​កម្ពុជា​រៀបចំ​មហោស្រព​អក្សរ​សិល្ប៍​បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍ជាតិ​

​កម្ពុជា​រៀបចំ​មហោស្រព​អក្សរ​សិល្ប៍​បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍ជាតិ​

សន្និសីទ​សារព័ត៌មាន​ស្តីពី​មហោស្រព​អក្សរសាស្ត្រខ្មែរ​កាល​ពី​ពេល​កន្លង​មក​

ស្ថាប័នធ្វើ​ការ​ទាក់ទង​នឹង​ការ​លើក​ស្ទួយ​ការ​អាននិងអភិរក្សអក្សរសិល្ប៍ជាតិ នឹង​រៀបចំ​មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំ២០១៧ ដើម្បី​បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ​ឱ្យ​បាន​កាន់​តែ​ខ្លាំងនិង​ជា​ប្រទីប​ទទួល​បាន​ចំណេះដឹង ការ​អភិវឌ្ឍ​ខ្លួន និង​លើក​ស្ទួយ​អក្សរសិល្ប៍ជាតិ។

តើមហោស្រពអក្សរសិល្ប៍ខ្មែរមានសកម្មភាពសំខាន់ៗនិងផ្តល់ផលប្រយោជន៍អ្វីខ្លះ?

សូមស្តាប់សេចក្តីរាយការណ៍ ដោយ សែម ពិសី

​អង្គការ សមាគម និង​ស្ថាប័ន​ដែល​ធ្វើការ​ទាក់ទង​នឹង​ការលើកស្ទួយ​ការអាននិង​អភិរក្ស​អក្សរ​សិល្ប៍ជាតិ ឱ្យដឹងថា កម្មវិធី​មហោស្រព​អក្ស​សិល្ប៍​ខ្មែរ​នឹង​រៀបចំ​នៅ​វត្ត​ដំណាក់​និង​វត្ត​រាជ​បូណ៍ នៅ​ខេត្ត​សៀមរាប រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧​។​

​កម្មវិធី​មហោស្រព​អក្ស​សិល្ប៍​ខ្មែរ រយៈពេល​៣​ថ្ងៃនេះ មាន​ការ​ដាក់​តាំង​សៀវភៅ​នានា​នៅ​កម្ពុជា បទ​បង្ហាញ​ពី​អក្សរសាស្ត្រ អក្សរសិល្ប៍​ខ្មែរ និង​អំ​ណាន ព្រមទាំង​អាច​ទទួលយក​បទពិសោធ​ន៍​ពី​អ្នកនិពន្ធ​ល្បីៗ​។​

ការលើកឡើង​ពី​សំណាក់​អង្គការ​សមាគម និង​ស្ថាប័ន​ដែល​ធ្វើការ​ទាក់ទង​នឹង​ការលើកស្ទួយ​ការអាន និង​អភិរក្ស​អក្សរសិល្ប៍​ជាតិ​នៅពេល​នេះ ត្រូវបាន​បង្ហាញ​ឡើង​នៅក្នុង​សិទ្និសីទសារព័ត៌មា​ន ស្តីពី​កម្មវិធី​មហោស្រព​អក្ស​សិល្ប៍​ខ្មែរ ដែល​ត្រូវ​បាន​សហការ​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បណ្ណាល័យ​ជាតិ និង​អង្គការ​ស៊ី​ប៉ា នា​ថ្ងៃ​ទី​១៣ ខែតុលា​។​

​អនុប្រធាន​សៀវភៅ​និង​ការអាន និង​ជា​នាយិកា​បណ្ណាល័យ​ជាតិ លោកស្រី ឃ្លោក វិបុល​ឡា ឱ្យដឹងថា មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​មាន​គោលបំណង​សំខាន់ ចង់​បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍ជាតិ លើកកម្ពស់​កិត្តិយស និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ​ខ្មែរ​នៅក្នុង​សង្គមជាតិ ដើម្បី​ជួយ​បង្កើន​ឱកាស​ដល់​អ្នកនិពន្ធ​ក្នុង​ការទំនាក់ទំនង​និង​ទីផ្សារ​។

លោកស្រី​មានប្រសាសន៍​ថា៖ «​មហោស្រព​សិល្បៈ​ខ្មែរ​នេះ​ដើម្បី​ជួយ​ជំរុញ​អ្នក​បោះពុម្ពផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង ឱ្យ​មាន​ការ​និពន្ធ​និង​សរសេរ​បានល្អ កាន់តែ​ស៊ីជម្រៅ កាន់តែ​ភាព​សុក្រឹត​ឡើង​ពី​ម្តង​ទៅ​ម្តង​។ អ៊ីចឹង​កាលដែល​យើង​រៀបចំ​មហោស្រព​នេះ​ឡើង គឺ​យើង​ជួយ​លើក​ទឹកចិត្ត​ទៅ​ដល់​អ្នក​បោះពុម្ពផ្សាយ​នៅ​ប្រទេស​កម្ពុជា អ៊ីចឹង​ដូច​ខ្ញុំ​បាន​ជម្រាប​ប្អូន​មុន​ហើយ​ថា ខាង​បណ្ណាល័យ​ជាតិ នាយកដ្ឋាន​សៀវភៅ​ការអាន​នៃ​ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ យើង​បាន​រៀបចំ​រាល់​ឆ្នាំ​នូវ​ការ​តែង​និពន្ធ​មាន​ច្រើន​ប្រធានបទ ប៉ុន្តែ​ឆ្នាំ​នេះ​យើង​លើក​ឡើង​នូវ​ប្រធានបទ​សេរី​។ អ៊ីចឹង​យើង​ធ្វើការ​នេះ​ចង់​ជំរុញ​ឱ្យ​សិស្ស​និស្សិត យុវវ័យ​ជំនាន់​ក្រោយ ម្នាក់ៗ​មាន​ទឹកចិត្ត​ស្រលាញ់​ខុសៗ​គ្នា អ៊ីចឹង​អ្នក​ដែល​ចូលចិត្ត​ស្រលាញ់​ការ​តែង​និពន្ធ​ហ្នឹង គឺ​បំផុស​ឱ្យ​យើង​ចូលរួមចំណែក​ក្នុង​ការរក្សា​ការពារ​អក្សរសាស្ត្រ​ខ្មែរ​ឱ្យ​បានល្អ ដើម្បី​ចូល​ក្នុង​ការអភិរក្ស​អក្សរសាស្ត្រ​ខ្មែរ​»​។​

​អ្នក​គ្រប់គ្រង​កម្មវិធី​បោះពុម្ព​នៃ​អង្គការ ស៊ី​ប៉ា និង​ជា​សមាជិក​រៀបចំ​មហោស្រព​អក្ស​រសិល្ប៍​ខ្មែរ​ដែរ​នោះ លោកស្រី ហួត សុជាតា ឱ្យដឹង​ដែរ​ថា ទស្សនវិស័យ​របស់​ម​ហោ​ស្រព​អក្សរសិល្ប៍​ខ្មែរ គឺ​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​នូវ​អក្សរសិល្ប៍​ខ្មែរ​ល្អ​ឯក និង​លទ្ធភាព​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការទទួលបាន​ស្នាដៃ​និង​ចំណេះដឹង​អក្សរសិល្ប៍​។​

​លោកស្រី បន្តថា មហោស្រព​នេះ​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​លើ​ក​ទី​១ នៅ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​បេតិកភណ្ឌ​និង​បណ្តុំ​វប្បធម៌​អរិយធម៌​របស់​ខ្មែរ​។ កម្មវិធី​នា​ឆ្នាំ​បន្ទាប់ នឹង​រៀបចំ​ឡើង​ទៅ​តាម​បណ្តា​ខេត្ត​នានា ទៅតាម​លទ្ធភាព​និង​ស្ថានភាព​ជាក់ស្តែង៖ «​ចា៎ អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​មុន​បំផុត​គឺ​អ្នកនិពន្ធ កវី​ដែល​គាត់​មិន​ទាន់​ឱកាស​ផ្សព្វផ្សាយ​ស្នាដៃ​… (​អ្នកនិពន្ធ​)​អាចបង្កើត​គ្រឹះស្ថាន​ខ្លួនឯង ឬ​រក​គ្រឹះស្ថាន​បោះពុម្ព​ផ្សេងៗ ព្រោះ​នៅក្នុង​កម្មវិធី​ស្នាដៃ​ថ្មី​ហ្នឹង ជួនកាល​គ្រាន់តែ​មានគំនិត ជួនកាល​អត់​ដឹង​យក​ទៅ​បោះពុម្ព​ជាមួយ​អ្នក​ណា​។ អ៊ីចឹង​មាន​គ្រឹះស្ថានបោះពុម្ពផ្សាយ​ចូលរួម អ៊ីចឹង​គាត់​ឃើញ​ស្នាដៃ មាន​ការចាប់អារម្មណ៍ ក៏​យក​ទៅ​បោះពុម្ព អ៊ីចឹង​បង្កើត​ឱ្យ​មាន​លទ្ធភាព​ការងារ​ត​ទៅ​មុខ​ទៀត​។ យើង​សង្ឃឹមថា​អ្នកចូលរួម ៥០០​នាក់ នៅក្នុង​កម្មវិធី​ហ្នឹង រយៈពេល​៣​ថ្ងៃ ដែល​មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​»​។​

​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​១ រួម​មាន​កម្មវិធី​សំខាន់​ជាច្រើន​ដូចជា វេទិកា​ពិភាក្សា​អំពី​បរិបទ​សំខាន់ៗ កម្មវិធី​បង្ហាញ​ស្នាដៃ​និពន្ធ​ថ្មីៗ សិក្ខាសាលា​និពន្ធ ការ​បញ្ចាំង​ខ្សែភាពយន្ត​ដែល​ទាក់ទង​នឹង​អ្នកនិពន្ធ ពិព័រណ៍​សៀវភៅ​ដែល​ទាក់ទង​នឹង​កុមារ និង​ការសម្តែង​សិល្បៈ​កម្សាន្ត​ដែល​ពាក់ព័ន្ធ​នឹង​ការលើក​ស្ទួយ​អក្សរសិល្ប៍​ខ្មែរ​ផងដែរ​។​

​អតីត​សាស្ត្រាចារ្យ​និង​អ្នកនិពន្ធ​ផ្នែក​អក្សរ​សិល្ប៍ លោកស្រី ស៊ឹម ចាន់​យ៉ា មានប្រសាសន៍ថា  បច្ចុប្បន្ន​និន្នាការ​នៃ​ការអាន​សៀវភៅ​នៅ​កម្ពុជា មាន​ការកើនឡើង តែ​កម្ពុជា​នៅ​តែ​ខ្វះ​សៀវភៅអាន​ស្ទើរ​គ្រប់​ជំនាញ​ទាំងអស់​។ លោកស្រី​យល់ថា មហោស្រព​អក្សរសិល្ប៍​មួយ​នេះ​គឺជា​មោទនភាព​នៃ​អក្សរសិល្ប៍​ខ្មែរ ហើយក៏​ជា​ឱកាស​សម្រាប់​អ្នកនិពន្ធ​បាន​ជួបជុំគ្នា ផ្លាស់ប្តូរ​យោបល់​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​ស្វែងរក​ដំណោះស្រាយ​នានា ដើម្បី​លើកកម្ពស់​វិស័យ​សិល្បៈ​អក្សរសិល្ប៍​នេះ​ត​ទៅ​មុខ​ទៀត​។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «​គឺ​យើង​ត្រូវ​ធ្វើ​អ្វីៗ​ដូច​ពិព័រណ៍​ឬ​បើក​វគ្គ​បង្រៀន ឬ​មហោស្រព វា​ធ្វើឱ្យ​អ្នកនិពន្ធ​ទី​១ ជួបគ្នា​ផ្លាស់ប្តូរ​បទពិសោធន៍ អ៊ីចឹង​វា​អាច​ពង្រឹង​គុណភាព​ការសរសេរ យើង​ជួបគ្នា សួរ​គ្នា​។ ទី​២ វា​ធ្វើឱ្យ​ទឹកចិត្ត​របស់​ខ្ញុំ ខ្ញុំ​និយាយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ពេល​ខ្ញុំ​ឧស្សាហ៍​ជួបគ្នា​(​អ្នកនិពន្ធ​) ធ្វើឱ្យ​ចិត្ត​យើង​ដែល​ចង់​សរសេរ​កាន់តែ​ចង់​ឡើងៗ ខំ​ពុះពារ​ឡើង​ទោះបី​មាន​ការលំបាក​យ៉ាង​ម៉េច​ក៏ដោយ​។ ដូច្នេះ​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​រៀបចំ​ធ្វើ​ហ្នឹង​(​មហោស្រព​អក្សរសិល្ប៍​) ប៉ុន្តែ​ក៏​សោក​ស្តាយ​ដែរ ព្រោះ​លទ្ធភាព​អ្នក​ធ្វើ​ហ្នឹង ទី​១ ជា​សមាគម ថវិកា​ប្រហែលជា​មិន​អាច​ធ្វើ​ញឹកញាប់ ប៉ុន្តែ​បើ​សមាគម​ដទៃៗ​ទៀត​បាន​ធ្វើ ខ្ញុំ​គិតថា​ល្អ​»​។​

​នៅក្នុង​សិទ្និសីទសារព័ត៌មា​ន​ស្តីពី​កម្មវិធី​មហោស្រពអ​ក្សរ​សិល្ប៍​ខ្មែរ អង្គការ​សមាគម និង​ស្ថាប័ន​ដែល​ធ្វើការ​ទាក់ទង​នឹង​ការលើកស្ទួយ​ការអាន​និង​អភិរក្ស​អក្សរ​សិល្ប៍ជាតិ ក៏​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​យុវជន​មួយចំនួន មិនសូវ​ចាប់អារម្មណ៍​អាន​សៀវភៅ​បែប​អក្សរសិល្ប៍ គឺ​អាច​មក​ពី​កត្តា​ឪពុកម្ដាយ​មិន​បង្កើត​ទម្លាប់​អាន​ដល់​កូនៗ និង​បណ្ណាល័យ​មិនទាន់​បាន​បំពេញ​តួនាទី​ខ្លួន​ក្នុង​ការផ្ដល់​សេវា​គ្រប់គ្រាន់​ដល់​អ្នកអាន​នៅឡើយ​។​

​មិនតែប៉ុណ្ណោះ ខ្លឹមសារ​និង​គុណភាព​សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​គឺជា​បញ្ហា​ប្រឈម​សំខាន់​មួយ រាំងស្ទះ​ដល់​ការអាន​របស់​កុមារ​និង​យុវជន​ដែរ​។​

​អ្នក​ធ្វើ​ការពាក់ព័ន្ធ​នឹង​ការអភិរក្ស​អក្សរសិល្ប៍​ខ្មែរ​យល់ថា ដើម្បី​ជំរុញ​វប្បធម៌​នៃ​ការអាន​អក្សរសិល្ប៍​ខ្មែរ​នៅ​កម្ពុជា ការរៀបចំ​មហោស្រប​អក្សរសិល្ប៍ និង​ការបង្កើន​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ គឺជា​គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការទាក់ទាញ​ពលរដ្ឋ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ការអាន​អក្សរសិល្ប៍​ខ្មែរ​៕

ចែករំលែកតាម៖