លោកស៊ិន គង់៖ ការលំបាកជាកត្តាជំរុញចិត្តឱ្យចេះតស៊ូ

លោកស៊ិន គង់៖ ការលំបាកជាកត្តាជំរុញចិត្តឱ្យចេះតស៊ូ

លោកស៊ិន គង់ សាស្ត្រាចារ្យទស្សនវិជ្ជា និង​ជា​អ្នកនិពន្ធសៀវភៅ

“យើងមិនអាចរើសយកកន្លែងកើតបានទេ តែអាចរើសយកការរស់នៅដែលមានប្រយោជន៍ដល់សង្គមជាតិបាន”

នេះជាទស្សនៈរបស់លោកស៊ិន គង់ សាស្រ្តាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ជាអ្នកនិពន្ធសៀវភៅ ជានាយកប្រតិបត្តិនៃគ្រឹះស្ថានបោះពុម្ពផ្សាយផ្កាឈូក និងជាលេខាឯកអគ្គរដ្ឋទូតទីម័រលេស្តេ (Timor-Leste) ប្រចាំនៅរាជធានីភ្នំពេញ។ មុនឈានមកដល់ជីវិតដូចសព្វថ្ងៃ លោកស៊ិន គង់ បានឆ្លងកាត់ការលំបាកនិងការតស៊ូព្យាយាមគ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនឆ្នាំ។

កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៨៣ នៅក្នុងគ្រួសារកសិករដែលក្រលំបាក នៅភូមិពោធ៍ ឃុំពោធ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោកមានបងប្អូនបីនាក់ ប្រុស២នាក់ និងស្រីម្នាក់ ដោយលោកជាកូនទីពីរក្នុងគ្រួសារ។ នៅពេលដែលលោកមានអាយុ៦ឆ្នាំ ឪពុកម្តាយលោកបានបែកបាក់គ្នា ហើយនៅអាយុ៧ឆ្នាំ លោកបានទៅរស់នៅជាមួយជីតាឈ្មោះ ម៉ៅ ស៊ិន (ហៅ ហៀច) ដែលជាអាចារ្យនៅវត្តគោកបេង ទីរួមខេត្តព្រះវិហារ។

ក្រោមការទំនុកបម្រុងនិងប្រៀនប្រដៅពីជីតា លោកស៊ិន គង់ ទទួលបានឱកាសចូលរៀននៅក្នុងសាលាមឋមមួយនៅក្នុងស្រុកកំណើត។ ដោយសារលោកមានអាយុច្រើន ហើយលោករៀនពូកែ លោក ស៊ិន គង់ អះអាងថា លោកត្រូវបានគ្រូអនុញ្ញាតឱ្យរៀនផ្លោះថ្នាក់ជាបន្តបន្ទាប់។ នៅឆ្នាំ១៩៩៨ លោកបានសម្រេចចិត្តបួសជាសាមណេរនិងគង់រៀននៅវត្តជាមួយជីតា។ ក្នុងឆ្នាំ១៩៩៩ សាមណេរស៊ិន គង់ បានរៀនចប់ថ្នាក់បឋមនិងសម្រេចព្រះទ័យផ្សងព្រេងមកទីក្រុងភ្នំពេញ ដើម្បីស្វែងរកចំណេះដឹងនិងការសិក្សាបន្ថែម។

ការធ្វើដំណើរមកកាន់ទីក្រុងមិនមានភាពរលូនដូចការគិតនោះទេ ដោយសារគ្មានកន្លែងគង់នៅ។ ក្រោយរយៈពេល៣ទៅ៤ខែ សាមណេរស៊ិន គង់ ត្រូវបានការអនុញ្ញាតឱ្យគង់រៀននៅក្នុងវត្តឧណ្ណាលោម ក្រុងភ្នំពេញ រហូតដល់ចប់ថ្នាក់វិទ្យាល័យ និងបានបំពេញឧបសម្បទាជាភិក្ខុនៅឆ្នាំ២០០៤។ ជាមួយការខិតខំរៀនសូត្រពីព្រះធម៌ ភិក្ខុ ស៊ិន គង់ បានបន្តថ្នាក់បរិញ្ញាបត្រផ្នែកព្រះពុទ្ធសាសនា ដោយទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសភូមាក្នុងឆ្នាំ២០០៥ និងថ្នាក់អនុបណ្ឌិតផ្នែកពុទ្ធសាសនវិជ្ជានៅប្រទេសស្រីលង្កាក្នុងឆ្នាំ២០០៨ ហើយវិលមកកម្ពុជាវិញនៅក្នុងឆ្នាំ២០១០។

ក្រោយពីបញ្ចប់ការសិក្សានិងវិលត្រឡប់ពីបរទេស ភិក្ខុ ស៊ិន គង់ បានក្លាយជាសាស្ត្រាចារ្យនិងជាអនុប្រធានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង។ ភិក្ខុ ស៊ិន គង់ បានលាចាកសិក្ខាបទនៅឆ្នាំ២០១១។

នៅដើមឆ្នាំ២០១២ លោក ស៊ិន គង់ បានក្លាយជានាយកដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី រហូតដល់ខែមេសា ឆ្នាំ២០១៣ ទើបបានមកធ្វើការនៅទីក្រុងភ្នំពេញ ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជានិងបច្ចុប្បន្នមានការងារសំខាន់មួយទៀតជាលេខាឯកអគ្គរដ្ឋទូត ទីម័រលេស្តេ (Timor-Leste) ប្រចាំនៅទីក្រុងភ្នំពេញ។

មកដល់ពេលនេះ លោកស៊ិន គង់ ក្លាយជាសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យចំនួន៧កន្លែងជាបន្តបន្ទាប់ និងជានាយកប្រតិបតិ្តនៃគ្រឹះស្ថានបោះពុម្ពផ្សាយផ្កាឈូក។

សៀវភៅដែលជាស្នាដៃរបស់លោក ស៊ិន គង់ ទាំងសរសេរនិងបកប្រែមានចំនួន១៥ចំណងជើង ដែលក្នុងនោះបោះពុម្ព រួចមានចំនួន៩ចំណងជើងហើយ។ លោក ស៊ិន គង់ បានបញ្ជាក់ថា ដោយរូបលោកស្រឡាញ់ការអប់រំផ្នត់គំនិត ដូច្នេះសៀវភៅរបស់លោកក៏ផ្តោតសំខាន់ទៅលើការដុសខាត់ការគិតរបស់ប្រជាជនឱ្យទទួលបានចំណេះដឹងផងនិងអប់រំផ្លូវចិត្តឱ្យយអ្នកអានក្លាយជាមនុស្សល្អ និងមានប្រយោជន៍ដល់សង្គមជាតិផងដែរ។

នៅពីក្រោយភាពជោគជ័យដែលគួរឱ្យកត់សម្គាល់នេះ លោក ស៊ិន គង់ បានប្រាប់ពីការលំបាកក្នុងគ្រួសារថា ក្រៅពីជីតា លោកមិនអាចពឹងញាតិណាម្នាក់បានទេក្នុងពេលដែលលោកពិបាកបំផុត ហើយឪពុកម្តាយបែកបាក់គ្នាទៀត ដែលជាមូលហេតុនាំឱ្យលោក មានការតាំងចិត្តរៀនឱ្យបានច្រើន ដើម្បីស្វែងរកការងារធ្វើ និងរំដោះ ខ្លួនពីការលំបាកនេះ។ លោកជាកូនកំព្រាឪពុកតាំងពីឆ្នាំ២០១២មក។

លោក ស៊ិន គង់ បញ្ជាក់ទៀតថា លោកតែងតែជួបការលំបាកជាមួយការងារដែលខុសជំនាញរបស់លោកមួយចំនួន តែគ្មានអ្វីដែលលោកធ្វើមិនបាននោះទេ គឺជំនះរៀននូវអ្វីដែលថ្មីៗ ការរៀនមិនចាំបាច់ទៅសាលាទេ នៅទីណាក៏អាចរៀនបានដែរ “ពិភពលោកគឺជាថ្នាក់រៀន ហើយមនុស្សគ្រប់គ្នាគឺជាគ្រូរបស់យើង”

តាំងពីតូច លោកស៊ិន គង់ មានគោលដៅច្បាស់លាស់ ហើយតែងតែសួរខ្លួនឯងថា តើលោកអាចធ្វើអ្វីខ្លះដើម្បីខ្លួនឯង មនុស្សជុំវិញនិងសង្គមជាតិ? លោកក៏គិតផងដែរថា បើធ្វើអ្វីមួយត្រូវចេះទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ រៀនទទួលយកអ្វីដែលថ្មីៗ និងត្រូវមានសមត្ថភាពពេញលេញផងដែរ។ ហើយទៅថ្ងៃអនាគត លោក ស៊ិន គង់ ចង់បង្កើតគ្រឹះស្ថានបោះពុម្ពមួយដោយខ្លួនឯង បង្កើតស្ថាប័នដែលចងក្រងនូវបញ្ញាវ័ន្តដើម្បីចូលរួមបណ្តុះផ្នត់គំនិតទៅដល់ពលរដ្ឋឱ្យមានគុណភាព និងចង់បង្កើតសាលាបង្រៀនពីគំនិតទស្សនវិជ្ជាផងដែរ៕

ចែករំលែកតាម៖