ប្រវត្តិនិងអត្ថន័យនៃការសំពះរបស់ខ្មែរ

ប្រវត្តិនិងអត្ថន័យនៃការសំពះរបស់ខ្មែរ

(ខាងស្ដាំ) លោក Watanabe Shuhei មកពីទីក្រុងតូក្យូ រាជធានីនៃជប៉ុន

ការសំពះ​របស់​ខ្មែរ​មាន​ប្រវត្តិ​ប្រមាណ​៥០០ឆ្នាំ​មុនគ្រឹះ​សករាជ​មក​ម្ល៉េះ​ គ្រាន់​តែមិនទាន់​មានការ​ប្រមូលចងក្រង​ធ្វើ​ឯកសារ​ដូចសព្វថ្ងៃ។​ នេះ​បើតាម​លោកបណ្ឌិត​ ចិន្ត​ ច័ន្ទ​រតនា ​ប្រធាន​មូល​និធិកេរ​ដំណែលខ្មែរនិង​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន។

លោកបណ្ឌិត ​ចិន្ត​ ច័ន្ទរតនា​ មាន​ប្រសាសន៍​បន្តថា​ នៅតាម​ជញ្ជាំង​ប្រាសាទ​នានា​បាន​បង្ហាញយ៉ាងច្បាស់ពីរបៀប​នៃ​ការគោរព​ឬការសំពះ​ ទៅតាម​ឋានានុក្រម​ទាំងអស់​ តាំងពី​ការសំពះ​ព្រះពុទ្ធ​ អាទិទេព និងព្រះមហាក្សត្រ​ជាដើម។

លោក បណ្ឌិត ​ចិន្ត​ ច័ន្ទរតនា៖​ «យើងអត់មានឯកសារជាលាយល័ក្ខអក្សរនោះទេ? ក៏ប៉ុន្តែយើងឃើញថា សកម្មភាពឬក៏ភស្តុតាងដែលនៅសល់ហ្នឹងគឺរហូតមកដល់សព្វថ្ងៃយើងគិតថា បើសិនជាមានបុណ្យសពហើយដាច់ខាតត្រូវតែមានការសំពះហើយ ជាការគោរពប្រតិបត្តិជាលើកចុងក្រោយ​របស់កូនចៅ។ ទី២ យើងឃើញហើយនៅតាមចម្លាក់ជាពិសេសនៅសម័យមុនអង្គរ សម័យហ្វូណន សម័យចេនឡា រហូតមកដល់សម័យអង្គរយើងឃើញថា ចម្លាក់ជាច្រើនដែលនិយាយអំពីការគោរព ការលើកដៃប្រណម ហើយមានការកគោរពមួយទៀតគឺយកដៃស្តាំដាក់លើទ្រូងខាងឆ្វេងនៅចំបេះដូងតែម្តង ហ្នឹងក៏ជាការគោរពដែរ។ យើងឃើញច្រើនតាំងពីសម័យមុនអង្គររហូតមកដល់សម័យអង្គរជាពិសេសនៅក្នុងសតវត្សទី១០ ទី១១គឺយើងឃើញច្រើន រហូតដល់សតវត្សទី១២»

photo_2019-08-28_15-53-53

សំពះ​ នៅ​ពេល​ដែល​យើង​ឈរ​ត្រូវចេះ​បន្ទន់ជើង​ម្ខាង​ឬបន្ទន់​ជង្គង់ទាំងពីរឱនក្បាល​បន្តិច ​ទឹក​មុខញញឹម​ជានិច្ច។​ ឥរិយាបថ​នៃ​ការសំពះនេះ​មិនត្រូវ​ធ្វើដោយ​កាយ​វិការ​រហ័សរហួន ​ឬប្រញាប់​ពេកទេ ​ត្រូវមាន​ភាព​ទន់ភ្លន់​សមរម្យ​តាមកាល​វេលា។

អ្វី​ដែល​គួរចៀសវាង​ក្នុងពេល​សំពះនោះ គឺសំពះ​ដោយមិន​បានតម្រឹម​បាតដៃ​និងម្រាមដៃ​ឱ្យ​ជាប់​ស្មើគ្នា ​ដោយ​បើ​កម្រាមដៃ​ចំហ​ឃ្លាតពីគ្នា។​ ការសំពះ​របៀបនេះ​មិនមាន​ន័យថា​ ជាការ​គោរព​ប្រតិបត្តិ​ដោយមិនយកចិត្ត​ទុកដាក់។​ នេះបើ​តាមការ​តាក់តែង​ក្នុងសៀវភៅ​ អត្ថប្រយោជន៍​និងតម្លៃនៃ​សិល្បៈ ​ដែលរៀប​រៀង​ដោយ​អ្នកគ្រូ​ កែវ​ ណារុំ​ និង​អ្នកគ្រូ​ ព្រំ ​ស៊ីសាផាន្ធា។

លោកបណ្ឌិត ​ចិន្ត​ ច័ន្ទរតនា​ បានពន្យល់​អំពីរ​បៀប​និងអត្ថន័យ​នីមួយៗ​នៃការ​សំពះ​របស់ខ្មែរ​យ៉ាងដូច្នេះថា៖​

សំពះទី១-​ ដៃ​ផ្គុំ​ដាក់​ត្រឹម​ដើមទ្រូង​ ៖ ជាការ​សំពះ​ចំពោះ​អ្នកមានវ័យ​ឬឋានៈ​ស្មើគ្នា​ ដូចជា​មិត្តភក្តិ។

សំពះទី២- ​ចុងម្រាម​ដៃ​ផ្គុំ​ដាក់ត្រឹមមាត់ ​៖ ជាការ​សំពះ​ចំពោះ​អ្នក​មាន​វ័យចាស់​ជាង ​ឋានៈធំ​ជាងឬចៅ​ហ្វាយនាយ​។

សំពះទី៣-​ ចុង​ម្រាមដៃ​ផ្គុំ​ដាក់​ត្រឹម​ចុងច្រមុះ ​៖ ជាការ​សំពះ​ចំពោះ​ឪពុកម្តាយ​ អាណាព្យាបាល​ ជីដូនជីតា​ និង​គ្រូបាធ្យាយ​ជាដើម។

សំពះទី៤-​ ចុង​ម្រាមដៃ​ដាក់​ចំ​ប្រជុំចិញ្ចើម ៖​ ជាការ​សំពះ​ចំពោះ​ព្រះសង្ឃ ​ព្រះមហាក្សត្រឬ​វត្ថុស័ក្តិសិទ្ធជាដើម​។

សំពះទី៥)​ ផ្គុំ​ម្រាម​មេដៃ​ដាក់​ត្រឹម​ប្រជុំ​ចិញ្ចើម​ឡើងលើ​ ៖ សំពះ​ព្រះរតនត្រ័យ ​ព្រះព្រហ្ម ​ទេវតានិងការ​បួង​សួង​ផ្សេងៗ៕

ចែករំលែកតាម៖