បទពិសោធន៍​ដាំ​ដំណាំ​ស្ពៃ​តឿ​បាន​ផល​ល្អ​របស់​កសិករ​នៅ​ខេត្ត​បាត់ដំបង​

បទពិសោធន៍​ដាំ​ដំណាំ​ស្ពៃ​តឿ​បាន​ផល​ល្អ​របស់​កសិករ​នៅ​ខេត្ត​បាត់ដំបង​

លោក ណុប នុន គឺជា​កសិករ​ដាំ​បន្លែ​ម្នាក់ នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។ លោក​បាន​ប្រកប​របរ​ដាំ​ស្ពៃ​តឿ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ នៅលើ​ផ្ទៃដី​ជាង​កន្លះ​ហិកតា​។​

ជាមួយនឹង​បទពិសោធ​ដាំ​ស្ពៃ​យូរ​ឆ្នាំ​នេះ លោក ណុប នុន បានឱ្យដឹងថា ដំណាំ​ស្ពៃ​តឿ គឺជា​ប្រភេទ​ដំណាំ​ដែល​ត្រូវការ​ទឹក​ច្រើន​ដើម្បី​ស្រោចស្រព ហើយ​ត្រូវ​មាន​ការថែទាំ​ឱ្យបាន​ជា​ប្រចាំ​ទើប​វា​ផ្ដល់​ផល​បានល្អ​។​

​កសិក​រវ័យ​៣០​ឆ្នាំ​រូប​នេះ​ពន្យល់​ពី​របៀប​ដាំ​ស្ពៃ​តឿ​ថា ការដាំ​ស្ពៃ​តឿ​ចែកចេញជា​៣​ដំណាក់កាល​សំខាន់ គឺ​ការជ្រើសរើស​ពូជ ការរៀបចំ​ដី​ឱ្យបាន​ស្អាត និង​ការរៀបចំ​ប្រព័ន្ធ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​។​

​លោក ណុប នុន បញ្ជាក់ថា លោក​ដាំ​ស្ពៃ​តឿ​ដោយ​សាប​កូន ដើម្បី​ងាយស្រួល​ថែទាំ​និង​ឆាប់​បា​ប្រមូល​ផល​៖ «​បន្ទាប់ពី​គេ​ធ្វើ​ដី​ហើយ ត្រូវ​ធ្វើ​តេស្ត​ទឹក​សិន បញ្ឆេះ​ទឹក​មក​តើ​ទឹក​ហ្នឹង​វា​ខ្ទាត​ពេញចិត្ត​តម្រូវការ​យើង​ឬ​អត់ វា​មាន​ស្ទះ​ទុយោ​កន្លែង​ណា​ឬ​អត់​? មិនមែន​ដាក់​គ្រាប់​ហើយ បាន​ធ្វើ​ទឹក​ទេ​។ អ៊ីចឹង​បន្ទាប់ពី​រៀបចំ​ដី​ស្អាត ពូជ​(​ស្ពៃ​)​មាន​ហើយ គេ​ធ្វើ​ទឹក​មើល​សិន​ថា​ទឹក​ហ្នឹង​យ៉ាងម៉េច បន្ទាប់ពី​ធ្វើ​ទឹក​ហើយ​គេ​សង្កេតមើល​សត្វល្អិត​នៅ​ជុំវិញ​ចម្ការ​សិន​។ បន្ទាប់ពី​គេ​មើលឃើញ​ថា​អត់​មាន​សត្វល្អិត​មក​បំផ្លាញ​វា អ៊ីចឹង​អាចដាក់​គ្រាប់​ហ្នឹង​បាន​។ គេ​មិន​ដាំ​កូន​(​ស្ពៃ​)​ទេ​ដោយសារតែ​ពពួក​ស្ពៃ​ប្លក់​ច​យ​ហ្នឹង ឬ​ស្ពៃ​តឿ​ហ្នឹង​គេ​ប្រមូល​ផល​ចាប់ពី​ថ្ងៃ​ដាក់​គ្រាប់​ដល់​ដី​២៤​ថ្ងៃ​ទៅ​២៧​ថ្ងៃ​។ អ៊ីចឹង​បើ​យើង​សាប​ដាំ​អត់​កើត គឺ​យើង​ព្រួស​វា ព្រួស​គេ​កំណត់​ផ្ទៃដី​ច្បាស់​ថា រដូវ​នេះ​ទីផ្សារ​គេ​អត់​សូវ​ស៊ីធំ​ទេ​»​។​

លោក​ ណុប​ នុន កសិករ​ដាំ​ស្ពៃ​តឿ​នៅស្រុក​ថ្មគោល ខេត្ត​បាត់​ដំបង
លោក​ ណុប​ នុន កសិករ​ដាំ​ស្ពៃ​តឿ​នៅស្រុក​ថ្មគោល ខេត្ត​បាត់​ដំបង

លោក ណុប នុន បន្តថា នៅពេល​សាប​គ្រាប់​ស្ពៃ ត្រូវ​ភ្ជួរ​ដី​ហា​លពី​៣​ទៅ​៤​ដង​ក្នុង​មួយខែ ហើយ​ត្រូវ​ធ្វើ​រង​ទទឹង​ប្រមាណ​១​ម៉ែត្រ ដោយ​ទុក​ចន្លោះ​ផ្លូវ​ដើរ​ពី​រង​មួយ​ទៅ​រង​មួយ​ប្រមាណ​៧​តឹក​ឬ​៧០​សង់ទីម៉ែត្រ​។ លោក​បញ្ជាក់ដែរថា យោងតាម​បទ​ពិសោធន៍​របស់​លោក រង​ក៏​ជា​កត្តា​សំខាន់​ផងដែរ ដើម្បី​ឱ្យ​ស្ពៃ​លូតលាស់​បាន​លឿន​និង​ល្អ​៖ «​រង​គេ​ចែក​ជា​ពីរ​គ្រប់​ដំណាំ​ទាំងអស់​។ ទី​១ គេ​ចែក​រដូវវស្សា រដូវវស្សា​គេ​គិត​ចាប់ពី​ខែ​៥​មក​… រដូវវស្សា​ដំណាំ​គេ​ចែក​ជា​២ ពី​ខែ​៥​រហូតដល់​ខែ​១០​។ ខែ​១០​ហ្នឹង​គឺ​គេ​ធ្វើ​រង​ខ្ពស់ស្រឡះ​មិនឱ្យ​មាន​អី​ធ្លាក់​មក​ខាងក្រោម​នេះ​បាន​ទេ​។ តែ​ផ្ទុយទៅវិញ​បើ​ធ្វើ​បែប​ហ្នឹង​ចាប់​ពី​ក្នុង​រដូវ​ចាប់​ពី​ខែ​១១ ខែ​១២ ខែ​១ ឬ​ខែ​២​អី គឺ​សត្វល្អិត ដោយសារ​អត្រា​ស្រោច​ទឹក​អត់​គ្រប់គ្រាន់ ព្រោះ​រង​ខ្ពស់ កាលណា​រង​ខ្ពស់​ហួត​(​ទឹក​)​លឿន រង​គឺ​គេ​ចែក​ជា​ពីរ​។ ខែ​នេះ​ប្រហែលជា នៅ​រដូវ​នេះ​យើង​នៅ​រដូវប្រាំង​នៅឡើយ អត់​ទាន់​គ្រប់គ្រាន់​ទេ សំណើម​អ៊ីចឹង​យើង​អាច​ធ្វើ​វា​កុំឱ្យ​ហូរ​ទឹក​អស់ កាលណា​ហូរ​ទឹក​អត់​អស់​សត្វល្អិត​អត់​សូវ​ហក់​ទៅ​ហក់​មក​»​។​

​កសិករ​រូបនេះ​ថ្លែងថា ទោះ​ជា​ដំណាំ​ស្ពៃ​តឿ​ត្រូវការ​ការថែទាំ​និង​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់​តាំងពី​ថ្ងៃ​ដាំ​រហូត​ដល់​ប្រមូល​ផល​ក៏ដោយ ប៉ុន្តែ​ដំណាំ​ស្ពៃ​នេះ​ចំណាយ​ផ្ទៃដី​តូច​ល្មម ហើយ​ទទួលបាន​ផល​ច្រើន​។ ជាក់ស្តែង លើ​ផ្ទៃដី​ជាង​កន្លះ​ហិកតា លោក​អាច​ដាំ​បាន​យ៉ាងហោចណាស់​៦​ដង ក្នុង​មួយ​ឆ្នាំ ហើយ​ទិន្នផល​ដែល​ទទួល​បាន​ជិត​១០​តោន​ក្នុង​មួយ​លើក​៖ «​ស្ពៃ​អស់នេះ ក្នុង​ផ្ទៃ​ដី​ប៉ុន​នេះ​សរុប​ប្រហែល​៩​តោន​ទៅ​១០​តោន ហើយ​ចំណាយ​កម្លាំង​ពលកម្ម​ជាធម្មតា​ពេល​ប្រមូល​ផល ខ្ញុំ​អស់​​​ប្រហែល​២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ព្រោះ​មួយ​ម៉ោង​៣៣០០​រៀល​សម្រាប់​អ្នក​ជួយ​កាត់​។ អ៊ីចឹង​ប្រសិន​ជា​មួយ​គី​ឡូ​៥០០​រៀល​ដូច​មុន វា​គ្រាន់តែ​បាន បាន​ទី​១ ខ្ញុំ​អត់​បាន​បោះបង់ មិន​ឈូស​ចោល​ដោយ​សារ​ឱ្យ​ពួក​កាត់​ចំណេញ​តិចតួច ក៏​បាន​លុយ​ទៅ​គាត់ ហើយ​មួយទៀត​ឈ្មួញ​ក៏​គាត់​មាន​លក់​។ អ៊ីចឹង​កាលណា​យើង​ចោល​ទាំងអស់​វា​ធ្វើឱ្យ​ខាត​»​។​

ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ដី​ពី​អត្ថប្រយោជន៍​ស្ពៃ​តឿ បង្ហាញថា ស្ពៃ​តឿ​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ច្រើន​មុខ ក្នុងនោះ​រួមមាន ជាតិ​ប្រូតេអ៊ីន វីតាមីន​អា (A) វីតាមីន​បេ (B) និង​វីតាមីន​សេ (C)​។ លើសពីនេះ ស្ពៃ​តឿ​ក៏​សម្បូរ​ជាតិ​រ៉ែ មាន​ជាតិ​កាល់ស្យូម ជាតិ​ដែក ផូស្វ័​រ និង​ជាតិ​ប៉ូ​តា​ស្យូម​។

​ដោយសារ​ស្ពៃ​តឿ​មាន​អត្ថប្រយោជន៍​ច្រើន​នេះហើយ បាន​ក្លាយ​ជា​ទិសដៅ​សំខាន់​របស់​ក្រុមគ្រួសារ លោក ណុប នុន និង​គ្រួសារ​ពលរដ្ឋ​នៅក្នុង​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​ប្រចាំថ្ងៃ​។​

​ចំពោះ​ស្ពៃ​តឿ​ដែល​លោក​ដាំ​តាមបែប​វិធី​ធម្មជាតិ  គឺ​លោក​អាច​លក់​ទៅ​ឱ្យ​ទីផ្សារ​នៅ​ខេត្តសៀមរាប និង​ខេត្ត​បន្ទាយមានជ័យ បាន​តម្លៃ​ក្នុង​១​គីឡូក្រាម​៣៣០០​រៀល​។​

​លោក ណុប នុន បន្តថា រដូវ​ដែល​ដាំ​ស្ពៃ​បាន​ផល​ល្អ គឺ​នៅ​រដូវ​ត្រជាក់ ចន្លោះ​ពី​ចុង​ខែ​វិច្ឆិកា​ដល់​ខែ​មីនា​។ ក៏​ប៉ុន្តែ​លោក​ថា នៅ​រដូវវស្សា​ភាគច្រើន​មាន​ជួប​បញ្ហា​ស្ពៃ​ចុះថោក ដោយ​ពេល​ខ្លះ​ស្ទើ​រក​ប្រាក់​កម្រៃ​មិនបាន​។​

​លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​ស្ពៃ​តឿ​មានតម្លៃ​សមរម្យ គឺ​តម្លៃ​ចាប់ពី​ជាង​៣​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើង ក្នុង​ផ្ទៃ​ដី​ជាង​កន្លះ​ហិកតា​នេះ លោក​អាច​រក​ប្រាក់ចំណូល​បាន​ប្រមាណ​៧​លាន​រៀល​ក្នុង​មួយ​រដូវ​។​

​ប្រាក់ចំណូល​បាន​ពី​ដំណាំ​នៅលើ​ផ្ទៃដី​ជាង​កន្លះ​ហិកតា​នេះ គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ និង​អាច​ឱ្យ​ក្រុមគ្រួសារ​របស់​លោក​បាន​រស់នៅ​ជុំគ្នា ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​នោះទេ​។​

​ទោះជា​យ៉ាងណា បញ្ហា​ទីផ្សារ​គឺជា​កត្តា​សំខាន់​របស់​ប្រជាកសិករ​។ កសិករ​នៅ​ឃុំ​តា​សី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សា​រលក់​ស្ពៃ​តឿ​ក្នុង​តម្លៃ​សមរម្យ ដើម្បី​ពួកគាត់​បាន​ប្រាក់កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​៕

ចែករំលែកតាម៖