម្មវិធី​ពិតជា​ Master កុំ​ឱ្យបណ្ឌិត​តែឈ្មោះ​។ អ៊ីចឹង​កម្មវិធី​សិក្សា​នេះ យើង​មាន​ដាក់​សិក្ខា​សាលាមាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ មាន​សាកលវិទ្យា​ល័យ​ជំនាញ​ទាំង​ពីរ ហើយ​អ្នក​ប្រាជ្ញ​ភាសាខ្មែរ​ប៉ុន្មាន​ហ្នឹង​ យើង​នឹង​អញ្ជើញ​ចូល​មក​ ហើយ​ឱ្យយោបល់​។ នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​មិន​មែន​ចាប់​ផ្តើម​ភា្លម​យើង​ទៅ​អង្គុយ​នៅក្នុង​ថ្នាក់រៀន​ដោយ​អត់​មាន​កម្មវិធីសិក្សា​ទេ​»។

​ពាក់ព័ន្ធ​នឹង​ផែនការ​លម្អិត​នៃ​ការអនុវត្ត​អនុស្សរណៈ​រវាង​សាកលវិទ្យាល័យ​ទាំងពីរ លោក ជេ​ត ជាលី អះអាងថា​នឹង​ត្រូវធ្វើ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង ហើយ​រំពឹង​ថា​នឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នាពេលខាងមុខ​៖ «ឧបមាថា​ភាសាខ្មែរ មាន​ថ្នាក់មួយត្រូវ​រៀន​ខាង​ភាសាបាលី អ៊ីចឹង​ថា​តើ​និស្សិត​ខាង​ណាច្រើន​ជាង បើ​និស្សិត​ខាង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញតិចជាង​ទេ បញ្ជូន​និស្សិត​ហ្នឹង​ទៅ​រៀន​នៅខាង​នោះ(ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ) ចម្ងាយក៏​មិន​ឆ្ងាយពីគ្នាដែរ រៀនទៅ ហើយ​ចាំ​ផ្ទេរ​ Credit ពិន្ទុ​ហ្នឹងមក​។ ប៉ុន្តែ​បើ​និស្សិត​នៅខាង​នេះ(សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)​ច្រើន​ហើយ​​ យើងមិន​អាច​យក​មនុស្ស​រាប់​រយ​នាក់​ឱ្យទៅទេ អាច​និមន្ត​ព្រះសង្ឃមក​វិញ​ក៏ស្រួល​ដែរ។ អ៊ីចឹង​សភាពពិត​ជាក់​ស្តែង​យ៉ាងណា យើង​នឹង​ដឹងនៅពេល​ដែល​មាន​និស្សិត​ចុះឈ្មោះចូល​រៀនកម្រិត​ណា ប៉ុន្តែមក​ដល់​ពេល​នេះ មាន​និស្សិត​បង្ហាញការចាប់​អារម្មណ៍​ច្រើន​មែនទែន ដែល​សុំ​សាលា​បើក​ឱ្យរៀនជ្រៅជ្រះ​ដល់​បណ្ឌិត​ខាង​ភាសាខ្មែរ»។

ព្រះ​ធម្ម​ឃោសា​ចារ្យ​បណ្ឌិត ឃី សុវណ្ណ​រតនា មាន​ថេរ​ដីការ​ឱ្យដឹង​ដែរ​ថា យោង​តាម​ស្មារតី​នៃ​អនុស្សរណៈ​នេះ អាច​នឹង​មាន​ការចេញ​សញ្ញាបត្រ​រួមគ្នា​ពី​សាកលវិទ្យាល័យ​ទាំង​ពីរ​សម្រាប់​មុខជំនាញ​ដែល​សាកលវិទ្យាល័យ​សហការ​គ្នា​ក្នុង​ការបណ្ដុះបណ្ដាល​៖ «ឧទាហរណ៍ថា​យើង​បណ្តុះបណ្តាលភាសាខ្មែរថ្នាក់​អនុបណ្ឌិត ដែល​រៀន​រួម​គ្នា ក៏យើង​អាច​នឹង​ចេញ​សញ្ញាប័ត្រ​មួយរួម​គ្នា​ដោយ​សាកលវិទ្យាល័យពីរ​នេះ ចេញ​លើ​សញ្ញាប័ត្រ​តែមួយ ឬក៏​ថ្នាក់​បណ្ឌិត​យើង​អាច​ឈាម​ទៅ​ដល់​ថ្នាក់បណ្តុះ​បណ្តាល​បណ្ឌិត​ខាង​ភាសា​ខ្មែរ​នេះ និង​មួយទៀត​ខេមរសិក្សា។​ ភាសាខ្មែរមួយ និងខេមរសិក្សាជា​ឯកទេស​ពីរ​ដាក់​ដោយ​លែក​ពីគ្នា​។​ ខេមរសិក្សា​នេះរួម​បញ្ចូល​ទិដ្ឋភាព និង​វិស័យច្រើន​នៅក្នុង​ហ្នឹងទៀត​។​ អ៊ីចឹងប៉ុន្តែ​យើង​នឹង​ផ្តើម​ដោយ​ភាសាខ្មែរ​សិន បើ​យើង​មាន​លទ្ធភាពហើយ យើង​នឹង​អាច​ឈាមទៅបើក​ខេមរសិក្សា​គឺ​រៀន​តាំងពីអ្វីជាខ្មែរ គំនិត​របស់​ខ្មែរ វប្បធម៌ប្រពីនៃ​ ទស្សនវិជ្ជារបស់​ខ្មែរ​ ចរិយា​មាយាទ​របស់​ខ្មែរ​ ទំនៀម​ទម្លាប់​របស់​ខ្មែរ ហ្នឹងហើយ​គឺ​ចូល​ទៅ​ក្នុង​ខេមរសិក្សា»។

​លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​ ដែល​បាន​ចូលរួម​ធ្វើ​ជា​សាក្សី​នៃ​ការចុះហត្ថលេខា​នេះ​ថ្លែង​ថា ព្រះពុទ្ធ​សាសនា​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​សង្គម​កម្ពុជា​។ លោកស្រី​ជំរុញ​ឱ្យ​សាកលវិទ្យាល័យ​ទាំងពីរ​អនុវត្ត​អនុស្សរណៈ​នេះ​ឱ្យបាន​ល្អ ដើម្បី​លើកកម្ពស់​វិស័យ​អក្សរសាស្ត្រ​ជាតិ​៕

ចែករំលែកតាម៖