​អ្នកសារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការលើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​ស្ត្រី​និង​ក្មេង​ស្រី​

​អ្នកសារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការលើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​ស្ត្រី​និង​ក្មេង​ស្រី​

​អ្នកសារព័ត៌មាន​ក្នុងស្រុក និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​ស្ត្រី​និង​ក្មេង​ស្រី​ជាង​៥០​នាក់ បាន​មក​ចូល​រួម​សិក្សា​វគ្គ​ខ្លី​ស្តីអំពី​ការរួមចំណែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់​ភាពថ្លៃថ្នូ​របស់​ស្ត្រី និង​ក្មេង​ស្រី​។ វគ្គ​សិក្សា​ខ្លី​នេះ​ត្រូវបាន​រៀបចំ​ដោយ​អង្គការអេ​ឌី​ឌី​អន្តរជាតិ និង​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ដែលជា​អង្គការ​លើកកម្ពស់​ស្ត្រី​និង​ក្មេង​ស្រី​។​

​នាយក​អង្គការអេ​ឌី​ឌី​អន្តរជាតិ លោក ស្រី វណ្ណ​ថុន ដែល​ជា​ប្រធាន​រៀបចំ​វគ្គ​សិក្សា​ខ្លី និង​ជា​វាគ្មិន​មួយរូប​លើកឡើងថា បច្ចុ​ប្បន្ន​ការផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​ស្ត្រី និង​ក្មេង​ស្រី​កាន់តែ​មាន​ភាពប្រសើរឡើង​។  ក៏​ប៉ុន្តែ​ក្នុងនាម​ជា​អ្នកជំនាញ​​ក្នុង​ការ​លើក​កម្ពស់​​ស្ត្រី និង​ក្មេង​ស្រី អង្គការ​លោក​ចង់ឱ្យ​អ្នកសារព័ត៌មាន​យកចិត្តទុកដាក់​បន្ថែម​ទៀត ទៅ​លើ​ពាក្យពេចន៍​ក្នុង​ការ​សរ​សេរ​​នៅ​តាម​​បណ្តាញ​ផ្សព្វផ្សាយ​សារព័ត៌មាន​។​

​លោក ស្រី វណ្ណ​ថុន បន្តថា សិក្ខាសាលា​នេះ​បង្កើតឡើង​ក្នុង​បំណង​បង្កើន​សមត្ថភាព​អ្នកសារព័ត៌មាន ក្នុង​ការផ្សព្វផ្សាយ​អប់រំ​អំពី​ករណី​ហិង្សា និង​ពិការភាព ដើម្បី​រួមចំណែក​កែលម្អ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ និង​ចូល​រួមចំណែក​ទប់ស្កាត់​ការ​រើសអើង ក៏ដូចជា​ជំរុញ​ការឆ្លើយតប​ដ៏​មាន​ប្រសិទ្ធភាព ដល់​ស្ត្រី​និង​ក្មេង​ស្រី ជា​ពិសេស​អ្នក​ដែល​មាន​ពិការភាព​។​ ​លោក​​បញ្ជាក់​៖ «គឺយើងគៀងគរចង់ឱ្យមានការចូលរួមជួយ ពិសេសពីប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំហានដំបូងឱ្យមានការយល់ដឹងអំពីពិការភាព។ ឱ្យយើងយល់ដឹងហួសអំពី អ្វីដែលយើងគិតថាគ្រាន់តែជារឿងដែលត្រូវស្តារលទ្ធភាពពលកម្ម គ្រាន់តែជារឿងដែលត្រូវផ្តល់អំណោយ។ ប៉ុន្តែឧបសគ្គរបស់គាត់គឺមាននៅក្នុងគ្រប់កម្រិតទាំងអស់នៃសង្គម»

លោក ស្រី វណ្ណថុន នាយកអង្គការអេឌីឌីអន្តរជាតិ ផ្តល់បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ការ​ពេល​កន្លងមក​
លោក ស្រី វណ្ណថុន នាយកអង្គការអេឌីឌីអន្តរជាតិ ផ្តល់បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ការ​ពេល​កន្លងមក​

​អ្នកសារព័ត៌មាន​វ័យក្មេង​មួយរូប ដែល​ជា​សិក្ខាកាម​ចូលរួម​វគ្គ​សិក្សា​ខ្លី​នេះ កញ្ញា ផុង សុ​ភក្ត្រា លើកឡើងថា កញ្ញា​ពិតជា​សង្កេត​ឃើញ​ថា អត្ថបទ​ដែល​និយាយ​ពី​ស្ត្រី​និង​ក្មេងស្រី ពិសេស​ពី​ពិការភាព​របស់​ពួកគាត់ គឺ​ពិតជា​មាន​នៅ​លើ​បណ្ដាញ​សារ​ព័ត៌​មាន​។  ក៏ប៉ុន្តែ​កញ្ញា​យល់ថា ការយល់ដឹង​របស់​អ្នកសរសេរ​ពី​បញ្ហា​នេះ​ហាក់​នៅ​មាន​កម្រិត ដែល​ធ្វើឱ្យ​អត្ថបទ​មួយ​ចំនួន​ក្លាយ​ជា​កត្តា​ជំរុញ​បន្ថែម​នូវ​សម្ពាធ​ដល់​ជនរងគ្រោះ និង​អ្នកពាក់ព័ន្ធ​។

​កញ្ញា​បន្ថែមថា​៖ «​ព្រោះ​កន្លងមក​យើង​ឃើញថា អត្ថបទ​ទាក់ទិន​នឹង​ស្ត្រី​ហ្នឹង​មាន​ដែរ តែ​ថា​ឱ្យមាន​ច្រើន​តែ​ម្តង គឺ​ពាក់​ព័ន្ធ​នឹង​រឿង​ហិង្សា​អី​ផ្សេង​។ ដោយឡែក ការដែល​គាត់​យកចិត្តទុកដាក់​ពី​កិត្តិយស កេរ្តិ៍ខ្មាស់ ឬក៏​ការបង្ហាញ​របស់គាត់ (​អ្នកសារព័ត៌មាន​) មិន​មានន័យថា គាត់​ចង់​រើសអើង ឬ​ក៏​ដោយ​ចេតនា​ទេ ប៉ុន្តែ​អ​ចេតនា​ក្នុងការ​ធ្វើ​របស់គាត់​ហ្នឹង វា​ជំរុញ​ឱ្យ​ការសរសេរ​ឬក៏​ការលើក​ឡើង​ហ្នឹង​មិន​បាន​ជួយ​លើកស្ទួយ​ពួកគាត់ (​ស្ត្រី ក្មេងស្រី​ពិការ​)​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការដាក់​បន្ទុក​និង​ការជិះជាន់​បន្ថែម​»​។

អ្នកសារព័ត៌មាន​មួយរូប​ទៀត​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​ខ្លី លោក សម សារ៉ន បាន​បង្ហាញ​ពី​សុទ្ធិ​និយម​ថា លោក​ពិតជា​ទទួលបាន​ព័ត៌មាន និង​ចំណេះដឹង​ជាច្រើន​ទាក់ទិន​ទៅ​នឹង​ជនពិការ ពិសេស​គឺ​ស្ថានភាព​ស្ត្រី​និង​ក្មេងស្រី​ពិការ​។

​បុរស​វ័យ​ជាង​២០​ឆ្នាំ ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​អស់​ជិត​មួយ​ទស្ស​វត្ត​រូប​នេះ​ទទួលស្គាល់​ថា ការ​សរសេរ​​អត្ថ​បទ​​មិន​មែន​​ជា​បញ្ហា​ចម្បង​របស់​អ្នកសារព័ត៌មាន​នោះទេ ប៉ុន្តែ​សំណេរ​នោះ​ក្រៅ​អំពី​ការផ្សព្វផ្សាយ​ព័ត៌មាន វា​អាច​ក្លាយ​ជា​អាវុធ​ក្នុង​​ការ​វាយ​ប្រហារ​​ជនរងគ្រោះ ឬ​អ្នកពាក់ព័ន្ធ​។​

2017-Journalism-woman-dignity-02

​បើ​ទោះជា​យ៉ាងនេះក្តី លោក សារ៉ន អះអាងថា ស្ថាប័ន​របស់​លោក​មាន​ការកែប្រែ​ច្រើន​ក្រោយ​មាន​សេចក្តីប្រកាស​ពី​ក្រសួង​។ លោក​បញ្ជាក់​៖ «​ចំពោះ​ស្ថាប័ន​ខ្ញុំ​តែ​ម្តង ទើប​តែ​មួយ​រយៈពេល​ចុងក្រោយ​នេះ​ទេ ដែល​មាន​ការកែប្រែ​ពី​ទម្លាប់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ស្ត្រី​។ និយាយ​ជា​រួម បន្ទាប់​ពី​មាន​ការប្រកាស​របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី កាលពី​ខែ​កញ្ញា​ [កក្កដា] ២០១៧​នេះ​ទេ ដែល​យើង​មាន​ការកែប្រែ​ពី​ការសរសេរ​ព័ត៌មាន​បែប​មិន​ធ្វើឱ្យ​ប៉ះពាល់​កិត្តិយស ក៏​ប៉ុន្តែ​មុន​ហ្នឹង​យើង​បាន​សរសេរ​ធ្វើឱ្យប៉ះពាល់​ដល់​ប្រ​ជា​ពល​រដ្ឋ​​ជាច្រើន​»​។​

​កាលពី​ខែ​កក្កដា ឆ្នាំ២០១៧ ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី​បាន​ចេញ​ប្រកាស​រួម​មួយ​ស្តី​ពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយ​ការណ៍​​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី ដែលមាន​១៥​ប្រការ​។ ប្រការ​២​នៃ​ប្រកាស​នេះ​សរសេរ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​​មិន​​ត្រូវ​​រាយ​ការណ៍​​ព័ត៌មាន​ដែល​រៀបរាប់​លម្អិត បង្ហាញ​ខ្លឹមសារ​លម្អិត ឬ​រូបភាព​លម្អិត​អំពី​សកម្មភាព​ហិង្សា​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​ស្ត្រី ឬ​អំពើ​រំលោភ​សេពសន្ថវៈ ដែល​បង្ក​ឱ្យមាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ចំពោះ​អ្នកអាន អ្នក​ស្តាប់ អ្នកទស្សនា ឬ​អ្នកពាក់ព័ន្ធ​នោះទេ​។

​យោងតាម​អង្គការ​សុខភាព​ពិភពលោក ស្ត្រី​ម្នាក់​ក្នុងចំណោម​៣​នាក់​លើ​ពិភពលោក​បាន​ទទួលរ​ង​បទពិសោធន៍​នៃ​ការប្រើ​ហិង្សា​ផ្លូវកាយ ផ្លូវភេទ ដែល​ភាគច្រើន​ពី​ដៃគូ​របស់​គាត់​។

​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ លោកស្រី ប៉ុក បញ្ញា​វិចិត្រ បាន​គូសបញ្ជាក់​ផងដែរ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​កាតាលីករ​មួយ​ដែល​ជួយ​ឱ្យ​សាធារណជន​យល់ដឹង​ពី​បញ្ហា​សង្គម និង​ចូលរួម​អភិវឌ្ឍន​សង្គម​បាន​រីកចម្រើន​។

លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ
លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ

លោកស្រី ប៉ុក បញ្ញា​វិចិត្រ សង្កត់ធ្ងន់​ថា ក្រៅ​អំពី​ចំណេះដឹង​ផ្នែក​ព័ត៌មាន អ្នកសារព័ត៌មាន​និង​អ្នកធ្វើការ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​គួរ​យល់​ដឹង​បន្ថែម​ពី​ការលើកកម្ពស់​ស្ត្រី​និង​ក្មេង​ស្រី​។​ ​លោកស្រី​មាន​ប្រសាសន៍ថា​៖ «​ប្រសិន​គាត់​(​អ្នកសារព័ត៌មាន​)​មាន​បច្ចេកទេស​ល្អៗ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​យើង​ជួយ​បន្ថែម​ចំណេះដឹង​ផ្នែក​សង្គម​ឱ្យ​គាត់​ថែម​ទៀត គាត់​ពិតជា​កាតាលីករ​មួយ​ដ៏​មាន​ជំនាញ ដែល​អាច​ជួយ​ឱ្យ​សង្គម​មាន​រីកចម្រើន ជាពិសេស​គឺ​ការលុបបំបាត់​ហិង្សា​លើ​ស្ត្រី ក្មេងស្រី និង​ក្មេង​ស្រី​ពិការ​»​។​

​អង្គការសហប្រជាជាតិ​ដែល​ធ្វើកា​រលើ​ស្ត្រី ឬ​ហៅ​ថា (UN Women) បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​យុទ្ធនា​ការ​មួយ​ដែល​មានឈ្មោះ​ថា “​មិន​ទុក​នរណាម្នាក់​ចោល​” ដោយ​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី​។ យុទ្ធនាការ​នេះ​មាន​រយៈពេល​១៦​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អប់រំ​ផ្សព្វផ្សាយ​ដល់​សាធារណជន ក្នុង​ការចូលរួម​ផ្តល់​តម្លៃ សិទ្ធិសេរីភាព ដល់​មនុស្ស​ស្មើៗ​គ្នា ពិសេស​គឺ​ថ្កោលទោស​ដាច់​ខា​ច​ចំពោះ​ការប្រព្រឹត្ត​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី​។

​លើសពីនេះ រៀងរាល់​ថ្ងៃ​ទី​២៥ នៃ​ខែ​នី​មួយៗ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​លើ​ស្ត្រី ទាំង​នៅ​កម្ពុជា និង​លើ​ពិភពលោក តែងតែ​រៀបចំ​យុទ្ធនាការ​ពណ៌​ទឹកក្រូច ក្នុង​គោលបំណង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​៕

ចែករំលែកតាម៖