សុភមង្គលរបស់មនុស្សម្នាក់ៗអាចមានទៅបានលុះត្រាតែសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អព្រមគ្នា

សុភមង្គលរបស់មនុស្សម្នាក់ៗអាចមានទៅបានលុះត្រាតែសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អព្រមគ្នា

មនុស្ស​ម្នាក់ៗ​អាចរស់នៅ​ប្រកប​ដោយ​សុភមង្គល​ទៅបាន​ចាំបាច់គឺ​ត្រូវតែ​មានលក្ខខណ្ឌ​ល្អ​ប្រសើរ​ខាង​រាងកាយ ផ្លូវចិត្ត និងជំនឿ​ស្មារតី។ សុខភាព​ផ្លូវកាយមាន​ទំនាក់ទំនង​ជិតស្និទ្ធទៅ​នឹង​សុខភាព​ផ្លូវចិត្ត។ ផ្ទុយមកវិញ ប្រសិនបើ​មនុស្ស​ម្នាក់ៗមិន​បាន​ថែរក្សា​សុខភាព​ផ្លូវកាយ​ឱ្យបាន​ល្អ​ប្រសើរ​ទេ នោះ​បញ្ហា​ផ្លូវចិត្ត​ក៏​តែងជះនូវផលអាក្រក់មកវិញ​ច្រើន​ដែរដូច​ជា​មាន​អារម្មណ៍​ឆាប់ខឹង ឆេវឆាវ ភ័យខ្លាច ពិបាកចិត្ត​ច្រើន គេង​មិន​លក់ អស់កម្លាំង និង​មាន​បញ្ហា​ដល់​ការ​ផ្ចង់​អារម្មណ៍និង​ការ​ចងចាំផង​ដែរ។ ទាំងនេះបើតាមរបាយការណ៍របស់អង្គការ​សុខភាព​ពិភពលោក (WHO)។

ប្រភព​ដដែលបានឱ្យដឹង​ទៀតថា​ ជាទូទៅ​យើង​អាច​កំណត់បានពីបុគ្គល​ម្នាក់​មាន​សុខភាព​ល្អលុះ​ត្រា​តែ​មាន​កត្តា​សំខាន់ៗ៣គឺកត្តា​សុខភាព​ផ្លូវកាយ​ល្អ សុខភាព​ផ្លូវ​ចិត្តល្អ និង​សុខុមាលភាព​សង្គម​ល្អ។

ជុំវិញ​បញ្ហា​នេះនិស្សិត​ផ្នែកចិត្តវិទ្យា​នៃសាកលវិទ្យាភូមិន្ទភ្នំពេញ ​យុវជន ​ផាន ចាន់ណា លើកឡើង​ក្រោយ​បញ្ចប់សិក្ខា​សាលាស្តី​ពីទំនាក់ទំនង​សុខភាព​ផ្លូវកាយ​និងផ្លូវចិត្ត​កាលពី​ចុង​ខែ​កក្កដា​ ថា ទោះបីខ្លួន​សិក្សា​ផ្នែក​ចិត្តវិទ្យាក្តី ​ក៏បញ្ហា​ផ្លូវចិត្ត​និងផ្លូវកាយ​នៅតែ​កើតមាន។ និស្សិត​ឆ្នាំទី២​រូបនេះ​បន្តថា ​បញ្ហាភាគ​ច្រើនគឺមក​ពី ការចាកចេញ​ឆ្ងាយ​ពីក្រុម​គ្រួសារ​មករស់​នៅភ្នំពេញ​និងបញ្ហា​ខ្វះខាត​ថវិកា​ក្នុង​ការសិក្សា​ជាដើម។

យុវជន ផាន ចាន់ណា៖«ទាក់ទង​ជាមួយ​ពេលវេលា​នៃការរៀន ​មានន័យថា​ ពេលខ្លះ​រៀនទៅ​វាពិបាក​ មេរៀន​ហ្នឹងពិបាក ​[អ៊ី]ចឹងយើងត្រូវ​មានការស្រាវជ្រាវ​ច្រើន។ មួយទៀត​ការចាប់ផ្តើម​ពេលវេលា​ធ្វើការ ​ដោយ​សារតែ​ភាពក្មេងខ្ចី [អ៊ី]ចឹងពេល​ដែលយើង​ធ្វើការ​ទៅមាន​ការលំបាក។ មួយទៀត​ក្នុងការ​ប្រឡូក​នៅក្នុង​សង្គម មាន​ន័យថា យើង​ជាអ្នក​មកពី​ជនបទ [អ៊ី]ចឹងនៅ​ពេលយើង​មករៀន​នៅទីក្រុង​ហាក់ដូចជា​ផ្លាស់បរិបទ​នៃការរស់នៅ​របស់យើង​ទាំងស្រុង​[អ៊ី]ចឹងយើង​មានភាពប្លែកនិងមានការពិបាក»។

យុវជន ​ផាន ចាន់ណា និស្សិត​ផ្នែកចិត្តវិទ្យា​នៃសាកលវិទ្យាភូមិន្ទភ្នំពេញ ​
យុវជន ​ផាន ចាន់ណា និស្សិត​ផ្នែកចិត្តវិទ្យា​នៃសាកលវិទ្យាភូមិន្ទភ្នំពេញ ​

ស្រដៀងគ្នា​នេះ កញ្ញា កាន់ កែវវរលក្ខណ៍ បុគ្គលិក​មជ្ឈមណ្ឌល​សហប្រតិបត្តិកម្ពុជា ជប៉ុន ​ហើយតែងតែ​ចូលរួមក្នុង​សិក្ខាសាលា​របស់វិទ្យុផ្កាឈូក​បានប្រាប់​ឱ្យដឹងថា​ សុខភាព​ផ្លូវកាយ​និងផ្លូវចិត្ត​ពិតជា​មាន​ទំនាក់ទំនង​គ្នាយ៉ាងជិតស្និទ្ធ​ ប៉ុន្តែអ្វី​ដែល​សំខាន់​ជាងគេ​នោះគឺបញ្ហា​ផ្លូវចិត្ត។ កញ្ញា កាន់ កែវវរលក្ខណ៍ ដែលមាន​ម្តាយ​ជួបអ្នកបញ្ហាផ្លូវចិត្ត​បាន​រៀបរាប់ពី​បទពិសោធ​របស់ខ្លួន​យ៉ាងណា​ដូច្នេះថា៖ «គាត់អត់​ចូលចិត្ត​ចេញ​ទៅក្រៅ​មានមនុស្ស​ច្រើនរញ៉េរញ៉ៃ ​អាច​ថាគាត់​ចង់នៅ​តែក្នុងផ្ទះ ​គាត់អត់​ចង់ដើរ​លេងសប្បាយ​មនុស្សច្រើន​។ រាល់ថ្ងៃ​គាត់ប្រើថ្នាំ ​ប្រើថ្នាំវេជ្ជសាស្ត្រ​។ តាម​ពិតពេល​ខ្ញុំធ្លាប់គិត​ថា​ ថ្នាំគ្រាន់​តែជួយ​ឱ្យគាត់​សម្រាន្តលក់​បានច្រើន​គាត់អត់​សូវគិត ​គិតថា​បើផ្លូវចិត្តគាត់​បានល្អជាង ​គាត់មិន​បាច់ប្រើថ្នាំ​គឺល្អ។

កញ្ញា កាន់ កែវវរលក្ខណ៍ បុគ្គលិក​មជ្ឍមណ្ឌល​សហប្រតិបត្តិកម្ពុជាជប៉ុន ​
កញ្ញា កាន់ កែវវរលក្ខណ៍ បុគ្គលិក​មជ្ឍមណ្ឌល​សហប្រតិបត្តិកម្ពុជាជប៉ុន ​

នៅក្នុង​សិក្ខាសាលា​​ដែលបានរៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង២០០​នាក់ រួម​មាន​ទាំង​អ្នក​ជំនាញ​តាម​បែប​អាណាចក្រនិង​ពុទ្ធចក្រ ​បាន​រួម​គ្នា​បកស្រាយ​នូវ​វិធីសាស្ត្រ​មួយ​ចំនួនទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវកាយ​និងផ្លូវចិត្ត។

ប្រធាន​សមាគមពាណិជ្ជកម្ម​និងវិនិយោគកម្ពុជាជប៉ុន​ លោក អៀង សុធារ៉ា មានប្រសាសន៍ថា​ ប្រសិន​បើចង់ឱ្យ​ទំនាក់ទំនង​សុខភាព​ផ្លូវកាយ​និងផ្លូវចិត្ត​ដំណើរការ​ទៅបានល្អ​គឺទាមទារ​ឱ្យបុគ្គល​គ្រប់រូប​ចេះគ្រប់​គ្រង​និងថែរក្សា​សុខភាព​តាមបែបវេជ្ជសាស្ត្រ​ផងនិងតាមបែប​ពុទ្ធសាសនា​ផង។

ប្រធាន​សមាគមពាណិជ្ជកម្ម​និងវិនិយោគកម្ពុជាជប៉ុន​ លោក អៀង សុធារ៉ា
ប្រធាន​សមាគមពាណិជ្ជកម្ម​និងវិនិយោគកម្ពុជាជប៉ុន​ លោក អៀង សុធារ៉ា

លោក អៀង សុធារ៉ា៖«កាយរបស់​យើងមាន​ន័យថា កម្មន្តៈ និងអាជីវៈ សកម្មភាព​ដែលយើង​ធ្វើរាល់ថ្ងៃ​ សកម្មភាព​ដែលយើង​ប្រកបអាជីវកម្ម​រាល់ថ្ងៃ ​ដំណើរការ​ទៅបានល្អ​គឺទាល់តែ​យើងចេះ​គ្រប់គ្រង​ខ្យល់ គ្រប់គ្រង​ដង្ហើមឱ្យ​បាន។ បើកាលណា​យើងអត់ចេះ​គ្រប់គ្រង​ខ្យល់ដង្ហើម​ទេ គឺអត់​ពូកែទេ​ អ៊ីចឹង​បានលោកឱ្យ​យើងធ្វើ​សមាធិ​ហៅថា ​អាណាបាសតិ ​គឺយកអាណាបាណាសតិ​នេះទៅគ្រប់គ្រង​កាយ។ ប៉ុន្តែដល់ខ្យល់​នេះ​គ្រប់គ្រង​ដោយចិត្ត​វិញដោយ​សតិវិញ។ [អ៊ី]ចឹងហើយ​បានជា​យើងធ្វើ​សមាធិយើង​ចេះតែ​គិតឃើញ​ទៅនេះ​ទៅនោះ​ លោកឱ្យ​ទាញមកគិត​រឿងខ្យល់ដង្ហើម​វិញ។ [អ៊ី]ចឹង​យើង​ចិត្តទៅគ្រប់គ្រងខ្យល់​ ហើយយក​ខ្យល់​ទៅគ្រប់គ្រង​កាយ សកម្មភាព​បែបហ្នឹង​ធ្វើឱ្យប្រព័ន្ធប្រសាទ​របស់យើង​ដំណើរ​ទៅបានល្អ»។

ប្រធានមន្ទីរ​សម្រាកព្យាបាល​កុមារផ្កាឈូក វេជ្ជបណ្ឌិត សេង សាម៉ន អះអាង​ថា តាមក្បួនវេជ្ជសាស្រ្ត​ សុខភាពផ្លូវកាយ​និងផ្លូវចិត្ត​គឺត្រូវដើរ​ទទឹមគ្នា ក៏ព្រោះ​តែទំនាក់ទំនង​សុខភាព​ផ្លូវកាយ​និងផ្លូវចិត្ត​ពិត​ជារឿង​ដ៏សំខាន់​ដែលនត្រូវទាមទារ​ការយកចិត្ត​ជាខ្លាំង​។ លោកវេជ្ជបណ្ឌិតបន្ត​ថា នៅ​ក្នុងខ្លួន​មនុស្ស​មានប្រព័ន្ធ​ជាច្រើន​ តែមាន​ប្រព័ន្ធ​សំខាន់ៗ​ចំនួន២គឺប្រព័ន្ធ ​Parasympathetic និង Sympathetic ​ដែលមាននៅក្នុង​ទំនាក់ទំនង​ផ្លូវកាយ​និងផ្លូវចិត្ត។

យ៉ាងណា​ក្តីប្រធានមន្ទីរ​សម្រាកព្យាបាល​កុមារផ្កាឈូករូបនេះ​បានបញ្ជាក់ថា ចំណុច​សំខាន់​ទាំងពីរ​នេះត្រូវទទួលបាន​ការមើលថែ​ព្រមគ្នា​ ដោយលោកថានៅពេល​យើងចង់​ឱ្យសុខភាព​ផ្លូវកាយ​បានប្រសើរ​យើងត្រូវ​ជួបពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ ប៉ុន្តែនៅពេល​ផ្លូវចិត្ត​ចាប់ផ្ដើម​មានបញ្ហា​យើង​ចាប់ផ្ដើម​ស្វែងរក​វិធីដើម្បីឱ្យផ្លូវចិត្ត​បានប្រសើរ​ តាមរយៈ​វិធីសាស្រ្ត​ច្រើន​ដូចជា​ការអប់រំ​ផ្លូវចិត្ត​តាមបែប​ព្រះពុទ្ធសាសនា​ជាដើម។

វេជ្ជបណ្ឌិត សេង សាម៉ន ៖ «យើងដឹង​ហើយកាល​ពីតូច​យើងរស់​នៅដូច​ក្រដាស​ស​អ៊ីចឹងអត់មាន​បញ្ហា​អីទេ ប៉ុន្តែ​នៅពេល​ដែលយើង​រស់នៅ​ធំទៅៗ ផលប៉ះពាល់​វានឹង​មាន តាមការ​ញ៉ាំ ផល​ប៉ះពាល់​ផ្នែក​រាងកាយ តាមការ​ដែលយើង​មើលឃើញ​ក្នុងសង្គម​ វាប៉ះពាល់​ដល់ផ្លូវចិត្ត​របស់យើង។ អ៊ីចឹងដំណោះស្រាយ​ដែលល្អ​យើងត្រូវ​ឧស្សាហ៍​ទៅពិនិត្យ​មើលសុខភាព ​យ៉ាងហោច​ណាស់​ក៏១ឆ្នាំម្ដង ​គួបផ្សំ​នឹងការ​ពិនិត្យ​សុខភាព​ផ្លូវកាយ​នេះដែរ ​គ្រួពេទ្យ​នឹងស្វែងរក​បញ្ហា​ផ្លូវចិត្ត​បូកជាមួយគ្នា​ដែរ»។​

Sequence 01.00_19_03_19.Still007
លោកវេជ្ជបណ្ឌិត សេង សាម៉ន ប្រធានមន្ទីរ​សម្រាកព្យាបាល​កុមារផ្កាឈូក

ព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិក​ថេរសភាសង្ឃកម្ពុជា​និងជាព្រះចៅអធិការវត្តវិមានតេជៈ​ ហៅវត្តស្រះចក ​ដែលបាន​និមន្ត​ចូលរួម​ជាព្រះអធិបតី​ក្នុង​សិក្សាសាលា​នេះ​មានថេរដីកាថា​ ផ្លូវកាយ​និងផ្លូវចិត្ត​គឺជារឿង​មួយដែល​សំខាន់​សម្រាប់​មនុស្ស​ទូទៅ។ ព្រះអង្គ​បន្ត​ថា ក្នុងរយៈកាល​៤៥ឆ្នាំ​ដែល​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​បានត្រាស់ដឹង​ គឺព្រះអង្គ​បានផ្តោត​សំខាន់ក្នុងការអប់រំ​ផ្លូវចិត្ត​ឱ្យមាន​សុខភាពល្អ​។ ព្រះអង្គបន្ថែម​ថា​ នៅពេល​ដែល​ផ្លូវចិត្ត​មានសុខភាព​ល្អហើយ ​ផ្លូវកាយ​ក៏មាន​សុខភាព​ល្អទៅតាម​នោះដែរ​។

ព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានថេរដីកាបន្តថា​៖ «ព្រះពុទ្ធលោកថា​ ដើម្បីសេចក្តីសុខ ​យើងត្រូវ​តែអប់រំចិត្ត​កុំឱ្យ​សេចក្តី​ទុក្ខមកញាំញីចិត្ត​របស់យើង ​ត្រូវកុំជាប់ជំពាក់​នូវរឿង​ទាំងអស់​ដែលធ្វើឱ្យ​អារម្មណ៍​មិនល្អ ​មិនសប្បាយ ​គឺថា​កុំ​ព្យាយាម​សន្សំ​អារម្មណ៍​លំបាកហ្នឹង​ កុំព្យាយាម​សន្សំ​អារម្មណ៍​ទោមនស្សហ្នឹង​ ឱ្យធ្វើ​យ៉ាងណា​យកចិត្ត​របស់យើង​កុំជាប់ជំពាក់​ ក្នុងអារម្មណ៍​ដែលលំបាកហ្នឹង ​លោកឱ្យ​ព្យាយាម​ដោះខ្លួន​ចេញ»។

ព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិក​ថេរសភាសង្ឃកម្ពុជា​ និងជាព្រះចៅអធិការវត្តវិមានតេជៈ​ ហៅវត្តស្រះចក
ព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិក​ថេរសភាសង្ឃកម្ពុជា​ និងជាព្រះចៅអធិការវត្តវិមានតេជៈ​ ហៅវត្តស្រះចក

អ្នកជំនាញ​ខាងអាណាចក្រនិង​ខាងពុទ្ធចក្រ​ ជំរុញ​ឱ្យប្រជាពលរដ្ឋខ្មែរ​គ្រប់រូប​មិនថា ​ចាស់​ឬក្មេង​ ត្រូវតែ​យកចិត្ត​ទុក​ថែរក្សា​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ឱ្យបានរឹងមាំ​ដូចជា ​ការធ្វើ​លំហាត់​ប្រាណ​ឱ្យបានទៀងទាត់​ឬក៏ឧស្សាហ៍ធ្វើសមាធិ​ទាំងនេះ​ក៏ជា​វិធីសាស្ត្រ​មួយជួយ​ឱ្យ​សុខភាព​ផ្លូវកាយ​និងផ្លូវចិត្ត​បានល្អ​ផងដែរ​៕

ចែករំលែកតាម៖