​អ្នកជំនាញ​ស្នើ​ឱ្យ​មាន​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ប្រភពដើម​បន្លែ​ដើម្បី​ធានា​សុវត្ថិភាព

​អ្នកជំនាញ​ស្នើ​ឱ្យ​មាន​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ប្រភពដើម​បន្លែ​ដើម្បី​ធានា​សុវត្ថិភាព

​ការលើកឡើង​របស់​អ្នកជំនាញ​សេដ្ឋកិច្ច និង​កសិកម្ម​នៅ​ពេល​នេះ ធ្វើឡើង​បន្ទាប់​ពី​ការស្រាវជ្រាវ​កន្លងមក​បង្ហាញថា កម្ពុជា​បាន​នាំចូល​បន្លែ​ហូបចុក​ពី​ប្រទេស​ជិតខាង​ប្រមាណ​ពី ២០០ ដល់​៤០០​តោន​ក្នុង​មួយថ្ងៃ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ លើសពីនេះ កាលពី​ពេល​ថ្មីៗ​នេះ អង្គការ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ដើម្បី​ការអភិវឌ្ឍ​(​អ៊ី​កូ​) រកឃើញថា ៩៥​ភាគរយ​នៃ​អ្នក​បរិភោគ​បន្លែ មាន​ការព្រួយបារម្ភ​អំពី​កម្រិត​ជាតិ​គីមី​នៅ​កន្លែង​។​

​នៅក្នុង​សិក្ខាសាលា​ស្តីពី «​ការលើកកម្ពស់​សុវត្ថិ​ភាព​បន្លែ សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​» ដែល​ធ្វើឡើង​កាលពី​ពេល​ថ្មីៗ​នេះ នាយក​នៃ​មជ្ឈមណ្ឌ​សិក្សា​គោលនយោបាយ និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​រូប លោក ចាន់ សុផល មាន​ប្រ​សាសន៍​ថា ទោះបីជា​កម្ពុជា​បាន​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​មួយ​ដែល​មាន​អាទិភាព​ខ្ពស់ ឬ​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​វិស័យ​នេះ​នៅ​មិនទាន់​មាន​ការអភិវឌ្ឍ​ន៍​លឿន​ដូច​បណ្តា​ប្រទេស​មួយចំនួន​នៅឡើយ​។ លោក​ថា ហេតុនេះ ទើប​ជំរុញ​ឱ្យ​កម្ពុជា​នាំ​ចូល​បន្លែ​បន្ថែម​ពី​ប្រទេសជិតខាង​ប្រមាណ​ពី ២០០ ដល់​៤០០​តោន​ក្នុង​មួយថ្ងៃ​។​

ជាងនេះទៀត លោក​ថា ទោះ​ជា​តម្លៃ​ជា​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ទៅ​លើ​ការ​នាំចូល​បន្លែ​ពី​ក្រៅ​ប្រទេស ប៉ះពាល់​តិចតួច​ដល់​សេដ្ឋកិច្ចជាតិ បើ​ធៀប​ទៅ​នឹង​ចំណូល​ផលិតផល​សរុប​ក្នុងស្រុក​ដែល​មាន​ប្រមាណ​២០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្តី ប៉ុន្តែ​លោក​ថា ការយកចិត្តទុកដាក់​ទៅ​សុវត្ថិភាព​បន្លែ គឺជា​រឿង​ចាំបាច់​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ប្រភពដើម​បន្លែ​ទាំង​ក្នុង​ផលិត​កម្ម និង​លើ​ទីផ្សារ ដើម្បី​ចៀសវាង​ការបន្លំ​បន្លែ​ដែល​គ្មាន​សុវត្ថិភាព​។​

ទាក់ទិន​នឹង​ការលើកឡើង​នេះ​ដែរ នាយក​ប្រត្តិបត្តិ​អង្គការ​ជីវិត​ថ្លៃថ្នូរ​(LWD) លោក មិន ស បាន​បញ្ជាក់​ប្រាប់​ដែរ​ថា លោក​គាំទ្រ ឱ្យ​មាន​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ប្រភពដើម​បន្លែ ព្រោះថាបន្លែដែល​នាំចូល​ទាំងនោះ ភាគច្រើន​មាន​ផ្ទុក​​ថ្នាំពុល ជីគីមី និង​ថ្នាំ​កសិកម្ម​ផ្សេងៗ បង្ក​ផល​ភាពភ័យខ្លាច និង​កើត​មាន​ជំងឺ​ដល់​អ្នក​បរិភោគ​។​

​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិបង្ហាញថា បរិមាណ​បន្លែ​ដែល​ផ្គត់ផ្គង់​ប្រចាំឆ្នាំ​នៅ​កម្ពុជាចំនួន​០,៩៣​លាន​តោន​។ ក្នុងនោះបរិមាណ​បន្លែ​ក្នុងស្រុក​មាន​៤៤% ចំណែក​បន្លែ​នាំចូល​ពី​ក្រៅប្រទេស​៥៦%​។​

​ទន្ទឹមគ្នានេះ ការសិក្សា​ក៏​បាន​បញ្ជាក់​ដែរ​ថា ផលិតផល​បន្លែ​ដែល​គ្មាន​សុវត្ថិភាព​ទាំងនោះ​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម និង​ជា​គ្រោះថ្នាក់​សម្រាប់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​។​

​តំណាង​កសិករ​មកពី​ខេត្ត​កំពង់ស្ពឺ លោកស្រី ឆ​យ តាំង​លី ដែល​បាន​ចូលរួម​សិក្ខាសាលា ក៏​បង្ហាញ​ការគាំទ្រ​ឱ្យ​ចេញ​វិញ្ញា​បនបត្រ​បញ្ជាក់​ពី​គុណភាព​ប្រភពដើម​បន្លែ ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ ងាក​មក​ចាប់ផ្ដើម​ដាំ​ដុះ​បន្លែ​សរីរាង្គ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ខ្លួន​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​អ្នកជំនាញ​កសិកម្ម​នេះ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិ​កម្ម​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ លោក ហ៊ាន វណ្ណ​ហន អះអាងថា ការត្រួតពិនិត្យ និង​ការចេញ​វិញ្ញា​បន​បត្រ​​បញ្ជាក់​ពី​គុណភាព​ប្រភពដើម​បន្លែ​មិនមែន​ជា​កាតព្វកិច្ច​របស់​ក្រសួង​កសិកម្ម​នោះ​ទេ​។

យ៉ាងណាក៏ដោយ លោក ហ៊ាន វណ្ណ​ហន អះអាងថា ក្រសួង​បាន​ជំរុញ​កសិករ​ផលិត​បន្លែ​គ្រប់មុខ​ដោយ​មាន​ការ​ចងក្រង​សហគមន៍​ក្នុង​ការផលិត​បន្លែ និង​កែច្នៃ​បន្លែ​នៅ​រដូវ​សម្បូរ​បន្លែ​។ លោក​យល់ថា នៅពេល​កសិករ​ខ្មែរ​អាច​ផលិត​បន្លែ​គ្រប់​គ្រាន់​​​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ នោះ​បន្លែ​នាំចូល​ពី​ក្រៅ​ក៏​មិន​អាច​នាំ​ចូល​បាន​ទៀត​ទេ​។​

​យ៉ាង​ង​នេះ​ក្ដី អ្នកជំនាញ​នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​គោលការណ៍​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ប្រភពដើម​បន្លែ​ទាំង​​ក្នុង​ផលិតកម្ម និង​លើ​ទីផ្សារ​។ អ្នកជំនាញ​អះអាងថា ការ​ចេញ​វិញ្ញាបនបត្រ​មិន​ត្រឹមតែ​អាច​ធានា​សុវត្ថិភាព​អ្នក​បរិភោគ​នោះទេ វា​ក៏​អាច​ជួយ​ឱ្យ​វិស័យ​កសិកម្ម​មាន​សក្ដានុពល​ពិតប្រាកដ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​ផល​ពី​ឱកាស​ទីផ្សារសេរី បង្កើន​សេដ្ឋកិច្ច​ជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​គេចផុត​ពី​ភាពក្រីក្រ​៕

ចែករំលែកតាម៖