​ក្រុម​អ្នក​អភិរក្ស​តន្ត្រីបុរាណ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ឧបករណ៍​បុរាណ​ខ្មែរ​មួយចំនួន​

​ក្រុម​អ្នក​អភិរក្ស​តន្ត្រីបុរាណ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ឧបករណ៍​បុរាណ​ខ្មែរ​មួយចំនួន​

​សាស្ត្រាចារ្យ ហង្ស រឹទ្ធី​រ៉ាវុធ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ដូរ្យ​តន្ត្រីនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​

​ក្រុម​អភិរក្ស​ឧបករណ៍​សិល្បៈ​តន្ត្រីបុរាណ​ខ្មែរ​យល់ថា ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​មិន​អាច​រក​មធ្យោបាយ​ជួយ​ស្រោចស្រង់​ឧបករណ៍​បុរាណ​ខ្មែរ​ដូចជា ពិណ សា​ដៀវ ប៉ី​ពក និង​ទ្រ​ខ្សែ​បី ឱ្យទទួល​ការចាប់អារម្មណ៍​និង​គាំទ្រ​ទេ ឧបករណ៍​បុរាណ​ខ្មែរ​ទាំង​នេះ​នឹង​ត្រូវ​បាត់បង់​ជាក់​ជាមិនខាន​។​

​សាស្ត្រាចារ្យ ហង្ស រឹទ្ធី​រ៉ាវុធ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ដូរ្យ​តន្ត្រីនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​លើកឡើងថា រយៈពេល​ចុងក្រោយ​នេះ ពុំ​មាន​សិស្ស​និស្សិត​និយម​ទៅ​សិក្សា​រៀនសូត្រ​លើ​ជំនាញ​ឧបករណ៍​តន្ត្រីបុរាណ​ឡើយ រីឯ​អ្នក​កំពុង​សិក្សា​លើ​ជំនាញ​នេះ​វិញ ក៏​នាំគ្នា​ឈប់​បណ្ដើរៗ​ដែរ​។​

​លោក​សាស្ត្រាចារ្យ​បន្តថា មាន​បញ្ហា​ជាច្រើន​បាន​ជំរុញ​ឱ្យ​ឧបករណ៍​បុរាណ​ខ្មែរ​ទាំងនោះ ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​និង​គាំទ្រ​ដូច​មុន​។ មួយ​ក្នុងចំណោម​នោះ​គឺ​ដោយសារ​អ្នក​ទៅ​រៀន​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ នេះ​ភាគច្រើនជា​កូន​អ្នកក្រីក្រ ហើយ​នៅពេល​ពួកគេ​បញ្ចប់​ការសិក្សា មិន​សង្ឃឹម​ទទួលបាន​ការងារ​ធ្វើ​សមរម្យ​ឡើយ​។​

​ម្យ៉ាងវិញទៀត បើ​ពឹង​លើ​ជំនាញ​ឧបករណ៍​តន្ត្រីបុរាណ​ដែល​មិនសូវ​មាន​ប្រជាប្រិយភាព​នេះ គឺ​មិន​អាច​ជួយ​ឱ្យ​ពួកគេ​មាន​ជីវភាព​ធូរធារ​នោះទេ​។​

​លោក​សាស្ត្រាចារ្យ ហង្ស រឹទ្ធី​រ៉ាវុធ ព្រួយបារម្ភ​ថា ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​ទាំង​នេះ អាច​នឹង​ត្រូវ​បាត់បង់​នា​ថ្ងៃ​អនាគត​៖ «​មូលហេតុ​ចម្បង​រឿង​ក្រពះ យក​ចិញ្ចឹមជីវិត​ម្ត៉េ​ចរស់ យើង​គិត​ទៅ​ប្រាក់ខែ​វា​តិច​ណាស់ ទៅ​ច្រៀង​ម្តងៗ​ក៏​បាន​តិច​ដែរ អ៊ីចឹង​អ្នក​ដែល​មក​ចូល​រៀន​ហ្នឹង​សុទ្ធតែ​អ្នក​ស្រលាញ់​ទេ អ្នក​មាន​ទេពកោសល្យ ឬ​ក៏​អ្នក​ដែលមាន​ក្រុម​គ្រួសារ​ជា​តន្ត្រីករ ជា​សិល្បករ ជា​អ្នកចម្រៀង បាន​បន្តវេន​អ៊ីចឹង​»​។​

​ដើម្បី​អភិរក្ស​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ ដូចជា ពិណ ខ្សែ​ដៀវ ប៉ី​ពក ទ្រ​ខ្សែ​បី ឱ្យ​បន្ត​គង់វង្ស​ទៅ​ថ្ងៃ​អនាគត សាស្ត្រាចារ្យ លោក ហង្ស រឹទ្ធី​រ៉ាវុធ ស្នើ​ឱ្យមាន​ការជួយ​ជ្រោមជ្រែង​បន្ថែម​ចំពោះ​សិស្ស​និស្សិត​ដែល​រៀន​ផ្នែក​តន្ត្រីបុរាណ តាមរយៈ​ផ្ដល់​ជា​ថវិកា អាហារ និង​កន្លែង​ស្នាក់នៅ​សមរម្យ​ជា​ដើម​។ ជាមួយគ្នា​នោះប្រព័ន្ធ​ផ្សព្វផ្សាយ​នានាដូចជា​ទូរទស្សន៍ វិទ្យុ ឬ​កាសែត គួរ​ចុះផ្សាយ​ឱ្យបាន​ច្រើន​ទាក់ទង​នឹង​ការសម្ដែង​ឧបករណ៍​បុរាណ​ខ្មែរទៅកាន់​មហាជន​។​

​បន្ថែម​ពី​នេះលោកគ្រូ​ផ្នែក​ដូរ្យតន្ត្រី​រូប​នេះ​យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ​តាមរយៈ​ក្រសួង​អប់រំ គួរ​បញ្ចូល​កម្មវិធីសិក្សា​តន្ត្រីបុរាណ​ផ្នែក​ឧបករណ៍​ពិណ ខ្សែ​ដៀវ ប៉ី​ពក ទ្រ​ខ្សែ​បី ចាប់ពី​ថ្នាក់​បឋម​ដល់​ថ្នាក់ឧត្តម ហើយ​បើសិនជា​មាន​សិស្ស​និស្សិត​ណា​ដែល​បញ្ចប់​ការសិក្សា​លើ​ជំនាញ​ឧបករណ៍​បុរាណ​ទាំងនេះ គួរ​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​ទទួលបាន​ការងារ​ធ្វើ​សមរម្យ​។​

​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរដូចជា ពិណ ខ្សែ​ដៀវ ប៉ី​ពក និងទ្រ​ខ្សែ ឧបករណ៍​ទាំងនេះត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​ឧបករណ៍​ដ៏​កម្រ និង​អាច​សម្ដែង​តាម​ពិធីបុណ្យ​សាសនា​នានា ព្រម​ទាំង​កម្មវិធី​ជាតិ​និង​ជា​លក្ខណៈ​អន្តរជាតិ​ធំៗ​។​

​លោក ចាន់ ឫទ្ធី យុវជន​ដែល​ទទួលបាន​អាហារូបករណ៍​សិល្បៈ​អមតៈ អាន​ច​ន ផន ដើម្បី​សិក្សា​ឧបករណ៍​សាដៀវ យល់ថា បើសិនជា​មាន​ការគាំទ្រ​ពេញលេញ​ពី​រដ្ឋាភិបាល ឧបករណ៍​តន្ត្រីបុរាណ​មួយចំនួន​មិន​បាត់បង់​នោះ​ទេ​។

លើសពីនេះ លោក​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ គួរ​នាំគ្នា​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​វប្បធម៌ និង​អរិយធម៌​របស់ខ្លួន​ឱ្យបាន​ច្បាស់ ជាក់ស្ដែង​ដូចជា​កេរដំណែល​ផ្នែក​ជំនាញ​សាដៀវ ពិណ ប៉ី​ពក និង​ទ្រ ជាដើម ដើម្បី​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​ដូនតា​មួយ​នេះ​បន្ត​ទៅកាន់​ខ្មែរ​ក្រោយៗ​ទៀត​៖ «​សំណូមពរ​ដល់​ពួកគាត់ សូម​ឱ្យ​ពួកគាត់​ព្យាយាម​ស្វែងយល់​អំពី ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ហើយ​មិន​ត្រឹមតែ​ឧបករណ៍​ទេ ចង់​ឱ្យ​គាត់​ចំណាយ​ពេល​ដើម្បី​ស្វែងយល់​ពី​មរតក​វប្បធម៌​របស់​ខ្មែរ​ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់ច្បាស់ ចេះ​ស្រលាញ់​និង​ថែរក្សា​ឧបករណ៍ ឬ​មរតក​សិល្បៈ​ទាំងនោះ​។ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ទុទិដ្ឋិនិយម​ចំពោះ​គាត់​ពេក​ទេ ខ្ញុំ​យល់ឃើញថា​ពេលខ្លះ មិន​មែន​ថា​គាត់​មិន​ស្រលាញ់​ឧបករណ៍​ខ្មែរ គាត់​មិន​មែន​ស្រលាញ់​មរតក​របស់​ខ្មែរ​ទេ ពេល​ខ្លះ​ខ្ញុំ​គិតថា​ការផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​យើង​បច្ចុប្បន្ន ក៏​នៅ​មាន​ក​ម្រឹត​ដែរ​។ ដូច្នេះ​សូម​សំណូមពរ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឬក៏​លោកគ្រូ​អ្នកគ្រូ​ដែល​ជា​រាមច្បង ជា​សិល្បករ ជា​វីរ​សិល្បករ​ជួយ​មេត្តា​ផ្សព្វផ្សាយ​ពី​មរតក​ទាំងនោះ​ដល់​ក្រុម​យុវជន​ជំនាន់​ក្រោយ​ផង​»​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា កាល​ពី​ពិធី​រំលឹក​ខួប​អាស៊ាន​៥០​ឆ្នាំ កាល​ពី​កន្លងទៅ ធ្លាប់​ទទួលស្គាល់ថា សិស្ស​ដែល​មក​រៀន​លើ​ជំនាញ​ឧបករណ៍​តន្ត្រីបុរាណ ដូចជា សា​ដៀវ ពិណ ប៉ី​ពក និង​ទ្រ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ គឺ​មាន​ចំនួន​ថយចុះ និង​ជួប​ភាពលំបាក​មែន​។ ប៉ុន្តែ​លោកស្រី​បាន​អះអាង​ថា ក្រសួង​បាន​សម្រួល​ឱ្យ​ពួកគេ​អាច​ស្នាក់នៅ​ក្នុង​សាលា ចំណែក​ការផ្គត់ផ្គង់​អាហារ​ជាដើម គឺ​ក្រសួង​ពុំមាន​លទ្ធភាព​ផ្ដល់​ឱ្យ​ឡើយ​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​រូប​នេះ​បញ្ជាក់ថា ទោះជា​ជំនាញ​ឧបករណ៍​តន្ត្រីបុរាណ នៅតាម​ទីជនបទ និង​ទីក្រុងនៅ​តែ​ទទួលបាន​ការពេញនិយម​តិច​តូច​នៅឡើ​យក្តី តែ​រយៈពេល​កន្លងមក ក្រសួង​តែងតែ​បញ្ជូន​គ្រូ​ជំនាញ​ដើម្បី​ហ្វឹកហាត់ និង​ពន្យល់​បន្ថែម​ទៅ​ដល់​ក្រុម​សិល្បៈ និង​សិស្ស​ផ្នែក​ឧបករណ៍​តន្ត្រីបុរាណ​ទាំងនោះកុំឱ្យ​បោះបង់​ជំនាញ​នេះ​៕

ចែករំលែកតាម៖