DJ ណា​ណា ចែករំលែក​ចំណុច​គន្លឹះ​៣​ដល់​ក្មេង​ស្រី​ក្នុង​ការសម្រេច​ក្ដី​ស្រមៃ​

DJ ណា​ណា ចែករំលែក​ចំណុច​គន្លឹះ​៣​ដល់​ក្មេង​ស្រី​ក្នុង​ការសម្រេច​ក្ដី​ស្រមៃ​

​ឯកអគ្គរាជទូត​កិត្តិយស​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា DJ ណា​ណា លើកឡើងថា ក្មេង​ប្រុស​និង​ក្មេងស្រី ជួបប្រទះ​ឧបសគ្គ​ក្នុង​ការរស់នៅក្នុង​សង្គម​ដូចគ្នា ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នៅ​ត្រង់​ថា ក្មេង​ស្រី​ត្រូវបាន​សង្គម​បង្រៀន​នូវ​រឿង​អ្វី​ដែល​មិន​គួរ​ធ្វើ​ច្រើន​ជាង​ក្មេងប្រុស​។ កត្តា​នេះ​បាន​ជំរុញ​ឱ្យ​ក្មេងស្រី​រស់នៅក្នុង​ភាពភ័យខ្លាច​នៃ​ការរើសអើង ការ​មាក់ងាយ និង​ទទួល​រង​អំពើ​ហិង្សា​នានា ។

​ក្រៅ​ពី​កត្តា​សង្គម ដែល​បាន​បង្រៀន​នៅ​រឿង​អ្វី​ដែល​មិន​គួរ​ធ្វើ​ច្រើនជាង​ក្មេងប្រុស​ហើយ​នោះ កត្តា​ក្មេងស្រី​ខ្លួនឯង​ផ្ទាល់ ដោយ​សារ​តែ​​ពួកគេ​​មិន​​ហ៊ាន​​ជម្នះ​ឧបសគ្គ​ដើម្បី​សម្រេ​ចក្តី​ស្រមៃ​របស់ខ្លួននិង​កាន់តែ​បាក់​ទឹក​ចិត្តខ្លាំង​។

​ក្រៅពី​ជំរុញ​ក្មេងស្រី DJ ណា​ណា ក៏​បាន​សំណូមពរ​ឱ្យ​​ក្រុមគ្រួសារលើកទឹកចិត្ត​ក្មេងស្រី ដើម្បីទាមទារ​ឱ្យមាន​ការប្រឆាំង​នឹង​​ការ​រើស​អើង ដែល​រារាំង​ឱកាស​របស់​ស្ត្រី​និង​ក្មេង​ស្រី​។

DJ ណាណាបន្តថា៖ «​យុវនារី ក្មេងៗ​ស្រីៗ​សម័យ​នេះ​ខុស​ពី​សម័យមុន ។ខ្ញុំ​សម័យ​ឥឡូវ​អាយុ​៣០ ខុស​ពី​ម្តាយ​ខ្ញុំ​អាយុ​៣០ កាល​គាត់​អាយុ​៣០ គាត់​អត់​មាន​បរិយាកាស​បែប​ហ្នឹង​ទេ​។ ខ្ញុំ​ខុសគ្នា ក្នុង​វ័យ​៣០​ឆ្នាំ​របស់​ខ្ញុំ​មាន​អ៊ី​ន​ធើ​ណែត មាន​ទូរ​សព្ទ​អ៊ីចឹងទៅ​។ ក្មេង​ជាង​ហ្នឹង​ទៀត អាយុ ១៥-១៦​ឆ្នាំ កាល​ម្តាយ​គាត់​អាយុ​១៥-១៦​ឆ្នាំ ស្ថានភាព​អត់​ដូច​គ្នា​ទេ​។ អ៊ីចឹង​យើង​មិន​គួរ​គិតថា ដោយសារ​តែ​ម៉ាក់​យើង ដោយសារ​តែ​អ៊ុំ​ស្រី​យើង ដោយសារ​តែ​មេឃុំ​ជា​ស្ត្រី​ដែល​យើង​ស្គាល់​មាន​ឧបសគ្គ​ច្រើន វា​ក្លាយ​ជា​កត្តា​ដែល​ធ្វើឱ្យ​យើង​បាក់​ទឹកចិត្ត គឺ​អត់​ទេ ព្រោះ​យើង​កើត​នៅក្នុង​បរិយាកាស​មួយ​ដែល​ប្រសើរ​ជាង​គាត់​»​។​

​ឯកអគ្គរាជទូត​កិត្តិយស​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា បាន​ចែករំលែក​គន្លឹះ​មួយចំនួន ទៅ​ក្មេងស្រី ដើម្បី​ជំរុញ​ឱ្យ​ក្មេងស្រី​ទាំងអស់មិន​ត្រូវ​បោះបង់និងត្រូវ​​ក្លាហាន​ពុះពារ​បន្តក្តី​ស្រមៃខ្លួន​៖ «​ប៉ុន្តែ​ត្រូវ​យល់​ថា ក្តី​ស្រមៃជា​សេរីភា​ពគ្មាន​ព្រំដែន។ យើង​​ចង់​គិត​អី​ក៏បាន យើង​ចង់​គិត​យើង​ចេះ​ហោះ​ក៏ប៉ុន្តែ​នៅក្នុង​សេចក្តី​ស្រ​មៃ នៅ​ក្នុង​ការគិត​របស់​យើង វា​អត់​ត្រូវ​មាន​ដែន​កំណត់​ទេ យើង​សេចក្តី​ស្រ​មៃ មិន​ត្រូវ​គួរ​បាន​អនុម័ត​ទេ  មិនមែន​បានន័យថា យើង​មាន​សិទ្ធិ​ស្រ​មៃ​អ​ញ្ចេះ យើង​អត់​សិទ្ធិ​ស្រ​មៃ​អ​ញ្ចេះ​។ ខ្ញុំ​ចង់ឱ្យ​ក្មេងៗ​សួរ​តែ​ខ្លួនឯង​បាន​ហើយ ខ្លួនឯង​មាន​សេចក្តី​ស្រ​ម៉ៃ​ចង់បាន​អ​ញ្ចេះ ចង់​ធ្វើ​នេះ យើង​សួរ​យោបល់​អ្នកដទៃ​ថា​ត្រូវ​ធ្វើ​ម៉េច​ឱ្យបាន ប៉ុន្តែ​មិនមែន​សួរ​យោបល់​អ្នកដទៃ​ដើម្បី​ថា​ខ្ញុំ​ធ្វើ​អ៊ីចឹង​បាន​ឬ​អត់​ទេ»​។

​ឯកអគ្គរាជទូត​កិត្តិយស​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា DJ ណា​ណាបន្ត​ទៀតថា៖ «ចំណុច​ទី​២ នៅពេល​យើង​មាន​សេចក្តី​ស្រ​មៃ កុំ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការរុករក​បន្ថែ​ម​ទៀត​លើសពី​ហ្នឹង។ មិនមែន​បានន័យថា​សេចក្តី​ស្រ​មៃ​របស់​យើង​មាន​មួយ​ទេ មនុស្ស​អាច​មាន​សេចក្តី​ស្រ​មៃ​ច្រើន​ជាង​មួយ​។ ក្តី​ស្រមៃ​មួយចំនួន ស្រាប់តែ​នៅ​សុខៗ​កើត​មាន​ឡើង​នៅក្នុង​ដំណាក់កាល​នៃ​អាយុជីវិត​របស់​យើង​ណាមួយ​។ ដូច្នេះ​ហើយ​កុំ​កំណត់​ខ្លួនឯង មើល​ក្តី​ស្រមៃចប់​មិន​មែន​បានន័យថា ខុស​ពី​ហ្នឹង​យើង​មិន​អាច​ធ្វើបាន​នោះទេ ស្អី​ក៏​យើង​អាច​ធ្វើ​បាន​ដែរ​។ ចំណុច​ទី​៣ ចុងក្រោយ ក្មេងប្រុស​ក៏​ដោយ ក្មេងស្រី​ក៏​ដោយ ត្រូវ​ទុកចិត្ត​លើ​ខ្លួនឯង។ ត្រូវ​ទុកចិត្ត​ថា វាសនា​មិនបាន​ចារ​ឱ្យ​យើង​មក​នៅ​អ៊ីចឹង​ទេ វាសនា​គ្រាន់​បញ្ជាក់ថា​យើង​កើត​នៅឯណា កើត​នៅ​ភូមិ​អី ប៉ាក​ម៉ាក់​យើង​ឈ្មោះ​អី មាន​បងប្អូន​ប៉ុន្មាន​នាក់ ប៉ុន្តែ​វាស្នា​មិនមែន​ជា​អ្នក​កំណត់​ថា​យើង​ត្រូវ​ដើរ​ទៅ​ដល់​ណា វាសនាមាន​សិទ្ធិ​អំណាច​ត្រឹមតែ​ប្រាប់​យើង​ថា កើត​មក​ម៉េច​ទេ ប៉ុន្តែ​អត់​មាន​ប្រាប់​សិទ្ធិ​អំណាច​រហូតដល់​ប្រាប់​យើង​ថា​រស់នៅ​យ៉ាង​ម៉េច​ទេ​»៕

ចែករំលែកតាម៖