រដ្ឋាភិបាលនឹងស្នើឱ្យJICAបន្តគាំទ្រវារីវប្បកម្មនៅកម្ពុជា

រដ្ឋាភិបាលនឹងស្នើឱ្យJICAបន្តគាំទ្រវារីវប្បកម្មនៅកម្ពុជា

កម្ពុជានៅតែ​ត្រូវ​ការកិច្ច​សហការ​ពីអង្គការ​ JICA ​ក្នុងការ​ជួយ​អភិវឌ្ឍវារីវប្បកម្ម​នៅកម្ពុជា ​ទាំង​ទឹក​សាប​ទាំង​ទឹកប្រៃ​រាប់ចាប់ពីវារីវប្បកម្ម​ខ្នាតតូច​ទៅ​ខ្នាតធំ​ ដើម្បី​បំពេញ​តម្រូវការ​​នៅក្នុង​ប្រទេស។​ នេះបើ​តាមការ​លើកឡើង​របស់​ លោក ជិន ដា អនុប្រធាននាយកដ្ឋាន ​អភិវឌ្ឍ​វ៉ារីវប្បកម្ម​នៃរដ្ឋបាល​ជលផល​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​លើសកម្មភាព​របស់​អង្គការ​JICA​ ស្តីពី​ជលផល​ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ​នា​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅកម្ពុជា ​លោក ជិន ដា បាន​បញ្ជាក់ថា ​កម្ពុជា​បាន​ប្រមូលទិ​ន្ន​ផល​ត្រីធម្មជាតិ​បាន​ប្រមាណ​ជាង​៥០០ពាន់តោន​ក្នុងមួយ​ឆ្នាំ​។ លោកថា​ ចំនួន​នេះគឺ​នៅថេរ​ដែល​​ទាម​ទារឱ្យ​កម្ពុជា​ពង្រឹង​វារីវប្បកម្ម​បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវ​ត្រី​នៅក្នុង​ស្រុក​។​​

លោក ជិន ដា ៖«ពិត​មែន​តែ​គម្រោង​បាន​បញ្ចប់ ​ពេលដែល​យើង​​តម្រូវ​ការគាត់​ គឺ​រដ្ឋាភិបាល​យើង គឹយើង​នឹង​ស្នើសុំ​គាត់​ជួយ​បន្ត​ទាំងទឹក​សាប​ទឹក​ប្រៃ​។ យើង​បាន​លើក​ផែនការ​ឱ្យទៅ JICAជួយ​ដល់​វារីវប្បកម្ម​ទឹកសាប​នេះ ​ជា​លក្ខណៈ​ទ្រង់ទាយធំ​។ បាន​ន័យ​ថា បច្ចុប្បន្ន JICA ជួយ​កន្លង​មក​ជាទ្រង់ទ្រាយ​តូច​ទេ ​គឺកសិករ​ក្រក្រី​ខ្នាត​តូច ​ឥឡូវ​​នេះ​ច​ង់​​ឱ្យ​គាត់​ជួយ​ទៅលើក​គម្រោង​វារីវប្បកម្ម​​ទឹកសាប​ហ្នឹង​គឺឱ្យ​លក្ខណៈ​ជាទ្រង់ទ្រាយ​ធំ ​បាន​ន័យ​ថា ជួយ​កសិករ​ពីខ្នាត​តូច​ឱ្យ​គាត់​ក្លាយ​ទៅជា​ខ្នាតធំ បាន​ន័យថា បច្ចេកទេស​ចិញ្ចឹម​និង​ផលិត​កូន​ត្រី​ពូជឱ្យ​មាន​ខ្នាតធំ​ ធ្វើយ៉ាង​ណា​​​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ»។

លោក ជិន ដា អនុប្រធាននាយកដ្ឋាន ​អភិវឌ្ឍ​វ៉ារីវប្បកម្ម​នៃរដ្ឋបាល​ជលផល​
លោក ជិន ដា អនុប្រធាននាយកដ្ឋាន ​អភិវឌ្ឍ​វ៉ារីវប្បកម្ម​នៃរដ្ឋបាល​ជលផល​

យោង​តាម​របាយការណ៍​ស្តីពីគម្រោង​បង្កើន​ផលិត​ភាពនិង​ផ្សព្វផ្សាយ​វារី​វប្បកម្ម​ទឹកសាប ​របស់​អង្គការ​ JICA​ គម្រោង​នេះ​បាន​អនុវត្ត​នៅក្នុង​ខេត្តចំនួន​៧មាន​ដូចជា ​ខេត្ត​តាកែវ​ កំពង់ចាម ​ព្រៃវែង​ កំពត​ ពោធិ៍សាត់​ បាត់ដំបង​ និង​សៀមរាប​។ គម្រោង​ដែលធ្វើ​តាំងពី​ឆ្នាំ​២០០៥​រហូត​ដល់ឆ្នាំ​២០១៥​នេះ ​បានបង្រៀន​គ្រួសារ​កសិករ​ជាង១៣​០០០​គ្រួសារ ​ចូលរួម​សកម្មភាព​ចិញ្ចឹម​ត្រី ​ហើយ​ទិន្នផល​ក្នុង​វារីប្បកម្មបាន​កើន​ឡើង​ពី​៣០​ទៅ​​៤៥គីឡូ​ក្រាម​ក្នុង​ផ្ទៃ​ស្រះ​១០០​ម៉ែត្រ​ការ៉េ​។ លើស​ពីនេះ​កសិករ​ផលិត​កូនត្រី​ចំនួន​១០៤គ្រួសារ​ បាន​ក្លាយ​ជាគ្រូ​បង្គោល​ក្នុង​មូលដ្ឋាន។

យោងតាម ​លោក ​វេង​ សាខុន​ រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ថ្លែង​ ក្នុង​ពិធី​បិទសន្និបាត​បូក​សរុប​ការងារ​ឆ្នាំចាស់​និងលើក​ទិសដៅ​ការងារឆ្នាំ​ថ្មី នាពេល​កន្លងមក​នេះ​បាន​ឱ្យដឹង​ថា ​ការប្រមូល​ត្រី​របស់​កម្ពុជា​ទាំងត្រី​ធម្មជាតិ​ទាំង​ផលត្រី​ពី​វារីវប្បកម្ម​កាល​ពីឆ្នំា២០១៨​ បាន​ចំនួន​៩១០ពាន់តោន​ កើន​លើស​ឆ្នំា​២០១៧​ចំនួន​ ៦,៣% ក្នុង​នោះ​ផល​នេសាទ​ត្រី​ទឹកសាប​សម្រេច​បាន​៥៣៥​ពាន់តោន ​ផល​នេសាទ​សមុទ្រ​១២១​ពាន់តោន​ និង​ផលវារីវប្បកម្ម​សម្រេច​បាន​ចំនួន​២៥៤ពាន់តោន​ កើន​ទ្បើង​ ២២.៥%​ធៀប​នឹងឆ្នំា​២០១៧​៕

 

ចែករំលែកតាម៖