​កម្ពុជា​បង្កើន​កូតា​នាំចេញ​អង្ករ​ទៅ​ចិន​៣០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨

​កម្ពុជា​បង្កើន​កូតា​នាំចេញ​អង្ករ​ទៅ​ចិន​៣០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​ដឹងថា ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុងស្រុក​នឹង​ទទួលបាន​សិទ្ធិ​បន្ថែមទៀត​ក្នុង​ការអនុវត្ត​កូតា​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន ក្នុង​ជំហាន​ដំបូង​ដែល​នឹង​ចាប់ផ្ដើម​នៅ​ខែ​មករា ឆ្នាំ​២០១៨ ខាងមុខនេះ ក្រោម​កំណើន​កូតា​នាំចេញ​អង្ករ​ដល់​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រំពឹងថា ការបង្កើន​ចំនួន​នាំចេញ​ដល់​៣០​ម៉ឺន​តោន​ទៅកាន់​ប្រទេស​ចិន នឹង​ជួយ​ស្រោចស្រង់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​ល្អ​ប្រសើរ​ឡើង​។​

​ការលើកឡើង​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្វើឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក្រោយ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន រយៈពេល​៣​ថ្ងៃ កាលពីដើម ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ជួប​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន COFCO ។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​​ផ្តោត​លើ​របៀបវារៈ​ចំនួន​៣​សំខាន់​រួមមាន​៖ ការកែសម្រួល​និង​បញ្ចូល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​នាំចេញ​សម្រាប់​ការអនុវត្ត​កូតា​ឆ្នាំ​២០១៧ ការពិភាក្សា​ពី​ផែនការ​និង​បែបផែន​ផ្សេងៗ [Models] សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ និង​កិច្ចសហការ​ស្តីពី​ការប្រើប្រាស់​ម៉ាក​សញ្ញា​អង្ករ​កម្ពុជា ដែល​ពេល​ខ្លះ​អ្នកប្រើប្រាស់​យល់ច្រឡំ​ដោយសារ​ផលិតផល​ប្រទេស​ផ្សេងៗ​បាន​ក្លែងបន្លំ​។​

​នៅក្នុង​សេចក្តីប្រកាស​ដដែល​បានឱ្យដឹងថា តំណាង​ក្រុមហ៊ុន​ចិន​ឈ្មោះ កូហ្វ​កូ (COFCO ) បាន​បញ្ចាក់​ថា រហូត​មក​ដល់​ពេលនេះ ការនាំ​ចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន កាន់តែ​មាន​ភាពរលូន ល្អ​តាម​ផែនការ​នាំចេញ និង​សម្រេច​បាន​ជាង​១០​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៧​នេះ​។ តំណាង​ក្រុមហ៊ុន​ចិន​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​សន្ទុះ​នេះ ភាគី​ទាំងពីរ​នឹង​បន្ត​បង្កើន​កូតា​ដល់​៣០​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៨​។​

​ទន្ទឹមគ្នានេះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធី​វុ​ធ រំពឹងថា ការបង្កើន​កូតា​នាំចេញ​អង្ករ​ចំនួន​៣០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨​នេះ ពិតជា​មាន​សារៈសំខាន់ ដើម្បី​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដែល​ទើប​សម្រេច​ផ្តល់​កូតា​បន្ថែម​រហូត​ទ្វេដង​។ លោក​បន្តថា កន្លងមក ថ្វីដ្បិតតែ​ក្រុមហ៊ុននាំចេញ​របស់​កម្ពុ​ជា​មាន​ច្រើន តែ​មាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ពិតប្រាកដ​។​

​ទោះជា​យ៉ាងណា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​ចំនួន​ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុងស្រុក ចំនួន​ប៉ុន្មាន ដែល​នឹង​មាន​សិទ្ធិ​ទទួលបាន​កូតា​ចំនួន​៣០​ម៉ឺន​តោន​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឡើយ​ទេ​។​

​ក៏ប៉ុន្តែ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អះអាងថា សម្រាប់​ក្រុមហ៊ុន​ដែល​មិនទាន់​បាន​ជ្រើសរើស​សម្រាប់​ការនាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​ចង់​រក​ច្រក​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​នោះ ក្រុមហ៊ុន​ទាំងនោះ​អាច​ចូល​តាម​ច្រក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ ដែល​ជា​តួអង្គ​ដ៏​សំខាន់​មួយ​សម្រាប់​សម្របសម្រួល​ក្នុង​ការនាំចេញ​។​

​កាលពី​ឆ្នាំ​២០១៧ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​និង​ក្រុមហ៊ុន​ចិន​ឈ្មោះ កូហ្វ​កូ (COFCO) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដោយ​សហការ​គ្នា​ធ្វើយ៉ាងណា​ជំរុញ​ចំនួន​កូតា​នាំចេញ​អង្ករ​ចំនួន​២០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៧ ឱ្យ​សម្រេចបាន​ជោគជ័យ​៕

ចែករំលែកតាម៖