​មន្ត្រី​ជំនាញ​ជំរុញ​បង្កើន​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​លើ​ដំណាំ​កសិកម្ម

​មន្ត្រី​ជំនាញ​ជំរុញ​បង្កើន​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​លើ​ដំណាំ​កសិកម្ម

​អ្នកជំនាញ​ផ្នែក​កសិកម្ម​បាន​ឱ្យដឹងថា ការប្រើប្រាស់​ជីគីមី​ឬ​ការបាញ់​ថ្នាំពុល​សម្លាប់​សត្វ​ល្អិត​ទៅលើ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ នៅតែ​ជា​បញ្ហា​ប្រឈម និង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​អ្នក​ប្រើប្រាស់​និង​អ្នក​បរិភោគ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មន្ត្រី​ជំនាញ​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​លើ​ដំណាំ​កសិកម្ម ដើម្បី​ឈាន​ទៅ​រួម​គ្នា​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី និង​ថ្នាំពុល​ក្នុង​វិស័យ​កសិកម្ម​។​

​តើ​អ្វី​ទៅ​ជា​ភ្នាក់ងារ​ជីវសាស្ត្រ​? តើ​ភ្នាក់ងារ​ជីវសាស្ត្រ​មាន​ប្រយោជន៍​អ្វីខ្លះ​ក្នុង​វិស័យ​កសិកម្ម​?

​នៅក្នុង​វេទិកា​ថ្នាក់ជាតិ​ស្តីពី​បទដ្ឋាន​គតិយុត្ត ប្រើប្រាស់ និង​ការធ្វើ​ពាណិជ្ជកម្ម​ភ្នាក់ងារ​ជីវសាស្ត្រ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ដែល​រៀបចំឡើង​កាលពីដើម​ខែ​ឧសភា បណ្ឌិត គៀន សុភា អនុប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា ភ្នាក់ងារ​ជីវសាស្ត្រ​គឺ​ធាតុ​ចូល​កសិកម្ម​មួយ​ប្រភេទ​ដ៏​មាន​ប្រយោជន៍​ក្នុង​ការប្រើប្រាស់​ជំនួស​ជី និង​ថ្នាំពុល​គីមី​។​

លោក​បណ្ឌិត គៀន សុភា ដែល​បាន​រកឃើញ​ភ្នាក់ងារ​ជីវសាស្ត្រ​មួយ​ប្រភេទ គឺ​ផ្សិត​ទ្រី​កូ​ឌែ​ម៉ា ពន្យល់​ពី​សារៈសំខាន់​នៃ​ភ្នាក់ងារ​ជីវសាស្ត្រ​ដូចនេះ​ថា​៖ «​ភ្នាក់ងារ​ជីវសាស្ត្រ​នេះ​គឺ​យើង​សំដៅ​ទៅលើ​ពពួក​មីក្រូ​សរីរាង្គ ដែល​វា​ជា​ពពួក​មីក្រូ​សរីរាង្គ​មាន​ប្រយោជន៍ គឺ​វា​កម្ចាត់​ពពួក​មីក្រូ​សរីរាង្គ​ចង្រៃ ដែល​បង្ក​ជា​ជំងឺ​ដល់​រុក្ខជាតិ ឬក៏​ជា​សត្វល្អិត​។ អ៊ីចឹង​ការប្រើប្រាស់​ពពួក​ដែល​ភ្នាក់ងារ​ជីវសាស្ត្រ​នេះ គោលបំណង​សំខាន់​គឺ​យើង​ចង់​កាត់បន្ថយ ឬ​លុប​បំបាត់​នៃ​ការ​ពពួក​ថ្នាំពុល​គីមី ឬ​ថ្នាំ​ផ្សិត​គីមី​។ អ៊ីចឹង​នៅក្នុង​កសិកម្មសរីរាង្គ​របស់​យើង សំខាន់​គឺ​យើង​ចង់​ប្រើ​នូវ​ធាតុ​ចូល​ដែល​ជា​លក្ខណៈ​សរីរាង្គ គឺ​មិនមែន​ជា​គីមី នេះ​ជា​បញ្ហា​មួយ​ដែល​យើង​កំពុងតែ​ធ្វើ​សិក្ខាសាលា​នេះ​ដើម្បី​ជំរុញ​ក៏ដូចជា​ការលើកទឹកចិត្ត​នៅ​ក្នុង​ការ ផលិត​និង​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​។ យើង​និយាយ​ទៅ​វា​មាន​ពពួក​សត្វល្អិត យើង​យក​សត្វល្អិត​ដែល​មាន​ប្រយោជន៍​ដើម្បី​ទៅ​កម្ចាត់​សត្វល្អិត​ចង្រៃ នេះ​យើង​ហៅ​ថា​ភ្នាក់ងារ​ជីវសាស្ត្រ​។ ហើយ​ពពួក​ល្អិត​ដូចជា​ទ្រី​កូ​ឌែ​ម៉ានេះ យើង​យក​ពពួក​ផ្សិត​មាន​ប្រយោជន៍​ទៅ​កម្ចាត់​ពពួក​ផ្សិត​ចង្រៃ​»​។

គៀន សុភា អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានសាកវប្បកម្ម និង​ដំណាំ​រួមផ្សំ នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​នៃ​ក្រសួង​រុក្ខា​ប្រមាញ់ និង​នេ​សាទ
គៀន សុភា អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានសាកវប្បកម្ម និង​ដំណាំ​រួមផ្សំ នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​នៃ​ក្រសួង​រុក្ខា​ប្រមាញ់ និង​នេ​សាទ

​ភ្នាក់ងារ​ជីវសាស្ត្រ​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដំណាំ​គ្រប់​ប្រភេទ​ឱ្យមាន​ផលិតផល​ខ្ពស់​ប្រកបដោយ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ការពារ​បរិស្ថាន​ផងដែរ ដែល​ផ្ទុយស្រឡះ​ពី​ការប្រើប្រាស់​ជីគីមី​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម ពី​លោក បណ្ឌិត គៀន សុភា​៖ «​អ៊ីចឹង​យើង​ឃើញ​ថា​បច្ចុប្បន្ន យើង​ប្រើ​ថ្នាំ​គីមី ឬ​ជីគីមី​ច្រើន​ហ្នឹង វា​ធ្វើឱ្យ​មច្ឆជាតិ ដូច​ពីមុន​នៅក្នុង​ស្រែ​មាន​ក្តាម មាន​ខ្យង មាន​ត្រី មានអី​ច្រើនណាស់ ជាពិសេស​នៅពេល​ប្រមូល​ផល​ស្រូវ​ហ្នឹង​គឺ​យើង​មាន​សត្វ​ទាំងអស់​ហ្នឹង​ច្រើនតែ​ជា​អាហារ​ប្រ៉ូតេអ៊ីន​មួយ​សំខាន់​សម្រាប់​អ្នកស្រែ​ចម្កា​រ​របស់​យើង​។ ឥឡូវ​នេះ​សឹងតែ​គ្មាន​សត្វ​មច្ឆជាតិ​ដែល​មាន​នៅក្នុង​ស្រែ ក្នុង​បឹង​អី​ទៀត​ទេ គឺ​វា​បាត់បង់​ច្រើនណាស់ ហើយ​យើង​ឃើញ​ថា​ឥឡូវ​ហ្នឹង គឺ​ការចិញ្ចឹម​ត្រូវ ចិញ្ចឹម​កង្កែប ចិញ្ចឹម​អីហ្នឹង គឺថា​វា​សឹងតែ​ផ្គត់ផ្គង់​៩០​ភាគរយ​ហើយ វា​បញ្ច្រាស​ទៅហើយ​។ ពី​មុន​យើង​អាច​យក​ត្រី​ធម្មជាតិ​ទៅ​ហូប​ប្រហែលជា​៩០​ភាគរយ ដោយ​សារ​​យើង​ប្រើ​ពពួក​ធាតុ​ចូល​គីមី​ហ្នឹង​ធ្វើឱ្យ​ពពួក​មច្ឆា​ទាំងឡាយ​ងាប់ វា​មិន​អាច​រស់​បាន អ៊ីចឹង​បង្ខំ​ឱ្យ​យើង​ត្រូវតែ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ស្រះ​ដោយ​ប្រើ​ចំណី​ដែល​មាន​សារធាតុ​អង់​ទី​ប៊ី​យូ​ទិច ឬក៏​អ៏រ​ម៉ូន​។ ហ្នឹង​ក៏​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​សុខភាព​មួយ​ដែរ​។ ហើយ​មួយទៀត ការប្រើ​ថ្នាំពុល​គីមី​ហ្នឹង វា​អាច​ប៉ះពាល់​ទឹក​ក្រោម​ដី អ៊ីចឹង​កសិករ​នៅ​តំបន់​ខ្លះ គាត់​មាន​ប្រភពទឹក​ច្បាស់​លាស់ គឺ​គាត់​ប្រើ​ទឹក​អណ្តូង​។ អ៊ីចឹង​កាលណា​យើង​ប្រើ​ពពួក​ទឹក​អណ្តូង​ហ្នឹង​វា​អាច​ប៉ះពាល់​ដល់​សារធាតុ​គីមី ធ្វើឱ្យ​គាត់​មាន​ជំងឺ​មហារីក​ហ្នឹង​ឯង​»​។​

​កសិករ​ដែល​ទទួលបាន​ផល​ល្អ​ពី​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ ផ្សិត​ទ្រី​កូ​ឌែ​ម៉ា លើ​ដំណាំ​កសិកម្ម លោក ណុប នុន ជា​កសិករ​ម្នាក់​មក​ពី​ភូមិ តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​បាន​ធ្វើ​ចម្ការ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។ លោក​បាន​ឱ្យដឹងថា ពី​មុន​លោក​ធ្លាប់ប្រើ​ជីគីមី តែ​ឥឡូវ​ផ្លាស់​មក​ប្រើ​ជី​សរីរាង្គ និង​ថ្នាំ​ផ្សិត​ទ្រី​កូ​ឌែ​ម៉ា​វិញ​នោះ​។​

​លោក ណុប នុន ចែករំលែក​បទពិសោធ​ន៍​ផ្ទាល់ខ្លួន​របស់​លោក​ក្នុង​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​ដូចនេះ​ថា​៖ «​ទី​មួយ​ត្រូវ​ដាក់​គ្រាប់​ហើយ បន្ទាប់ពី​ដាក់​គ្រាប់​យើង​លាយ​ក្នុង​ធុង​ស្ពេ​ត្រូ យើង​អាច​បញ្ជូន​ទៅ​តាម​ប្រព័ន្ធ​ទឹក ហើយ​យើង​អត់​ហត់​ប្រឡាក់​គ្រាប់​ទេ​ដោយសារ​ប្រឡាក់​គ្រាប់ យើង​អាច​ព្រួស​ទៅ​វា​ប្រើ​ពេល​យូរ​បន្តិច ខ្លាច​ស្ងួត ស្ងួត​វា​ងាប់​។ អ៊ីចឹង​កាល​ណា​​យើង​ព្រួស​ហើយ​ភ្លាម ដាក់​ទៅ​តាម​ប្រព័ន្ធ​វិប ប្រព័ន្ធ​ទឹក​ជះ​សព្វ​តែម្តង​។ វគ្គ​ពីរ​មួយអាទិត្យ​ទៀត មួយអាទិត្យ​ទៀត​ដាក់ គេ​សង្កត់​ថា បើសិនជា​ស្ពៃ​ហ្នឹង​ប្រមូល​ផល​រយៈពេល​២៤​ថ្ងៃ អ៊ីចឹង​គេ​ប្រើ​នៅ​ថ្ងៃទី​១ និង​ថ្ងៃ​ទី​៧ តែ​ប្រសិន​ស្ពៃ​ហ្នឹង​គេ​គិត​ថា​វា​យូរ​ជាង​ហ្នឹង ដូចជា​ស្ពៃ​ផ្សេងៗ ចូល​ពីរ​ខែ​អី​គេ​បន្ថយ​ជាង​ហ្នឹង​បន្តិច គេ​លួច​ទៅក្រោយ​បន្តិច ដោយសារ​តែ​វដ្ត​ជីវិត​របស់​វា​ខុស​។ តាមពិត​ពពួក​ហ្នឹង​ពី​មុន​ខ្ញុំ​គិត​ទៅលើ​បរិមាណ​ទឹក ស្ពាយ​បាញ់​រាយ តែ​ឥឡូវ​អត់​ទេ យើង​គិត​លើ​ផ្ទៃដី​វិញ​។ ឧទាហរណ៍​ថា​ក្នុង​មួយ​គីឡូ​ប្រើ​បាន​មួយ​រ៉ៃ​(៤០​ម៉ែត្រ​បួន​ជ្រុង​) អ៊ីចឹង​យើង​ដាក់​មួយ​គីឡូ​ទៅ​តាម​ហ្នឹង​ទៅ ទឹក​ជះ​ទៅ កាលណា​ទឹក​កាន់តែ​ច្រើន​លាយ​ទៅ​ស្អាត វា​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

​អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ GIZ របស់​អាល្លឺម៉ង់ លោក Claudius Bredehoeft បង្ហាញ​ការគាំទ្រ ដែល​អ្នកជំនាញ​ជំរុញ​ឱ្យ​អនុវត្តន៍​ភ្នាក់ងារ​ជីវសាស្ត្រ​នេះ​។ លោក​ថា កសិករ​នៅ​ប្រទេស​កម្ពុជា​មាន​ចំណេះដឹង​បែប​បុរាណ និង​នៅមានកម្រិត​នៅ​ឡើយ​ពី​ថ្នាំ​សម្លាប់​សត្វល្អិត​។ ម្យ៉ាងទៀត បើ​មើលទៅ​ទីផ្សារ​ពាណិជ្ជកម្ម ប្រទេស​កម្ពុជា​មិនទាន់មាន​ផលិតផល​ច្រើន​ដូច​នៅ​បណ្តា​ប្រទេស​ជិតខាង​នៅឡើយ​ទេ​។

លោក Claudius Bredehoeft អ្នក​សម្រប​សម្រួល​​គម្រោង​នៃ​អង្គការ GIZ របស់​អាល្លឺម៉ង់
លោក Claudius Bredehoeft អ្នក​សម្រប​សម្រួល​​គម្រោង​នៃ​អង្គការ GIZ របស់​អាល្លឺម៉ង់

​ដូច្នេះ លោក​ថា កម្ពុជា​នៅ​មាន​ឱកាស​សម្រាប់​បង្កើន​គំនិត​ទៅ​លើ​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ រួម​ទាំង​ជួយ​ធ្វើឱ្យ​មាន​ផលិតផល​ប្រើប្រាស់​សម្រាប់​កសិករ​៖ «​សារៈប្រយោជន៍​នៃ​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ គឺ​ដើម្បី​ត្រួតពិនិត្យ​ការ​កើត​ឡើង​សត្វល្អិត ដោយ​ជីវសាស្ត្រ​មិនមែន​គីមី​។ ដូច្នេះ សារៈប្រយោជន៍​វា គឺ​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស អ្នក​មិន​មាន​បញ្ហា​ជាមួយនឹង​គីមី​ដែល​អ្នកប្រើប្រាស់ ហើយ​វា​មិន​ប៉ះពាល់​បរិស្ថាន​។ វា​ការពារ​បរិស្ថាន និង​ជីវចម្រុះ ដូច្នេះ​វា​ជួយ​អ្នក​ប្រើប្រាស់ និង​ជួយ​សន្សំសំចៃ​ថវិកា​ជាច្រើន​របស់​កសិករ​ផងដែរ​»​។

​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​របស់​ភ្នាក់ងារ​ជីវសាស្ត្រ​ក្នុង​ដំណាំ​កសិកម្ម​នេះដែរ តំណាង​សហគមន៍​កសិករ តំណាង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដែល​ចូលរួម​វេទិកា​ថ្នាក់ជាតិ​នេះ​ក៏​បាន​លើកឡើង​ប្រហាក់ប្រហែលគ្នា​ដែរ​ថា ទោះបី​ក្រសួង​កសិកម្ម​បាន​ជំរុញ​ឱ្យ​មាន​ប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​ក្នុង​វិស័យ​កសិកម្ម​ក្តី ក៏​ការយល់ដឹង និង​និន្នា​នៃ​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​នៅមានកម្រិត​នៅឡើយ​។​

ទន្ទឹមគ្នានេះ ពួកគេ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​បណ្តា​ក្រុមហ៊ុន​ដែល​នាំចូល​ភ្នាក់ងារ​ជីវសាស្ត្រ​ធម្មជាតិ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​កសិកម្ម បង្កើន​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលាយ​ពី​គុណសម្បត្តិ​របស់​ភ្នាក់ងារ​ជីវសាស្ត្រ​ទាំងនោះ​ជូន​ប្រជាកសិករ​៕

ចែករំលែកតាម៖