​សហគ្រិនភាព​គឺជា​គន្លឹះ​សំខាន់​ក្នុង​ទីផ្សារការងារ​

​សហគ្រិនភាព​គឺជា​គន្លឹះ​សំខាន់​ក្នុង​ទីផ្សារការងារ​

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លើកឡើងថា សហគ្រិនភាព​គឺជា​គន្លឹះ​សំខាន់​ក្នុង​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន ដែល​យុវជន​កម្ពុជា​គួរ​សិក្សា​និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ផ្នែក​នេះ​។​

​ការលើកឡើង​នេះ​ធ្វើឡើង​នៅ​កម្មវិធី​សិក្ខាសាលា​ស្ដីអំពី «​ធុរកិច្ច​អនុវត្តន៍​ជាក់ស្ដែង​ដ៏​ធំ​បំផុត​» ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ពណ៌ កោះ​ពេជ្រ​។​

​លោក​ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ស្របពេល​ដែល​បច្ចេកវិទ្យា​មានការ​ជឿនលឿន​ខ្ពស់ បូករួម​ជាមួយ​នឹង​ការបោះ​ជំហាន​របស់​កម្ពុ​ជា​ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ទៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម យុវជន​ដែល​មាន​ប្រមាណ​ជាង​៦០​ភាគរយ​នៃ​ប្រជាជន​សរុប គួរតែ​ដឹង​យល់​ពី​គន្លឹះ​សំខាន់ៗ​ក្នុង​ការឈាន​ចូល​ទីផ្សារការងារ​៖

«​ដើម្បី​ក្លាយជា​សហគ្រិន តើ​មាន​ចំណេះ​អី​ខ្លះ​? ចឹង​ហើយ​បាន​ថ្ងៃនេះ​យើង​ក៏​មាន​ភ័ព្វសំណាង​ដែរ​ដែល​មាន​សហគ្រិន​មួយចំនួន​ដែល​គាត់​ទទួលបាន​ជោគជ័យ ហើយ​គាត់​មក​ចែករំលែក​បទពិសោធន៍​របស់គាត់ ធ្វើ​ម៉េច​ឱ្យ​ក្លាយជា​សហគ្រិន​? ត្រូវមាន​ចំណេះដឹង​អ្វីខ្លះ​? ត្រូវ​មាន​ការប្ដេជ្ញា​ចិត្ត​អ្វីខ្លះ​? ម្យ៉ាងវិញទៀត អ្វី​ដែល​ប្អូន​មក​ពេល​នេះ​គឺ​ដូចជា​ការធ្វើ​ដំណើរ​មួយ​ចឹង ដើម្បី​ឱ្យ​ប្អូន​ស្វែងយល់ថា តើ​ត្រូវការ​អ្វីខ្លះ​? ត្រូវការ​ជំនាញ​? ជំនាញ​រឹង​ដូចជា​ចំណេះដឹង​ឬ​មួយ​ក៏​ជំនាញ​បច្ចេកទេស ឬ​ជំនាញ​ទន់ ដូចជា​ការចេះ​រៀបចំ ការចេះ​ពិចារណា ការចេះ​ដោះស្រាយ​បញ្ហា ការចេះ​រៀបចំ​ខ្លួន​ឯង​»​។​

​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ស្ថាប័នឯកជន​មួយចំនួន មាន​ការចូលរួម​ពី​យុវជន​ប្រមាណ​ជិត​៣០០០​ពាន់​នាក់ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ខាង​ផ្នែក​សហគ្រិនភាព និង​ធ្វើការ​បំបែក​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​(Guinness)​។ សិក្ខាសាលា​នេះ​ក៏​មាន​ការចូលរួម​ពី​វាគ្មិន​៣​រូប ដែល​សុទ្ធសឹង​ជា​សហគ្រិន​ដែល​មាន​បទពិសោធន៍​ក្នុងការ​ដំណើរការ​ជំនួញ​ដោយ​ខ្លួនឯង​។​

​លោក ធុល រិទ្ធី សហ​ស្ថាបនិក​ក្រុមហ៊ុន Small World និង​ក្រុមហ៊ុន Emerarld Hub ដែល​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​នេះ​លើកឡើងថា សហគ្រិនភាព​មាន​សារៈសំខាន់​សម្រាប់​យុវជន និង​មនុស្ស​ទូទៅ មិន​ថា​ជា​អ្នក​ធ្វើការ​ឱ្យ​ស្ថាប័ន​ណាមួយ​ឬ​កាន់កាប់​ជំនួញ​ដោយ​ខ្លួនឯង​នោះ​ទេ ព្រោះ​វា​ជា​ផ្នែក​នៃ​ជីវិត​។

សិក្ខាកាម​ដែលចូល​រួ​មក្នុង​សិក្ខាសាលាស្តីពី ធុរកិច្ច​អនុវត្តន៍​ជាក់ស្ដែង​ដ៏​ធំ​បំផុត
សិក្ខាកាម​ដែលចូល​រួ​មក្នុង​សិក្ខាសាលាស្តីពី ធុរកិច្ច​អនុវត្តន៍​ជាក់ស្ដែង​ដ៏​ធំ​បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌ កោះពេជ្រ

​លោក ធុល រិទ្ធី បន្តថា កម្ពុជា​មាន​សហគ្រិន​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​តំបន់ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ចូល​ចិត្ត​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​។ ប៉ុន្ដែ​អាជីវកម្ម​ទាំងនោះ​នៅ​តូចៗ​នៅឡើយ ដូច្នេះ​ពួកគេ​គួរតែ​យល់ដឹង​បន្ថែម​ពី​សហគ្រិនភាព ដើម្បី​អាច​វាយលុក​ចូល​ទីផ្សារ​ការងារ​បាន​៖

«​លក្ខណៈសម្បត្តិ​របស់​ស​ហ​គ្រិន​ទូទៅ​គឺ​ត្រូវ​មាន​ភាពក្លាហាន​ក្នុងការ take risks ឬក៏​ប្រថុយប្រថាន ព្រោះ​យើង​មាន​ក្ដី​ស្រមៃ ប៉ុន្ដែ​បើ​យើង​អត់​ហ៊ាន​ប្រថុយ​ដើម្បី​ទៅ​បង្កើត ទៅ​ធ្វើ​វា យើង​អត់​បាន​ជោគជ័យ​មក​វិញ​ទេ​។ ហើយ​ប្រថុយ​១០០​ភាគរយ​ហ្មង បើសិន​យើង​គិត​ថា​អាហ្នឹង​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ​ហើយ ត្រូវតែ​ដាក់ចិត្ត​១០០​ភាគរយ​ដើម្បី​ធ្វើ ហ្នឹង​បាន​មើល​ទៅ​អាចទៅរួច​។ ហើយ​មាន​គំនិត​ច្នៃប្រឌិត ហើយ​មាន​ការ flexibility ចេះ​បត់បែន ប៉ុន្ដែ​មិនមែន​បត់បែន​ទៅ​ផ្លូវ​អាក្រក់​ទេ យើង​បត់បែន​ទៅតាម​ស្ថានភាព​របស់​សង្គម ហើយ​និង​ស្ថានភាព​របស់​business (​អាជីវកម្ម​) ហើយ​និង​ស្ថានភាព​របស់​តិច​ណូ​ឡូជី​(​បច្ចេកវិទ្យា​)​ចឹង​ទៅ បើសិនជា​ផ្នែក​តិច​ណូ​ឡូជី​​»។

​លោក ធុល រិទ្ធី បន្តទៀតថា យុវជន​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ទទួលបាន​នូវ​ចំណេះដឹង​គោល​ខ្លះ​ក្នុង​ការបើក​អាជីវកម្ម​ដោយ​ខ្លួនឯង និង​ទំនួល​ខុស​ត្រូវ​របស់​សហគ្រិន​ទៅលើ​ខ្លួនឯង​និង​សង្គម​។​

​យុវជន​២​រូប​ក្នុង​ចំណោម​យុវជន​ជិត​៣០០០​នាក់ ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​សម្ដែង​ការចាប់អារម្មណ៍​ថា កម្មវិធី​បែបនេះ​នឹង​ជួយ​ឱ្យ​យុវជន​ដែល​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន បាន​ដឹង​បន្ថែម​ពី​វិធីសាស្ត្រ​ក្នុងការ​ធ្វើ​អាជីវកម្ម​៖ «​ចំពោះ​កម្មវិធី​ដែល​បាន​ចូលរួម​នេះ ខ្ញុំ​គិតថា វា​ល្អ​ដែរ ព្រោះ​ថា​គាត់​បាន​ចែករំលែក​បទពិសោធន៍​ដែល​បាន​ម្ចាស់​សហគ្រិន​ល្បីៗ​គាត់​បាន​ចែករំលែក​បទពិសោធន៍​។​»

«​ចំពោះ​យុវជន​ដែល​ជា​សសរទ្រូង​នៃ​ប្រទេសជាតិ ខ្ញុំ​គិតថា​នេះ​ជា​កម្មវិធី​ដ៏​ល្អ​មែនទែន ព្រោះ​វា​ពង្រឹង​ទាំង hard skills (​ជំនាញ​រឹង​) ទាំង​soft skills (​ជំនាញ​ទន់​)​។ ហើយ​ម្យ៉ាង ក្នុងនាម​ខ្ញុំ​ជា​និស្សិត​ដែល​មិនសូវមាន social networking skills (​ជំនាញ​ទំនាក់ទំនង​សង្គម​) បាន​ច្រើន ខ្ញុំ​មក​នៅ​កម្មវិធី​នេះ ហើយ​ខ្ញុំ​បាន​ស្គាល់​នូវ​អ្នក​ដទៃ​ទៀត​ដែល​គេ​មាន​ចំណាប់អារម្មណ៍​ដូចៗ​គ្នា ហើយ we make friends (​យើង​រាប់អាន​ជា​មិត្តភក្តិ​)»​។​

​ទាំង​អ្នកជំនាញ​និង​យុវជន​ដែល​ចូលរួមលើកឡើងថា ចំណុច​គោល​ដែល​យុវជន​បាន​ទទួល​ពី​ការចូលរួម​ក្នុង​សិក្ខាសាលា​ធុរកិច្ច​អនុវត្តន៍​ជាក់ស្ដែង​ដ៏​ធំ​បំផុត​នេះ អាច​ជា​គ្រឹះ​សម្រាប់​ឱ្យ​ពួកគេ​យក​ទៅ​ស្វែង​យល់​បន្ថែម​ពី​ការធ្វើ​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​ធំ​៕

ចែករំលែកតាម៖