អ្នកជំនាញ​ជំរុញ​ឱ្យ​ពលរដ្ឋ​ដាំ​ស្លឹកគ្រៃ កាត់បន្ថយ​ការ​នាំចូល

អ្នកជំនាញ​ជំរុញ​ឱ្យ​ពលរដ្ឋ​ដាំ​ស្លឹកគ្រៃ កាត់បន្ថយ​ការ​នាំចូល

ដំណាំស្លឹកគ្រៃនៅកសិដ្ឋានហ្គ្រែនភ្នំពេញ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

​អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​លើកឡើងថា ទោះ​ស្លឹកគ្រៃ​ជា​បន្លែ​សាមញ្ញ​ងាយស្រួល​ដាំ​ដុះ ប៉ុន្តែ​ស្លឹកគ្រៃ​ដែល​ចរាចរ​លក់​នៅលើ​ទីផ្សារ ភាគច្រើន​នាំចូល​ពី​បរទេស ព្រមទាំង​ភាគច្រើន​រីកលូតលាស់​ដោយ​ការប្រើ​ថ្នាំ​គីមី ដែល​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។​

​អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​មក​ពី​កសិដ្ឋាន​ហ្គ្រែ​ន​ភ្នំពេញ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កញ្ញា នី ពិសី អះអាង​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា ស្លឹកគ្រៃ​ផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​និង​វិស័យ​កសិកម្ម​។ កញ្ញា​ឱ្យដឹង​បន្តថា ស្លឹកគ្រៃ​មិន​ត្រឹមតែ​ជា​រុក្ខជាតិ​ស្លឹកគ្រៃ​អាច​ប្រើប្រាស់​ជា​គ្រឿងផ្សំ​ក្នុង​ម្ហូបអាហារ​សម្រាប់​មនុ​ស្ស​ប៉ុណ្ណោះទេ ស្លឹកគ្រៃ​ក៏​អាច​ប្រើ​សម្រាប់​ជា​ចំណី​សត្វ ដូចជា​មាន់​និង​ទា​បានដែរ​។​

​កញ្ញា នី ពិសី ដែល​ជា​អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​ឱ្យដឹងថា ស្លឹកគ្រៃ​ជា​ដំណាំ​មាន​អត្ថប្រយោជន៍​ច្រើន ហើយ​ងាយ​ដាំ​ទៀត​។ កញ្ញា​ប្រាប់​ពី​បច្ចេកទេស​ក្នុង​ការដាំ​ស្លឹកគ្រៃ​ដូចនេះ​ថា មុន​ដំបូង​គេ​ត្រូវ​ជ្រើសរើស​ដើម​ស្លឹកគ្រៃ​ដែល​មាន​ដើម​ល្អ មិន​រង​ការបំផ្លាញ​ណាមួយ​ពី​សត្វ​ចង្រៃ​។ កញ្ញា​បន្តថា ក្រោយ​ជ្រើសរើស​ពូជ​ដើម​ល្អ​បាន​ហើយ ទាមទារ​ត្រូវ​រៀបចំ​រណ្ដៅ ជម្រៅ​រណ្ដៅ ២០ ទៅ​៣០​សង់ទីម៉ែត្រ ហើយ​គម្លាត​រវាង​រណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ​ប្រវែង​៦០ ទៅ​៧០​សង់ទីម៉ែត្រ​។ ប៉ុន្តែ​កញ្ញា​ថា ក្នុង​មួយ​រណ្ដៅៗ​ដាំ​បាន​តែ​១​ដើម​ប៉ុណ្ណោះ​ដើម្បី​សន្សំ​សំចៃ​ពូជ​។​

​កញ្ញា​បញ្ជាក់ថា គេ​អាច​ដាំ​ដើម​ស្លឹកគ្រៃ​ភ្លាមៗ​ក៏បាន​ឬ​ផ្សាំ​គ​ល់វា​ឱ្យ​ដុះ​ឫស​សិន​ក៏​បាន ប៉ុន្តែ​បើ​ចង់​ឱ្យ​ស្លឹកគ្រៃ​ដុះ​ល្អ​និង​ឆាប់​លូតលាស់​លឿន គួរតែ​ផ្សាំ​វា​ឱ្យ​ដុះ​ឫស​៣​ថ្ងៃ​ចាំ​យក​ទៅ​ដាំ​៖ «​ក្រោយ​យើង​ជីករណ្ដៅ​ដាំ​រួច​ហើយ​ជម្រៅ​២០​ទៅ​៣០​សង់ទីម៉ែត្រ បន្ទាប់មក​យើង​ដាក់​កម្ទេច​ស្លឹកឈើ​ងាប់ ហើយ​ដាក់​ជីលា​មក​សត្វ​ធម្មជាតិ​ច្របល់​បញ្ចូល​គ្នា​ដាក់​ក្នុង​រណ្ដៅ​នោះ ស្រោច​ទឹក​វា​ចាំ​យក​ដើម​មក​ដាំ​»​។​

​អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​រូបនេះ​បាន​ឱ្យដឹងទៀតថា ស្លឹកគ្រៃ​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​ស្លឹកគ្រៃ​អំបោះ និង​ស្លឹកគ្រៃ​ត្រែង​។ កញ្ញា​ថា ស្លឹកគ្រៃ​ត្រែង​មាន​ដើម​ពណ៌​ក្រហម ហើយ​រឹង​ពិបាក​ហាន់ ចំណែក​ស្លឹកគ្រៃ​អំបោះ​មាន​ដើម​ស្រួយ​មាន​ជាតិ​ទឹក​ច្រើន និង​ងាយស្រួល​ហាន់​ជាង​។​

កញ្ញា​ឱ្យដឹងទៀតថា ក្នុង​កសិដ្ឋាន​កញ្ញា មាន​ដាំ​ស្លឹកគ្រៃ​អំបោះ ព្រោះ​ពូជ​ប្រភេទ​នេះ​មាន​តម្រូវការ​ទីផ្សារ​ច្រើនជាង​។ កញ្ញា​បញ្ជាក់ទៀតថា គេ​អាច​ស្លឹកគ្រៃ​ដាំ​បាន​ច្រើន​របៀប អាច​ដាំ​តាម​ភ្លឺ​ព័ន្ធ​ជុំវិញ​ស្រះ ភ្លឺស្រែ ជុំវិញ​ផ្ទះ អាច​ដាំ​លើក​ជា​រង ដាំ​ចម្រុះ​ជាមួយ​រុក្ខជាតិ​ផ្សេង​ទៀត​ក៏​បាន​។ ប៉ុន្តែ​កញ្ញា​អះអាងថា បើ​ដាំ​លក្ខណៈ​ចម្រុះ​ល្អ​ជាង ព្រោះ​វា​អាចបំពេញ​ជីជាតិ​ឱ្យ​គ្នា​ទៅវិញទៅមក​៖ «​បើ​ស្លឹកគ្រៃ​ដែល​ខ្ញុំ​ដាំ​ដាច់​វា​ដាច់​ម្នាក់ឯង វា​ល្អ​ដែរ តែ​មាន​ស្លឹក​ពណ៌​លឿង ក្រហម អត់​សូវ​ល្អ តែបើ​យើង​ដាំ​វា​ក្បែរ​ដើម វា​ដើម​ស្លឹក​កន្ធំ​ថេត​និង​ដើម​អង្គាដី ឃើញ​ថា​ស្លឹក​របស់​វា​លា​ស់ខ្ចីៗ​និង​ដើម​ថ្លោស​ល្អ​»​។​

​ចំណែក​ការថែទាំ​ដំណាំ​ស្លឹកគ្រៃ​ក្រោយ​ដាំ​រួច អ្នកបច្ចេកទេស​ណែនាំ​ថា ដោយសារ​ស្លឹកគ្រៃ​ជា​ដំណាំ​ងាយស្រួល​ដាំ មិនសូវ​មាន​សត្វ​ចង្រៃ​បំផ្លាញ ដូច្នេះ​គ្រាន់តែ​ស្រោច​ទឹក​ក្នុង​មួយ​សប្ដាហ៍​តែ​ពីរ​ដង​ប៉ុណ្ណោះ គឺ​ពេល​ព្រឹក​និង​ពេល​ល្ងាច​។ ដោយឡែក​ជី​បំប៉ន​វិញ ស្លឹកគ្រៃ​ត្រូវការ​ប្រភេទ​ស្លឹកឈើ​រលួយ​ដាក់​ក្បែរ​គល់​ជា​ការ​ស្រេច​៖ «​ពេលដែល​យើង​ដាំ​បាន​រយៈពេល​១​អាទិត្យ វា​ចាប់ផ្ដើម​លាស់​ត្រួយ ហើយ​នៅពេល​បាន​អាយុ​ពី​៤​ទៅ ១៥​ថ្ងៃ វា​ចាប់ផ្ដើម​ដុះ​កូនតូច​។ រយៈពេល​នេះ យើង​ចាប់ផ្តើម​ដាក់​កម្ទេចកម្ទី​និង​ជ្រោ​យគ​ល់វា​ដើម្បី​បាន​លូត​លឿន​»​។​

​រីឯ​របៀប​ប្រមូល​ផល​វិញ អ្នកបច្ចេកទេស​រូបនេះ​អះអាងថា ស្លឹកគ្រៃ​មាន​អាយុ​៦​ខែ អាច​ប្រមូល​ផល​បាន​ពេញលេញ ប៉ុន្តែ​ស្លឹកគ្រៃ​អាយុ​បាន​៤​ខែ គេ​អាច​ប្រមូល​ផល​បាន​បណ្ដើរៗ​ហើយ​៖ «​រយៈពេល​៦​ខែ ជា​អាយុ​អាច​ប្រមូល​ផល​បាន​ហើយ​កុំ​ទុក​យូរ​ពេក ព្រោះ​បើ​យើង​ទុក​ឱ្យ​លើសពីនេះ វា​ខាត​សេដ្ឋកិច្ច​វិញ​ទេ​»​។​

​ឯកសារ​កសិកម្ម​របស់​អង្គការ​អភិវឌ្ឍ​ន៍​កសិក​ម្មធម្ម​ជាតិ​កម្ពុជា​ស្ដីពី​អត្ថប្រយោជន៍​ដំណាំ​ស្លឹកគ្រៃ​បង្ហាញថា ស្លឹកគ្រៃ​ជា​ដំណាំ​រុក្ខជាតិ​ស្លឹក​វែងៗ ក្លិនប្រហើរ​ឈ្ងុយ ដុះ​បែក​ជា​គុម្ព ស្លឹក​។ គល់​វា​ប្រើ​ជា​គ្រឿងផ្សំ​ក្នុង​អាហារ ជួយ​បន្ថែម​ក្លិនក្រអូប​ឱ្យ​ម្ហូប​មាន​រស​ឆ្ងាញ់​។​

​ឯកសារ​ដដែល​ឱ្យដឹងទៀតថា ដំណាំ​ស្លឹកគ្រៃ​ក៏​ជា​ឱសថ​បន្ថយ​ជាតិពុល​ក្នុង​រាងកាយ ព្រមទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ ប៉ូវ​ភ្នែក ប៉ូវ​ឆ្អឹង និង​ធ្មេញ​ផងដែរ​។ ជាងនេះទៀត ស្លឹកគ្រៃ​ក៏​ជួយ​កម្ចាត់​សត្វល្អិត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លើសពីនេះ ស្លឹកគ្រៃ​ក៏​មាន​គុណ​តម្លៃ​ជាច្រើន​និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ដែល​មាន​ប្រយោជន៍​ជាច្រើន​មុខ​ដូចជា ជាតិ​រ៉ែ វីតាមីន និង​អង់ស៊ីម រួម​នឹង​ជីវជាតិ​សំខាន់​ច្រើន​ទៀត ដែល​មនុស្ស​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឱ្យមាន​សុខភាព​ល្អ​។​

​ដោយសារ​គុណ​តម្លៃ​ស្លឹកគ្រៃ​ច្រើន​នេះហើយ បានជា​ស្លឹកគ្រៃ​ក្លាយ​ជា​ទិសដៅ​សំខាន់​របស់​កសិដ្ឋាន​ហ្គ្រែ​ន​ភ្នំពេញ ដើម្បី​បំពេញ​សេចក្តីត្រូវការ​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​។ ជាក់ស្តែង កញ្ញា នី ពិសី អះអាងថា ស្លឹកគ្រៃ​ដាំ​តាម​បែប​ធម្មជាតិ​ជាង ១០០០​គុម្ព លក់​ទៅ​ឱ្យ​ទីផ្សារ​សេ​ដាក (CEDAC) ក្នុង​ទីក្រុង​ភ្នំពេញ បាន​តម្លៃ​ក្នុង​១​គីឡូក្រាម​៤០០០​រៀល ដែល​តម្លៃ​នេះ​កញ្ញា​អះអាងថា ជា​តម្លៃ​ខ្ពស់ជាង​ស្លឹកគ្រៃ​ដែល​ដាំ​ប្រើ​ថ្នាំ​គីមី​ជាង​ពាក់កណ្ដាល​។​

​ខណៈ​ដែល​កម្ពុជា​បាន​នាំចូល​គល់​ស្លឹកគ្រៃ​ពី​ប្រទេស​ជិតខាង​ក្នុង​បរិមាណ​ដ៏​ច្រើន លោក សម វិទូ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​(CEDAC) ជំរុញ​ឱ្យ​កសិករ​ដាំ​បន្លែ​ប្រភេទ​នេះ ដើម្បី​កាត់បន្ថយ​ការផ្គត់ផ្គង់​ពី​ខាងក្រៅ​។ ទន្ទឹមគ្នានេះ លោក​ឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​តម្រូវការ​ស្លឹកគ្រៃ​នៅក្នុង​ទីក្រុង​ភ្នំពេញ​មាន​ប្រមាណ​ជាង​៥០​តោន​ក្នុង​មួយថ្ងៃៗ​៖ «​តាម​ការស្រាវជ្រាវ​ដដែល គល់​ស្លឹកគ្រៃ​ប្រហែល​៥០​តោន ត្រូវបាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម (​ក្នុង​មួយ​ថ្ងៃ​) ហើយ​នាំ​មកកាន់​ផ្សារ​ដើម​គរ​និង​ផ្សារ​នាគ​មាស ដែល​ជា​កន្លែង​ចែកចាយ​ធំ ទៅ​ខេត្ត​ជុំវិញ​ភ្នំពេញ​និង​ខេត្ត​ឆ្ងាយៗ​មួយចំនួន​»​។

អ្នកជំនាញ​កសិកម្ម​រូប​នេះ​យល់​ថា ទោះបី​ដំណាំ​ស្លឹកគ្រៃ​ត្រូវបាន​គេ​ដឹងថា ងាយស្រួល​ដាំ មិនចាំបាច់​ចំណាយ​ថវិកា​ថែទាំ​ច្រើនក្តី លោក​អះអាង​ថា ពលរដ្ឋ​មួយចំនួន​នៅតែ​មិន​ចាប់អារម្មណ៍​ដាំ ហើយ​បែរជា​ត្រូវ​ចំណាយលុយ​ទិញ​ស្លឹកគ្រៃ​ទៅវិញ​។ ជាងនេះទៀត លោក​អះអាង​ទៀតថា បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​កម្ពុជា ស្លឹកគ្រៃ​កំពុង​នាំចូល​ខ្លាំង​ពី​បណ្ដា​ប្រទេសជិតខាង ហើយ​​ភាគច្រើន​មានប្រើ​ថ្នាំ​គីមី​។​

​អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​រូបនេះ ក៏​ជំរុញ​ឱ្យ​ប្រជាកសិករ​ងាក​មក​ដាំ​ដំណាំ​ស្លឹកគ្រៃ​តាម​បែប​ធម្មជាតិ​ឱ្យបាន​ច្រើន​។ ទោះជា​ស្លឹកគ្រៃ​ជា​ដំណាំ​សាមញ្ញ តែ​អ្នកបច្ចេកទេស​អះអាងថា វា​ក៏​ជា​ចំណែក​មួយ​ជួយ​បំពេញ​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​មិន​អាច​ខ្វះ​បាន និង​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​កសិករ​បាន​មួយកម្រិត​៕

ចែករំលែកតាម៖