​ការអនុវត្ត​កសិកម្ម​ល្អ GAP ជា​គន្លឹះ​ក្នុង​ការលើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

​ការអនុវត្ត​កសិកម្ម​ល្អ GAP ជា​គន្លឹះ​ក្នុង​ការលើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

​ក្រសួង​កសិកម្ម​និង​ភាគី​ពាក់ព័ន្ធ​លើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ការជំរុញ​គម្រោង​លើកកម្ពស់​ការអនុវត្ត​កសិកម្ម​ល្អ (GAP)​ ឱ្យមាន​ប្រសិទ្ធិភាព និង​ជំរុញ​ការអនុម័ត​ស្ដង់ដា​កសិកម្មសរីរាង្គ​ជាតិ​ឱ្យបាន​ឆាប់រហ័ស ​គឺ​គន្លឹះ​សំខាន់​ក្នុង​ការ លើកស្ទួយ​វិស័យ​កសិកម្ម​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​។

​ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​មួយ​ស្តីពី «​កិច្ចសន្ទនា​រវាង​វិស័យ​សាធារណៈ​ជា​មួយ​វិស័យ​ឯកជន​លើ​ការអនុវត្ត​កសិកម្ម​ល្អ(GAP) និង​កសិកម្ម​សិរី​រាង្គ​» ដែល​ធ្វើឡើង​កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៧​។​

​នៅក្នុង​សិក្ខាសាលា​នេះ លោក អ៊ុក ស៊ីផា​ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិម្ម​នៃ​ក្រសួង​កសិកម្ម បាន​ទទួលស្គាល់ថា វិស័យ​កសិកម្ម​កម្ពុជា​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ហើយ​បញ្ហា​ទាំងនោះ​ត្រូវ​មាន​ការដោះស្រាយ​ជា​ប្រព័ន្ធ​។​

​លើសពីនេះ លោក អ៊ុក ស៊ីផា​ន នៅតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​ស្នូល​ក្នុងការ​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច ​និង​ការពារ​សន្តិសុខ​សង្គម កាត់បន្ថយ​ភាពក្រីក្រ ជីវភាព​កសិករ និង​ការពារ​បរិស្ថាន ។ ដូច្នេះ​ក្រសួង​កសិកម្ម និង​ភាគី​ពាក់ព័ន្ធ​បង្កើត​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ពិភាក្សា​រួមគ្នា និង​ផ្ដោត​ការយកចិត្តទុកដាក់​កាន់តែ​ខ្លាំង​លើ​ការ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ពិសេស​ឈានទៅ​ជំរុញ​កសិកម្មសរីរាង្គ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​៖

«​អគ្គនាយក​ក​ដ្ឋា​ន​កសិកម្ម ក៏ដូចជា​ក្រសួង​រុក្ខា​ប្រមាញ់ និង​នេសាទ​ដែរ បាន​រៀបចំ​សិក្ខា​នៅ​ថ្ងៃនេះ​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ GAP នេះ​បន្ត​ទៀត ក៏ដូចជា​ផ្សព្វផ្សាយ​នូវ​ការអនុវត្ត​កសិកម្មសរីរាង្គ​ចំពោះមុខ ដែល​កន្លងមក​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឯកភាព​ទៅលើ​គោលការណ៍​ណែនាំ​នេះ​នៅក្នុង​ក្រប​ខណ្ឌ​អាស៊ាន​រួចហើយ​។ អ៊ីចឹង​សម្រាប់​ក្របខណ្ឌ​ជាតិ​គឺ​យើង​កំពុងតែ​ធ្វើ​យ៉ាងណា​ឱ្យ​គោលការណ៍​ណែនាំ​នេះ​ក្លាយ​ជា​បទដ្ឋាន​គតិ​យុទ្ធ​របស់​ជាតិ​សម្រាប់​ការអនុវត្ត​។ ដូច្នេះ​ក្រសួង ក៏ដូចជា​អគ្គនាយកដ្ឋាន​កសិកម្ម​គឺមាន​ផែនការ​សកម្មភាព​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត ទៅ​លើ​កិច្ច​ប្រតិបត្តិ​កសិកម្ម​ល្អ និង​កិច្ច​ប្រតិបត្តិ​កសិកម្មសរីរាង្គ​នេះ​។ អ៊ីចឹង​សិក្ខាសាលា​នៅ​ថ្ងៃនេះ​គឺ​មាន​សារសំខាន់​ផ្សព្វផ្សាយ​ទៅ​ដល់​ក្រុម​អ្នក​ផលិត ក៏​ដូចជា​ក្រុម​អ្នក​លក់​និង​ក្រុម​អ្នក​បរិភោគ​ឱ្យ​បាន​ជ្រួតជ្រាប​ពី​បញ្ហា​នេះ និង​យកចិត្តទុកដាក់​ពី​សារសំខាន់​កិច្ច​ប្រតិបត្តិ​កសិកម្ម​ទាំង​ពីរ​មុខ​នេះ​»​។

GAP&Organic-20180902_02

​ទន្ទឹម​នឹង​ការលើកឡើង​នេះដែរ នាយក​គម្រោង​នៃ​អង្គការ GIZ របស់​អាល្លឺម៉ង់ លោក Till Ahnert យល់ថា ទាំង​អ្នក​លក់ អតិថិជន ពិសេស​អ្នក​ផលិត​ទាំងឡាយ នៅ​កម្ពុជា​មាន​ចំណេះ​នៅ​មាន​កម្រិត​នៅឡើយ ពាក់ព័ន្ធ​នឹង​សារធាតុពុល​នៅក្នុង​បន្លែ​និង​ផ្លែឈើ​។ លោក​ថា បញ្ហា​នេះ​កំពុង​គំរាមកំហែង​ដល់​សុខភាព ខណៈ​បន្លែ​ផ្លែឈើ​ពី​ក្រៅ​ប្រទេស​នៅ​តែ​នាំ​ចូល​មក​កម្ពុជា​។​

​លោក​អះអាង​ថា GIZ នឹង​បន្ត​ការគាំទ្រ ជំរុញ​លើ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​ជំរុញ​កសិកម្មសរីរាង្គ​កម្ពុជា ឈាន​ដល់​ការនាំចេញ​បន្លែ​ផ្លែ​សរីរាង្គ​ទៅ​ទីផ្សារ​អន្តរជាតិ​៖ «​ទាំង​អ្នក​ប្រើប្រាស់ ទាំង​អតិថិជន ទាំង​អ្នក​ផលិត អ្នកលក់ គឺ​ការ​យល់​ដឹង​នៅមានកម្រិត​ផ្នែក​ជាតិពុល​នៅក្នុង​បន្លែ​ផ្លែឈើ​ទាំងឡាយ​។ អ៊ីចឹង​ហើយ​បានជា GIZ បាន​ណែនាំ​គម្រោង​ឬ​ស្តង់ដាពី​រ ក្នុងនោះ​ហៅថា​ស្តង់ដា​សរីរាង្គ មួយទៀត​ហៅថា​ស្តង់ដាការអនុវត្ត​ល្អ​យក​មក​ណែនាំ គោលដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​បន្ទាក់​គ្នា​រវាង Supply Chain មានន័យ​ថា ស៊ីចង្វាក់​គ្នា​តាំងពី​អ្នក​ផលិត អ្នកលក់ រហូត​ដល់​អ្នក​ប្រើប្រាស់​។ ចុងបញ្ចប់​មានន័យថា​អ្នក​នោះ​គិតតែ​ស្តង់ដា​នេះ ស្តង់ដា​នោះទេ គឺ​យើង​មាន​ឯកសារ​ដើម្បី Reference​(​យោង​)​ថា នេះ​ពិតជា​ស្តង់ដាអាច​ធ្វើឱ្យ​មាន​ទំនុកចិត្ត​ដល់​អតិថិជនឬ​អ្នក​បរិភោគ‌‌​»​។

«​មួយទៀត​នៅ​ពេល​ដែល​យើង​បា‌ន​ស្តង់ដារ​នេះ គឺ​យើង​​ងាយស្រួល​ក្នុង​ការនាំចេញ​ក្នុង​ក្របខណ្ឌ​អាស៊ាន ក្នុង​ក្របខណ្ឌ​ប្រទេស​ក្នុង​តំបន់​ផងដែរ ហើយ​ដែល​ធ្វើឱ្យ​ពាណិជ្ជកម្ម​នេះ​អាច​ដំណើរការ​ទៅ​ដោយ​មាន​ប្រសិទ្ធភាព មាន​តម្លៃ​មួយ​ដែល​អាច​ទទួល​ស្គាល់​សម​រម្យ​សម្រាប់​​អ្នក​ផលិត​ផងដែរ​…»​។​

​ចំណែកឯ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​កសិកម្ម​ភូមិ​យើង មកពី​ខេត្ត​កណ្តាល លោក គង់ ស ឱ្យដឹងថា បន្លែ​ផ្លែឈើ​នាំចូល​ពី​ក្រៅ​ប្រទេស ព្រមទាំង​បន្លែ​ប្រើ​សារធាតុ​គីមី កំពុង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​កម្ពុជា​៖ «​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ក្នុង​គ្រួសារ​ខ្ញុំ​បាន​ជួបប្រទះ​ហើយ​។ ឧទាហរណ៍​ថា​យើង​យក​បន្លែ​ស្ពៃ​ចង្កឹះ ស្រាប់តែ​ហូប​ហើយ ទើបតែ​បាន​កន្លះ​ម៉ោង វា​ប្រតិកម្ម រាគ រហូតដល់​ថ្នាក់​ព្យួរ​សា​រ៉ូម​។ នេះ​ជា​ការព្រួយបារម្ភ​ខ្លាំង​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ជីវភាព​រស់នៅ​របស់​យើង​»​។​

​អ្នកគ្រប់គ្រង​ផ្សារ​ភូមិ​ធម្មជាតិ​មក​ពី​អង្គការ ការី​តាស់(Caritas) ដែលជា​អង្គការ​គាំទ្រ​ការផលិត​ដំណាំ​សរីរាង្គ​នៅ​កម្ពុជា លោក ខុន រិទ្ធី យល់ថា វិស័យ​កសិកម្ម​ធម្មជាតិ​និង​សរីរាង្គ​មាន​ការរីកចម្រើន​ខ្លាំង​ក្នុងពេល​បច្ចុប្បន្ន​នេះ ដោយសារ​កសិករ​អាច​បន្ថែម​តម្លៃ​លើ​ផលិតផល​នៅលើ​ទីផ្សារ និង​ការឱ្យ​តម្លៃ​លើ​សុខភាព​។

ហេតុនេះ លោក​គាំទ្រ​ឱ្យ​មាន​ការបង្កើន​កសិកម្ម​សរីរាង្គ ពីព្រោះ​វា​ជា​ជំហាន​មួយ​ជួយ​ឱ្យ​កសិករ​ចូលរួម​ថែរក្សា​បរិស្ថាន​ជុំវិញ​ខ្លួន​និង​សុខភាព​៖ «​អ៊ីចឹង​ប្រសិន​ជា​មាន​ការយកចិត្តទុកដាក់ ជួយ​ជ្រោមជ្រែង​គាំទ្រ​ពី​រដ្ឋាភិបាល ទី​១ គាត់​មាន​ទឹកចិត្ត​ក្នុងការ​ធ្វើ ហើយ​គាត់​ជឿជាក់​ទៀតថា បើសិនជា​រដ្ឋាភិបាល​ជួយ បានន័យថា​រដ្ឋាភិបាល​ជួយ​ហើយ​មាន​ទីផ្សារ​ទៀត មួយ​ទៀត​ធ្វើ​ឱ្យ​ប្រើប្រាស់​ជឿ​ទុកចិត្ត​ខ្លាំង​មែនទែន បានន័យថា​ផលិតផល​ដែល​ផលិត​ចេញពី Farm(​កសិដ្ឋាន​)​ហ្នឹង​មក គឺ​មាន​ការគាំទ្រ​យោបល់ ប្រឹក្សា​បច្ចេកទេស​ពី​រដ្ឋាភិបាល​។ អ៊ីចឹង​អ្នក​ប្រើប្រាស់​យក​ទៅ​ប្រើប្រាស់ គាត់​លែង​មាន​ការសង្ស័យ លែង​មាន​ការភ័យព្រួយ​ទៀតហើយ ទាក់ទង​នឹង​សុខភាព​ការប្រើប្រាស់​»​។​

​ក្រសួង​កសិកម្ម​ឱ្យដឹងថា ការស្រាវជ្រាវ​កន្លងមក​បង្ហាញថា កម្ពុជា​បាន​នាំចូល​បន្លែ​ហូបចុក​ពី​ប្រទេស​ជិតខាង​ប្រមាណ​ពី​២០០ ដល់​៤០០​តោន​ក្នុង​មួយថ្ងៃ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ ផ្ទុយទៅវិញ បន្លែ​ផ្លែឈើ​សរីរាង្គ​(Organic) មានតែ​ជាង​១​តោន​ប៉ុណ្ណោះ ដែល​ផលិត​បាន និង​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​សព្វថ្ងៃ​។​

​ក្នុង​កិច្ចសន្ទនា​នោះដែរ មន្ត្រី​ក្រសួង​កសិកម្ម​អះអាងថា ក្រៅពី​ជំរុញ​គម្រោង​លើកកម្ពស់​ការអនុវត្ត​កសិកម្ម​ល្អ​(GAP) ដែល​មាន​ស្រាប់​ហើយ​នោះ បច្ចុប្បន្ន​ក្រសួងកសិកម្ម​កំពុង​ពន្លឿន​សេចក្តីព្រាង​ស្តី​ពី​គោលការណ៍​ណែនាំ​វិធាន​កសិកម្មសរីរាង្គ​ធម្មជាតិ នឹង​ត្រូវ​អនុម័ត​នៅ​ចុងឆ្នាំ​២០១៧​នេះ​។​

​ក្រសួង​កសិកម្ម​រំពឹង​ថា សេចក្តីព្រាង​នេះ​នឹង​ឈាន​ទៅ​ធានា​ដល់​ការលើកកម្ពស់​សុវត្ថិភាព​បន្លែ​ផ្លែឈើ​សរីរាង្គ ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​៕

ចែករំលែកតាម៖