
ក្រសួងពាណិជ្ជកម្មលើកឡើងថា ពិព័រណ៍កសិកម្មនិងផលិតផលខ្មែរ មិនត្រឹមតែជួយរួមចំណែកពង្រឹងធនធានមនុស្សប៉ុណ្ណោះទេ វាក៏ជាជំហានថ្មីជួយកែទម្លាប់ពលរដ្ឋទាំងនៅទីក្រុងនិងជនបទឱ្យចេះធ្វើកសិកម្មឡើងវិញ។
ការលើកឡើងរបស់ក្រសួងពាណិជ្ជកម្ម ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ដែលបានផ្សព្វផ្សាយកាលពីដើមខែមេសា។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ខេត្តស្វាយរៀងគឺជាទិសដៅសំខាន់ដែលក្រសួងនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ផលិតផលខ្មែរ នៅឆ្នាំ២០១៧នេះ។
សេចក្តីជូនដំណឹងដដែលឱ្យដឹងទៀតថា ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនឹងត្រូវធ្វើឡើងនាឱកាស «យុទ្ធនាការទិញផលិតផលខ្មែរឆ្នាំ២០១៧» ដែលមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៥ ខែ មិថុនា។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ មិនត្រឹមតែផ្សព្វផ្សាយនិងលើកកម្ពស់ផលិតផលខ្មែរប៉ុណ្ណោះទេ វាក៏ធ្វើឡើងក្នុងបំណងដើម្បីពញ្ញាក់ស្មារតីមហាជនទូទៅ ឱ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនឡើង។
ទាក់ទិននឹងពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនេះដែរ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី បានប្រាប់វិទ្យុផ្កាឈូកថា នេះគឺជាទិសដៅរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការលើកមុខលើកមាត់ ផលិតផលខ្មែរ ឱ្យកាន់តែទូលំទូលាយជាងមុន។ កញ្ញាបន្តថា ពិព័រណ៍នេះមានសារៈសំខាន់ណាស់ ដល់អ្នកផលិតនិងកសិករ ដើម្បីរៀនពីគ្នាទៅវិញទៅមក ព្រោះពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញពីផលិតផលខ្មែរជាច្រើនប្រភេទ៖ «អ៊ីចឹងក្នុងនាមជាក្រសួង ក៏ដូចជាអ្នកដើរពពាយនាយអ៊ីចឹង តាំងពិព័រណ៍ពាណិជ្ជកម្ម បើនិយាយន័យធៀបវាដូចគ្នាអ៊ីចឹង។ ពិព័រណ៍រាល់ថ្ងៃហ្នឹង មិនថានៅខេត្តណា មិនថានៅទីតាំងណា មិនថាពេលណាទេ គោលបំណងធម្មតាមួយគឺដើរលក់ បង្ហាញផលិតផលខ្លួនឯង។ អ៊ីចឹងជាការផ្សារភ្ជាប់ទំនិញជាមួយនិងប្រជាជន ដឹងថាទំនិញក្នុងស្រុកមានអី ទំនិញក្រៅស្រុកដែលនាំមកពីក្រៅមានអី»។
បន្ថែមពីនេះទៀត អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី ឱ្យដឹងថា ទោះជាបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរចាប់ផ្តើមងាកមកចាប់អារម្មណ៍ប្រើប្រាស់ផលិតផលក្នុងស្រុកច្រើនជាមុន កញ្ញាក៏នៅមានការបារម្ភមួយចំនួនដូចជា កង្វះធនធានមនុស្សក្នុងវិស័យកសិកម្ម ខណៈកំណើនតម្រូវការប្រជាជនលើផលិតផលកសិកម្មកាន់តែច្រើន។ កញ្ញាថា បញ្ហានេះនឹងជំរុញប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យឺត។
ហេតុនេះ កញ្ញារំពឹងថា ពិព័រណ៍កសិកម្មផលិតផលខ្មែរ ដែលរៀបចំរយៈពេល៤ថ្ងៃ ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុន និងសហគ្រាសធនតូចនិងមធ្យម នឹងរួមចំណែកពង្រឹងធនធានមនុស្សក្នុងវិស័យកសិកម្មកាន់តែប្រសើរជាងមុន៖ «ឥឡូវការប្រើប្រាស់របស់ប្រជាជន និងឥរិយាបថរបស់អ្នកប្រើប្រាស់ Consumer Behavior របស់យើង វាដូរពីមុនដោយសារការយល់ដឹង ការផ្សព្វផ្សាយរបស់យើងហ្នឹង។ មួយទៀតគុណភាពទំនិញរបស់យើងក៏ងើបជាងមុនដែរ។ ពីដើមឡើយយើងធ្វើវាអន់មែន គេថាអន់ហ្នឹងគឺវាត្រូវរបស់គេហើយ ឥឡូវអ្នកផលិតក្នុងស្រុក គាត់ផលិតបានគុណភាពមួយដែលវាល្អដែរ។ អ៊ីចឹងនៅពេលដែលអ្នកប្រើប្រាស់គាត់ដឹងថាមានទំនិញលក់ មានចរាចរណ៍ក្នុងស្រុកហ្នឹងគាត់អាចដឹងច្រើនថាទំនិញណារបស់ខ្មែរ ទំនិញណានាំចេញនាំចូល ក្រុមហ៊ុនណាអ្នកផលិតទំនិញហ្នឹង។ អ៊ីចឹងវាជួយបានច្រើនណាស់ ការពារការប្រើប្រាស់ទំនិញក្លែងក្លាយផង ទំនិញខូចគុណភាពផង យល់ដឹងរបស់យកមកពីក្រៅ របស់ណាផលិតក្នុងស្រុកបាន អ៊ីចឹងគាត់អាចធ្វើការសម្រេចចិត្តប្រសើរជាងមុន»។
ទន្ទឹមគ្នានេះដែរ សាស្ត្រាចារ្យផ្នែកកសិ-ឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលនឹងចូលរួមដាក់តាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះដែរ អ្នកស្រី អោម វិទូ បង្ហាញក្តីរំពឹងទុកថា ពិព័រណ៍នេះមានសារៈសំខាន់ជួយឱ្យនិស្សិតផ្នែកកសិកម្ម និងប្រជាពលរដ្ឋអាចសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មដូចជា ការសិក្សាពីការប្រើប្រាស់ពូជ ជីកសិកម្ម ការថែទាំ ការកែច្នៃចំណីអាហារតាមរយៈការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុន និងបណ្ដាប្រទេសដែលរីកចម្រើនលើវិស័យកសិកម្មជាដើម៖ «កម្មវិធីនេះខ្ញុំគិតថាមានសារសំខាន់ណាស់ព្រោះអីអាចចែកភស្តុតាងដែលកូនសិស្សគាត់បានធ្វើ»។
ជាកសិករមកពីខេត្តស្វាយរៀង លោក សឹម ឌី សាទរចំពោះពិព័រណ៍ដែលគ្រោងរៀបចំនៅក្នុងខេត្តស្វាយរៀងនេះ ព្រោះលោកយល់ឃើញថា បច្ចុប្បន្នការយកចិត្តទុកដាក់បណ្ដុះបណ្ដាលកសិករ ពិសេសយុវជនឱ្យយល់ដឹងពីការដាំដុះបន្លែសរីរាង្គនៅមានកម្រិត និងមិនទាន់ស្របតាមសម័យបច្ចេកវិទ្យាទំនើប ឬស័ក្ដិសមនឹងប្រទេសដែលយកវិស័យកសិកម្មជាធំនោះទេ។ ករណីនេះ លោកគាំទ្រឱ្យមានកម្មវិធីពិព័រណ៍កសិកម្មឱ្យកាន់តែច្រើន ដើម្បីបណ្ដុះគំនិតពលរដ្ឋខ្មែរ ពិសេសកសិករ ឱ្យយល់ដឹងពីការងារកសិកម្ម និងផ្ដល់ទីផ្សារជូនកសិករ។
ក្រសួងពាណិជ្ជកម្មអះអាងថា ដើម្បីឱ្យពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនេះ មានការគាំទ្រច្រើន ក្រសួងនឹងប្រមូលកៀងគរផលិតផលខ្មែរ ដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្ម ពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ។ ក្រសួងឱ្យដឹងទៀតថា ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនេះនឹងបង្កឱកាសឱ្យប្រជាពលរដ្ឋបានដឹង និងស្វែងយល់ពីផលិតផលខ្មែរកាន់តែច្បាស់ថែមទៀត។
ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់សារធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះ ត្រូវដាក់ពាក្យចូលរួមតាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងកសិកម្ម ព្រោះចំនួនស្តង់មានកំណត់៕