​របាំ​ត្រុដិ​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍​និង​ធ្លាក់ចុះ​ទីផ្សារ​

​របាំ​ត្រុដិ​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍​និង​ធ្លាក់ចុះ​ទីផ្សារ​

ក្រុមសិល្បៈរបាំត្រុដិមកពីសមាគមចលនាវប្បធម៌ជាតិ សម្ដែងក្នុងកម្មវិធីសប្បុរសធម៌ និងអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិ យកថវិកាឧបត្ថម្ភដល់កុមារក្រីក្រឲ្យទទួលបានការអប់រំ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧។

​នេះ​គឺជា​សំឡេង​ក្រុម​សិល្បៈ​របាំ​ត្រុដិ ដែល​បាន​សម្ដែង​ក្នុង​សាលារៀន​ឯកជន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ មុនពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឈាន​ចូល​មក​ដល់​។​

លោក ស៊ូ វណ្ណៈ គឺជា​នាយក​កម្មវិធី​សមាគម​ចលនា​វប្បធម៌​ជាតិ​ដើម្បី​កុមារ​កំព្រារ​ក្រីក្រ និង​ជា​អ្នក​ដឹកនាំ​ក្រុម​សិល្បៈ​ត្រុដិ​នេះ​។ លោក​រៀបរាប់​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា លោក​តែងតែ​ដឹកនាំ​ក្រុម​របាំ​ត្រុដិ​របស់​លោក​ដើរ​សម្ដែង​តាម​ក្រសួង​ឬ​មន្ទីរ​នានា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​។​

​លោក ស៊ូ វណ្ណៈ ឱ្យដឹងទៀតថា ជាទូទៅ របាំ​ត្រុដិ​នេះ​មាន​ឱកាស​មួយ​ឆ្នាំ​អាច​សម្ដែង​បាន​តែ​មួយ​ដង​ទេ គឺ​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ក៏ប៉ុន្តែ​ម្តងម្កាល របាំ​នេះ​ត្រូវ​បាន​សម្ដែង​ក្នុង​ពិធី​បន់ស្រន់​សុំ​ទឹកភ្លៀង​ផងដែរ​។​

​លោក​បន្តថា បើ​តាម​ជំនឿ គេ​លេង​របាំ​ត្រុដិ​ដើម្បី​បណ្ដេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ និង​នាំមក​នូវ​ភាព​សម្បូរ​សប្បាយ ព្រមទាំង​លាប​សក្ការៈ និង​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី​៖ «​របាំ​ត្រុដិ​គេ​សម្ដែង​ក្នុង​គោលបំណង​ពីរ​សំខាន់​។ ទី​១​គឺ​បណ្ដេញ​ឧបទ្រពចង្រៃ​។ ទី​២​គឺ​ដើម្បី​សុំ​ទឹកភ្លៀង ដោយសារ​ខែ​នេះ​ជា​ខែ​ចេត្រ ដើម្បី​អំពាវនាវ​ដល់​អា​រុក្ខ​អារក្ខ​អ្នកតា ឱ្យ​ផ្តល់​ទឹកភ្លៀង​មក​ភពផែនដី​»​។​

សៀវភៅ​របាំ​ប្រជាប្រិយ​ខ្មែរ​បោះពុម្ព​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​សរសេរ​បញ្ជាក់ថា ពាក្យ “​ត្រុដិ​” គឺជា​ពាក្យ​ដើម​មក​ពី​ភាសាសំស្ក្រឹត ដែល​មានន័យថា “​ផ្តាច់​”“​កាត់ផ្តាច់​” ដែល​គេ​ភាគច្រើន គេ​ប្រើ​ដើម្បី​ផ្តាច់​ចោល​នូវ​ឧបទ្រព​ចង្រៃ​ដែល​មាន​នៅក្នុង​ឆ្នាំ​ចាស់ ហើយ​ផ្លាស់​ចូលឆ្នាំថ្មី និង​សម្រាប់​ប្រសិទ្ធ​សព្វ​សាធុការពរ​ជូន​ដល់​អ្នកស្រុក ជា​ទូទៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​។​

​អ្នក​នាំ​ក្រុម​សិល្បៈ​របាំ​ត្រុដិ​លោក ស៊ូ វណ្ណៈ ឱ្យដឹងថា ដើម្បី​លេង​របាំ​ត្រុដិ​បាន ត្រូវ​មាន​មនុស្ស​យ៉ាងហោច​ណាស់​ជាង​២០​នាក់​។ តួអង្គ​សំខាន់​ជាងគេ​ក្នុង​របាំ​ត្រុដិ​គឺ​តួ​សត្វ​ប្រើស​។ ក្រៅពីនេះ ក៏​មាន​តួ​ព្រាន​ព្រៃ តួយក្ស​ពីរ​នាក់ តួ​ស្រី​ព្រាយ​ក្រចក​វែង​ពីរ​នាក់ តួ​សត្វ​ក្ងោក​ពីរ​នាក់ ដែល​ស្លៀកពាក់​តាម​ប្រពៃណី​ខ្មែរ​ធម្មតា និង​មាន​កាន់​កន្ទុយក្ងោក​ពីរ ជា​និមិត្តសញ្ញា​ផងដែរ​។ ទន្ទឹមនឹងនោះ របាំ​ត្រុដិ​ក៏​មាន​ក្រុម​តន្ត្រីករ​អ្នក​កាន់​ស្គរ ទ្រ​សោ ទ្រ​អ៊ូ ប៉ី និង​អ្នក​ច្រៀង​មួយចំនួនទៀត​៖ «​ពី​ដើម​ដោយ​បើសិន​ជា​សត្វ​ប្រើស​ចូលទៅ​ភូមិ​-​ឃុំ​ណាមួយ គឺ​តែង​នាំមក​នូវ​ភាព​ចង្រៃ​ទៅដល់​កន្លែង​ដែល​គាត់​រស់នៅ​។ ហើយចឹង​ទៅ អ្នកស្រុក​អ្នកភូមិ គាត់​តែង​នាំគ្នា​ដេញ​សត្វ​ប្រើស​នោះ​ចេញពី​ភូមិ​។ ដូច្នេះហើយ ការបង្កើត​របាំ​ត្រុដិ គឺ​លាយ​ជាមួយ​អបិយ​ជំនឿ​ខ្លះ​។ ចឹង​ឱ្យ​សត្វប្រើ​ស​ចូលដល់​ក្នុងភូមិ ប្រជាជន​គាត់​តែង​នាំគ្នា​ដេញ​បាញ់​សត្វ​ប្រើស មាន​តាំងពី​មនុស្ស ព្រា​យ យក្ស ព្រាន​ព្រៃ ព្រៃព្រឹក្សា ចូលរួម​ទាំងអស់​គ្នា​ដេញ​សត្វ​ប្រើស​នោះ​ចេញ​»​។​

​មកដល់​ត្រង់​ចំណុច​នេះ នាយក​កម្មវិធី​សមាគម​ចលនា​វប្បធម៌​ជាតិ និង​ជា​អ្នក​នាំ​ក្រុម​សិល្បៈ​របាំ​ត្រុដិ លោក ស៊ូ វណ្ណៈ និយាយ​ក្នុង​ទឹកមុខ​ហាក់​ស្រពោន​ថា បច្ចុប្បន្ន ប្រជា​ពលរដ្ឋ​ខ្មែរ​ចាប់អារម្មណ៍ និង​គាំទ្រ​វិស័យ​សិល្បៈ​របាំ​ត្រុដិ​តិចតួច និង​បាន​ថយចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ជាក់ស្តែង សម្រាប់​បុណ្យចូលឆ្នាំ​នេះ លោក​ថារ​ទីផ្សារ​សម្ដែង​របាំ​ត្រុដិ​ទទួលបាន​តែ ៣០​កន្លែង​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​គឺ​តិច​ជាង​ឆ្នាំ​មុន​។ បញ្ហា​នេះ ដោយសារ​មកពី​កង្វះ​ការផ្សព្វផ្សាយ​ក្នុងស្រុក និង​ខ្វះ​ការគាំទ្រ​ទំនុកបម្រុង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ទីផ្សារ និង​ថវិកា​។ លោក​ថា ដោយសារ​កត្តា​ទាំងអស់នេះ​ហើយ ទើប​ធ្វើ​ទីផ្សារ​ត្រុដិ​បច្ចុប្បន្ន​នៅ​ចាញ់​ទីផ្សារ​របាំ​ល​ម៉ុង​សាយ​ចិន​៖ «​ទម្រង់​សិល្បៈ​ប្រពៃណី គ្នា​គាត់​និយម​ដែរ តែ​គាត់​មិនសូវ​ឱ្យ​តម្លៃ​ក្នុង​ការលើកទឹកចិត្ត​និង​គាំទ្រ​ដូច​វប្បធម៌​បរទេស​។ ចឹង​ខ្ញុំ​ចង់​បំផុសគំនិត​អ្នក​ទាំង​អស់​គ្នា​ឱ្យ​ចូលរួម​ការពារ​សិល្បៈ​របាំ​ត្រុដិ​យើង​»​។

​ជា​តួ​សម្ដែង​ម្នាក់​នៅក្នុង​ក្រុម​របាំ​ត្រុដិ លោក សម្ភ័ស រាត្រី សម្ដែង​ជា​តួ​សត្វ​ប្រើស​នៅក្នុង​របាំ​ត្រុដិ បាន​និយាយ​ប្រៀបធៀប​របាំ​ត្រុដិ​ទៅ​នឹង​របាំ​ម៉ុង​សាយ​របស់​ចិន​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​មិន​ឱ្យ​តម្លៃ​របាំ​ត្រុដិ​ខ្មែរ ដូចជា​សម្លៀក​បំពាក់​ដែល​ចាស់ មិន​ទាន់សម័យ ដែល​ស្លៀក​ទៅ​មិន​ស្អាត​។ ដូចនេះ ធ្វើឱ្យ​ពួកគេ​ទាំងនោះ​គិត និង​ឱ្យ​តម្លៃ​លើ​សម្ភារ​បរទេស​ជាង​របស់ខ្លួន​។ លោក​អំពាវនាវ​ឱ្យ​ក្រសួង​វប្បធម៌ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាក់​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នូវ​សិល្បៈ​ខ្មែរ​ឱ្យបាន​ច្រើន​៖ «​កន្លងមក អ្វី​ដែល​ពួក​ខ្ញុំ​អន់ចិត្ត គឺ​គេ​ស្គាល់​របាំ​បរទេស ពិសេស​របាំ​ម៉ុង​សាយ​ចិន ជាង​របាំ​ត្រុដិ ដែល​ជា​របាំ​របស់​ជាតិ​យើង​»​។​

ទន្ទឹមគ្នានេះ ជា​តួ​សម្ដែង​ក្នុង​ក្រុម​សិល្បៈ​របាំ​ត្រុដិ ដែល​សម្ដែង​ជា​តួ​ព្រានព្រៃ លោក ឆេ​វ មាន​រិទ្ធិ ក៏​សម្ដែង​ការសោកស្ដាយ​និង​ខកចិត្ត នៅពេលដែល​មិនសូវ​មាន​ការលើកទឹកចិត្ត និង​គាំទ្រ​ចំពោះ​របាំ​ត្រុដិ បើ​ប្រៀបធៀប​នឹង​របាំ​ម៉ុង​សាយ​ចិន​។ លោក​មានប្រសាសន៍ថា ម៉ុង​សាយ​មិន​ត្រឹមតែ​មាន​ទីផ្សារ​ច្រើន ហើយ​ថែមទាំង​ទទួល​បាន​កម្រៃ​ខ្ពស់​ថែម​ទៀត​។ តួ​សម្ដែង​ម្នាក់នេះ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ គួរ​នាំគ្នា​លើកកម្ពស់​របាំ​ប្រពៃណី​ខ្មែរ​៖ «​សំណូមពរ​ទៅ​ដល់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ហើយ​និង​ទស្សនិកជន​ខ្មែរ​ទាំងអស់ ឱ្យ​ងាក​មក​មើល និង​គាំទ្រ​របាំ​ត្រុដិ​ខ្មែរ​យើង​ឡើងវិញ កុំ​នាំគ្នា​យក​វប្បធម៌​បរទេស​មក​ដាក់​មុខ ហើយ​យក​វប្បធម៌​ខ្លួនឯង​ចេញ​នោះ​»​។​

ករណី​នេះ​ដែរ សាស្ត្រាចារ្យ​ផ្នែក​ល្ខោន និង​របាំ​បុរាណ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អ្នកស្រី អ៊ុយ លតា​វណ្ណ ឱ្យដឹងថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​ពលរដ្ឋ​ខ្មែរ​តិចតួច​ណាស់​ដែល​ចាប់អារម្មណ៍​រៀន​និង​គាំទ្រ​ផ្នែក​សិល្បៈ​របាំ​បុរាណ មិនថាតែ​របាំ​ត្រុដិ​នោះទេ​។ កត្តា​នេះ អ្នកស្រី​យល់ថា មក​ពី​កង្វះ​ការផ្សព្វផ្សាយ កង្វះ​ទីផ្សារការងារ លំហូរ​ចូល​វប្បធម៌​បរទេស និង​ការឱ្យ​តម្លៃ​និង​និយម​ជ្រុល​វប្បធម៌​បរទេស​។ សាស្ត្រាចារ្យ​រូបនេះ ក៏​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ ងាក​មក​គាំទ្រ​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ឡើងវិញ៖ «​សូម​ឱ្យ​យុវវ័យ​យើង​ទាំងអស់ ពិសេស​ពលរដ្ឋ​ខ្មែរ ងាក​មក​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ ព្រោះ​យុវជន​យើងទាំងអស់គ្នា គឺជា​អ្នក​បន្តវេន​ក្នុង​ការផ្សព្វផ្សាយ​សិល្បៈ​ខ្មែរ​»​។

​ដោយ​មើលឃើញ​ទីផ្សារ​របាំ​ត្រុដិ ខ្វះ​ការគាំទ្រ​នេះ​ដែរ ជា​មន្ត្រី​ផ្នែក​ទីផ្សារ​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការ​បណ្តុះ​បណ្តាល (ACE) កញ្ញា ប៉ាន វុទ្ធី បានឱ្យដឹងថា កញ្ញា​តែង​រៀបចំ​កម្មវិធី​អបអរ​ចូលឆ្នាំ​ដោយ​មាន​វត្តមាន​របាំ​ត្រុដិ ដើម្បី​រួមចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​សារសំខាន់​របាំ​ប្រភេទ​នេះ​។ បន្ថែម​ពី​នេះ​ទៀត កញ្ញា​យល់ថា របាំ​ត្រុដិ គឺជា​របាំ​ប្រពៃណី​ខ្មែរ មាន​កាយវិការ កំប្លុក​កំប្លែង ធ្វើឱ្យ​អ្នក​មើល​មាន​អារម្មណ៍​រីករាយ​ថែមទៀត​។ ប៉ុន្តែ​កញ្ញា​សោកស្ដាយ​នៅពេល​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន មិន​បាន​យល់​ពី​អត្ថន័យ និង​មិន​សូវ​មាន​ការ​អើពើ​នឹង​សិល្បៈ​មួយ​នេះ​ទៅ​វិញ​៖ «​ចូលឆ្នាំ​ខ្មែរ យើង​ត្រូវ​គាំទ្រ​របាំ​ត្រុដិ​យើង ហើយ​ម្យ៉ាង​របាំ​ត្រុដិ គឺជា​របាំ​ប្រពៃណី​យើង​។ តែបើ​យើង​យក​របាំ​បរទេស​វា​អត់​ល្អ​ទេ​។ ដូច​ខ្ញុំ​ចឹង រៀបចំ​កម្មវិធី​មាន​មនុស្ស ៧០០​នាក់ ចូលរួម​យ៉ាង​ហោច​ណាស់ ធ្វើឱ្យ​ពួកគាត់​បាន​ដឹង​ដែរ ហើយ​បើ​គាត់​ថ្ងៃក្រោយ​ទៅ​ក្លាយជា​អ្នក​រៀបចំ​កម្មវិធី​ដូច​ខ្ញុំ គាត់​អាច​នាំ​យក​របាំ​ត្រុដិ​មក​ផ្សព្វផ្សាយ​ដូចគ្នា​»​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរៈ​សត្យា មានប្រសាសន៍ថា ការ​ប្រៀប​ធៀប​​ទីផ្សារ​របាំ​ត្រុដិ និង​របាំ​មុង​សាយ គឺជា​ការយល់ឃើញ​របស់​មនុស្ស​ម្នាក់ៗ​ប៉ុណ្ណោះ​។ លោក​ថា ការនិយម​យក​ម៉ុង​សាយ​ចិន​មក​សម្ដែង​ក្នុងអំឡុង​បុណ្យចូលឆ្នាំ ដោយសារ​តែ​គេ​មាន​ជីវភាព​ធូរធារ​។ ហេតុនេះ លោក​ថា វា​មិន​បាន​ប៉ះពាល់​អ្វី​ដល់​ទីផ្សារ​របាំ​ខ្មែរ​នោះទេ ព្រោះ​កម្ពុជា បាន​ចូល​សមាហរណកម្ម​អាស៊ាន​ហើយ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ លោក ថៃ នរៈ​សត្យា អះអាងថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​យកចិត្តទុកដាក់​ចំពោះ​សិល្បៈ​ប្រពៃណី​ខ្មែរ មិនថាតែ​របាំ​ត្រុដិ​ប៉ុណ្ណោះ​ទេ​។ ជាង​នេះ លោក​ថា កន្លងមក ទោះជា​ក្រសួង​មិន​បាន​គាំទ្រ​រក​ទីផ្សារ​ជូន​ក្រុម​របាំ​ត្រុដិ តែ​ក្រសួង​តែង​បាន​គាំទ្រ​ទាំង​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ធនធាន​ជំនាន់​ក្រោយ ដើម្បី​ចូលរួម​ថែរក្សា​របាំ​បុរាណ​ខ្មែរ​។​

​សៀវភៅ​របាំ​ប្រជាប្រិយ​ខ្មែរ បោះពុម្ព​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​សរសេរ​បញ្ជាក់ដែរថា របាំ​ត្រុដិ​គឺជា​របាំ​ប្រពៃណី​របស់​ខ្មែរ​ដែល​មាន​អាយុកាល​ចំណាស់​មួយ មាន​កំណើត​ពី​មនុស្ស​ជាន់​ដើម​មួយ​ពួក ហៅថា “​សំ​រែ​” ដែល​រស់នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​ចាស់ តាំង​ពី​ដែនដី​នេះ​មិន​ទាន់​ទទួល​អារ្យធម៌​ពី​ប្រទេស​ឥណ្ឌា​នៅឡើយ​។ សព្វថ្ងៃ ជនជាតិ​នេះ​មាន​រស់នៅ​តិចតួច​នៅក្នុង​ភូមិ​ភាគ​ខាងកើត​បឹង​ទន្លេសាប ក្បែរ​ខេត្តសៀមរាប​ដែល​ជា​រាជធានី​ចាស់​។​

​ក្រុម​សិល្បៈ​របាំ​ត្រុដិ​អះអាងថា បើទោះបីជា​របាំ​ត្រុដិ​គឺជា​របាំ​មួយ​ដែល​បញ្ជាក់​អត្តសញ្ញាណ​ខ្មែរ និង​មាន​អាយុកាល​ចំណាស់​យ៉ាងណាក៏ដោយ ក៏​ទីផ្សារ​ត្រុដិ​បច្ចុប្បន្ន​នៅតែ​មិន​ទាន់​ទូលំទូលាយ បើ​ធៀប​នឹង​ទីផ្សារ​របាំ​ម៉ុង​សាយ​ចិន ព្រោះ​ក្រុម​សិល្បៈ​របាំ​ត្រុដិ ជា​អ្នកស្វែងរក​ទីផ្សារ​សម្ដែង​ដោយ​ខ្លួនឯង​។ ជាក់ស្តែង ក្រុម​សិល្បៈ​របាំ​ត្រុដិ​ខ្លះ ត្រូវ​បង្ខំចិត្ត​ដើរ​សម្ដែង​តាម​ផ្សារ ឬ​ទីផ្សារ​សាធារណៈ អំឡុង​បុណ្យចូលឆ្នាំ ដើម្បី​រក​ថវិកា​មក​ផ្គត់ផ្គង់​ជីវភាព​។​

ជាងនេះទៀត ក្រុម​សិល្បៈ​របាំ​ត្រុដិ​ក៏​ចង់​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ គាំទ្រ​ទីផ្សារ​ត្រុដិ​ឱ្យមាន​ដំណើរការ​ទៅមុខ ដើម្បី​ថែរក្សា​របាំ​ត្រុដិ​កុំឱ្យ​បាត់បង់ ព្រមទាំង​ជួយ​លើកស្ទួយ​កម្រិតជីវភាព​សិល្បករ​របាំ​ត្រុដិ​នៅ​កម្ពុជា​៕

ចែករំលែកតាម៖