​មហោរី​ជា​សិល្បៈ​ចម្រៀង​បុរាណ​ជួយ​បង្កើត​សេចក្ដីសុខ ​និង​សន្តិភាព​ផ្លូវចិត្ត​

​មហោរី​ជា​សិល្បៈ​ចម្រៀង​បុរាណ​ជួយ​បង្កើត​សេចក្ដីសុខ ​និង​សន្តិភាព​ផ្លូវចិត្ត​

អ្នកស្រី កែម ចន្ទូ សាស្រ្តាចារ្យផ្នែកចម្រៀងបុរាណនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

«​ចម្រៀង​មហោរី​» ជា​គឺជា​ទម្រង់​សិល្បៈ​បុរាណ​មួយ​នៅក្នុង​ចំណោម​ទម្រង់​សិល្បៈ​ជាច្រើន​ទៀត​នៃ​វប្បធម៌​ខ្មែរ​។ ជា​ប្រភេទ​តន្ត្រី​សំឡេង​ស្រាល វង់​តន្ត្រី​មហោរី ត្រូវបាន​ប្រគុំ​សម្រាប់​កំដរ​បរិយាកាស​សប្បាយ​រីករាយ​ក្នុង​ពិធី​ជួបជុំ​នានា​មានដូចជា​ពិធីជប់លៀង​ឬ​បុណ្យ​តាម​គ្រួសារ ពិធី​បុណ្យ​ក្នុង​ភូមិ​ឬ​ឱកាស​លំហែ​ពី​ការងារ​។ នេះ​បើ​តាម​ការលើកឡើង​ពី​អ្នកជំនាញ​ផ្នែក​សិល្បៈ​ចម្រៀង​បុរាណ​។​

សាស្ត្រាចារ្យ​ផ្នែក​ចម្រៀង​បុរាណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អ្នកស្រី កែម ចន្ទូ មានប្រសាសន៍ថា រហូតមកដល់​សព្វថ្ងៃ ចម្រៀង​មហោរី​ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រក្សាទុក ហើយ​បាន​នាំ​ទៅ​សម្ដែង​នៅក្នុង​ពិធីបុណ្យ​ជាតិ​និង​អន្តរជាតិ​ធំៗ​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​។​

​អ្នកស្រី​បន្ត​ថា រាល់​ការសម្ដែង​ចម្រៀង​នេះ​ម្ដងៗ​ពិសេស​នៅ​បរទេស ទស្សនិកជន​អ្នកទស្សនា​នៅ​ទីនោះ តែងតែ​ឱ្យ​តម្លៃ​ថា មហោរី​ជា​សិល្បៈ​មួយ​ឆ្លុះបញ្ចាំង​អំពី​វប្បធម៌ អរិយធម៌​ខ្មែរ​រុងរឿង​នា​សម័យបុរាណ ហើយ​និង​ជា​សិល្បៈ​មួយ​បង្ហាញ​អំពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ដែល​មាន​ចរិត​ស្លូតបូត​និង​ទន់ភ្លន់​៖ «​ខ្ញុំ​គិតថា លក្ខណៈ​ពិសេស​នៃ​ចម្រៀង​មហោរី​ខុសប្លែក​ពី​ចម្រៀង​សម័យ ត្រង់​មហោរី​មាន​អ៊ឺន កន្លុកកន្លៀត​ច្រើន​ពិរោះ​ស្រទន់ ទាំង​ការ​ច្រៀង​ចាប់ផ្តើម​មុន​ភ្លេង ហើយ​ពេល​ច្រៀង​មានតែ​ស្គរ និង​ឈិង​ទេ​ដែល​អម​ហើយ​រំលេច​សំឡេង​។ ដល់​ពេល​ចប់​ច្រៀង​បាន​ភ្លេង​ទទួល​ទៅ ច្រៀង​មួយ ភ្លេង​មួយ អត់​ច្រៀង​អម​ដូច​សម័យ​ទេ ហើយ​លក្ខណៈ​ពិសេស​មហោរី អ្នក​ដែល​ចេះ​ច្រៀង​មហោរី​ហើយ​អាច​ទៅ​ច្រៀង​សម័យ​បាន បទ​អី​ក៏​បាន​ដែរ​។ សម្រាប់​អ្នក​ខ្លះ គាត់​ចេះ​ច្រៀង​សម័យ​តែ​គាត់​មក​ច្រៀង​មហោរី គឺ​ពិបាក​ណាស់​»​។​

សាស្ត្រាចារ្យ​ផ្នែក​ចម្រៀង​បុរាណ​រូបនេះ​ឱ្យដឹងទៀតថា ការ​ច្រៀង​មហោរី​មិន​ដូច​ចម្រៀង​សម័យ​ទេ​។ វា​ត្រូវ​មាន​ចំណុច​៣​សំខាន់ៗ​គឺ​សំឡេង ទេពកោសល្យ និង​ការអត់ធ្មត់​ព្យាយាម​។​

​មកដល់​ត្រង់​ចំនុច​នេះ សាស្ត្រាចារ្យ​ផ្នែក​ចម្រៀង​មហោរី​រូបនេះ​បញ្ជាក់ថា ក្នុង​ចម្រៀង​មហោរី គេ​អាច​ច្រៀង​រៀបរាប់​ពិពណ៌នា​ពី​ភាព​សម្បូរ​សប្បាយ ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ វប្បធម៌ ប្រាង្គ​ប្រាសាទ ឬ​ស្នេហា​ជាដើម​។ ចំណែក​របៀប​ច្រៀង​វិញ មាន​កម្រិត​លំបាក​ខុសគ្នាៗ​ទៅ​តាម​ប្រភេទ​បទ​នីមួយៗ ៖ «​ចម្រៀង​មហោរី សំខាន់​គាត់​មាន​សំឡេង​ពិរោះ សំឡេង​បែប​បុរាណ​ទៀត សំឡេង​មិន​មែន​គ្រាន់​តែ​សំឡេង​គាត់​ពិរោះ​អាច​ច្រៀង​បាន​នោះ​ទេ សំឡេង​មាន​បែប​បុរាណ បែប​សម័យ ស្តាប់​ទៅ​ថា​សំឡេង​គាត់​ស៊ី​នឹង​បាន​បុរាណ​ណាស់​។ ចា៎ ត្រូវការ​សំឡេង មាន​ចង្វាក់ (​ទើប​)​អាចធ្វើ​បាន​»​។​

​បទ​ភ្លេង​មហោរី​មាន​លក្ខណៈ​ប្រជាប្រិយ ដោយ​មាន​បញ្ចូល​ឧ​ករណ៍ពី​វង់​ភ្លេងពិណពាទ្យ​ខ្លះ​។ ដើម្បី​ប្រគុំ​ចម្រៀង​មហោរី​បាន គេ​ត្រូវការ​ឧបករណ៍​មួយ​ចំនួន​ដូចជា រនាត​ឯក រនាត​ធំ តា​ខេ ទ្រ​សោ ទ្រ​អ៊ូ ខ្លុយ និង​ឆឹង ហើយ​ពេល​ខ្លះ​គេ​អាច​បញ្ចូល​បទ​ភេ្ល​ង​បែប​បច្ចឹម​ប្រទេស​ផង​ដែរ​។​

​ពាក្យ​មហោរី​ក្លាយ​មកពី​ពាក្យ​មនោ​ហារី ឬ​មនោហ​រា ដែល​ត្រូវបាន​ចារឹក​នៅលើ​សិលា​បុរាណ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សាស្ត្រា​ចារ្យ ហង្ស ឫទ្ធី​រ៉ាវុធ ព្រឹទ្ធិ​បុរស​ស្តីទី​នៃ​មហាវិទ្យាល័យ​តូរ្យតន្ត្រី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​៖ «​បើ​យើង​ផ្នែក​ទៅ​លើ​សិលាចារឹក​មាន​ពាក្យ មនោហ​រា មនោ​ហារី មាន​ពាក្យ​ហ្នឹង​។ អ៊ីចឹង​បាន​គេ​តែង​និយាយថា វង់ភ្លេង​ខ្មែរ​ប្រហែល​កើត​មក​ពី​ពាក្យ​មនោហ​រា មនោ​ហារី អ្នក​តន្ត្រីករ​ស្រី​ប្រុស​ហ្នឹង​លេង​(​តន្ត្រី​)»​។​

សាស្រ្តាចារ្យ ហង្ស ឫទ្ធីរ៉ាវុធ ព្រឹទ្ធិបុរសស្តីទីនៃមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
សាស្រ្តាចារ្យ ហង្ស ឫទ្ធីរ៉ាវុធ ព្រឹទ្ធិបុរសស្តីទីនៃមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

​ព្រឹទ្ធិ​បុរស​ស្តីទី​នៃ​មហាវិទ្យាល័យ​តូរ្យតន្ត្រី​រូប​នេះ​ឱ្យដឹង​ទៀត​ថា ទោះបីជា​មិន​មាន​ឯកសារ​ណា​បញ្ជាក់ប្រាប់​ពី​ឆ្នាំ​នៃ​ការកកើត​ចម្រៀង​មហោ​រីក្តី ប៉ុន្តែ​ចម្រៀង​មហោរី​ត្រូវគេ​ជឿថា មាន​វ័យ​ចំណាស់​ជាង​ល្ខោន​មហោរី ។ ចំណែកឯ​ភាពខុសគ្នា​រវាង​ចម្រៀង​មហោរី និង​ល្ខោន​មហោរី គឺ​ត្រង់​ថា នៅពេល​សម្តែង​ល្ខោន​មហោរី​ម្តងៗ គឺ​ចាំបាច់​ត្រូវ​យក​ចម្រៀង និង​ឧបករណ៍​ភ្លេង​មហោរី​មក​រួម​បញ្ចូល​គ្នា​ជាមួយ​ការសម្ដែង​។​

​លើសពីនេះ សាស្ត្រាចារ្យ ហង្ស ឫទ្ធី​រ៉ាវុធ លើកឡើង​ដែរ​ថា ចម្រៀង​មហោរី​ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ​ចម្រៀង​សម័យ​ថែម​ទៀត​៖ «​ចម្រៀង​មហោរី​នេះ គឺជា Basic មួយ ជា​មូលដ្ឋាន​មួយ​សំខាន់​ណាស់​សម្រាប់​អ្នកចម្រៀង​ដទៃទៀត​។ ចម្រៀង​សម័យ បើ​អ្នកចម្រៀង​សម័យ​ចង់​ច្រៀង​ពិរោះ​គឺ​អ្នក​នោះ ទី​១ ត្រូវ​រៀនសូត្រ​កំណាព្យ វា​មាន​ខ្យល់​ល្អ​ច្រើន​ផ្នែក​កំណាព្យ​ហ្នឹង ហើយ​ទី​២ គឺ​រៀន​ច្រើន​មហោរី គឺ​មាន​អ៊ឺន គេ​ហៅ​អ៊ឺន​គឺវា​មាន​វែង​ច្រើន បទ​មួយៗ ជួនកាល​ពាក្យ​មួយ​ម៉ាត់​ពីរ​មាត់​ទេ ប៉ុន្តែ​ខ្យល់​អ៊ឺន​គឺ​វា​វែង​ល្អ​សម្រាប់​ដង្ហើម សម្រាប់​អត្តសញ្ញាណ​របស់​ខ្មែរ​យើង​។ អ៊ីចឹង​ដើម្បីឱ្យ​ច្រៀង​ពិរោះ​ក្នុង​ភ្លេង​សម័យ អ្នក​ចម្រៀង​សម័យ​ហ្នឹង​ត្រូវ​រៀន​ពី Basic ជា​មូលដ្ឋាន​ហ្នឹង​ឯង ហើយ​បាន​យើង​តម្រូវ​ឱ្យ​ក្មេងៗ​និស្សិត​យើង​ដែល​ចូល​រៀន​ហ្នឹង គឺ​ឱ្យ​គាត់​រៀន​ច្រៀង​ចម្រៀង​មហោរី​ហ្នឹង​»​។​

​សាស្ត្រាចារ្យ ហង្ស ឫទ្ធី​រ៉ាវុធ ឱ្យដឹង​ដែរ​ថា ទាំង​ពេល​ប្រគុំ​ភ្លេង ទាំង​ពេល​ច្រៀង​មហោរី សិល្បៈ​មហោរី​នេះ មិន​ត្រឹមតែ​មាន​ភាព​ច្នៃប្រឌិត​ទាំង​អន្ថន័យ​ចម្រៀង​នោះទេ ការប្រគុំ​វង់ភ្លេង​នៅពេល​សម្តែង មាន​លក្ខណៈ​ពិសេស​ខុសពី​ទម្រង់​សិល្បៈ​បុរាណ​ដទៃ​ទៀត​ផង​ដែរ​៖ «​យើង​មើលឃើញ​ហើយ បើ​ចាប់​អារម្មណ៍ លេងភ្លេង​មហោរី គឺ​ខុស​ពី​លេងភ្លេង​ការ​។ ពេល​ច្រៀង​គឺ​ច្រៀង​តែ​សំឡេង ចម្រៀង​ជាមួយ​ឈិង និង​ស្គរ​ទេ នៅពេល​ដែល​ច្រៀង​ចប់​បាន​សាច់ភ្លេង​ហ្នឹង​គេ​លេង​ទទួល​យក ហើយ​សាច់​ភ្លេច​ល្បឿន​លៀនជាង​សាច់​ច្រៀង ពេល​សាច់ភ្លេង​លេង គឺ​ល្បឿន​ត្រូវ​លឿន​ជាង​។ ដល់​ពេល​ភ្លេង​ចាប់ផ្តើម​លេង ច្រៀង​ចាប់ផ្តើម​ច្រៀង ចម្រៀង​ហ្នឹង​ត្រូវ​យឺត​វិញ នេះ​ជា​លក្ខណៈពិសេស​របស់​ម​ហោ​រី​…»​។​

លោក​បាន​បន្តថា គ្រប់​ទម្រង់​សិល្បៈ​ចម្រៀង​បុរាណ បុព្វបុរស​ខ្មែរ​មានគំនិត​ច្នៃប្រឌិត​បង្កើតឡើង​មិនមែន​ដើម្បី​តែ​សម្រាប់​កម្សាន្ត​សប្បាយ​ភ្នែក​មើល​ម្ដងម្កាល​ប៉ុណ្ណោះ​ទេ កត្តា​សំខាន់​គឺ​ដើម្បី​អប់រំ​សង្គម​ជាតិ​ខ្មែរ​ឱ្យ​ចេះ​ស្រឡាញ់​រាប់អាន​គ្នា រួបរួម​សាមគ្គី​គ្នា ជួយ​កសាង​សន្តិភាព​ផ្លូវចិត្ត​របស់​មនុស្ស​ថែម​ទៀត​។​

លោក​សាស្ត្រាចារ្យ ហង្ស ឫទ្ធី​រ៉ាវុធ បន្តថា ដូចជា​នៅក្នុង​ទម្រង់​សិល្បៈ​មហោរី​ជាដើម គឺ​ដូនតា​ខ្មែរ​បាន​ច្នៃ​ផ្ទៃ​ចម្រៀង​ទាំងមូល គឺ​ភាគច្រើន​បង្កើត​សេចក្ដីសុខ​សន្តិភាព​វិញ​។ លោក​បន្ថែមថា ប្រការ​នេះ​ហើយ សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន គប្បី​ស្វែង​យល់​ពី​គំនិត​ខ្ពង់ខ្ពស់​របស់​បុព្វបុរស​ខ្លួន ហើយ​នាំ​គ្នា​រក្សា​បន្ត​ប្រពៃណី​វប្បធម៌​នេះ​ឱ្យបាន​គង់វង្ស​ត​ទៅ​មុខ​យូរអង្វែង​៖ «​អា​ហ្នឹង​(​ចម្រៀង​មហោរី​)​ហាក់បីដូច​អរូបីយ៍ យើង​មើល​អត់​ឃើញ​ទេ ក៏​ប៉ុន្តែ​ដល់​ពេល​យើង​ដល់​ពេល​យើង​ច្រៀង​ទៅ វា​ហាក់បីដូចជា​ចូល​ទុក​នៅ​ទី​ណាមួយ​នៅក្នុង​ប្រអប់​(​ខួរក្បាល​)​របស់​យើង​នេះ ឃើញនឹងភ្នែក ឮ​នឹង​ត្រចៀក ហិត​ក្លិន គឺ​វា​នៅក្នុង​ហ្នឹង​ដែរ​… អ៊ីចឹង​យុវជន​គួរតែ​ឃើញ​ចម្រៀង​ខ្មែរ មិន​ថា​មហោរី​ទេ ភ្លេង​ការ​ក៏ដោយ ភ្លេង​អី​ក៏ដោយ គួរតែ​រៀន​ច្រៀង​តាម រៀន​គ្រហឹម​តាម រៀន​ស្តាប់​យ៉ាងហោចណាស់​»៕

ចែករំលែកតាម៖