ស្នាដៃ​មាស​របស់​ប្រទេស​កម្ពុជា

ស្នាដៃ​មាស​របស់​ប្រទេស​កម្ពុជា

​លោក ឆោម វិរៈ ​សមាជិក​ក្រុមព្រះ​សុរិយា លើក​បង្ហាញ​ដុំ​ហ្វ៊ីល​ភាពយន្ត​ទសវត្សទី៦០-៧០

​អ្នកស្រាវជ្រាវ​ភាពយន្ដ​ខ្មែរ​ក្នុង​ទសវត្ស​ទី​៦០ ដល់​៧០​លើកឡើងថា ប្រទេស​ទាំងអស់​នៅក្នុង​ទ្វីប​អាស៊ី​សុទ្ធតែ​មាន​ស្នាដៃ​មាស​ផ្នែក​ភាពយន្ដ ដោយ​ក្នុង​នោះ​ស្នាដៃ​មាស​របស់​ប្រទេស​កម្ពុជា គឺ​ស្ថិតក្នុង​កំឡុង​ទសវត្ស​ទី​៦០​ដល់​៧០​។

​លោក ឆោម វិរៈ គឺជា​សមាជិក​ក្រុមព្រះ​សុរិយា ដែល​ជា​ក្រុមយុវជន​ធ្វើការ​ស្រាវជ្រាវ​លើ​ភាពយន្ដ​ខ្មែរ​ក្នុង​ទសវត្ស​ទី​៦០​ដល់​៧០​។ ក្រុម​នេះ​ក៏​ធ្វើការ​អភិរក្ស​និង​អភិវឌ្ឍ​ភាពយន្ដ​ទាំងនោះ ដោយ​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ប្រជាជន​ខ្មែរ​៖ «​នៅក្នុង​អាស៊ី​ ប្រទេស​ណា​ក៏​មាន​ស្នាដៃ​មាស​ដែរ​។ នៅ​ប្រទេស​ថៃ ស្នាដៃ​មាស​របស់គេ​គឺ​នៅក្នុង​ទសវត្ស​ឆ្នាំ​៧០។ កម្ពុជា​ស្នាដៃ​មាស​របស់​យើង​តាំងពី​ឆ្នាំ​៦០​ដល់​ឆ្នាំ​៧៥ នៅ​ប្រទេស​វៀតណាម​ក៏មាន នៅ​កូរ៉េ​ក៏មាន​។ ដូច្នេះ យុគមាស​នៃ​ភាពយន្ដ​របស់​យើង ខ្ញុំ​គិតថា​ឆ្នាំ​មុន​នឹង​ខ្មែរក្រហម​ចូលដល់ ភាពយន្ដ​ខ្មែរ​យើង​មាន​ភាពល្បីល្បាញ​ខ្លាំងណាស់ ទាំង​នៅ​អាស៊ី​និង​អឺរ៉ុប​។ ភាពយន្ដ​នៅ​អឺរ៉ុប ព្រះករុណា ព្រះបិតា ព្រះ​បរម​រតន​កោដ្ឋ លោក​បាន​យក​ខ្សែ​ភាពយន្ដ​ទាំងអស់នោះ​ទៅ​បញ្ចាំង​នៅ​អឺរ៉ុប មានរឿង​ច្រើនណាស់ អប្សរា រឿង​ឆាយា​លើ​អង្គរ រឿង​វាសនា​អកុសល សុទ្ធ​តែ​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​និង​ទស្សនវិជ្ជា​នៅក្នុង​សង្គម​រាស្ត្រនិយម​»

លោកបន្ថែម​ថា៖ «ដល់​ពេល​សម័យ​សាធារណរដ្ឋ​ខ្មែរ យើង​បាន​យក​ខ្សែរ​ភាពយន្ដ​ដែល​ផលិតករ​កុន​ល្បីៗ​ដូច លោក លី ប៊ុន​យី​ម លោក លី យូ​ស្រ៊ាង លោក ទី លឹម​គុន លោក ឈា នុ យក​ទៅ​បញ្ចាំង​នៅ​ប្រទេស​ជិតខាង​យើង ដូចជា​ថៃ វៀតណាម ឡាវ ហើយ​មាន​ភាពយន្ដ​ខ្លះ​បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី សឹង្ហ​បុរី ហើយ​នឹង​ប្រទេស​ចិន​ទៀតផង​។ ដូច្នេះ​ពួក​យើង​គិតថា មរតក​ក៏​មាន​តម្លៃ​ទាំងអស់នេះ ត្រូវបាន​ខ្មែរក្រហម​បំផ្លាញ​មួយផ្នែកធំ ដូច្នេះ​យើង​គួរតែ​ស្រាវជ្រាវ​ឡើងវិញ ព្រោះថា​យុ​គនេះ​គឺជា​យុគ​មួយ​ដែល​គេ​បាន​សន្មត​ថា ជា​យុគ​មួយ​ដ៏​មាន​តម្លៃ​សម្រាប់​ជាតិ​យើង​»​។​

ទោះបីជា​ភាពយន្ដ​ជាច្រើន​ត្រូវបាន​បំផ្លាញ​ក្នុង​របប​ប្រល័យពូជសាសន៍​ក៏ដោយ ក្រុមព្រះ​សុរិយា​នៅតែ​មាន​លទ្ធភាព​ក្នុង​ការស្វែងរក​ភាពយន្ដ​ក្នុង​ទសវត្ស​ទី​៦០ ដល់​៧០​មួយចំនួន​តាមរយៈ​រោង​ភាពយន្ដ​និង​ប​ណ្ណា​សារ​ទាំង​ក្នុងប្រទេស​និង​ក្រៅបរទេស​៖ «​យើង​ត្រូវ​ស្គាល់ ទី​១​រោងកុន​នៅ​ណា​? តួ​អ្នកណាខ្លះ​? ឧទាហរណ៍ គង់ សំអឿន គាត់​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម ដូច្នេះ​កុន​ណា​ដែល គង់ សំអឿន លេង​សុទ្ធតែ​ក្នុងសម័យ​ឆ្នាំ​៦០ ៧០​ទាំងអស់​។ ទី​២​យើង​ត្រូវ​ស្គាល់​ថា​តើ​ស្រុក​យើង​ពី​ដើម ក្រុង​ណា​ដែល​ស៊ីវិល័យ​? រាជធានី​ភ្នំពេញ​ជា​ក្រុង​ដែល​ស៊ីវិល័យ​ជា​ង​គេ​ទាំង​នៅ​កម្ពុជា​ទាំង​នៅ​អាស៊ី ក្រុង​បាត់ដំបង​ជា​ក្រុង​មួយ​ដែល​មាន​រោងកុន​ដល់​ទៅ​៧​រោង នៅ​កំពង់ចាម​មាន​៤​រោង នៅ​កំពត​មាន​៤​រោង ដូច្នេះ​ក្រុង​ទាំងអស់​ហ្នឹង​សុទ្ធតែ​មាន​ឯកសារ​និង​អាច​នឹង​មាន​ការ​រក្សា​ទុក​ពី​ប្រជាជន​ដែល​រស់នៅ​ទីនោះ​»

លោក ឆោម វិរៈ បន្ថែម​ទៀត​ថា «នៅ​ប្រទេស​គេ គេ​រក្សាទុក​នៅ​ប​ណ្ណា​សា​រដ្ឋាន ឬក៏​បណ្ណាល័យ​ដែល​គេ​តម្កល់​ទុក​កាសែត​អ៊ីចឹង​ទៅ យើង​ទៅ​កូ​ពី​(copy)​មក ប្រទេស​ថៃ​គេ​មិន​យក​លុយ​ទេ ដោយសារ​តែ​ទី​១​ខ្ញុំ​ស្គាល់​ប្រធាន​achieve​នៅ​ទីនោះ​។ ហើយ​ដល់​ពេល​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​សិង្ហ​បុរី គឺ​គេ​គិត​មួយ​១​ដុល្លារ​។ គេ​ទុកជា​សម្បត្តិ​សាធារណៈ​ហើយ​ឥឡូវហ៎​»​។​

សកម្មភាព​ចុះស្រាវជ្រាវ​របស់​​សមាជិក​ក្រុមព្រះ​សុរិយា (រូប​ផ្ដល់​ឱ្យ​ដោយក្រុម​ព្រះសុរិយា)
សកម្មភាព​ចុះស្រាវជ្រាវ​របស់​​សមាជិក​ក្រុមព្រះ​សុរិយា (រូប​ផ្ដល់​ឱ្យ​ដោយក្រុម​ព្រះសុរិយា)

​អ្នកស្រាវជ្រាវ​ភាពយន្ដ​ខ្មែរ​ក្នុង​ទសវត្ស​ទី​៦០​ដល់​៧០​អះអាងថា រាល់​ភាពយន្ដ​ដែល​ពួកគេ​បាន​រកឃើញ មិនមែន​សុទ្ធតែ​អាច​ដាក់​បញ្ចាំង​ជូន​សាធារណជន​ទាំងអស់​នោះ​ទេ ពីព្រោះ​ឯកសារ​មួយចំនួន​ត្រូវបាន​ខូច រីឯ​ខ្លះ​ទៀត​មាន​ជាប់​ពាក់​ពន្ធ​ជាមួយ​កម្មសិទ្ធិបញ្ញា​៖ «​ឯកសារ​ខ្លះ​វា​ជា​មរតក យើង​មិន​អាច​ប្រើ​វិញ​បានទេ​។ ឧទាហរណ៍​ដូច​រូបថត​យើង​បានត្រឹមតែ​តាំង ហើយ​បើ​ហ្វីល​កុន វា​មាន​ហ្វីល​ខ្លះ​ដាច់​កំណេតកំណាត់ យើង​មិន​អាច​ប្រើ​បាន​ទេ​។ និយាយ​ទៅ​កម្មសិទ្ធិបញ្ញា​បច្ចុប្បន្ន​គឺ​ស្ថិតនៅ​លើ​សិទ្ធិ​ក្រុមគ្រួសារ ដូច​ជា​ខ្សែ​ភាពយន្ដ​ខ្លះ​យើង​មាន​មែន តែ​ភាពយន្ដ​ហ្នឹង​ម្ចាស់​គេ​នៅ​រស់ ចឹង​យើង​ត្រូវ​សុំ​សិទ្ធិ​គេ​ក្នុង​ការផ្សព្វផ្សាយ សុំ​សិទ្ធិ​គេ​ដាក់​បញ្ចាំង​គ្រប់​សព្វបែបយ៉ាង​ទើប​ក្រុមព្រះ​សុរិយា​ធ្វើ​»

លោកបន្ថែមថា៖ «គោរព​នេះ​វា​មាន​ផលប្រយោជន៍​២ ទី​១​គោរព​ដល់​ស្នាដៃ​រៀមច្បង ទី​២​គោរព​ដល់​ការផ្ដល់​សិទ្ធិ​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខណ្ឌ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​យើង​គឺ​ច្បាប់​កម្មសិទ្ធិបញ្ញា​នេះឯង​។ ខ្សែ​ភាពយន្ដ​ខ្លះ​បងប្អូន​គាត់​នៅរស់ គាត់​ស្លាប់ កូន​គាត់​នៅរស់ យើង​ត្រូវ​ទៅ​សុំ​សិទ្ធិ​កូន​គាត់​ដើម្បី​សុំ​ថា ទោះបីជា​គេ​មាន​មែន​តែ​គេ​មិន​ឱ្យ​យើង​ក៏​យើង​បញ្ចាំង​មិនបាន​ដែរ​»​។​

​សមាជិក​ក្រុមព្រះ​សុរិយា​រូបនេះ​លើកឡើងថា ក្រុមព្រះ​សុរិយា​នឹង​បន្ត​ស្វែងរក អភិរក្ស និង​អភិវឌ្ឍ ស្នាដៃ​ភាពយន្ដ​ខ្មែរ​ក្នុង​ទសវត្ស​ន៍ទី​៦០​ដល់​៧០​។ លើសពីនេះ ក្រុមព្រះ​សុរិយា​នឹង​ធ្វើ​ការអភិវឌ្ឍ​ស្នាដៃ​ភាពយន្ដ​ទាំងនោះ​បន្ថែមទៀត តាមរយៈ​ការបង្កើត​កម្មវិធី​នានា ដូចជា​កម្មវិធី​មួយ​ម៉ឺន​អាល័យ ដែល​នឹង​ធ្វើការ​ឡើង​ក្នុង​ដើម​ខែ​សីហា ក្នុង​គោលបំណង​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ ជួបជុំ​សិល្បករ​សិល្បការិនី​ជើងចាស់ ការប្រគុំ​តន្ត្រី​ចម្រៀង​ដកស្រង់​ចេញពី​ខ្សែភាពយន្ត និង​ការ​ដាក់​តាំង​បង្ហាញ​សម្លៀកបំពាក់​ដែល​នៅ​សេស​សល់​​តាំង​ពី​ទសវត្ស​ន៍ទី​៦០-៧០​។

​មិនតែប៉ុណ្ណោះ ក្រុមព្រះ​សុរិយា​គ្រោង​នឹង​ធ្វើ​បណ្ណាល័យ​ដែល​មាន​រក្សាទុក​នូវ​ស្នាដៃ​ក្នុង​ទសវត្ស​ន៍ទី​៦០ ដល់​៧០​ទាំងអស់ ដើម្បី​ឱ្យ​សាធារណជន​ចូល​សិក្សា​និង​ទស្សនា​ដោយ​សេរី​៕

ចែករំលែកតាម៖