ការចិញ្ចឹមមាន់យកស៊ុតដោយ​ឱ្យ​​ចំណីធម្មជាតិ

ការចិញ្ចឹមមាន់យកស៊ុតដោយ​ឱ្យ​​ចំណីធម្មជាតិ

អ្នកបច្ចេកទេស​ចិញ្ចឹម​មាន់លោក វ៉រ វ៉ាន់ដា ឱ្យ​ចំណី​មាន់​​នៅក្នុង​កសិដ្ឋាន​ហ្រ្គែន​ភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រូបភាព៖ សែម ពិសី)

ស្ដាប់សំឡេង

អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់លើកឡើងថា សាច់មាន់ដែលចរាចរនៅលើទីផ្សារ ភាគច្រើនធំធាត់ដោយប្រើចំណីគីមី ដែលបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។

ទន្ទឹមគ្នានេះ ដើម្បីឲ្យមុខរបរចិញ្ចឹមសត្វមាន់បន្ថយសារធាតុគីមី ឬអាចចៀសបានពីការប្រើប្រាស់សារធាតុគីមីច្រើនក្នុងការចិញ្ចឹម អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់នៅក្នុងកសិដ្ឋាន ហ្គ្រែនភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញលោក វ៉រ វ៉ាន់ដា បង្ហាញពីការផលិតចំណីធម្មជាតិដើម្បីចិញ្ចឹមសត្វមាន់យកស៊ុត ឲ្យលក់បានថ្លៃ។

លោក វ៉រ វ៉ាន់ដា អះអាងថា វិធីផលិតចំណីធម្មជាតិសម្រាប់សត្វមាន់ គឺងាយផលិតនិងសុទ្ធតែជាវត្ថុធាតុដើមងាយប្រមូល ហើយមិនប៉ះពាល់សុខភាព។

អ្នកបច្ចេកទេសចិញ្ចឹមមាន់រូបនេះបានរៀបរាប់ថា សត្វមាន់ជាប្រភេទសត្វដែលងាយឆ្លងជំងឺ ដូច្នេះ ការចិញ្ចឹមមាន់ទាមទារឲ្យអ្នកចិញ្ចឹមចេះជ្រើសរើសពូជ ទីតាំងចិញ្ចឹម ការរៀបចំទ្រុង ការថែទាំនិងសម្អាតអនាម័យជាប្រចាំ ការរៀបចំសម្បុក ពិសេសការជ្រើសរើសចំណីប្រកបដោយគុណភាព។

មកដល់ត្រង់ចំណុចនេះ លោក វ៉រ វ៉ាន់ដា បានឲ្យដឹងបន្តថា មាន់ដែលចិញ្ចឹមដោយឲ្យចំណីធម្មជាតិក្នុងកសិដ្ឋានហ្រែ្គនភ្នំពេញនេះ មានជាង៥០០ក្បាល ហើយសុទ្ធតែជាប្រភេទពូជមាន់នៅក្នុងស្រុកសម្រាប់ចិញ្ចឹមយកស៊ុត។ លោកបន្តថា ដើម្បីអាចផលិតចំណីធម្មជាតិសម្រាប់មាន់បាន ចាំបាច់ត្រូវមានវត្ថុធាតុដើមដែលជាក្រុមអាហារសម្បូរជាតិវីតាមីន (ប្រភេទអាហារការពារ) ដូចជា ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត ប្រទាលត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ ស្លឹកខ្ទឹម ស្លឹកគ្រៃ ចុងអង្ករ កន្ទក់ និងសម្បកបង្គា ដើម្បីផលិតចំណីមាន់ប្រកបដោយសារធាតុចិញ្ចឹមដល់សត្វមាន់ឲ្យឆាប់លូតលាស់ និងទទួលបានទិន្នផលស៊ុតគុណភាពខ្ពស់។

លោក វ៉រ វ៉ាន់ដា លាយចំណីមាន់នៅក្នុងកសិដ្ឋាន ហ្រ្គែន ភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រូបភាព៖ សែម ពិសី)
លោក វ៉រ វ៉ាន់ដា លាយចំណីមាន់នៅក្នុងកសិដ្ឋាន ហ្រ្គែន ភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រូបភាព៖ សែម ពិសី)

នៅពេលដែលមានវត្ថុធាតុដើមទាំងនេះរួចហើយ លោក វ៉រ វ៉ាន់ដា បានឲ្យដឹងពីវិធីផលិតចំណីធម្មជាតិនេះថា ដំបូងត្រូវយកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង (ដែលក្នុងនោះរួមមាន ត្រកួន ស្លឹកអង្គាដី ប្រទាលត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ និងស្លឹកខ្ទឹម) ដោយគិតជាបរិមាណប្រហែល ២០% ហើយប្រភេទបន្លែស្លឹកដែលមានជាតិម្សៅជួយរំលាយអាហារចំនួន ១០% (ដែលមានស្លឹកម្រុំ និងស្លឹកកន្ធំថេត)។

លោកបន្តថា បន្ទាប់មកយកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយចុងអង្ករ កន្ទក់ ដោយគិតជាបរិមាណ ៤០% និងសម្បកបង្គារចំនួន២០% និងបន្ថែមអំបិល១ខាំ ដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។

ក្រោយផលិតចំណីធម្មជាតិនេះរួច លោកថា មាន់ចិញ្ចឹមយកស៊ុតទាមទារមើលថែឲ្យបានដិតដល់និងទាមទារត្រូវផ្តល់ចំណី១ថ្ងៃ៣ដង គឺពេលព្រឹកចន្លោះពីម៉ោង៧ទៅម៉ោង៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង១២ទៅម៉ោង១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង៣ទៅម៉ោង៤។ ប៉ុន្តែលោកថា មុនឲ្យចំណីមាន់ ត្រូវធានាថាស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។

ឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ស្ដីពីបច្ចេកទេសចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ បានបង្ហាញដែរថា ដើម្បីចិញ្ចឹមមាន់បានល្អ និងទទួលបានទិន្នផលខ្ពស់ ចាំបាច់ត្រូវអនុវត្តដូចជា ជ្រើសរើសពូជមាន់ល្អមិនធ្លាប់កើតជំងឺឆ្លង ព័ទ្ធទ្រុងរបងជុំវិញទីធ្លា ធ្វើទ្រុងសម្រាប់មាន់ដេក និងធ្នើសម្រាប់មាន់ក្រាបពង ធ្វើទ្រើងដំណាំក្នុងទីធ្លាចិញ្ចឹមមាន់ ដើម្បីបង្កើតម្លប់ក្នុងរដូវក្តៅ ធ្វើអនាម័យទ្រុងជាប្រចាំ ពិសេសត្រូវផ្តល់ចំណីធម្មជាតិចម្រុះដល់មាន់ ដើម្បីឲ្យមាន់ឆាប់ធំ។

ជាងនេះទៀត ឯកសារស្រាវជ្រាវដដែលបានបញ្ជាក់ទៀតថា ក្រុមអាហារការពារដែលមានក្នុងចំណីធម្មជាតិ ដូចជា ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត និងរុក្ខជាតិបៃតងផ្សេងទៀត នឹងផ្តល់វីតាមីនសំខាន់ៗសម្រាប់មាន់ មានដូចជា វីតាមីនអា (A) វីតាមីនដេ (D) វីតាមីនអឺ (E) និងវីតាមីនសេ (C)។ ជាតិវីតាមីនទាំងនេះ នឹងជួយបង្កើនភាពរឹងមាំ ប្រឆាំងនឹងមេរោគ ជួយក្នុងការរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹម និងជួយដល់ការបន្តពូជ ពិសេសជួយបង្កើនគុណភាពស៊ុតមាន់ខ្ពស់។

លើសពីនេះ ប្រភេទអាហារជាតិរ៉ែដែលមានក្នុងសម្បកបង្គា ខ្យង លៀស គ្រុំ អំបិល នឹងជួយបង្កើតឆ្អឹង ឈាម រោម និងសម្បកស៊ុត។ ដោយឡែក កន្ទក់ ពោត ស្រូវ និងក្រុមអាហារទ្រទ្រង់ដទៃទៀត នឹងជួយបង្កើតកម្ដៅឲ្យរាងកាយសត្វមាន់កក់ក្តៅ និងសម្រួលដល់ចលនាសកម្មភាពផ្សេងៗរបស់សត្វមាន់។

ស៊ុតមាន់ធម្មជាតិដាក់លលក់នៅក្នុងហាងបន្លែសរីរាង្គក្នុងរាជធានីភ្នំពេញ តម្លៃជាង១០០០រៀលក្នុង១គ្រាប់
ស៊ុតមាន់ធម្មជាតិដាក់លលក់នៅក្នុងហាងបន្លែសរីរាង្គក្នុងរាជធានីភ្នំពេញ តម្លៃជាង១០០០រៀលក្នុង១គ្រាប់

ទោះជាបច្ចុប្បន្ន សាច់មាន់ និងស៊ុតមាន់ កំពុងពេញនិយមក្នុងការជួញដូរដ៏សកម្មក្នុងទីផ្សារនៅកម្ពុជា ហើយខណៈពលរដ្ឋមួយចំនួននិយមប្រើចំណីគីមី ឬចិញ្ចឹមបែបឧស្សាហកម្ម ដើម្បីឲ្យមាន់ធំលូតលាស់លឿន និងទទួលបានទិន្នផលស៊ុតឆាប់រហ័សនោះ អ្នកបច្ចេកទេសចិញ្ចឹមមាន់ម្នាក់នេះ មិនប្រាថ្នាបែបនេះឡើយ។ អ្នកបច្ចេកទេសរូបនេះយល់ថា ទោះជាការចិញ្ចឹមមាន់ដោយផ្តល់ចំណីធម្មជាតិលូតលាស់យឺត បើប្រៀបធៀបនឹងការចិញ្ចឹមដោយប្រើចំណីគីមីក៏ដោយ តែវាផ្តល់ឲ្យមានសុខភាពល្អដល់អ្នកបរិភោគនិងចំណាយថវិកាតិច។ លើសពីនេះ សាច់មាន់និងស៊ុតរបស់វា លក់បានតម្លៃថ្លៃ។

ជាក់ស្តែង លោក វ៉រ វ៉ាន់ដា អះអាងថា សម្រាប់កសិដ្ឋានលោកដែលមានមាន់ជាង ៥០០ក្បាល សព្វថ្ងៃបានផ្គត់ផ្គង់ទៅឲ្យទីផ្សារសេដាក (CEDAC) នៅរាជធានីភ្នំពេញ ហើយក្នុងមាន់១ក្បាលមានតម្លៃជិត៣ម៉ឺនរៀលក្នុង១គីឡូ ហើយចំណែកស៊ុតវិញ ១គ្រាប់តម្លៃជាង១ពាន់រៀល។

ជាងនេះទៀត អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់រូបនេះបានណែនាំដល់កសិករដែលចាប់អារម្មណ៍ការចិញ្ចឹមមាន់បែបធម្មជាតិ ត្រូវតែចាប់ផ្ដើមពីអ្វីដែលខ្លួនមាន និងត្រូវគិតពីវត្ថុធាតុដើមធម្មជាតិនៅក្បែរខ្លួន ក្បែររបងផ្ទះជាមុនសិន មុននឹងចាប់យកវិធីសាស្ត្រចិញ្ចឹមដោយចំណីគីមី ហើយលោកចង់ឃើញរដ្ឋាភិបាល លើកទឹកចិត្តការចិញ្ចឹមមាន់បែបធម្មជាតិ និងស្វែងរកទីផ្សារនៅពេលដែលកសិករចិញ្ចឹមបានជោគជ័យ៕

ចែករំលែកតាម៖