វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦​នឹង​ធ្វើឡើង​នៅ​ដើម​ខែ​វិច្ចិកា​ឆ្នាំ​២០១៧

វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦​នឹង​ធ្វើឡើង​នៅ​ដើម​ខែ​វិច្ចិកា​ឆ្នាំ​២០១៧

ពិធីតាំងបង្ហាញផលិតផល​កសិកម្ម​​កាលពីពេលកន្លងមក

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហព័ន្ធ​ចុងភៅ​កម្ពុជា និង​ក្រុមហ៊ុន AMB នឹង​រួមគ្នា​រៀបចំ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦ ព្រម​ទាំង​ព្រឹត្តិការណ៍​ពិព័រណ៍​កសិកម្ម​ដ៏​ធំ​ចំនួន​បី​ផ្សេង​ទៀត​ប្រចាំឆ្នាំ​២០១៧​នេះ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បាន​ប្រកាស​ឱ្យដឹង​កាលពី​ពេល​ថ្មី​នេះ​។​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​ដឹង​ទៀត​ថា វេទិកា​ស្រូវ​អង្ករ​កម្ពុជា នឹង​មាន​ការរួម​បញ្ចូល​គ្នា​នៅ​ព្រឹត្តិការណ៍​ចំនួន​បួន​ក្នុងពេល​តែមួយ​រួមមាន​៖ វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦ ពិព័រណ៍​ក​សិ​ចំណីអាហារ ពិព័រណ៍​ក​សិ បសុសត្វ និង​ការប្រកួត​មុខ​ម្ហូប​។ កម្មវិធី​នេះ​នឹង​ក្លាយជា​ព្រឹតិ្តការណ៍​ធំ​ដំបូង​គេ​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​នេះ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ព្រឹត្តិការណ៍​ទាំងនេះ​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ ព្រមទាំង​មាន​ការជួយ​គាំទ្រ​ពី​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​និង​វិស័យ​ឯកជន​ដទៃទៀត ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅ​កម្ពុជា​ផងដែរ​។​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​ជា​ស្ថាប័ន​តំណាង​ឱ្យ​វិស័យ​ឯកជន​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា បាន​នាំ​យក​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦ ដើម្បី​ចូលរួម​កម្មវិធី​ពិព័រណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៧​នេះ ដើម្បី​លើក​យក​នូវ​សមិទ្ធផល​នានា​ដែល​សហព័ន្ធ​សម្រេចបាន​ក្នុង​ពេល​កន្លងមក និង​កំពុង​បន្ត​អនុវត្ត​យ៉ាង​សកម្ម​ទាំង​កម្រិត​ជាតិ​និង​ថ្នាក់​តំបន់​។​

​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បញ្ជាក់ដែរថា វេទិកា​ស្រូវ​អង្ករ​កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការប្រមូលផ្តុំ​អ្នកពាក់ព័ន្ធ​សំខាន់ៗ ក្នុងនោះ​មាន​អ្នក​ធ្វើ​គោលនយោបាយ អ្នក​នាំ​ចេញ អ្នក​កែ​ច្នៃ អ្នក​ផលិត និង​អង្គការ​នានា​ដែល​អនុវត្ត​គម្រោង​ពាក់ព័ន្ធ​ការដាំដុះ​ស្រូវ​នៅ​កម្ពុជា​។ តាម​ការរំពឹង​ទុក​បុគ្គល​សំខាន់ៗ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ចំនួន​៤០០​នាក់ ក៏​នឹង​ត្រូវ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នោះ​។

​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សុខ ពុទ្ធិ​វុ​ធ មានប្រសាសន៍ថា វេទិកា​ស្រូវ​អង្ករ​កម្ពុជា ជា​វេទិកា​សំខាន់​មួយ​សម្រាប់​សមាជិក​ទាំង​អស់ ដើម្បី​ចែករំលែក​បទពិសោធន៍​និង​បច្ចុប្បន្នភាព​ទីផ្សារ​។ បន្ថែម​ពី​នេះ លោក​ថា វេទិកា​ស្រូវ​អង្ករ​កម្ពុជា​នឹង​ផ្សារភ្ជាប់​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាមរយៈ​អ្នកជំនាញ​និង​ក្រុមហ៊ុន​ធំៗ​ចូលរួម​ចែករំលែក​បទពិសោធន៍​អនុវត្ត​ន៍​បាន​ជោគជ័យ​ក្នុង​ពេល​កន្លង​ទៅ​៖ «​យើង​មាន​អ្នកជំនាញ​ពូកែៗ​នៅក្នុង​ពិភពលោក គាត់​មក​ជួយ​ឱ្យ​គំនិត និង​ជួយ​ធ្វើ​បទ​បង្ហាញ​ទៅ​លើ​អ្វី​ដែល​យើង​យល់​ថា​នឹង​អាច​ដើរ​នៅក្នុង​ស្រុក​ខ្មែរ​បាន​។ ទន្ទឹម​នឹង​នេះ​គឺ​នៅក្នុង​កម្មវិធី​នេះ​នឹង​មាន​ផ្សាភ្ជាប់​ជាមួយ​ស្ថាប័ន​ក្រុមហ៊ុន​ដែល​គាត់​មាន​ផលិតផល មាន​ស្អី​ផ្សេងៗ​ដែល​អាច​ចូលរួម​ក្នុង​ការជំរុញ​គំនិត ដែល​យើង​កំពុង​តែ​ចង់​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​យើង​នេះ ជួយ​ធ្វើឱ្យ​វា​កើន​ឡើង​បាន​ឆាប់រហ័ស​»​។​

​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​បន្ថែមទៀត​នោះ វេទិការ​ស្រូវ​អង្ករ​កម្ពុជា​នេះ​នឹង​បង្ហាញ​ជូន​អ្នកចូលរួម​ទាំងអស់​នូ​វ​មុខម្ហូប​ខ្មែរ​ច្រើន​មុខ របៀប​ចម្អិនម្ហូប ការប្រកួត​ម្ហូបអាហារ​ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​ចុងភៅ​កម្ពុជា​។​

​លោក លូ ម៉េង សហប្រធាន​ក្រុម​ការងារ​រដ្ឋាភិបាល​និង​ផ្នែក​ឯកជនស្តីពី​ទេសចរណ៍ បាន​និយាយថា ទាំង​សហព័ន្ធ​ចុងភៅ​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា និង​សមាគម​សណ្ឋាគារ​កម្ពុជា សុទ្ធតែ​បាន​ត្រៀម​ខ្លួន​ចូលរួម​ព្រឹត្តិការណ៍​សំខាន់​ប្រចាំ​ឆ្នាំ​នេះ និង​ធ្វើឱ្យ​ព័ត៌មាន​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​និង​គួរឱ្យ​ចាប់អារម្មណ៍ ពិសេស​ឈានទៅ​ជួយ​ជម្រុញ​វិស័យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់តែ​រីកចំរើន​។

​ជា​តំណាង​កសិករ​មកពី​ខេត្ត​កំពង់ស្ពឺ លោក សឹម រុំ សាទរ​ចំពោះ​វេទិការ​នេះ​។ លោក​យល់ឃើញថា បច្ចុប្បន្ន​ការ​យក​ចិត្ត​ទុកដាក់​បណ្ដុះបណ្ដាល​កសិករ ពិសេស​យុវជន​ឱ្យ​យល់ដឹង​ពី​ការដាំដុះ​ស្រូវ​ឱ្យមាន​គុណភាព នៅ​មាន​កម្រិត​នៅឡើយ​។ ករណីនេះ លោក​គាំទ្រ​ឱ្យមាន​ការរៀបចំ​ព្រឹត្តិការ​ដែល​ទាក់ទង​នឹង​វិស័យ​ស្រូវ​អង្ករ​ឱ្យ​កាន់តែ​ច្រើន ដើម្បី​ឈាន​ទៅ​សម្រេច​ទិសដៅ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តជាតិ​កាន់​មាន​សក្តានុពល​ថែម​ទៀត​៖ «​ខ្ញុំ​សប្បាយចិត្ត​នឹង​ទទួល​យក​រឿង​វេទិកា​ស្រូវ​អង្ករ ខ្ញុំ​សប្បាយចិត្ត​ណាស់ ឱ្យតែ​មាន​គម្រោង​អង្គការ​ក៏ដោយ រដ្ឋាភិបាល​ក៏​ដោយ​ព្រោះនេះ​ជា​ផលប្រយោជន៍​ដល់​កសិករ​ដើម្បី​បញ្ជាក់​ពី​ស្តង់ដា​ដែល​គាត់​ផលិត​យ៉ាង​ម៉េច​ឱ្យ​ត្រូវ​ទីផ្សារ​ចេញទៅ​ក្រៅ​»​។​

​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ឆ្នាំ​២០១៦ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែ​មួយ​សម្រាប់​បំពេញ​​បែបបទ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ពេញ​មួយឆ្នាំ​២០១៦ បាន​ប្រមាណ​៦៥​ប្រទេស​។​

​របាយ​ការណ៏​ដដែល​បាន​បញ្ជាក់​ថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៦ បាន​ជាង​៥៤​ម៉ឺន​តោន គឺ​កើនឡើង​០,៧០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥(៥៣៨.៣៩៦​តោន​)​។​

​កន្លងទៅ រដ្ឋាភិបាល​ធ្លាប់​ដាក់​គោលដៅ​ក្នុង​ការនាំចេញ​អង្ករ​ឱ្យបាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​គោលនយោបាយ​នេះ រដ្ឋាភិបាល​បាន​បរាជ័យ​។ ជាក់ស្ដែង កម្ពុជា​នាំ​អង្ករ​ចេញ​បាន​សម្រេច​តែ​៥៣​ម៉ឺន​តោន​ប៉ុណ្ណោះ​។​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រំពឹងថា  ព្រឹត្តិការណ៍​ជាតិ​នេះ​គឺជា​យុទ្ធសាស្ត្រ​ឈាន​ទៅ​ពង្រឹងគុណភាព​អង្ករ ព័ត៌មាន​ពី​ពូជ ផលិតកម្ម​ស្រូវ ផលិតកម្ម​តាម​កិច្ចសន្យា ព័ត៌មាន​ទីផ្សារ តម្រូវការ​ទីផ្សារ និង​បច្ចុប្បន្នភាព​គោលនយោបាយ​ស្រូវ​អង្ករ នឹង​ត្រូវ​លើក​បង្ហាញ​នា​វេទិការ​នោះ​។​

លើសពីនេះ  សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អះអាងថា វេទិកា​ស្រូវ​អង្ករ​កម្ពុជា​នេះ​នឹង​ជំរុញ​ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា​កាន់​ទូលាយ និង​ឈាន​ទៅ​សម្រេច​ទិសដៅ​នាំចេញ​អង្ករ​ឱ្យបាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​៕

ចែករំលែកតាម៖