ព្រឹទ្ធាចារ្យ ចាន់ ស៊ីម សិល្បករចម្លាក់៤សម័យកាល

ព្រឹទ្ធាចារ្យ ចាន់ ស៊ីម សិល្បករចម្លាក់៤សម័យកាល

ចម្លាក់គឺជាទម្រង់សិល្បៈវប្បធម៌មួយបែបដែលអាចបង្ហាញពីវប្បធម៌ឬអត្តសញ្ញាណប្រទេសមួយ។ ក្នុងវិស័យចម្លាក់ខ្មែរ ក្បាច់គឺជាផ្នែកសំខាន់មួយដែលអាចបង្ហាញលក្ខណៈពិសេសនិងចំណុចខុសប្លែកពីចម្លាក់បរទេស។

ព្រឹទ្ធាចារ្យ ចាន់ ស៊ីម ជាវីរៈសិល្បករជើងចាស់មួយរូបដែលបានប្រកបរបរក្នុងការងារចម្លាក់អស់ជាច្រើនជំនាន់ដោយលោកមានទាំងបទពិសោធន៍ និងចំណេះដឹងអំពីក្បាច់ខ្មែរ។

«ខ្ញុំចាប់ផ្តើមធ្វើចម្លាក់ឈើតាំងពីឆ្នាំ១៩៥៩ រហូតមកដល់ឆ្នាំ១៩៧៩ ចាប់ផ្តើមធ្វើជាស៊ីម៉ងត៍វិញ។ កាលពេលហ្នឹងអត់មានអ្នកចេះធ្វើទេ អ្នកចេះស្លាប់ជិតអស់ ដូចនេះខ្ញុំត្រូវធ្វើនិងបង្រៀនប្អូនៗជិតផ្ទះ។ អ្នកដែលចង់ចេះច្រើនឱ្យទៅរៀននៅសាលាបន្តទៀតរហួតចេះ។ មុខរបរនេះខ្ញុំធ្វើតាំងពីឆ្នាំ១៩៧៩មករហូតមក តែឥឡូវបាន  ឱ្យកូនធ្វើបន្ត ព្រោះខ្ញុំចាស់ហើយ។ តាំងពីមុនមកខ្ញុំចាប់ផ្តើមធ្វើសិល្បៈមកគឺ៤ជំនាន់ហើយ តាំងពីសម័យព្រះករុណា សម័យលន់ នល់ ប៉ុលពត និងមកដល់ឥឡូវនេះ»

លោកមានប្រសាសន៍ទៀតថា៖

«កាលពីរៀនពីដំបូងគឺម្តាយមីងឱ្យរៀន ខ្ញុំមកពីស្រែ រហូតដល់រៀនចប់ក៏គិតថាវាមានប្រយោជន៍ ដល់មកឆ្នាំ១៩៧៩ រឹតតែមានតម្លៃទៀត ព្រោះគ្រូ៤០នាក់ ស្លាប់អស់នៅសល់តែ១០នាក់។ទេ ដូចនេះខ្ញុំខំប្រឹងពង្រីក ខំបង្រៀនឡើងវិញខ្លាចបាត់វប្បធម៌ជាតិ ហើយខ្ញុំខំធ្វើជាសៀវភៅ ធ្វើអី ដើម្បីកុំឱ្យបាត់ បើខ្ញុំទៅក៏នៅសល់ឯកសារដល់ប្អូនៗជំនាន់ក្រោយដែរ»

ក្នុងវ័យ៨០ឆ្នាំ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម រស់នៅជួបជុំគ្រួសារជាមួយភរិយា ដោយមានកូនប្រុស៣នាក់ និងកូនស្រីម្នាក់។ ផ្ទះរបស់លោកស្ថិតនៅខាងជើងរបងវាលមេរុ។ ក្នុងចំណោមកូនទាំង៤នាក់ មានកូនប្រុស២នាក់ដែលបានរៀននិងមានជំនាញអាចបន្តវេនពីលោកបាន។ ទោះបីចូលនិវត្តន៍ហើយក្តី ព្រឹទ្ធាចារ្យ ចាន់ ស៊ីម ក៏នៅបន្តបង្រៀននៅសាលាឯកជនជាហូរហែ ដើម្បីបង្រៀនពីក្បាច់ចម្លាក់ខ្មែរ។

លោកព្រឹទ្ធាចារ្យបានឱ្យដឹងថា ជាមួយនឹងស្នាដៃនិងសមិទ្ធិផលការងារដែលលោកបានធ្វើជាច្រើនឆ្នាំ លោកទទួលបានងារជាហូរហែសម្រាប់ស្នាដៃនិងការរួមចំណែករបស់លោកសម្រាប់សង្គមជាតិ។

ក្រៅពីសមិទ្ធផលជាចម្លាក់ លោកព្រឹទ្ធាចារ្យក៏បានចំណាយពេលរៀបរៀងជាសៀវភៅសម្រាប់សន្សល់ទុកឱ្យអ្នកជំនាន់ក្រោយផងដែរ។

«ក្នុងឆ្នាំ២០០៥នេះរដ្ឋសភាគេសាងសង់ថ្មី។ គេដើរសួររកអ្នកដែលចេះខ្នាតក្បាច់ខ្មែរដើម្បីសាងសង់ ចឹងមានកូនសិស្សពីរបីនាក់បានហៅឱ្យខ្ញុំទៅធ្វើ ធ្វើរួចគេទទួលស្គាល់ស្នាដៃខ្ញុំ ដូចនេះខ្ញុំគិតថាវាមានតម្លៃណាស់ ចឹងក៏ខ្ញុំខំធ្វើតទៅទៀត…ក្បាច់ចម្លាក់របស់ខ្ញុំដាក់លក់គ្រប់ខេត្តក្រុង និងសម្រាប់ភ្ញៀវទេសចរណ៍ ហើយមានគេជួលឱ្យទៅធ្វើ ដូចជារូបនាងគង់ហ៊ីងកាលពីសម័យមុន និងរូបព្រះវិស្នុ នៅតាខ្មៅ»

លោកបន្ថែមថា៖

«ឆ្នាំ២០០០ ក្រសួងវប្បធម៌វិចិត្រសិល្បៈឱ្យសញ្ញាបត្រ និងងារជាវីរៈសិល្បករ ដល់ឆ្នាំ២០០៤ ខាងបណ្ឌិតសភាកម្ពុជាបានឱ្យសញ្ញាបត្រមួយដែរ និងងារជាព្រឹទ្ធាចារ្យសិល្បៈវប្បធម៌ខ្មែរ មកដល់ពេលនេះបានលុយ៧០ម៉ឺនរៀល និងងារជាមរតកមនុស្សរស់ ….ខ្ញុំបានធ្វើជា៣សៀវភៅ សៀវភៅភាគមួយក្បាច់ សៀវភៅភាគពីរក្បាច់ និងខាងព្រះពុទ្ធបានមួយក្បាល ដែលខាងរាជបណ្ឌិតសភាជាអ្នកឱ្យខ្ញុំសាងជាសៀវភៅ និងឱ្យសញ្ញាបត្រ»

ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ លោកព្រឹទ្ធាចារ្យ ចាន់ ស៊ីម ចែករំលែកចំណេះដឹង និងបង្ហាញពីគន្លឹះសំខាន់ៗក្នុងក្បាច់ចម្លាក់ខ្មែរ ដ៏ដូចជាការលំបាកមួយចំនួនក្នុងការងារនេះ។

«ក្បាច់ខ្មែរមាន៤ប្រភេទ ក្បាច់អង្គរ ក្បាច់ទេស ក្បាច់វល្លិ៍ ក្បាច់ភ្លើង។ ក្បាច់អង្គរសម្រាប់អាទិទេពធំៗ ដូចជាឪពុកម្តាយអី ក្បាច់ទេសសម្រាប់ស្តេចផែនដី ក្បាច់វល្លិ៍សម្រាប់សក្ត័មន្ត្រីនៅលើស្មាលើ ក និងក្បាច់ភ្លើងសម្រាប់  បូជាស្តេច ព្រោះក្បាច់ភ្លើងស្អាតជាងគេ ដូចស្តេចដែរ…ការងារសាងសង់ជារូបចម្លាក់នេះ បើតាមខ្ញុំធ្លាប់ធ្វើកន្លងមក គឺត្រូវរៀបពិស្នុការ បើមិនរៀបសែនគឺមិនបានទេ យើងមានជំនឿថា បើយើងរៀបគឺដូចជាទាញដៃយើងឱ្យធ្វើបានល្អ រឿងនេះបើមិនធ្លាប់ឆ្លងកាត់ទេគឺមិនជឿទេ ខ្ញុំឆ្លងកាត់ការសាងសង់ចម្លាក់នេះតាំងពី៧៩មក ខ្ញុំហ៊ានទទួលការងារធំៗមិនខ្លាចទេ ព្រោះអាងលោកជួយ»

លោកព្រឹទ្ធាចារ្យបន្តថា៖

«ចម្លាក់ដំបូងត្រូវគូរខ្នាតសិនបន្ទាប់មកគ្រោងគៀបប្លង់……….ការធ្វើចម្លាក់នេះមានរបៀបច្រើន ហើយអ្វីដែលខ្ញុំចេះគឺរៀនពីគ្រូខ្ញុំបន្តទៀតដែរ…….ចំពោះការសំអាតចម្លាក់វិញគឺឆ្លាក់បណ្តើរសម្អាតបណ្តើរ……។ ចម្លាក់វាមានការលំបាកខ្លះដែរត្រង់ធ្វើឱ្យគេអត់ទាន់ ព្រោះចម្លាក់ត្រូវធ្វើតាមសម្រួល មិនអាចបង្ខំទេ បើក្បាច់ចម្លាក់កាន់តែតូចកាន់តែពិបាកឆ្លាក់។ ដូចនេះពេលវេលាឆ្លាក់បើគិតថា១៥ថ្ងៃហើយ ទាល់តែ២០ទៅ៣០ថ្ងៃទើបរួចរាល់តាមការកំណត់»

វប្បធម៌រលក់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន។ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម ចង់ឱ្យកូនខ្មែរស្វែងយល់ និងចេះរក្សាវប្បធម៌ប្រពៃណីមួយនេះឱ្យបានគង់វង្ស។

«យើងអ្នករៀនផ្នែកសិល្បៈសូមកុំភ្លេចវប្បធម៌របស់ជាតិខ្ពស់ណាស់ គឺមានក្បួនមានខ្នាតគឺគ្រាន់តែក្បាច់ខុសគេមានដល់ទៅ៤ ប្រទេសខ្លះមានតែដើមឈើក្បាច់ភ្ញីទេសទេ យើងមានទាំងអង្គរ ទេស វល្លិ៍ ភ្លើង រៀនឱ្យចេះច្បាស់៤ណឹង»

«សំណូមពរធ្វើម៉េចឱ្យខ្មែរយើង ជួយរក្សាវប្បធម៌ខ្មែរយើងដរាបរៀងទៅ ហើយអ្នករៀនត្រូវរៀនឱ្យច្បាស់លាស់»

 

ចែករំលែកតាម៖