ក្រសួង​កសិកម្ម​រៀបចំ​គម្រោង​លើកកម្ពស់​ផលិតផល​កសិកម្ម

ក្រសួង​កសិកម្ម​រៀបចំ​គម្រោង​លើកកម្ពស់​ផលិតផល​កសិកម្ម

លោក ហ៊ាន វណ្ណហន​ ​អគ្គនាយករង​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ ថ្លែង​ក្នុង​សិក្ខា​សាលា​​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា

​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អះអាងថា គម្រោង​លើកកម្ពស់​ផលិតផល​កសិកម្ម តាមរយៈ​គោល​នយោ​បាយ​​របស់​រដ្ឋាភិបាល​លើ​ការអនុវត្ដ​កសិក​ម្ម​ល្អ (GAP) នឹង​ធានា​ដល់​ការលើកកម្ពស់​សុវត្ថិភាព​បន្លែ សម្រាប់​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង នៅក្នុង​សិក្ខាសាលា​ស្តីពី «​ការលើកកម្ពស់​សុវត្ថិ​ភាព​បន្លែ សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​» ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា​។​

​ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ លោក ហ៊ាន វណ្ណ​ហន បាន​មានប្រសាសន៍ថា ស្ដង់ដារ​នៃ​ការ​អនុវត្ដ​កសិកម្ម​ល្អ ឬ GAP (Good Agriculture Practice) គឺ​សំដៅ​ជា​ចម្បង​លើ​ផលិតផល​បន្លែ​និង​ផ្លែឈើ​ស្រស់ ពី​ព្រោះ​សព្វថ្ងៃ វត្ថុ​ទាំងពីរ​មុខ​នេះ ភាគច្រើន​ត្រូវបាន​គេ​ដាក់​សារធាតុ​គីមី​​ពុល​មាន​ចំនួន​លើសលប់​ដែល​អាច​ប៉ះពាល់​សុខភាព​។​

លោក​បន្តថា យោង​តាម​ការអនុវត្ត GAP នេះ គេ​នឹង​ធ្វើ​ការពិនិត្យ​ផ្ទៃ​ដី​ដាំ​ដុះ ពិនិត្យ​ពូជ​បន្លែ​ផ្លែឈើ ការប្រើប្រាស់​ជី ព្រម​ទាំង​ទឹក​ដែល​គេ​យក​ទៅ​ស្រោចស្រព​លើ​ដំណាំ និង​កត្តា​មួយចំនួន​ទៀត​៖ «ការអនុវត្ត​កសិកម្មល្អ​ដែលហៅកាត់ថា GAP នេះ​គឺជា​ស្តង់ដារមួយដែលមាន​លក្ខណៈទំនើប​ ហើយ​អាចនិយាយបាន​ល្អ​ជាង​ស្តង់​ដារ​អាមេរិក​ ល្អជាង​ស្តង់​ដារ​អឺរ៉ុប។ ហេតុអី​បាន​ខ្ញុំ​និយាយ​ថា​វា​ល្អជាង? ព្រោះយើង​ធ្វើ​ក្រោយ​ ហើយក៏មិន​មែន​យើង​រៀបចំ​ម្នាក់​ឯង​ដែរ គឺ​យើង​រៀបចំ​ដោយ​អ្នក​ជំនាញ​ឯកទេស​ចំនួន​១០ប្រទេស​ ដែលជា​សមាជិក​អាស៊ាន​ ហើយ​យើង​បាន​ដាក់​ផ្តើម​អនុវត្ត​នោះគឺ​សំខាន់​យើង​ត្រូវ​មើល​សក្តានុពល​ថា តើ​ទីតាំងណា​ដែល​យើង​គួរ​គាំទ្រ​ ជា​ទី​តាំង​ដែលអាច​អភិវឌ្ឍ​បាន​​។ ឧទាហរណ៍​កន្លែង​ហ្នឹង​ត្រូវ​មាន​លំហូរ​ទីផ្សារ​ កន្លែង​ហ្នឹង​ត្រូវ​តែ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ការ​ស្រោច​ស្រព​ ឬ​ការ​ដឹក​ជញ្ជូន​នោះ​សម​ស្រប​ទៅ​កាន់​ទី​ផ្សារ​ផង​ដែរ​»។

ទាក់ទិន​នឹង​ការលើកឡើង​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ជីវិត​ថ្លៃថ្នូរ​(LWD) លោក មិន ស បាន​បញ្ជាក់​ប្រាប់​ដែរ​ថា លោក​គាំទ្រ​ចំពោះ​គោលការណ៍​អនុវត្ដ​កសិកម្ម​ល្អ​នេះ ពីព្រោះ​វា​ជា​ជំហាន​មួយ​ជួយ​ឱ្យ​កសិករ​ចូលរួម​ថែរក្សា​បរិស្ថាន​ជុំវិញ​ខ្លួន​និង​សុខភាព​។ ទោះយ៉ាងណា​ក៏ដោយ លោក​ក៏​ចង់​ឱ្យ​ក្រសួង​កសិកម្ម​ធ្វើយ៉ាងណា​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ផលិតផល​ផ្លែឈើ និង​បន្លែ​ដែល​នាំ​មក​ពី​ក្រៅ​ស្រុក​ផងដែរ​ «ខ្ញុំ​គាំ​ទ្រ​មតិ​ឯក​ឧត្តម​ទាំង​ស្រុង​តែ​ម្តង​ ប៉ុន្តែ​ខ្ញុំ​សុំ​និយាយខ្លះ​ដើម្បី​អំណះ​អំណាង​ ខ្ញុំ​ទៅ​ទស្សនកិច្ច​ប្រទេស​ទាំងបី​ហ្នឹង ប្រទេស​វៀត​ណាម​ ប្រទេស​ចិន​ ប្រទេស​ថៃ ប្រទេស​ឡាវ​ គេមាន​លក្ខណៈសម្បត្តិ​អ៊ីចឹង​ ឧទាហរណ៍ថា​ប្រជា​ជន​របស់​គេ បើ​ខ្ញុំ​ធៀប​ត្រង់​មិនមែន​វាយ​ប្រហារ​ប្រទេស​យើង​ទេ ប្រទេស​យើង​ក៏រីក​ចម្រើន​ដែរ​សព្វថ្ងៃហ្នឹង​ គ្រាន់​តែថា​មិនទាន់​ដល់​កម្រិត​ដូច​គេ​។ គេ​មាន​ការ​យល់​ដឹង​ច្រើន​ណាស់​ផ្នែក​កសិកម្មហ្នឹង ហើយ​សកម្មមែន​ទែន​។ រដ្ឋាភិបាល​របស់​គេ​ធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ ក្នុង​នាម​បច្ចេកទេស​ ក្នុង​នាម​ធនធាន​ហិរញ្ញ​វត្ថុ​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ អាហ្នឹង​គឺ​យើង​អត់​ទាន់​ធ្វើ​បាន​ដូច​គេ​ទេ​។ ខ្ញុំ​សប្បាយ​រីក​រាយ​នៅពេល​ដែល​ឯក​ឧត្តម​និយាយថា​ ទៅ​យក​បទ​ពិសោធន៍​ពី​គេ​ដើម្បី​រៀបចំ​ស្តង់​ដារ​នៅក្នុង​ប្រទេស​ជាតិ​យើង​ ជា​ចំណុច​ល្អ​បំផុត​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ប្រទេស​ជាតិ​យើង​នឹង​ដូច​មិត្ត​របស់​យើង​ដែរ​»។

បន្ថែម​ពី​នេះ អ្នក​ធ្វើ​ការពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​រូបនេះ នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​រាល់​ឧបសគ្គ​មួយ​ចំនួន​ក្នុង​វិស័យ​កសិកម្ម ដូចជា​កង្វះ​ទុន កង្វះ​ទឹក និង​កង្វះ​ទីផ្សារ​ដែល​ជា​កត្តា​រាំងស្ទះ​ចម្បង​ដល់​ដំណើរការ​ផលិតកម្ម​កម្ពុជា​។​

​តំណាង​កសិករ​មកពី​ខេត្ត​កំពង់ស្ពឺ លោកស្រី ឆ​យ តាំង​លី មានប្រសាសន៍ថា វិស័យ​កសិកម្ម​ត្រូវ​បាន​ចាត់ទុក​ជា​វិស័យ​មួយ​ដែល​មាន​អាទិភាព​ខ្ពស់ ប៉ុន្តែ​ការ​យកចិត្តទុកដាក់​នៅ​តិចតួច​នៅឡើយ​។ ហេតុនេះ កសិករ​រូបនេះ សាទរ​ចំពោះ​គម្រោង​លើក​កម្ពស់​​ផលិតផល​កសិកម្ម តាមរយៈ​ការ​អនុវត្ដ​ស្ដង់ដារ​កសិកម្ម​ល្អ របស់​ក្រសួង​កសិកម្ម​៖ «គិត​ទៅ​ល្អ ខ្ញុំ​ពេញ​ចិត្ត​ដែលគាត់​និយាយ​ថា លើក​កម្ពស់​កសិកម្ម​យើង​ហ្នឹង​ឱ្យ​មាន​ស្តង់​ដារ កុំ​ឱ្យ​មាន​ជាតិ​គីមី​ថ្នាំ​ពុលហ្នឹង។​ អ៊ីចឹង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះអីខ្ញុំ​ឥឡូវហ្នឹង​ គម្រោង​ខ្ញុំ​ហ្នឹង​គឺធ្វើ​តែធម្មជាតិ​តែម្តង​​ ហើយ​សំខាន់​នោះអ្នក​ដាំ​នៅខាង​ខ្ញុំ​ ធ្វើបាន​ហើយ​តែ​ខ្វះ​ទីផ្សារ​ ដល់​ពេល​អ៊ីចឹង​ពិបាក​ណាស់​ រក​ម៉ូយ​ខ្លួនឯង​ ពិបាក​លក់​»។

លោក ហ៊ាន វណ្ណ​ហន បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​ការ​អនុវត្ដ​ផលិតកម្ម​ស្អាត​(GAP)​នោះ​គឺជា​គោលការណ៍​ណែនាំ​មួយ​ដែល​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ ក្នុងនោះ​រួមមាន​កម្ពុជា​ផង បាន​ធ្វើ​កិច្ច​ពិភាក្សា​គ្នា​កាលពីពេល​កន្លង​ទៅនេះ ដោយ​មាន​ការ​ចុះហត្ថលេខា​ព្រមព្រៀង​របស់​រដ្ឋមន្ដ្រី​កសិកម្ម​នៃ​ប្រទេស​ទាំងនោះ​។​

​មន្ត្រី​ក្រសួង​កសិកម្ម​រូបនេះ​បាន​ឱ្យដឹងទៀតថា ការអនុវត្ត​កសិកម្ម​ល្អ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធានការ​មួយ​ល្អ​អាចជួយ​ដល់​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​ទៀត ជា​ពិសេស​ជួយ​កាត់បន្ថយ​បញ្ហា​ប្រើប្រាស់​សារធាតុ​គីមី​ឬ​ថ្នាំពុល​។​

​មន្ដ្រី​ដដែល​បាន​បន្ដទៀតថា សម្រាប់​ប្រទេស​កម្ពុជា សេចក្តីព្រាង​នៃ​លិខិតបទដ្ឋាន​ច្បាប់​ការអនុវត្ត​កសិកម្ម​ល្អ គឺ​ត្រូវ​បាន​ធ្វើ​ចប់សព្វគ្រប់​អស់ហើយ ដោយ​នៅ​តែ​រង់ចាំ​ការសម្រេច​ពី​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ហើយ​ដែល​គេ​រំពឹង​ថា​ប្រហែល​នឹង​ត្រូវ​បាន​អនុវត្ត​ទូទាំង​ប្រទេស​ក្នុង​ដំណាច់​ឆ្នាំ​នេះ​៕

ចែករំលែកតាម៖