​អ្នកជំនាញ​ជំរុញ​យុវជន​ឱ្យ​រៀន​ភាសា​សំស្ត្រឹត​ដើម្បី​យល់ដឹងពីឫ​​សគល់​នៃ​វប្បធម៌​អរិយធម៌​ខ្មែរ​

​អ្នកជំនាញ​ជំរុញ​យុវជន​ឱ្យ​រៀន​ភាសា​សំស្ត្រឹត​ដើម្បី​យល់ដឹងពីឫ​​សគល់​នៃ​វប្បធម៌​អរិយធម៌​ខ្មែរ​

កញ្ញា ឆោត​ គន្ធា អ្នកជំនាញ​ខាង​ភាសាសំស្ក្រឹត ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​កាលពី​កន្លងមក​

​អ្នកជំនាញ​ស្រាវជ្រាវ​ភាសា​សំស្ត្រឹត​លើកឡើងថា ភាសា​ខ្មែរ​របស់​កម្ពុជា​មិន​អាច​អភិវឌ្ឍ​បាន​ដោយ​ប្រសិទ្ធភាព​នោះ​ទេ ប្រសិនបើ​គ្មាន​ទំនាក់ទំនង​ជាមួយ​ភាសាសំស្ក្រឹត​ដែល​គេ​ជឿ​ថា​បាន​មក​ដល់​ឆ្នេរសមុទ្រ​កម្ពុជា​តាម​ឈ្មួញ​ឥណ្ឌា​អំឡុង​ឆ្នាំ​សូន្យ​នៃ​គ​.​ស​។ ហេតុនេះ​ភាសាសំស្ក្រឹត អាច​ចាត់ទុកបាន​ថា ជា​ឫសគល់​នៃ​វប្បធម៌ អរិយធម៌​ខ្មែរ​ដែល​មាននៅ​តាម​សិលា​ចារិក ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​ជំនាន់​ក្រោយ​ត្រូវតែ​រៀនសូត្រ​ស្វែង​យល់​ឱ្យបាន​ស៊ីជម្រៅ​។​

​ការលើកឡើង​របស់​អ្នកជំនាញ​ស្រាវជ្រាវ​ភាសា​សំស្ត្រឹត​នៅពេលនេះ ត្រូវបាន​បង្ហាញ​ឡើង​នៅក្នុង​បទ​បង្ហាញ​ស្តី​ពី​ការ​ស្រាវ​ជ្រាវ ស្តី​ពី​ការសាកល្បង​កំណត់​តួនាទី​របស់​ភាសា​សំ​ស្រឹ្តត​ក្នុង​អត្ថបទ​ចា​រឹកនៃ​ប្រទេស​កម្ពុជា ដែល​រៀបចំឡើង​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៧​។​

​អ្នកជំនាញ​ខាង​ភាសាសំស្ក្រឹត​ដំបូងបង្អស់​របស់​កម្ពុ​ជា​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ភាសាសំស្ក្រឹត​មកពី​ប្រទេស​ឥណ្ឌា​កញ្ញា ឆោម គន្ធា ឱ្យដឹងថា បណ្ដា​អ្នកស្រាវជ្រាវ​ជឿថា​ ​ភាសា​សំស្ត្រឹ​តត្រូវបាន​ប្រើប្រាស់​សម្រា​ប់ការ​កត់ត្រា​អំឡុង​អាណាចក្រ​ខ្មែរ​អស់​រយៈពេល​ជាង​១០០០​ឆ្នាំ​មកហើយ​។​

​បណ្ឌិត​ភាសាសំស្ក្រឹត​ដែល​ជា​ជា​នាយិកា​សារមន្ទីរ​ព្រះ​នរោត្តម​សៀម​រាម​អង្គរ​រូបនេះ​បន្តថា អ្នកប្រាជ្ញ​ជំនាន់​មុន​បាន​ប្រើប្រាស់​ភាសា​សំ​ស្ត្រឹត ដើម្បី​កត់ត្រា​នៅ​សិលាចារឹក​នា​អំឡុង​អាណាចក្រ​ខ្មែរ​។ លើសពីនេះ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នៅ​តាម​សិលាចារឹក​ចាប់ពី​សតវត្ស​ទី​៦​ដល់​ទី​១៤ រយៈពេល​៧​ឆ្នាំ កញ្ញា​បាន​រកឃើញថា ភាសា​ខ្មែរ​ក៏មាន​ទំនាក់ទំនង​ជាមួយ​ភាសា​សំស្ត្រឹត​ខ្លាំង​ថែម​ទៀត​។ ជាក់ស្តែង នៅ​សតវត្ស​ទី​១០ អ្នកប្រាជ្ញ​ជំនាន់​មុន​បាន​ប្រើប្រាស់​ភាសា​ខ្មែរ ដោយ​បាន​ខ្ចី​ភាសា​សំស្ត្រឹត​ជាច្រើន ដើម្បី​យក​មក​សរសេរ ឬ​ចារ​ឡើង​នៅលើ​សិលាចារឹក​៖ «​ខ្ញុំ​មើល​សិលាចារឹក​ដែល​បាន​៩​សតវត្ស​ហ្នឹង ចន្លោះ​សតវត្ស​ទី​៦​ដល់​ទី​១៤​នោះ​ផង ហើយ​ខ្ញុំ​មើល​ភាសាសំស្ក្រឹត​ដែល​មាន​នៅក្នុង​បទ​ផ្សេងៗ មាន​ការដាក់​បណ្តាសា ការ​ជូនពរ ការចុះ​បរិច្ឆេទ ហើយ​រាជសព្ទ​ហូរហែរ ខ្ញុំ​ថា​មាន​ជាង​១០​នោះ គឺ​ប្រហែល​១៥​។ ភាសា​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទំនាក់ទំនង​រវាង​មនុស្ស​ម្នាក់ និង​មនុស្ស​ម្នាក់​ទៀត បានន័យថា ប្រសិន​ជា​យើង​ចេះ​ភាសា​របស់​មនុស្ស​ម្នាក់​ណា​ផ្សេង ចង់​មិន​ចង់​មនុស្ស​ម្នាក់​ហ្នឹង​ប្រាកដជា​ចូលចិត្ត​យើង​ហើយ​…»​។​

​អ្នកជំនាញ​ខាង​ភាសាសំស្ក្រឹត​កម្ពុជា ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​មក​ពី​ឥណ្ឌា​ដំបូង​គេ​រូប​នេះ​លើកឡើង​ថា ការ​ចេះ​​ភាសាសំស្ក្រឹត​គឺ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​ការសិក្សា​បន្ថែម​ទៀត​អំពី​អតីតកាល​ដ៏​យូរលង់​របស់​កម្ពុជា​។ មិនតែប៉ុណ្ណោះ កញ្ញា​ថារាល់​ការ​ចារ​ភាសា​សំ​ស្រឹ្តត​នៅលើ​សិលាចារឹក អ្នកប្រាជ្ញ​ខ្មែរ បាន​បង្កប់​អត្ថន័យ​ដ៏​វិសិដ្ឋ​ដូចជា ព្រះ​ពុទ្ធសាសនា អាទិទេព ច្បាប់ ទំនៀមទម្លាប់ ប្រពៃណី ដែល​ជា​ឫសគល់​នៃ​វប្បធម៌ អរិយធម៌​ខ្មែរ របស់​មនុស្ស​ជំនាន់​មុន​៖ «​បើ​ខ្ញុំ​ឆ្លើយ​ឱ្យ​ខ្លី​ទៅ​ថា ភាសា​ខ្មែរ​បាន​ខ្ចី​ភាសា​សំស្ត្រឹត​មក​ច្រើន ខ្ចី​ភាគច្រើន​ដើម្បី​ឱ្យ​ខ្លួន​រីក ពីព្រោះ​កុំភ្លេចថា​ភាសា​មួយ​ត្រូវការ​ពាក្យ​យក​មក​សម្តែង​មតិ សម្តែង​គំនិត អ៊ីចឹង​ប្រសិន​យើង​អត់​មាន​ពាក្យ​យក​មក​និយាយ​ទេ ការ​ប្រស្រ័យ​ទាក់ទង​គ្នា​ហ្ន​ង​ក៏​អត់​បាន​រីកចម្រើន ហើយ​គំនិត​ប្រាជ្ញា​យើង​ក៏​មិន​រីក​ច្រើន​។ អ៊ីចឹង​ពាក្យ​សំស្ក្រឹត​ដែល​យើង​ខ្ចី​មក​ហ្នឹង​គឺ​ជួយ​ឱ្យ​ភាសា​ហ្នឹង​រីក ជួយ​ឱ្យ​គំនិត​ខួរក្បាល​របស់​មនុស្ស​រី​ក ហើយ​ជួយ​ឱ្យ​អរិយធម៌ និយាយ​រួម​ស្អីៗ​ដែលជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ​ខ្មែរ​ហ្នឹង គឺ​រីក​ចម្រើន​ទៅ​តាម​ហ្នឹង​ដែរ​»​។​

​មកដល់​ត្រង់​ចំណុច​នេះ អ្នកជំនាញ​ខាង​ភាសាសំស្ក្រឹត​កញ្ញា ឆោម គន្ធា បាន​និយាយ​ប្រែ​ទឹកមុខ​ទៅ​ជា​ស្រពោន​វិញ​ថា ទោះ​​ជា​ភាសា​សំ​ស្រឹ្តត​ជា​ផ្នែកដ៏​សំខាន់នៃ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា ដែល​បាន​បង្ហាញ​យ៉ាង​ស៊ីជម្រៅ​ពី​ឫសគល់​នៃ​វប្បធម៌ អរិយធម៌​ខ្មែរ​ក៏ដោយ បច្ចុប្បន្ន​ភាសា​នេះ​ពុំ​សូវ​ឃើញ​មាន​យុវជន​ចូលចិត្ត​សិក្សា​រៀនសូត្រ​ប៉ុន្មាន​ឡើយ​។​

​យ៉ាងណា​អ្នកស្រាវជ្រាវ​ផ្នែក​ភាសា​សំស្ត្រឹត​រូប​នេះ​នៅ​តែ​បញ្ជាក់​ថា ភាសាសំស្ក្រឹត​គឺជា​ភាសា​ព្រះ ជា​ភាសា​របស់​អ្នកប្រាជ្ញ មាន​កំណើត​ជា​យូរលង់​ណាស់​មកហើយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​៖ «​ខ្ញុំ​ថា​ខ្សត់ខ្សោយ​ណាស់ ខ្សត់ខ្សោយ​ដោយសារ​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍ កូនសិស្ស​ទោះបី​ជា​មាន​គ្រូបង្រៀន​ហើយក៏​មិនមាន​អ្នក​ចង់​មុជ​ឱ្យ​ជ្រៅ ទៅ​ឱ្យ​ឆ្ងាយ ចេះ​ឱ្យ​បាន​ច្រើន គឺ​អត់​។ ហើយ​ខ្ញុំ​គិតថា អ្វី​ដែល​សំខាន់ ចម្បង​ជាងគេ​នោះ​គឺ​ការ​ភ្ញាក់រលឹក​របស់​ខ្មែរ​ម្នាក់ៗ គាត់​ស្រលាញ់​សំស្ក្រឹង​ហ្នឹង គាត់​យល់​តម្លៃ​ទៅ​គាត់​ខំ​រៀន និង​មាន​មួយទៀត​ជា​ការចូលរួម​ធំ​ដែរ​ពី​រដ្ឋាភិបាល​។ ប្រសិន​ខាង​ក្រសួង ឬ​ស្ថាប័ន​ពុទ្ធសាសនបណ្ឌិត្យ​មាន​ការផ្តល់​ឱកាស​ដូច​ថ្ងៃ​នេះ​អ៊ីចឹង ផ្តល់ឱកាស​ឱ្យ​ខ្ញុំ​បាន​មក​និយាយ ក៏​ជា​ការលើក​ចិត្ត​ដល់​ពួក​ខ្ញុំ​ដែលជា​អ្នក​ស្រាវជ្រាវ​ហ្នឹង​ដែរ​»​។​

​កញ្ញា ឆោម គន្ធា ក៏​បាន​ជំរុញ​យុវជន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ងាក​មក​សិក្សា​ស្វែងយល់ និង​រួម​គ្នា​ថែរក្សា​ភាសា​សំស្ត្រឹត​បុរាណ ដែលជា​ដួងព្រលឹង​របស់​វប្បធម៌ អរិយធម៌ ដើម្បី​លើកស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិ​៕

ចែករំលែកតាម៖