អាណាព្យាបាលគ្រប់រូបគប្បីអប់រំកូនក្មេងតូចដោយប្រាជ្ញាញាណ

អាណាព្យាបាលគ្រប់រូបគប្បីអប់រំកូនក្មេងតូចដោយប្រាជ្ញាញាណ

 

កុមារ​តូច​ដែល​ប្រើប្រាស់​ទូរសព្ទ​ដៃ​ក្នុង​រយៈពេល​ច្រើន​ហួស​ប្រមាណ​អាច​ប្រឈម​នឹង​ផលប៉ះពាល់​ជាច្រើន​ដូចជា ​ថយ​ចុះ​ទំនាក់​ទំនង​ជាមួយ​នឹង​អាណា​ព្យាបាល​ បាត់បង់​ចំណង់​ក្នុង​ការសិក្សា ​ការចង់ចាំ​មិនបានល្អ​ ប៉ះពាល់​ដល់ភ្នែក ​ធ្វើ​ឱ្យ​កុមារ​កើតជំងឺ​ធាត់​ កើតជំងឺ​ទឹកនោម​ផ្អែម​ ដុះសាច់​ក្នុងខួរក្បាល ​​ឆាប់ខឹង ​និ​ងបាក់ទឹក​ចិត្ត​ជាដើម។​ នេះ​បើតាម​កា​របញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត​ សេង ​សាម៉ន​ ប្រធាន​មន្ទីរសម្រាក​ព្យាបាល​កុមារ​ផ្កាឈូក​ក្នុង​សិក្ខា​សាលាស្តី​ពី ​”ផលប៉ះពាល់​នៃការ​ប្រើប្រាស់​ទូរសព្ទ​ លើសុខភាពផ្លូវកាយ​និង​ផ្លូវចិត្ត​កុមារ​” នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​ក្នុងទីរួម​ខេត្តបាត់ដំបង​កាលពី​​ពាក់កណ្ដា​ខែ​កញ្ញា។

លោក​វេជ្ជបណ្ឌិត​​ សេ​ង សាម៉ន ៖«ក្មេងតូចៗបានន័យថា ក្មេងក្រោម២ឆ្នាំគឺមានផលប៉ះពាល់សំខាន់ជាងគេហ្នឹងគឺមានវិបត្តិខួរក្បាល។ មានន័យថា នឹងមានផលប៉ះពាល់ទៅដល់ប្រព័ន្ធលូតលាស់នៃខួរក្បាល រួចហើយប្រព័ន្ធលូតលាស់នោះវានឹងដំណើរការខុសធម្មតា ដែលអាចវិវត្តទៅរកជំងឺមួយចំនួនឧទាហរណ៍ ជំងឺវិបត្តិផ្លូវអារម្មណ៍ ដែលគេច្រើននិយាយថាមានវិបត្តិផ្លូវចិត្ត ហើយជំងឺដែលយើងបារម្ភរាល់ថ្ងៃនេះ ហៅថាជំងឺ Autism (ខ្សោយសតិបញ្ញា)។ ជំងឺទី២ដែលពិភពលោកតែងបារម្ភដែរគឺ ដុះដុំសាច់នៅក្នុងខួរក្បាលរបស់កុមារ មួយទៀតចំណុចទី៣ ប៉ះពាល់ដល់អារម្មណ៍របស់ក្មេង ក្មេងដែលមើលទូរសព្ទច្រើន អាចក្មេងនោះឯងនឹងមានអារម្មណ៍ឆេវឆាវ»។

លោកវេជ្ជបណ្ឌិត សេង សាម៉ន ប្រធានមន្ទីសម្រាកព្យាបាលកុមារផ្កាឈូក
លោកវេជ្ជបណ្ឌិត សេង សាម៉ន ប្រធានមន្ទីសម្រាកព្យាបាលកុមារផ្កាឈូក

ដោយ​សង្កេត​ឃើញថា​មាន​បញ្ហាជា​ច្រើន​បែបនេះ​ហើយ​បានជា​សិក្ខា​សាលា​នេះត្រូវ​​បាន​​​រៀបចំ​ឡើង។ នេះ​បើតាម​ប្រសាសន៍​​ប្រធាន​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា-ជប៉ុន ​លោក​​ អៀង ​សុធារ៉ា ​ដែល​ជា​អ្នក​ផ្ដួចផ្ដើមឱ្យ​មាន​​សិក្ខា​សាលានេះ។ ​លោកថ្លែង​ទៅកាន់​អ្នក​ចូលរួម​ប្រមាណជាង​៥០០​នាក់ថា៖«សិក្ខាសាលានេះមិនមែនជាសិក្ខាសាលាដែលហាមប្រាមមិនឱ្យប្រើទូរសព្ទទេ គ្រាន់តែជាសិក្ខាសាលាដែលជួយផ្តល់ព័ត៌មាន ផ្តល់នូវការអប់រំដល់មាតាបិតាដល់មាមីង ដល់លោកតាលោកយាយ ដល់លោកគ្រូអ្នកគ្រូ ហើយថ្ងៃនេះក៏មានព្រះសង្ឃចូលរួមដែរ ដើម្បីឱ្យបានយល់ថាអ្វីក៏ដោយដែលវាលើសលប់ខ្លាំងពេក គឺវាមិនមានផលល្អដល់រាងកាយយើង ដែលជាមនុស្សនោះទេ ទាំងបញ្ញា ទាំងខួរក្បាល ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ ទាំងភ្នែក ទាំងអីទាំងអស់ហ្នឹង»។

លោក ​អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន
លោក ​អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន

ឪពុកម្តាយ ​និង​អាណាព្យាបាល​មួយ​ចំនួន​ដែលរស់នៅ​ក្នុង​ខេត្តបាត់ដំបង​បាន​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅ​នឹង​បញ្ហានេះ។

លោក ​​ឡេង សុធា​ បុគ្គលិក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍៖«មិនដែលបានដឹងជាផ្លូវការអ៊ីចឹងទេ គ្រាន់តែដឹងតៗគ្នា ថាពេលប្រើទូរសព្ទទៅវាប៉ះពាល់ គ្រាន់តែដឹងថាវាប៉ះពាល់ប៉ុន្តែមិនដឹងថា ប៉ះពាល់លើអ្វីខ្លះនោះទេ គ្រាន់តែហាមមិនឱ្យលេងច្រើន កាលណាក្មេងលេងទូរសព្ទទៅអត់មានចង់ធ្វើអី្វ ចង់តែលេងទូរសព្ទ»។

លោក ​​ឡេង សុធា​ បុគ្គលិក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍
លោក ​​ឡេង សុធា​ បុគ្គលិក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍

 

លោក​ ជី​ សុខាន់​ អាចារ្យ​នៅវត្ត​បឹងរាំង៖​«អាតូចអាយុ៤ឆ្នាំ ខ្ញុំមិនទម្លាប់ឱ្យមើលទូរសព្ទនោះទេ ប៉ុន្តែអាធំមួយហ្នឹង វាមើលទូរសព្ទតាំងពីតូច ឥលូវដកហូតមិនបាន ហើយគិតថា វាមិនអី គិតថា វាធម្មតា។ ប៉ុន្តែថ្ងៃនេះបានមកប្រជុំ បានយោបល់ល្អពីរឿង គុណសម្បត្តិនិងគុណវិបត្តិរបស់ទូរសព្ទ។ គុណវិបត្តិរបស់វា ឃើញថា ប៉ះពាល់ទៅលើកុមារ ដល់អ៊ីចឹងដូចជាស្លុតចិត្តវាហួតអាកូនមួយធំហ្នឹង»។

លោក​ ជី​ សុខាន់​ អាចារ្យ​នៅវត្ត​បឹងរាំង
លោក​ ជី​ សុខាន់​ អាចារ្យ​នៅវត្ត​បឹងរាំង

 

អ្នកស្រី​ ចាប​ ឆវីវណ្ណ​ ស្ត្រីមេផ្ទះ​៖«ពីមុនយើងអត់យល់ទេថា វាមានវិទ្យុសកម្មធ្វើឱ្យប៉ះពាល់អ្វីនោះទេ ឃើញតែគេប្រើគ្រប់តែគ្នា កូនគេប្រើដែរ។ កូនគេនៅបរទេស នៅអាមេរិក នៅបារាំង ឃើញគេប្រើគ្រប់តែគ្នា ប៉ុន្តែយើងមើលឃើញតែចំណែកដែលល្អ ចំណែកណាអាក្រក់អត់មាននរណាគេនិយាយនោះទេ ដល់ពេលយើងមកស្តាប់សិក្ខាសាលាអ៊ីចឹងទៅបានយើងថា ពេទ្យគេនិយាយបានយើងជឿ»។

អ្នកស្រី​ ចាប​ ឆវីវណ្ណ​
អ្នកស្រី​ ចាប​ ឆវីវណ្ណ​

យោង​តាម​ព្រឹត្តិបត្រព័ត៌មាន​របស់​មជ្ឃមណ្ឌល​សុខភាព​ផ្លូវចិត្ត​កុមារ​និង​យុវវ័យ​ដែល​បានចេញ​ផ្សាយថ្មីៗនេះ​ កុមារ​ដែល​មើល​ឧបករណ៍​អេឡិកត្រូនិក​ច្រើនជាង​៣ម៉ោង​ក្នុង​មួយថ្ងៃនឹង​មាន​ការ​អភិវឌ្ឍយឺតយ៉ាវ​ ផ្នែក​ភាសា ​រពឹស​ខ្លាំង ​ខណៈ​ជាទូទៅ​កុមា​រអូទីស្សឹម​ក៏មាន​បញ្ហា​រួម​ទាំងនេះដែរ។​ លើស​ពីនេះ ការមើល​កញ្ចក់​អេក្រង់​អេឡិ​កត្រូនិក​មុនអាយុ១៨ខែ​ មិនត្រឹម​តែមាន​ផលប៉ះពាល់​អវិជ្ជមាន​យូរអង្វែងលើការអភិវឌ្ឍ​ភាសា ​ជំនាញ​ក្នុង​ការអាន​ និង​ការ​ចងចាំ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ វាថែមទាំង​ធ្វើឱ្យ​មានបញ្ហានៃ​ការគេង​និង​​ការផ្ចង់​អារម្មណ៍​ផងដែរ។

ដោយ​សារតែ​ការប្រើទូរសព្ទ​មិន​បាន​ត្រឹមត្រូវ​អាចធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កុមារ​ដូចនេះ ម្តាយនិងអាណា​ព្យាបាល​គ្រប់រូប​គួរអប់រំ​បុត្រធីតា​របស់​ខ្លួនក្នុង​វិធីសាស្ត្រ​ប្រកប​ដោយ​ប្រាជ្ញា​ញាណ។ ​នេះបើតាមការ​លើកឡើង​របស់​ព្រះមុនិកោសល​ បណ្ឌិត​ យ៉ន​ សេងយៀត​ សាកល​វិទ្យា​ធិការរងនៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ។

ព្រះ​មុនិកោសល ​បណ្ឌិត ​យ៉ន​ សេងយៀត៖«ក្នុងឋានៈជាមាតាបិតាគួរណាស់តែមានមេត្តាចំពោះកូន ស្រឡាញ់កូនប្រកបដោយបញ្ញា។ មានន័យថា បើកូនចង់បានអ្វីហើយ ពេញចិត្តឱ្យហើយ ត្រូវប្រើប្រាស់បញ្ញាមួយទៀត ថាតើរបស់ដែលកូនចង់បានហ្នឹង វានាំផលប្រយោជន៍ឬនាំគុណវិបត្តិដល់កូនរបស់ខ្លួន។ ក្នុងពុទ្ធសាសនាលោកឱ្យមាតាបិតាហ្នឹង លោកមានព្រហ្មវិហារធម៌បូកជាមួយបញ្ញា។ មាតាបិតាគូរសិក្សាឱ្យបានច្រើនពីផលប៉ះពាល់នៃទូរសព្ទទាំងអស់នេះ។ ទូរសព្ទនេះវាមិនមែនជានិមិត្តរូបនៃឋានៈ​សង្គម វាមិនមែនជានិមិត្តរូបនៃភាពអស្ចារ្យរបស់គ្រួសារយើង ហើយកូនចៅរបស់យើងបានថ្លៃថ្នូរ បានរុងរឿងក៏មិនមែនក៏ដោយសារតែវត្តមានទូរសព្ទនៅក្នុងដៃរបស់កូនខ្លួនដែរ»៕

ព្រះ​មុនិកោសល ​បណ្ឌិត ​យ៉ន​ សេងយៀត
ព្រះ​មុនិកោសល ​បណ្ឌិត ​យ៉ន​ សេងយៀត

 

ចែករំលែកតាម៖