​ក្រសួង​ពាក់ព័ន្ធ​ជំរុញ​កសិករ​បង្កើន​ការដាំ​បន្លែ​ផ្លែឈើ​សរីរាង្គ​

​ក្រសួង​ពាក់ព័ន្ធ​ជំរុញ​កសិករ​បង្កើន​ការដាំ​បន្លែ​ផ្លែឈើ​សរីរាង្គ​

ពិធីអបអរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ដែលទទួលបានវិញ្ញាបនបត្រចម្ការបន្លែផ្លែឈើសរីរាង្គស្តង់ដាអឺរ៉ុប ដំបូងគេនៅក្នុងប្រទេសកម្ពុជា កាលពីពេលកន្លងទៅ

​អ្នកជំនាញ​មកពី​ក្រសួង​កសិកម្ម និង​ក្រសួង​មហាផ្ទៃ លើកឡើងថា ការបង្កើន​ការប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​និង​បន្លែ​ផ្លែឈើ​ពី​ក្រៅប្រទេស គឺជា​បញ្ហា​ចម្បង​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ ព្រោះ​វា​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​។

ការលើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​កម្មវិធី​អបអរ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ ដែល​ទទួលបាន​វិញ្ញាបនបត្រ​ចម្ការ​បន្លែ​ផ្លែឈើ​សរីរាង្គ​ស្តង់ដា​អឺរ៉ុប ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឡើង​កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០១៧​។​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន ថ្លែង​នាឱកាស​នោះ​ថា ការទទួល​បាន​វិញ្ញាបនបត្រ​ចម្ការ​បន្លែ​ផ្លែឈើ​សរីរាង្គ​ស្តង់ដា​អឺរ៉ុប​ដំបូង​គេ​នេះ គឺជា​មោទកភាព​ចំពោះ​ប្រទេស​កម្ពុជា​ក្នុង​ការរួមចំណែក​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ​។​

​ក្រៅពី​បង្ហាញ​ការ​សាទរ​ចំពោះ​វិញ្ញាបនបត្រ​ដែល​ប្រគល់ជូន​ក្រុមហ៊ុន​ក្នុងស្រុក​នេះ ក្រសួង​បាន​ជំរុញ​កសិករ​ដាំ​ដុះ​បន្លែ​ផ្លែឈើ​គ្រប់មុខ​ដោយ​មាន​ការ​ចងក្រង​សហគមន៍ ព្រមទាំង​ចាប់ផ្តើម​អនុវត្ត​ការដាំដុះ បែប​សរីរាង្គ ឬ​ប្រើ​ជី​ធម្មជាតិ ដើម្បី​បំពេញ​តម្រូវការ​បន្លែ​និង​ផ្លែឈើ​ដែល​មាន​សុវត្ថិភាព​។​

លោក​យល់ថា នៅពេល​កសិករ​ខ្មែរ​ផលិត​បន្លែ​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់គ្រាន់ នោះ​បន្លែ​នាំចូល​ពី​ក្រៅ​ក៏​មិន​អាច​នាំ​ចូល​បាន​ទៀត​ទេ​៖ «​បន្លែ​និង​ផ្លែឈើ​ជា Organic (សរីរាង្គ) គឺ​សំខាន់​ជាង​អ្វី​ទាំងអស់​។ ហេតុអ្វី​បាន​សំខាន់​ជាង​អ្វី​ផ្សេង​នោះ អ្វី​ដែល​ខ្ញុំ​ឃើញ​នៅ​ខេត្ត​ព្រះវិហារ គឺ​មាន​សហគមន៍​ច្រើន​ដែល​បាន​ទទួលស្គាល់​ជា Organic ប៉ុន្តែ​វា​មិនមែន​ទៅលើ​បន្លែ​ផ្លែឈើ​ទេ វា​ទៅ​លើ​ស្រូវ​អង្ករ តាមពិត​ទៅ​អ្វីដែល​សំខាន់​គឺ​បន្លែ ផ្លែ​ឈើ​នេះ​ឯង​។ ហេតុអ្វី​បាន​គេ​ធ្វើ Organic នេះ គឺ​គេ​បារម្ភ​ពី​សុខភាព គេ​ថា​វា​មិន​សារធាតុ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​នៅ​ក្នុង​ផលិតផល​បន្ទាប់​ពី​ប្រមូល​ផល​នេះ ហើយ​បន្លែ ផ្លែឈើ វា​ស្រូវ​សំខាន់​ជាង​ស្រូវ អង្ករ ពោត សណ្តែក​ទាំងអស់ ដោយ​ហេតុផល​ថា​បន្លែ ផ្លែឈើ យើង​ហូប​អត់​ចម្អិន​ទេ បេះ​មក​ហូប​តែ​ម្តង ដល់​អង្ករ ពោត សណ្តែក ស្អី​ផ្សេងទៀត បើ​និយាយ​ពី​ស្រូវ​ត្រូវ​យក​ទៅ​កិន យក​ទៅ​លាង​ទឹក យក​ទៅ​ដាំ​ឱ្យ​ពុះ ជាតិពុល​ល្មមៗ​ទៅ​បាត់​ហើយ​។ អ្វី​ដែល​ជា​មោទកភាព​ផង​ដែរ គឺ​ក្រសួង​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ គឺ​ចូលរួម​អបអរសាទរ​នូវ​ក្រុមហ៊ុន Organic ខ្មែរ​ដែល​បាន​ទទួលស្គាល់ថា​ពិតជា​អាច​អនុវត្ត​តាម​ស្តង់ដា Organic របស់​សហគមន៍​អឺរ៉ុប​»​។​

ការ​តាំង​បង្ហាញបន្លែ​ផ្លែឈើ​សរីរាង្គ​ ក្នុង​ពិធី​ប្រគល់វិញ្ញាបនបត្រ​ដល់​ក្រុមហ៊ុនសហករណ៍​សរីរាង្គ​ខ្មែរ
ការ​តាំង​បង្ហាញបន្លែ​ផ្លែឈើ​សរីរាង្គ​ ក្នុង​ពិធី​ប្រគល់វិញ្ញាបនបត្រ​ដល់​ក្រុមហ៊ុនសហករណ៍​សរីរាង្គ​ខ្មែរ

ឆ្លើយតប​នឹង​ការលើកឡើង​របស់​អ្នកជំនាញ​កសិកម្ម​នេះដែរ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ លោក មៀច សុផាន់​ណា មានប្រសាសន៍ថា រដ្ឋាភិបាល​ចាត់ទុក​វិស័យ​កសិកម្ម គឺជា​ចំណែក​ដ៏​សំខាន់​មួយ​ជំរុញ​ឱ្យមាន​សន្តិសុខ​ស្បៀង​។ លោក​បង្ហាញ​ការគាំទ្រ ចំពោះ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ ដែល​ខិតខំ​ប្រឹងប្រែង​អនុវត្ត​កសិកម្មសរីរាង្គ រហូត​ទទួលបាន​វិញ្ញាន​បន​ត្រ​ស្តង់ដា​សហភាព​អឺរ៉ុប និង​ជា​គំរូ​មួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​រូបនេះ យល់ថា ការដាំដុះ​បន្លែ​ដោយ​ប្រើ​ជី​និង​ថ្នាំពុល​ធម្មជាតិ​សរីរាង្គ មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ធ្វើឱ្យ​គ្រួសារ​កសិករ​មាន​ជីវភាព​ធូរធារ និង​មិន​ភ័យ​ចំពោះ​ទីផ្សា​រលក់​ផលិតផល​កសិកម្ម​របស់ខ្លួន​៖ «​តាមរយៈ​ការចូលរួមការសិក្សា​ស្រាវជ្រាវ​នានា គឺ​បញ្ជាក់ថា ចំណី​អា​ហារ​​គឺជា​ឱសថ ហើយ​ឱសថ​ក៏​ជា​ចំណីអាហា​រដែរ​។ ប្រសិនបើ​យើង​ជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ បរិសុទ្ធ មិន​មាន​ជាតិគីមី ដូចជា​ប្រភេទ​ដំណាំ និង​បន្លែ​សរីរាង្គ​ដែល​មិន​មាន​ជាតិគីមី​នេះ នឹង​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ ហើយ​ពេល​​ខ្លះ​បន្លែ​ផ្លែឈើ​ប្រភេទ​នេះ និង​អាច​ទៅ​ជា​ឱសថ ឬក៏​ជា​ថ្នាំកែរោគ​ផ្សះ ជំងឺ​មួយ​ចំនួន​បាន​ទៀត​ផង​»​។​

​ស្ថាបនិក​ក្រុមហ៊ុន​ស​ហករ​សរីរាង្គ​ខ្មែរ លោក អៀង សុធា​រ៉ា មានប្រសាសន៍ថា ទោះបីជា​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្ដើម​ព្រួយបារម្ភ​ពី​បញ្ហា​បន្លែ ឬ​ផលិតផល​គីមី​ច្រើនជាង​មុន​ក្តី ប៉ុន្តែ​មាន​ពលរដ្ឋ​តិចតួច​ណាស់​ដែល​ចាប់ផ្ដើម​ដាំ​ដុះ​បន្លែ​ផ្លែឈើ​សរីរាង្គ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ខ្លួន​។ លោក​រំពឹង​ថា ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន​លោក​រហូត​ទទួលបាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដា​សហភាព​អឺរ៉ុប​នេះ  មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​កសិករ ព្រមទាំង​រួមចំណែក​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា  វា​គឺជា​គំរូ​មួយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​គិតគូរ​ពី​ការអនុវត្ត​កសិកម្ម​សរីរាង្គ​៖

«​ការទទួល​បាន​វិញ្ញាបនបត្រ ជា​មោទកភាព​នៃ​យើង​ទាំងអស់គ្នា និង​ជា​មោទកភាព​នៃ​ប្រជាជន​កម្ពុជា​ទាំងមូល​ផង​ដែរ ហើយក៏​ជា​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព​។ ទី​៣ ការ​ទទួល​​បាន​វិញ្ញាបនបត្រ​ថ្ងៃនេះ​គឺ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ដ៏​ល្អ និង​ត្រឹមត្រូវ​មួយ​ក្នុង​វិស័យ​កសិកម្ម ប៉ុន្តែ​ចាប់ពី​ពេលនេះ​តទៅ យើង​ត្រូវតែ​ខិតខំ​ទាំងអស់គ្នា​ឱ្យ​អស់​កម្លាំងកាយ កម្លាំងចិត្ត​បន្ថែមទៀត​ដើម្បី​ចូលរួម​ចំណែក មិន​ត្រឹមតែ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​ចំណែក​អភិរក្ស​ អភិវឌ្ឍ​វិស័យ​ដទៃទៀត ដូចជា​វិស័យ​សេដ្ឋកិច្ច វិស័យ​សុខា​ភិបាល សង្គម​កិច្ច បរិស្ថាន និង​អប់រំ​ផងដែរ​។ ការអនុវត្ត​ផលិតកម្ម​តាម​បែប​សរីរាង្គ​គឺ​មានន័យថា ការអប់រំ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ផ្នែក​សុខភាព និង​ការអប់រំ​ផ្នែក​បរិស្ថាន​ផងដែរ​»​។​

​បច្ចុប្បន្ន​កម្ពុជា​មាន​ស​ហគ​មន៍​កសិកម្ម​ជាង​៨០០​សហគមន៍ ដែល​គាំទ្រ​ដោយ​ក្រសួង​កសិកម្ម និង​អង្គការក្រៅរដ្ឋាភិបាល​។ នេះ​បើ​យោង​តាម​លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​។ លោក​ថា ភាគ​ច្រើន​នៃ​សហគមន៍​កសិកម្ម​ទាំងនោះ មិន​ទាន់​អនុវត្ត​កសិកម្មសរីរាង្គ​មាន​ប្រសិទ្ធភាព​និង​នៅ​មាន​ចំនួន​តិច​តូច​នៅឡើយ​ទេ​។​

​លោក​ជំរុញ​ឱ្យ​សហគមន៍​ទាំងនោះ គួរ​ងាក​មក​ពង្រឹង​និង​យកចិត្តទុកដាក់​បន្ថែម​លើ​កសិកម្មសរីរាង្គ ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក និង​ឈាន​ដល់​ការនាំ​ចេញ​ទៅ​ក្រៅប្រទេស​។​

​ទាំង​មន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​វិធានការ ឬ​គោល​នយោបាយ​លើក​ស្ទួយ​វិស័យ​កសិកម្មសរីរាង្គ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទូលំទូលាយ ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ​ក្នុង​ការពង្រឹង​លទ្ធភាព​ផលិត​បន្លែ​ផ្លែឈើ​សរីរាង្គ​៕

ចែករំលែកតាម៖