ស្ថាប័នពាក់ព័ន្ធណែនាំឱ្យពលរដ្ឋប្រយ័ត្នចំពោះជំងឺឆ្កែឆ្កួត

ស្ថាប័នពាក់ព័ន្ធណែនាំឱ្យពលរដ្ឋប្រយ័ត្នចំពោះជំងឺឆ្កែឆ្កួត

សន្និសីទកាសែត ស្តីពីស្វែងយល់អំពីជំងឺឆ្កែឆ្កួត ដែលរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា កាលពី​ពេលកន្លងមក

ស្ថាប័ន​ពាក់ព័ន្ធ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ឆ្កែ​ឆ្កួត ខណៈពេល​ដែល​ជំងឺ​នេះ​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៨០០នាក់​ក្នុង​មួយឆ្នាំៗ។

ការអំពាវនាវ​នេះធ្វើ​ឡើងនៅក្នុងសន្និសីទសារព័ត៌មាន​ស្តីពីការ​ស្វែងយល់អំពីជំងឺឆ្កែឆ្កួត ដែលរៀបចំឡើងដោយវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា សហការជាមួយក្រសួងកសិកម្ម និងអង្គការស៊ីប៉ា ​ស្រប​ពេល​ដែលពិភពលោកប្រារព្ធ​​ទិវា​ជំងឺ​ឆ្កែឆ្កួត ​ថ្ងៃ​ទី​២៨ កញ្ញា។

លោក​វេជ្ជបណ្ឌិត លី សុវត្ថិ នាយករង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និងជាអ្នកទទួលខុសត្រូវផ្នែកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតមានប្រសាសន៍នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ថា ជំងឺ​ឆ្កែ​ឆ្កួត​នៅ​តែ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ពលរដ្ឋ​កម្ពុជា ហើយ​ភាគ​ច្រើន​បណ្ដាល​ឱ្យ​ស្លាប់។

ដោយសារ​ជំងឺ​នេះ​​ពុំ​មាន​ថ្នាំ​ព្យាបាល​ទេ​នៅ​ពេល​ជំងឺ​នេះ​ចេញ​រោគ​សញ្ញា លោក​វេជ្ជបណ្ឌិត លី សុវត្ថិ ​ណែនាំឱ្យ​ប្រជា​ពលរដ្ឋ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ ដោយ​អាច​ចាក់​បាន​ទាំង​មុននិង​ក្រោយ​ត្រូវ​សត្វ​ខាំ។ លើស​ពី​នេះ ការ​​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​ទៅ​លើ​សត្វ​ឆ្កែ ក៏​ជា​វិធានការ​មាន​ប្រសិទ្ធភាព​មួយផងដែរ​។

លោកបញ្ជាក់ថា៖ «​យើង​និយាយ​ពី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ក្រោយ​សត្វ​ខាំ កាលណា​សត្វ​ខាំ​ហើយ​មាន​របួស យើង​ចាត់ទុក​ថា​មាន​មេរោគ​ចូល​ក្នុង​ខ្លួន​យើង​ហើយ​។ អ៊ីចឹង​ពេលវេលា​ដែល​ខ្ញុំ​អាច​ប្រាប់​បាន​គឺ​ត្រូវតែ​មក​ចាក់​ថ្នាំ​បង្ការឱ្យបាន​កាន់តែ​ឆាប់ កាន់តែ​ល្អ មិនមែន​ក្នុងន័យ​ថា ១​ម៉ោង​ក្រោយ ២​ម៉ោង​ក្រោយ​ទេ ក្នុង​ន័យ​ថា​ស្អែក ខាន​ស្អែក ឬ​ថ្ងៃ​បន្ទាប់​ទៀត ប៉ុន្តែ​កុំ​បណ្តោយ​រង់ចាំ​ថា​រាប់​អាទិត្យ អ៊ីចឹង​អត់​ល្អ​ទេ យើង​ត្រូវតែ​ចាក់​ថ្នាំ​បង្ការ​ឱ្យ​លឿន​ដើម្បី​ខ្លួន​យើង​បង្ការ​ប្រព័ន្ធ​ការពារ​ទប់​មេរោគ ដែល​កំពុងតែ​ធ្វើ​ដំណើរ​ទៅកាន់​ខួរក្បាល​យើង​។ អ៊ីចឹង​យើង​រត់ប្រណាំង​ជាមួយ​ការធ្វើដំណើរ​របស់​មេរោគ​។ ប្រសិន​ជា​យើង​យឺត វា​ទៅ​មុន​ជាង​យើង បើសិនជា​យើង​ទៅមុន​វា យើង​ទប់​វា​បាន​»​។​

សៀវភៅណែនាំ​ពី​ជំងឺ​ និង​វិធី​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​
សៀវភៅណែនាំ​ពី​ជំងឺ​ និង​វិធី​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​

ការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រកឃើញថា ពលរដ្ឋ​កម្ពុជា​​ប្រមាណ​ជា​៨០០រយនាក់​ ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្កែឆ្កួតក្នុង១ឆ្នាំៗ ដោយជនរងគ្រោះ៥០ភាគរយ​មានអាយុក្រោម១៥ឆ្នាំ។ ការស្រាវជ្រាវដដែលបាន​ឲ្យ​ដឹង​ថា ឆ្កែ​គឺជា​ភ្នាក់​ងារ​ផ្ទុក​មេរោគ​ចម្បង ដែល​អាច​ចម្លង​មេរោគ​បាន​៩៥ភាគរយ។

លោក​វេជ្ជបណ្ឌិត លី សុវត្ថិ បានឱ្យដឹងដែរថា បច្ចុប្បន្ន មានប្រជាពលរដ្ឋកម្ពុជា​ត្រឹមតែ៤ម៉ឺននាក់​ប៉ុណ្ណោះ​ដែល​បានចាក់​វ៉ាក់សាំង​ក្នុងមួយឆ្នាំៗ ខណៈដែល​តាម​ការប៉ាន់ស្មាន​​មានប្រជាជនកម្ពុជា​រហូតជាង៦សែននាក់​ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំ។ ហេតុនេះ លោកថា វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជានិងអង្គការស៊ីប៉ា ​ដោយមាន​ការ​ឧបត្ថម្ភ​គាំទ្រពី​ដៃគូផ្សេងៗ បានផ្តួចផ្តើម​គំនិត​បង្កើត​ផែនការ​សកម្មភាព​រយៈពេល៥ឆ្នាំ​​ចាប់ពី​ឆ្នាំ​២០១៧​នេះ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួតនៅប្រទេស​កម្ពុជា។

លោកថា៖ «​ហេតុ​អី​មាន​ករណី​ឆ្កែ​ខាំ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​? យើង​បាន​ធ្វើ​អង្កេត​ខ្លះៗ​តាម​សហគមន៍ យើង​ឃើញថា​ចំនួន​ឆ្កែ​ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង គណនា​ទៅ​ប្រហែល​ជា​បួន​ទៅ​ប្រាំ​លាន​ក្បាល​។ អ៊ីចឹង​ចំនួន​ឆ្កែ​ច្រើន ហើយ​ឆ្កែ​ហ្នឹង​សុទ្ធតែ​ឆ្កែ​អាច​ចល័ត​ចុះឡើង ដែល​គេ​អត់​ចិញ្ចឹម​ចង​ដាក់​នៅ​ផ្ទះ​មួយ​កន្លែង​ទេ​។ អ៊ីចឹង​ឆ្កែ​អស់​ហ្នឹង អាច​ខាំ​មនុស្ស​បាន​ច្រើន ហើយ​ឆ្កែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង សឹងតែ​១០០​ភាគរយ​គឺ​អត់​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ទេ​។ អ៊ីចឹង​យើង​ឃើញថា​មាន​វត្តមាន​ជំងឺ​ឆ្កែឆ្កួត​រាយប៉ាយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង មាន​ករណី​ឆ្កែ​ខាំ​ច្រើន មាន​ចំនួន​ឆ្កែ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ អ៊ីចឹង​សរុបទៅ​ព័ត៌មាន​ប៉ុន្មាន​ហ្នឹង​បញ្ជាក់ថា ឱកាស​ដែល​មនុស្ស​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​ពី​ឆ្កែ​មាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​»​។​

​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​​កម្ពុជា ក្រសួងកសិកម្ម និងអង្គការស៊ីប៉ា ក៏បានសហការគ្នា​បោះពុម្ពសៀវភៅអាន ដែលមានចំណងជើងថា «ស្វែងយល់អំពី​ជំងឺឆ្កែឆ្កួត» ចំនួន៥០០០០ក្បាល ចែកជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។ ស្ថាប័នទាំង៣​អះអាងថា សៀវភៅនេះ​គឺជាគ្រឹះនិងជា​ការ​ចាប់ផ្តើម​នៃការបង្កើនការយល់ដឹង​អំពី​ជំងឺឆ្កែឆ្កួត​នៅទូទាំងប្រទេស​កម្ពុជា។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់នៃជំងឺឆ្កែឆ្កួតនេះដែរ នាយកអង្គការស៊ីប៉ា លោក ហុក សុទ្ធិ មានប្រសាសន៍ថា ​​​ទោះ​បី​​​​ជា​មា​​​​​​ន​​​​​​វ៉ា​​​​​​​​ក់​​​​​​​​​សាំ​​​​ង​​​​​កា​​​រ​​ពា​រ​​​ដ៏​មាន​​​ប្រ​សិ​ទ្ធ​​​ភា​ព​​យ៉ា​ង​​​ណា​ក៏​​​ដោ​យ​​​​ ​​​​​ជំ​​​ងឺ​​​​​ឆ្កែ​​​ឆ្កួ​​​ត​​​​​នៅ​​​តែ​​​​ជា​​ប​​​ញ្ហា​​​​​សុ​​ខ​​​​​ភា​​​ព​​​​​សា​ធា​​រ​ណៈ​​​​​ទូ​​​ទាំ​​​ង​​​​​ស​​​ក​​​ល​​​​​លោ​​​ក​​​​​ ជា​​​​ពិ​​​សេ​​​ស​​​​​នៅ​​​ប្រទេ​​​ស​​​​​កំ​​​ពុ​​​ង​​​​​អ​​​ភិ​​​​វ​​​ឌ្ឍ​​​ន៍​​​​​ ដែ​​​ល​​ស​ត្វ​​​ឆ្កែ​នៅ​​​តែ​​ជា​​ភ្នា​ក់​​​ងា​រ​​​ច​ម្ល​ង​​​ដ៏​សំ​ខា​ន់​​​ដ​ល់​​​​​ម​​​នុ​​​ស្ស​​​។​​​

ទន្ទឹមគ្នានេះ លោក ហុក សុទ្ធី រំពឹងថា សៀវភៅដែលមានចំណងជើងថា «ស្វែងយល់អំពី​ជំងឺឆ្កែឆ្កួត» ដែលនឹងត្រូវចែកជូនប្រជាពលរដ្ឋកម្ពុជា នឹងជួយឱ្យប្រជាពលរដ្ឋបានយល់ដឹងថាតើ​ជំងឺឆ្កែឆ្កួតគឺជាអ្វី ហានិភ័យនៃការចម្លងជំងឺនេះ និងជាពិសេស​អំពីរបៀប​ការពារ​ខ្លួនពីការឆ្លងជំងឺនេះ​។

លោកមានប្រសាសន៍​ថា៖ «​សៀវភៅ​នេះ​មាន​លក្ខណៈ​ពិសេស​របស់​វា​នោះ​គឺ​យើង​បាន​តាក់តែង​ប្រកបដោយ​ការ​ប្រិតប្រៀង​បំផុត ដោយ​ការសិក្សា​ស្រាវជ្រាវ​ច្រើន ហើយ​ជាមួយ​អ្នកនិពន្ធ​ដែល​មាន​បទពិសោធន៍រ​បស់​យើង ហើយ​សារ​ក្នុង​ហ្នឹង​ប្រើ​ពាក្យ​ងាយៗ​ដែល​យើង​អាច​មើល​យល់​ទាំងអស់គ្នា​។ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ដែល​អាន​សៀវភៅ​ហ្នឹង គាត់​អាច​យល់​ទាំងអស់ តាំង​ពី​មូលហេតុ តាំង​ពី​វិធី​បង្ការ តាំង​ពី​ការប្រុងប្រយ័ត្ន​ផ្សេងៗ ហើយ​ពេល​ណា​ត្រូវ​នាំ​កូន​ទៅ​ចាក់​ថ្នាំ​នៅពេល​មាន​ឆ្កែ​ខាំ​»​។​

​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​អះអាងថា ក្រសួង​សុខាភិបាល​នឹង​បង្កើត​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ការចាក់​វ៉ាក់សាំង​ក្រោយ​សត្វ​ខាំ​ចំនួន​ពីរ​កន្លែង​ទៀត គឺ​នៅ​ខេត្ត​បាត់ដំបង និង​មួយទៀត​នៅ​ខេត្ត​កំពង់ចាម ដោយ​ប្រើប្រាស់​ស្តង់ដារ​ដូច​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​រាជធានី​ភ្នំពេញ​ដែរ​។​

​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នេះ រំពឹង​ថា​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​នេះ នឹង​ជា​គោលដៅ​ឈានទៅ កាត់បន្ថយ​អត្រា​មរណៈ​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់ចុះ៥០ភាគរយ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដោយសារ​ជំងឺ​ឆ្កែ​ឆ្កួត បាន​ចំនួន​២០០០​នាក់ ក្នុង​ឆ្នាំ​២០២៥៕

ចែករំលែកតាម៖