សាលាដូង សាលាកែច្នៃចេញពីសំរាម

សាលាដូង សាលាកែច្នៃចេញពីសំរាម

សាលាដូង នៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ

ក្មេងៗមួយក្រុមមានគ្នាប្រមាណ៣០នាក់កំពុងឈរច្រៀងចម្រៀងភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងថ្នាក់រៀនដ៏ប្លែកមួយរបស់ពួកគេ។ ថ្នាក់រៀននេះចម្លែកគឺដោយសារមិនមានជញ្ជាំងបាំងជិតដូចថ្នាក់រៀនផ្សេងនោះទេ គឺវាហ៊ុំព័ទ្ធទៅដោយកង់ឡាន និងវត្ថុចាស់ផ្សេងៗដែលត្រូវបានបាញ់ពណ៌ចម្រុះមើលទៅគួរឱ្យទាក់ភ្នែក។

ស្ថិតក្នុងចំណោមកុមារទាំងនោះគឺបុរសវ័យជាង៣០ឆ្នាំម្នាក់ដែលត្រូវគេស្គាល់ថាជាស្ថាបនិកសាលាដែលមានពណ៌ចម្រុះនេះ។ ពាក់អាវពណ៌ត្នោតជាមួយនឹងក្រមាបង់នឹងក លោក អ៊ុក វណ្ណដេ រៀបរាប់ឱ្យដឹងថា លោកបានបង្កើតសាលានេះឡើងនៅក្នុងខែមករា ឆ្នាំ២០១៣ និងឱ្យឈ្មោះថា «សាលាដូង»។ បុរសដែលមានស្រុកកំណើតនៅក្នុងខេត្តបាត់ដំបងរូបនេះឱ្យដឹងដែរថា លោកបង្កើតសាលាដូងនេះឡើងដើម្បីជាសាលាបង្រៀនក្រៅប្រព័ន្ធ។

លោក អ៊ុក វណ្ណដេ រៀបរាប់ឱ្យដឹងថា «គឺអ្វីៗដែលពាក់ព័ន្ធនឹងប្រព័ន្ធរដ្ឋគឺយើងមិនបង្រៀនទេ គឺយើងបង្រៀនតែ៣ ហើយយើងបិទ២។ ៣នោះគឺ ទី១ អង់គ្លេសគឺយើងត្រូវតែបង្រៀនឱ្យចេះនៅក្នុងរយៈពេល១ឆ្នាំឬក៏២ឆ្នាំ។ បន្ទាប់មកពេលដែលដឹងថាគាត់ចេះអង់គ្លេសត្រូវបញ្ជូនគាត់ទៅថ្នាក់ Lab កុំព្យូទ័រ។ ឱ្យគាត់ចេះប្រើប្រាស់កុំព្យូទ័រ ដើម្បីទុកសម្រួលការងារឱ្យគាត់ រយៈពេលដែលគាត់ធំធាត់ហ្នឹងគឺគាត់ចេះអង់គ្លេស និងកុំព្យូទ័រគឺស្រួលរកការងារ។ ប៉ុន្តែយើងឃើញសង្គមយើងសម្បូរសំរាម ចឹងយើងយកសំរាមហ្នឹងមកផ្សារភ្ជាប់ជាមួយនឹងសំរាមរបស់គាត់ ដោយយើងមានក្ដីរំពឹងដោយមោះមុតថា ២០ឆ្នាំក្រោយ សំរាមនឹងត្រូវបានគ្រប់គ្រងដោយយកមកកែច្នៃប្រើប្រាស់ឱ្យអស់លទ្ធភាព មុននឹងយើងសម្រេចចិត្តបោះបង់។ ដែលយើងបិទ២នោះគឺយើងមិនស្វាគមន៍នយោបាយនិងសាសនាទេ»

មានទីតាំងនៅក្នុងភូមិរនះ សង្កាត់កោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា សាលាដូងនេះបានបង្រៀនក្មេងនៅក្នុងសហគមន៍បានជាង២៣០នាក់ ដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀត លោក អ៊ុក វណ្ណដេត អះអាងថា ក្មេងៗដែលមករៀននៅសាលានេះក៏ទទួលបានសម្ភារសិក្សាដោយឥតគិតថ្លៃ ហើយសាលាក៏មានផ្ដល់ជាអាហារយូរៗម្ដងតាមពេលមានភ្ញៀវឧបត្ថម្ភ។

ជាទូទៅ មនុស្សគ្រប់គ្នាតែងគិតថាសំរាមមានក្លិនស្អុយ និងជាប្រភពនៃមេរោគផ្សេងៗដែលធ្វើឱ្យមានការខ្ពើមរអើម។ ដោយការច្នៃប្រឌិតរបស់ស្ថាបនិក និងសិស្សនុសិស្សនៃសាលាដូងនេះ បានធ្វើឱ្យសំរាមក្លាយទៅជាគ្រឿងលម្អរចនាដ៏មានសោភ័ណភាពដែលគួរឱ្យគយគន់ដូចជាយកដបជំរុះពណ៌ និងកង់ឡានដែលបាញ់ថ្នាំចម្រុះពណ៌ធ្វើជាជញ្ជាំងសាលា ហើយគម្របដបដែលចម្រុះពណ៌ដែរនោះមកធ្វើជាផែនទីប្រទេសកម្ពុជាដែលធំនិងស្រស់ស្អាត។

ក្រៅពីនោះ នៅមានផ្ទះដែលធ្វើពីសំរាមទៀតផងដែលមានឈ្មោះថា ផ្ទះសំរាម លម្អដោយការដាំផ្កានិងកូនឈើក្នុងសម្លៀកបំពាក់ចាស់ៗ ព្យួរដោយមានរបៀបជាជួរៗយ៉ាងស្រស់បំព្រង។ ចំណែកតួផ្ទះទាំងមូលអមលំអរដោយរុក្ខជាតិចម្រុះពណ៌ទៀតផង។ លោក អ៊ុក វណ្ណដេ រៀបរាប់ដូចនេះថា៖

«សំរាមយើងអាចបាននៅពេលដែលយើងមានបុណ្យបច្ច័យ៤ កឋិនវត្ត មានចាក់ល្ខោន តាមសាលាដែលគាត់ទៅរៀន ឬក៏មានពិធីការ។ គឺយើងងាយរកមែនទែននៅលើកោះនេះ។ សំរាមដែលខ្ញុំប្រមូលជាទូទៅ គឺយើងយកចេញពីដៃកូនក្មេងដែលពួកគាត់ទៅប្រមូលពីដៃមនុស្សចាស់ដែលបោះចោល។ មានដៃដែលចោល តែក៏មានដៃដែលប្រមូលផងដែរ។ ក៏ប៉ុន្តែមិនមែនជាវិធីល្អទេ ដោយសារតែដៃដែលចោលវាច្រើនពេក។ ដៃប្រមូលវាតិច។ ដូចនៅខាងក្រោយហ្នឹងគឺខ្ញុំរើសតែរយៈពេល១អាទិត្យទេបានផែនទី១ដ៏ធំមួយ គឺផែនទីនៃព្រះរាជាណាចក្រកម្ពុជាយើង»។

លោក អ៊ុក វណ្ណដេ បន្ថែមទៀតថា សំរាមត្រូវបានមនុស្សបោះចោលផ្ដេសផ្ដាសតាមទីសាធារណៈ។ លោកថា មានសំរាមខ្លះត្រូវបានគេទិញយកទៅប្រើឡើងវិញ ដែលវាមិនមែនជាបញ្ហានោះទេ។ យ៉ាងនេះក្ដី លោកថាសំរាមដែលគេមិនទិញមានចំនួនច្រើនជាងដែលនាំទៅជាបញ្ហា ដូច្នេះលោកថា សាលាដូងមានបេសកកម្មមួយគឺប្រមាញ់យកសំរាម។ លោកមានប្រសាសន៍ថា៖

«ហើយសំរាមជារបស់ដែលងាយរក ជាពិសេសសំរាម អីចឹងបើរបស់ដែលងាយរកមានចំនួនច្រើនចឹង ជាពិសេសសំរាមដែលគេមិនទិញគឺច្រើនណាស់។ បើសំរាមខ្លះគេទិញ តែបើសំរាមដែលគេមិនទិញគឺមានចំនួនច្រើន។ ម្លោះហើយបានជាយើងយកភាពច្រើនរបស់សំរាមដែលរប៉ាត់រប៉ាយរញ៉េរញ៉ៃគ្រប់ទិសទីហ្នឹងចេញពីកត្តាមនុស្សហ្នឹង យកទៅបង្ហាញមនុស្សថារបស់ដែលអ្នកបោះចោលហ្នឹង សុទ្ធតែនៅមានប្រយោជន៍ទេ។ ដែលខ្ញុំតែងតែមានពាក្យមួយថា ខ្ញុំមិនដែលស្អប់សំរាមទេ ប៉ុន្តែខ្ញុំស្អប់តែអ្នកចោលសំរាមទេ ហើយខ្ញុំនឹងបង្ហាញពីប្រយោជន៍របស់វា។ ខ្ញុំមិនបង្ហាញពីផលប៉ះពាល់ទេ ព្រោះប្រយោជន៍របស់សំរាមគឺមានច្រើនជាងការគិតរបស់អ្នកទៀត ឱ្យតែអ្នកសិក្សារៀនសូត្រ ស្វែងយល់ គិតពីវា វានឹងផ្ដល់ផលប្រយោជន៍ធំធេងតែម្ដង»។

លោក អ៊ុក វណ្ណដេ បង្ហើបឱ្យដឹងដែរថា លោកធ្លាប់រងការបន្ទុចបង្អាក់ពីអ្នកដទៃផងដែរនៅពេលលោកធ្វើការងារនេះដំបូង។ មានអ្នកខ្លះបានប្រាប់លោកថាមិនអាចធ្វើទៅរួចនោះទេ ចំពោះគំនិតនៃការយកសំរាមមកធ្វើជាផ្ទះបែបនេះ។ លោកមានប្រសាសន៍ថា៖ «សូម្បីតែម្ចាស់ផ្ទះខ្លួនគាត់ក៏មិនឯកភាព ពីដំបូងគាត់គិតថា យកដបមកទុកក្នុងផ្ទះគាត់ទាំងពាន់ៗ សំរាម កំប៉ុងប្លាស្ទិក ដោយសារតែពេលនោះខ្ញុំជាប់ធ្វើការជាអ្នកដឹកនាំសណ្ឋាគារ ខ្ញុំគ្មានពេលច្រើនទេ ខ្ញុំមានតែពេលសៅរ៍អាទិត្យៗក្នុងការជិះម៉ូតូទៅវិញទៅមក។ ម្លោះហើយសំរាមទាំងអស់ត្រូវគាំង គឺអត់បានត្រូវច្នៃទេ ដោយសារតែខ្ញុំគ្មានពេលចន្ទអង្គារពុធព្រហស្បតិ៍សុក្រ។ យើងមានពេលតែសៅរ៍អាទិត្យ ម្លោះហើយវាអត់ពេល។ ទាល់តែពេលធ្វើចេញឡើងទើបទៅជាគំនិតមួយដែលផ្ទុះនៅក្នុងសង្គមថ្មីៗនេះ ដែលគេកំពុងជជែកអំពីវា ថាសំរាមវាពិតជាមានប្រយោជន៍ឱ្យទៅជាអគារសាលាមែន»។

ជាមួយនឹងការតុបតែងលម្អពណ៌ សាលាដូងនិងផ្ទះសំរាមមិនត្រឹមតែផ្តល់ចំណេះដឹងនិងជំនាញដល់កូនខ្មែរមួយចំនួនដែលគ្មានឱកាសប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលមានការទាក់ទាញឱ្យភ្ញៀវទេសចរណ៍ចូលទស្សនាបានទៀតផង។ នេះជាចំណាប់អារម្មណ៍ក្មេងៗដែលបានទៅរៀន និងចូលរួមសកម្មភាពនៅឯសាលាសំរាម។

កុមារីទី១៖ ខ្ញុំសប្បាយចិត្តឃើញសាលាដូងធ្វើពីសំរាម។

កុមារាទី២៖ ពីមុនខ្ញុំអត់ដែលឃើញគេយកសំរាមមកកែច្នៃធ្វើជាសាលាចឹងទេ ទើបឃើញលើកទីមួយសាលាណឹងតែម្តង។

កុមារីទី៣៖ ដែលគេយកមកកែច្នៃហ្នឹង វាជួយកាត់បន្ថយសំរាមក្នុងប្រទេសយើងបានច្រើន។

កុមារីទី៤៖ ខ្ញុំយល់ឃើញថាចម្លែក ព្រោះពីមុនខ្ញុំអត់ដែលឃើញថាគេយកសំរាមមកកែច្នៃបានទេ ឥឡូវខ្ញុំបានឃើញហើយ។

កុមារាទី៥៖ ខ្ញុំមានអារម្មណ៍សប្បាយចិត្តនៅពេលដែលឃើញសាលានេះ គេកែច្នៃពីសំរាម ដូចជាកង់ឡាន សំបកដប និងរបស់ធាតុដើមផ្សេងៗ។ វាអាចជួយដល់បរិស្ថាន កុំឱ្យមានសំរាមជាច្រើនដែលរប៉ាត់រប៉ាយតាមផ្លូវ នាំឱ្យអាក្រក់ដល់ប្រទេសជាតិយើង។

លោក អ៊ុក វណ្ណដេ បានឱ្យដឹងថា តាំងពីបង្កើតសាលាដូងមកលោកបានជួបជាមួយមនុស្សរាប់ពាន់នាក់ហើយ ដោយអ្នកខ្លះបានសរសើរពីគម្រោងនេះ ឯអ្នកខ្លះទៀតចង់រៀនហើយធ្វើតាម។ លើសពីនេះ ភ្ញៀវមួយចំនួនក៏បានផ្ដល់ជាកញ្ចប់ថវិកាដើម្បីធ្វើការលើគម្រោងកែច្នៃសំរាមផងដែរ។ លោកបន្ថែមថា មានមនុស្សជាច្រើនបានទាក់ទងលោកឱ្យទៅជួយបង្កើតសាលាសំរាមស្រដៀងគ្នានេះ តែដោយសារពេលវេលាមិនអំណោយផល លោកមិនទាន់អាចធ្វើធ្វើតាមសំណូមពររបស់អ្នកទាំងនោះនៅឡើយទេ។ យ៉ាងនេះក្ដី លោកអះអាងថា ការពេញចិត្ត និងក្តីសង្ឃឹមរបស់ប្អូនៗ គឺជាការខិតខំប្រឹងប្រែងរបស់លោក និងអ្នកឧបត្ថម្ភ។ លោកបានប្រាប់ពីក្ដីសុបិនរបស់លោកដូចនេះថា៖

«មុនខ្ញុំស្លាប់ខ្ញុំតែងនិយាយថាខ្ញុំមានរបស់បីដែលខ្ញុំចង់បាន គឺមិនមែនខ្ញុំយកមកអភិវឌ្ឈន៍ខ្ញួនខ្ញុំទេ ទីមួយគឺនៅលើទឹកដីកោះដែលមានមនុស្សច្រើន ទីពីរខ្ញុំចង់បានធ្វើនៅលើភ្នំដែលមានកុមារច្រើន ភ្នំខ្ញុំកំពុងចាប់ផ្តើមដែរ ប្រហែលជាពាក់កណ្តាលខែ១០ ខ្ញុំបើកការដ្ឋានហើយ ហើយទីបីខ្ញុំចង់ធ្វើតាមបណ្តោយបឹងទន្លេសាបដែលមានមនុស្សច្រើន នេះជាអ្វីដែលខ្ញុំចិញ្ចឹមចិត្តវាត្រូវតែធ្វើឱ្យបានខណៈពេលដែលខ្ញុំនៅរស់។ បន្ទាប់មកទៀត បន្ទាប់ពីខ្ញុំស្លាប់ទៅខ្ញុំចង់បានរបស់មួយទៀត ជាទូទៅមនុស្សស្លាប់ហើយមិនចង់បានអ្វីទៀតទេ តែខ្ញុំនៅតែចង់បាន ឱ្យតែដឹងថាខ្ញុំធ្វើបីណឹងបានជោគជ័យ នៅពេលគ្មានវត្តមានខ្ញុំនៅក្នុងពិភពលោកណឹង ក្មេងដែលធ្លាប់រៀននៅសាលាដូងនៅសាលាដូងតាំងពីសាលាដូងកើត វានឹងទៅធ្វើសាលាដូងនៅតាមខេត្ត តាមគម្រោងរបស់ខ្ញុំ ក្មេងៗនឹងយកទៅធ្វើនៅព្រៃវែង ស្វាយរៀង នៅខេត្តផ្សេងៗទៀតដែលក្រៗ នោះ២៥ឆ្នាំក្រោយបើសិនជាសាលាដូងពិតជាអាចធ្វើការគ្រប់តំបន់មែន ក្មេងៗត្រូវបានសង្គ្រោះឱ្យចេញពីបន្ទាត់អវិជ្ជាជាការពិតតែម្តង»

លោក អ៊ុក វណ្ណដេ បន្ថែមទៀតថា៖

«បំណងខ្ញុំមានមួយទៀតដែរ នៅពេលសាលាដូងមានភាពមាំទាំ មានសុខភាពល្អ មានស្ថិរភាព ខ្ញុំនឹងបង្កើតទេសចរសំរាម វាបញ្ច្រាសទិសរបស់តន្រីទេសចរ ខ្ញុំទៅបើកឡានអែបណឹងដើម្បីប្រមូលសំរាមមកកែច្នៃ ហើយការកែច្នៃណឹងទៀតលេងតន្រី្តនៅខេត្តណា ឡានសំរាមខ្ញុំទៅដល់ខេត្តណឹង ទៅយកសំរាមមកច្នៃធ្វើសាលារៀននៅខេត្តណឹងទៀត។ យើងសង្ឃឹមថាមហាជននឹងត្រូវបានងាកមើលដោយសារតែសំរាមវាជាកត្តាសំខាន់ វាជាកត្តាឈឺក្បាលរបស់របស់មហាជន រឺក៍ពិភពលោកទាំងមូលកំពុងតែខ្វល់ខ្វាយអំពីសំរាម ប៉ុន្តែបើយើងចេះគ្រប់គ្រងបែងចែកនិងកែច្នៃ នោះវាជាដំណោះស្រាយ»។

ទោះបីជាការយកសំរាមទៅច្នៃចេញជារបស់ផ្សេងៗដូចដែលលោកបានធ្វើ អាចជួយកាត់បន្ថយសំរាមបនាមួយកម្រិតក្ដី ការចូលរួមពីសាធារណជនក្នុងការគ្រប់គ្រងសំរាមជារឿងសំខាន់ក្នុងការថែរក្សាសណ្ដាប់ធ្នាប់អនាម័យ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ។ ឆ្លងកាត់បទពិសោធន៍ និងតម្រូវការនាពេលបច្ចុប្បន្ន លោក អ៊ុក វណ្ណដេ មានសំណូមពរ៖

«ដើម្បីឱ្យកិច្ចការសង្គមរីកចម្រើន ទាំងអស់គ្នាត្រូវតែចូលរួម ព្រោះវាជាការធ្វើឱ្យសង្គមរីកចម្រើន ដូចជាធ្វើឱ្យផ្ទះពួកយើងម្នាក់ៗរីកចម្រើនដែរ ។ ការចោលសំរាមខ្ញុំសូមផ្តាំថា មុននឹងអ្នកបោះសំរាមចេញពីដៃ សូមអ្នកសួរខ្លួនឯងថា តើអ្នកជាមនុស្សប្រភេទណា តើអ្នកអន់ជាងសំរាមឬក៏ថ្លៃថ្នូរជាងសំរាម? បើអ្នកអន់ជាងសំរាមគឺអ្នកបោះចោលសំរាម តែបើអ្នកយល់ថានៅមានភាពថ្លៃថ្នូរ អ្នកត្រូវយកសំរាមដែលខ្លួនប្រុងនឹងបោះចោលឱ្យត្រូវនឹងកន្លែង។ ដាស់តឿនខ្ឡួនឯងមុននឹងគ្រវែងសំរាមចេញពីដៃ តើយើងត្រូវទុកនៅឯណា? មហាជន និងមនុស្សទូទៅ ត្រូវតែស្តាប់ពាក្យនេះ ហើយគិតទៅ ពីព្រោះប្រទេសរបស់ពួកយើងទេ ខ្ញុំមិនអាចនៅប្រទេសគគ្រិចបានទេ អ្នកទាំងអស់គ្នាទ្រាំបានជាជំរើសរបស់អ្នក តែបើខ្ញុំវិញទ្រាំមិនបានទេ ខ្ញុំត្រូវតែធ្វើការប្រយុទ្ធបាទ»

ចែករំលែកតាម៖