មន្ទីរពេទ្យ​ជប៉ុន​បង្កើន​សេវា​ព្យាបាល​លើ​កុមារ​ក្រោយ​ដំណើរការ​នៅ​កម្ពុជា​បាន​១​ឆ្នាំ​

មន្ទីរពេទ្យ​ជប៉ុន​បង្កើន​សេវា​ព្យាបាល​លើ​កុមារ​ក្រោយ​ដំណើរការ​នៅ​កម្ពុជា​បាន​១​ឆ្នាំ​

ពិធី​អបអរ​ខួប​១ឆ្នាំ​នៃ​មន្ទីរ​ពេទ្យ​ជប៉ុន​សាន់រ៉ាយស៍​ភ្នំពេញ​កាល​ពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧

​បន្ទាប់​ពី​រយៈពេល​មួយ​ឆ្នាំ​ក្នុងការ​បើកទ្វារ​ទទួល​ផ្តល់​សេវា​ព្យាបាល​អ្នកជំងឺ មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ ដែល​ជា​មន្ទីរពេទ្យ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ព្យាបាល​តាម​ស្តង់ដា​ជប៉ុន គ្រោង​នឹង​ពង្រីក​វិសាលភាព​នៃ​សេវា​ព្យាបាល​របស់​ខ្លួន​បន្ថែម​លើ​ផ្នែក​កុមារ​នៅ​ដើម​ឆ្នាំ​ក្រោយ​។

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ លោក តូ​ស៊ី​អាគី ហ្វូ​គូ​ដា បានឱ្យដឹងថា ការណ៍​ដែល​មន្ទីរពេទ្យ​សាន់​រ៉ា​យស៍​ជ្រើសរើស​យក​ការបន្ថែម​សេវា​ព្យាបាល​នេះ ដោយសារ​លោក​មើលឃើញ​ពី​សន្ទុះ​គាំទ្រ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​សាន់​រ៉ា​យស៍ ពី​សំណាក់​អ្នកជំងឺ ដែល​ភាគ​ច្រើន​ជាង​៩០​ភាគរយ ជា​អ្នកជំងឺ​ជនជាតិខ្មែរ​។​

​លោក​បន្ថែមថា តាំងពី​ពេល​បើក​មន្ទីរពេទ្យ​នេះ​ដំបូង គឺមាន​មនុស្ស​ជាច្រើន​បាន​សួរ​រក​សេវា​ព្យាបាល​កុមារ​នេះ នៅ​មន្ទីរពេទ្យ​សាន់​រ៉ា​យស៍ ហើយ​វា​ក៏​ជា​បំណង​របស់​លោក​ផងដែរ ក្នុង​ការបង្កើត​ឱ្យ​បាន​សេវា​ព្យាបាល​កុមារ​ពី​មន្ទីរពេទ្យ​ដែល​ទុកចិត្តបាន​៖ «​ហេតុផល​ដែល​ខ្ញុំ​ជ្រើសរើស​យក​ការបន្ថែម​លើ​ផ្នែក​ពិនិត្យ និង​ព្យាបាល​លើ​ជំងឺ​កុមារ​នេះ ដោយសារ​ដំបូង​ឡើយ​តាំងពី​យើង​ចាប់ផ្តើម​មន្ទីរពេទ្យ​នេះ គឺ​មិន​មាន​ផ្នែក​កុមារ និង​សម្ភព​ទេ ប៉ុន្តែ​មាន​អ្នកជំងឺ​ជាច្រើន​បាន​សួរ​រក​ផ្នែក​នេះ ហើយ​ថា​តើ​ពេល​ណា​សាន់​រ៉ា​យស៍​អាច​មាន​ផ្នែក​នេះ​។ ហើយ​មិនតែប៉ុណ្ណោះ ខ្ញុំ​ក៏​មាន​កូន​ពីរ​នាក់​ដែរ អញ្ជឹង​ខ្ញុំ​មាន​មន្ទីរពេទ្យមួយ​ដែល​ជឿ​ទុកចិត្ត​បាន​ហើយ ដូច្នេះ​ខ្ញុំ​ចង់ឱ្យ​កូន​ខ្ញុំ មាន​មន្ទីរពេទ្យ​មួយ​ក្នុងស្រុក ដែល​គួរ​ជឿ​ទុកចិត្ត​បាន​ដូចគ្នា​»​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ លោក តូ​ស៊ី​អាគី ហ្វូ​គូ​ដា ថ្លែង​ក្នុង​ពិធី​អបអរ​ខួប​១ឆ្នាំ​នៃ​មន្ទីរ​ពេទ្យ​ជប៉ុន​សាន់រ៉ាយស៍​ភ្នំពេញ​
​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ លោក តូ​ស៊ី​អាគី ហ្វូ​គូ​ដា ថ្លែង​ក្នុង​ពិធី​អបអរ​ខួប​១ឆ្នាំ​នៃ​មន្ទីរ​ពេទ្យ​ជប៉ុន​សាន់រ៉ាយស៍​ភ្នំពេញ​

​បើ​តាម​លោក ហ្វូ​គូ​ដា បច្ចុប្បន្ន​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យ​ស៍មាន​ផ្ដល់​សេវា​ព្យាបាល​និង​ថែទាំ​វេជ្ជសាស្ត្រ​ដូចជា ការសង្គ្រោះ​បន្ទាន់ ការព្យាបាល​ជំងឺ​ទាក់ទិន​ក្រពះ​ពោះវៀន ប្រព័ន្ធ​ប្រសាទ​ខួរក្បាល និង​ការពិនិត្យ​សុខភាព​ជា​ដើម​។​

​គិត​មក​ត្រឹម​ដើមខែ​តុលា មន្ទីរពេទ្យ​នេះ​បាន​បើក​ដំណើរការ​មួយ​ឆ្នាំ​ហើយ​។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ លោក តូ​ស៊ី​អាគី ហ្វូ​គូ​ដា បានឱ្យដឹងថា កាល​ពី​ចាប់ផ្តើម​មន្ទីរពេទ្យ​ដំបូង គឺ​មាន​អ្នកជំងឺ​ប្រមាណ​ជាង​៣០​នាក់​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ ប៉ុន្តែ​ចំនួន​នេះ​បាន​កើនឡើង​ជា​លំដាប់ រហូតដល់​ទៅ​ជាង​១៣០​នាក់​ក្នុង​ថ្ងៃ ដែល​មក​ទទួល​សេវា​ពិនិត្យ​និង​សម្រាក​ព្យាបាល​។​

​អ្នកជំងឺ​មួយរូប​នៃ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍ សាស្ត្រាចារ្យ សុខ ប៊ុន​លីម បានឱ្យដឹងថា កាលពី​ជាង​៦​ខែ​មុន លោក​មាន​អា​ការៈឡើង​ឈាម​។ ដូច្នេះ​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​លោក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​។

​វេជ្ជបណ្ឌិត យ៉ូ​ស៊ី​ហ្វឺ​មី ហា​យ៉ា​ស៊ី ឯកទេស​ផ្នែក​ប្រព័ន្ធ​ប្រសាទ​និង​ជា​ប្រធាន​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ បានឱ្យ​ដឹង​ផង​ដែរ​ថា ឆ្លង​តាម​បទពិសោធន៍​មួយ​ឆ្នាំ​នៃ​ការ​ព្យាបាល​នៅ​កម្ពុជា វេជ្ជបណ្ឌិត​ត្រូវ​ទាមទារ​ពន្យល់​ច្រើនជាង​អ្នកជំងឺ​នៅ​ប្រទេស​ជប៉ុន ពិសេស​ជំងឺ​ថ្មីៗ​៖ «​អ្វី​ដែល​ពិបាក​នោះ​គឺ ទាមទារ​ឱ្យ​មាន​ការពន្យល់​ក្បោះក្បាយ​ទាក់ទិន​ទៅ​នឹង​ជំងឺ រឺ​ថ្នាំ ជាង​នៅ​ជប៉ុន ដោយសារ​តែ​ពេល​ខ្លះ ប្រជាជន​កម្ពុជា​អាច​នឹង​មិន​ទាន់​យល់​ពី​ជំងឺ​ថ្មីៗ ដូច​ជា​ជំងឺ​ខួរក្បាល រឺប្រព័ន្ធ​ប្រសាទ​ជាដើម ដែល​ពិបាក​នឹង​យល់ ដែល​តម្រូវ​ខាង​យើងខ្ញុំ​ត្រូវតែ​ពន្យល់​លម្អិត ច្បាស់លាស់ ដើម្បី​ទទួលបាន​ការសហការ​ពី​អ្នកជំងឺ​។ ក្រៅពី​នោះ​គឺ​មិន​មាន​ជា​បញ្ហា​អ្វី​ទេ គឺ​យើង​ធ្វើតាម​បច្ចេកទេស​របស់​យើង​បាន​»​។

​វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គួរ​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព តាមរយៈ​ការពិនិត្យ​សុខភាព​ជា​ប្រចាំ​រៀងរាល់​១​ឆ្នាំ​ម្តង​ឬ​ពីរ​ដង បើ​ទោះ​ជា​ពួកគាត់​មើល​ទៅ​ដូចជា​មាន​សុខភាព​ល្អ ព្រោះ​ថា​ជំងឺ​មួយចំនួន​មិន​អាច​មើល​នឹង​ភ្នែក​ឃើញ​ទេ​។​

​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ​បាន​បើកទ្វារ​ដំណើរការ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រោម​ការវិនិយោទុន​ក្នុង​ទឹកប្រាក់​ជាង​៣៥​លាន​ដុល្លា​សហរដ្ឋអាមេរិក​។ មន្ទីរពេទ្យ​នេះ​មាន​ការសហការ​ពី​ស្ថាប័ន​ចំនួន​៤​គឺ​ក្រុមហ៊ុន​JGC ដែល​ជំនាញ​ខាង​ស្ថាបត្យកម្ម​នៅ​ជប៉ុន មន្ទីរពេទ្យ​គី​តា​ហា​រ៉ា ដែល​មាន​ទីតាំង​នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន INCJ និង​កំចី​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)៕

ចែករំលែកតាម៖