៦​ខែ​ដើមឆ្នាំ​២០១៧ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជិត​៣០​ម៉ឺន​តោន កើនឡើង​៧,៦​ភាគរយ​

៦​ខែ​ដើមឆ្នាំ​២០១៧ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជិត​៣០​ម៉ឺន​តោន កើនឡើង​៧,៦​ភាគរយ​

​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ឆ្នាំ​២០១៧ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែ​មួយ​សម្រាប់​បំ​ពេញ​​បែបបទ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញថា រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧​នេះ កម្ពុជា​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ជិត ២៨៨៥៦២​តោន កើនឡើង ៧,៦ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦​ដែល​នាំ​ចេញ​បាន​២៦៨,៦៩០​តោន​។​

​របាយការណ៍​ឱ្យ​បានដឹង​ដែរ​ថា អង្ករ​ជិត​៣០​ម៉ឺន​តោន​នោះ​ត្រូវបាន​នាំចេញ​ទៅ​កាន់​ប្រទេស​ជិត​៦០ តាមរយៈ​ក្រុមហ៊ុន​ចំនួន​៧២​។ ក្នុងចំណោម​ប្រទេស​ទាំង​ជិត​៦០ មាន​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​២៥​ប្រទេស ប្រទេស​ជា​សមាជិក​អាស៊ាន​៤​ប្រទេស និង​ទិសដៅ​ប្រទេស​ផ្សេង​ទៀត​ចំនួន​២៧​ប្រទេស​។​

ក្នុង​ចំណោម​ទិសដៅ​នាំចេញ​ទៅ​កាន់​ប្រទេស​ជិត​៦០ ប្រទេស​ដែល​កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​ច្រើនជាងគេ​មាន​ប្រទេស​ចិន​ចំនួន​៩៤ ៧៧០​តោន បន្ទាប់មក​គឺ​ប្រទេស​បារាំង​ចំនួន ៣៧ ៣២១​តោន និង​ចំណាត់ថ្នាក់​ទី​៣​ប្រទេស​ប៉ូឡូញ​ដែល​មាន​ចំនួន ២៥ ៦៣៩​តោន​។​

​អង្ករ​ដែល​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ទាំងនោះ​មាន​ប្រភេទ​អង្ករ​ម្លិះ អង្ករ​រំដួល អង្ករ​សូ​ម៉ាលី អង្ករ​សរីរាង្គ ជាដើម​។

កន្លងទៅ រដ្ឋាភិបាល​ធ្លាប់​ដាក់​គោលដៅ​ក្នុង​ការនាំចេញ​អង្ករ​ឲ្យបាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​គោលនយោបាយ​នេះ រដ្ឋាភិបាល​បាន​បរាជ័យ ហើយ​ជាក់ស្ដែង​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​សម្រេច​តែ​៥៣​ម៉ឺន​តោន ហើយ​នៅក្នុង​ឆ្នាំ​២០១៦​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​តែ​ជាង​៥៤​ម៉ឺន​តោន​ប៉ុណ្ណោះ​៕

ចែករំលែកតាម៖