សាកលវិទ្យាល័យ​នៅ​កម្ពុជា​និង​បារាំង​សហការ​គ្នា​ពង្រឹង​គុណភាព​ផ្នែក​ស្រាវជ្រាវ​នៅ​កម្ពុជា

សាកលវិទ្យាល័យ​នៅ​កម្ពុជា​និង​បារាំង​សហការ​គ្នា​ពង្រឹង​គុណភាព​ផ្នែក​ស្រាវជ្រាវ​នៅ​កម្ពុជា

​តំណាង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​វិទ្យាស្ថាន​ជាតិ​អប់រំ និង​សាកលវិទ្យាល័យ INALCO អះអាងថា គុណភាព​ស្រាវជ្រាវ​ថ្នាក់​ឧតម្តមសិក្សា​ជាន់ខ្ពស់​នៅ​កម្ពុជា​លើ​មុខជំនាញ​ស្រាវជ្រាវ​ផ្នែក​ភាសាវិទ្យា ផ្នែក​នរៈវិទ្យា និង​ផ្នែក​ប្រវត្តិវិទ្យា នឹង​ត្រូវបាន​ពង្រឹង​តាមរយៈ​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា GEResh-Com​។ គម្រោង​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ ដោយ​ចាប់​ដើមឆ្នាំ​២០១៧ ដល់​ចុង​ឆ្នាំ​២០១៩ ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​សហគមន៍​អឺរ៉ុប​។​

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារនៈ​ភាពជា​ដៃគូ​ក្នុង​ក្រប​ខណ្ឌ​គម្រោង GEResh-Com រវាង​គ្រឹះស្ថាន​ឧត្ដមសិក្សា​ទាំង​៤ កាលពី​ថ្ងៃ​ទី​៦ លោក ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មាន​ប្រសាសន៍ថា ការ​ស្រាវ​ជ្រាវ​​មាន​សារៈ​សំខាន់​​និង​​ចាំ​បាច់​​ណាស់ ព្រោះ​ការស្រាវជ្រាវ​ជួយ​ជំរុញ​ឱ្យ​សង្គម​មាន​ភាព​រីកចម្រើន និង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ម​នុស្ស​។​

លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងទៅកាន់អ្នកសារព័ត៌មាន
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងទៅកាន់អ្នកសារព័ត៌មាន

​បន្ថែម​ពី​នេះ លោក​ទទួលស្គាល់ថា កម្ពុជា​នៅតែ​មាន​ចំនួន​អ្នក​ស្រាវជ្រាវ​តិច​នៅឡើយ ពិសេស​លើ​ផ្នែក​ភាសាវិទ្យា ផ្នែក​នរៈវិទ្យា និង​ផ្នែក​ប្រវត្តិវិទ្យា​ជាដើម ដែល​ទាមទារ​ត្រូវ​ពង្រឹង​គុណភាព​លើ​ផ្នែក​ស្រាវជ្រាវ​ឱ្យ​កាន់តែ​ប្រសើរ​។ ហេតុនេះ លោក​ថា ទើប​សា​កល​វិទ្យាល័យ​​របស់​​កម្ពុជា​​និង​បារាំង បាន​​សហការ​​តាមរយៈ​អនុស្សារណៈ​នេះ ដើម្បី​ប្តេជ្ញា​ពង្រឹង​លើកកម្ពស់​សមត្ថភាព និង​គុណភាព​ស្រាវជ្រាវ​កាន់តែ​ប្រសើរឡើង​។

​ទាក់ទិន​នឹង​ការលើកឡើង​នេះ​ដែរ អ្នកសម្របសម្រួល​គម្រោង និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ភាសាវិទ្យា​នៅសាកលវិទ្យាល័យ INALCO ប្រចាំ​ទីក្រុង​បារី​ស ប្រទេស​បារាំង លោក Thach Joseph មានប្រសាសន៍​ដែរ​ថា មូលហេតុ​ដែល សាកល​វិទ្យាល័យ INALCO សហការ​ជាមួយ​សាកលវិទ្យាល័យ​នៅ​កម្ពុជា លើ​ផ្នែក​ស្រាវជ្រាវ​លើ​ជំនាញ​ទាំង​៣ ព្រោះ​កម្ពុជា​នៅ​ខ្វះ​ជំនាញ​ស្រាវជ្រាវ​លើ​ផ្នែក​ទាំងនេះ​នៅឡើយ​។ ម្យ៉ាង​យុវជន​កម្ពុជា​មិនសូវ​សិក្សា​លើ​ផ្នែក​នេះ​ច្រើន​នៅឡើយ​។​

អ្នកសម្របសម្រួលគម្រោងនិងជាសាស្រ្តាចារ្យផ្នែកភាសាវិទ្យានៅសាកលវិទ្យាល័យ INALCO លោក Thach Joseph ថ្លែងទៅកាន់អ្នកសារព័ត៌មាន
អ្នកសម្របសម្រួលគម្រោងនិងជាសាស្រ្តាចារ្យផ្នែកភាសាវិទ្យានៅសាកលវិទ្យាល័យ INALCO លោក Thach Joseph ថ្លែងទៅកាន់អ្នកសារព័ត៌មាន

អនុស្សរណៈ​រវាង​សាកលវិទ្យាល័យ​ទាំង​ភាគី​កម្ពុជា និង​បារាំង បញ្ជាក់ថា ដើម្បី​ពង្រឹង​គុណភាព​ស្រាវជ្រាវ​កាន់តែ​រឹងមាំ​និង​ស៊ីជម្រៅ នឹង​មាន​ការផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​រវាង​និស្សិត និង​សាស្ថ្រាចារ្យ សហកា​រលើ​សកម្មភាព​សិក្សា​អប់រំ និង​បណ្ដុះ​​បណ្ដាល និង​​ចង​ក្រង​​ឯក​សារ​​លើ​លើ​ផ្នែក​ភាសាវិទ្យា ផ្នែក​នរៈវិទ្យា និង​ផ្នែក​ប្រវត្តិវិទ្យា​ជាដើម​។​

គម្រោង​ពង្រឹង​គុណភាព​ស្រាវជ្រាវ​ថ្នាក់​ឧតម្តមសិក្សា​ជាន់​ខ្ពស់​លើ​មុខជំនាញ​ស្រាវជ្រាវ​ចំនួន​៣​​​ គឺ​ផ្នែក​ភាសាវិទ្យា ផ្នែក​នរៈវិទ្យា និង​ផ្នែក​ប្រវត្តិវិទ្យា​នៅ​កម្ពុជា​មាន​រយៈ​៣​ឆ្នាំ​ចាប់​ដើមឆ្នាំ​២០១៧ ដល់​ចុង​ឆ្នាំ​២០១៩​ខាងមុខ​។ គម្រោង​នេះ​ស្ថិត​ក្រោម​គម្រោង​ដែល​​មាន​ឈ្មោះ GEResh ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​ប្រមាណ​ជាង​១​លាន​អឺរ៉ូ​ពី​សហគមន៍​អឺរ៉ុប​៕

ចែករំលែកតាម៖