មន្ត្រី៖ កសិករ​ក្នុង​ខេត្ត​៨​នឹង​មាន​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ប្រមាណ​១៦០​តោន​ក្នុង​១​ថ្ងៃៗ

មន្ត្រី៖ កសិករ​ក្នុង​ខេត្ត​៨​នឹង​មាន​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ប្រមាណ​១៦០​តោន​ក្នុង​១​ថ្ងៃៗ

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អះអាងថា រាជរដ្ឋាភិបាល​បាន​ផ្តល់ឱ្យ​ក្រសួង​កសិកម្ម ទទួល​គម្រោង​អនុវត្ត​ដោយផ្ទាល់​នូវ​ទឹកប្រាក់​ចំនួន ២០​លាន​ដុល្លារ​អាមេរិក សម្រាប់​ការជំរុញ​ផលិតផល​បន្លែ​សុវត្ថិភាព​ជំនួស​ការ​នាំចូល និង​គម្រោង​ផលិត​ពូជស្រូវ​ក្រអូប​ដែល​ជា​ពូជស្រូវ​សុទ្ធសម្រាប់​ការនាំចេញ​។​

​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង ដែល​មាន​រយៈពេល​៣​ឆ្នាំនេះ នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ពាក់កណ្តាល​ខែ​មិថុនា​នេះ រហូតដល់​ឆ្នាំ​២០១៩​។ ក្នុង​នោះ​សម្រាប់​គម្រោង​ដាំ​បន្លែ ក្រសួង​បាន​ជ្រើស​យក​ខេត្ត​គោលដៅ​ចំនួន​៨ ដែល​ជា​ខេត្ត​មាន​សក្តានុពល​ខាង​ដាំ​ដុះ​បន្លែ​ជាងគេ​រួមមាន​៖ ខេត្ត​កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ពោធិ៍សាត់ បាត់ដំបង់ និង​ខេត្ត​សៀមរាប ដោយ​មាន​ប្រជា​កសិករ​ចូលរួម​ចំនួន​២០៦០​នាក់​។​

នេះ​បើ​តាម​ការអះអាង​ពី​លោក លោក គៀន សុភា អនុប្រធាននាយកដ្ឋាន​សាកវប្បកម្ម​និង​ដំណាំ​រួមផ្សំ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ជា​ប្រធាន​គម្រោង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង​។​

​លោក គៀន សុភា ឱ្យដឹងទៀតថា បច្ចុប្បន្ន​ប្រជាកសិករ​ទាំងនោះ កំពុង​ទទួល​បាន​ការ​បណ្តុះបណ្តាល ជំនាញ​ដាំ​ដុះ ដើម្បី​ក្លាយ​ជា​កសិករ​គំរូ​ក្នុង​ការអនុវត្តន៍​កសិកម្ម​ល្អ លើ​ទិសដៅ​ជំរុញ​ការផ្គត់ផ្គង់​ឱ្យបាន​១៦០​តោន​ក្នុង​មួយថ្ងៃ ខណៈ​ដែល​ទីផ្សារ​សព្វថ្ងៃ​កំពុង​ខ្វះខាត​បន្លែ​។ លោក​ឱ្យដឹង​ដែរ​ថា ក្រុម​កសិករ​អាច​នឹង​មានលទ្ធភាព​ផ្គត់ផ្គង់​បន្លែ​១៦០​តោន​ក្នុង​មួយ​ថ្ងៃនេះ ចាប់ពី​ខែ​កក្កដា​ឬ​ខែ​សីហា​ខាងមុខ​៖ «​ទី​១​គឺ​យើង​ផលិត​ពូជស្រូវ​ក្រអូប​សុទ្ធ និង​ស្រូវ​ចំណី​ក្រអូប​សុទ្ធ​ដែរ ដែល​ជា​គំរូ​ដើម្បី​នាំចេញ ដើម្បី​យើង​បង្ហាញ​ពី​គុណភាព​អង្ករ​ស្រុក​ខ្មែរ​យើង អង្ករ​ដែល​មាន​គុណភាព​ល្អ ហើយ​ទី​ពីរ​យើង​ផលិត​បន្លែ​សុវត្ថិភាព ដើម្បី​ផ្គត់ផ្គង់​ផ្សារ​ក្នុងស្រុក ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​បន្លៃ​គី​មីពី​ក្រៅ​(​ប្រទេស​)​មក​»​។​

​បន្ថែម​ពី​នេះ អនុប្រធាននាយកដ្ឋាន​សាកវប្បកម្ម​និង​ដំណាំ​រួមផ្សំ​រូបនេះ បាន​បញ្ជាក់ទៀតថា ការប្រើប្រាស់​ជីគីមី ឬ​ការបាញ់​ថ្នាំពុល​សម្លាប់​សត្វ​ល្អិត​ទៅលើ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ នៅតែ​ជា​បញ្ហា​ប្រឈម ខណៈ​បន្លែ​នាំ​ចូល​ក៏​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​អ្នក​ប្រើប្រាស់ និង​អ្នក​បរិភោគ​ដែរនោះ​។ ហេតុនេះ រដ្ឋាភិបាល​យល់ថា គម្រោង​ដាំ​ដុះ​បន្លែ​ដែល​មាន​សុវត្ថិភាព តាមរយៈ​គម្រោង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង នឹង​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​កសិករ ព្រមទាំង​ជួយ​កាត់បន្ថយ​បន្លែ​នាំចូល​៖ «​បន្លែ​យើង​មានការ​នាំចូល​ច្រើន ពី​មួយ​ថ្ងៃ​ចូល​ខ្ទង់​បួន​ទៅ​ប្រាំ​រយ​តោន​ពី​ប្រទេសជិតខាង អ៊ីចឹង​ហើយ​វា​ជា​សក្តានុពល​មួយ​ដែល​យើង​ត្រូវ​ការផលិត​ដើម្បី​ទប់ស្កាត់ ហើយ​បន្លែ​ដែល​នាំចូល​នេះ​ភាគច្រើន​ជា​បន្លែ​គីមី​ទៀត​។ អ៊ីចឹង​យើង​ផលិត​បន្លែ​ដែលមាន​សុវត្ថិភាព មិនមែន​បន្លែ​គីមី​ទេ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ដើម្បី​ទី​១ កាត់បន្ថយ​ការ​នាំចូល ទី​២​គឺ​ក្នុង​ការជួយ​ថែទាំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​យើង​ជា​អ្នក​ហូប​»​។​

ការស្រាវជ្រាវ​កន្លងមក​បង្ហាញថា កម្ពុជា​បាន​នាំចូល​បន្លែ​ហូបចុក​ពី​ប្រទេស​ជិតខាង​ប្រមាណ​ពី ២០០ ដល់​៤០០​តោន​ក្នុង​មួយថ្ងៃ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ លើសពីនេះ កាលពី​ពេល​ថ្មីៗ​នេះ អង្គការ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ដើម្បី​ការអភិវឌ្ឍ​(​អ៊ី​កូ​) រកឃើញថា ៩៥​ភាគរយ​នៃ​អ្នក​បរិភោគ​បន្លែ មាន​ការព្រួយបារម្ភ​អំពី​កម្រិត​ជាតិ​គីមី​នៅ​កន្លែង​។​

ពាក់ព័ន្ធ​នឹង​គម្រោង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង​នេះដែរ ជា​កសិករ​មកពី​ខេត្ត​កណ្តាល លោក ម៉េត មឿន សាទរ​ចំពោះ​គម្រោង​នេះ ព្រោះ​វា​នឹង​ជួយ​លើកទឹកចិត្ត​កសិករ​ឡើងវិញ  ព្រមទាំង​ជួយ​ឱ្យ​វិស័យ​កសិកម្ម​មាន​សក្ដានុពល​ពិតប្រាកដ​។

​លោក គៀន សុភា បាន​ថ្លែង​ឱ្យដឹងទៀតថា ដើម្បី​ឱ្យ​គម្រោង​នេះ​មាន​ប្រសិទ្ធភាព និង​ឈាន​ទៅ​សម្រេច​លទ្ធភាព​ផ្គត់​ផ្គង​បន្លែ​ប្រកបដោយ​សុវត្ថិភាព​ប្រមាណ​១៦០​តោន​ក្នុង​១​ថ្ងៃ ក្រសួង​នឹង​ខិតខំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រោចស្រព ផ្តល់​វគ្គ​បណ្តុះបណ្តាល​ប​ច្ចេកទេស​ដល់​កសិករ ផ្តល់​តម្លៃ​ទីផ្សារ​សមរម្យ និង​ចងក្រង​ជា​សហគមន៍​កសិករ​៖ «​ទី​១ យើង​ធ្វើ​ការ​បណ្តុះបណ្តាល​ទៅលើ​បច្ចេកទេស​របស់​គាត់ ក្នុង​ការដាំដុះ​បន្លែ​សុវត្ថិភាព ទី​២ យើង​ជួយ​រក​ទីផ្សារ​ឱ្យ​គាត់ ដើម្បី​ឱ្យ​គាត់​ធានា​បាន​ទីផ្សា​រលក់ ចៀសវាង​តម្លៃ​ឡើង​ចុះ​ច្រើន ដែល​គាត់​ខាតបង់ ហើយ​ទី​៣ យើង​នឹង​ចង់ក្រង​កសិករ​ដែល​ដាំ​បន្លែ​ជា​សមាគម ដើម្បី​ឱ្យ​គាត់​ងាយស្រួល​ក្នុង​ការធ្វើ​កិច្ចសន្យា​ជាមួយ​ពួក​ទីផ្សារ​ខ្នាត​ធំ ហើយ​ក៏​ដូចជា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋាភិបាល​ដែរ​»​។​

​មិន​ត្រឹមតែ​បន្លែ​ប៉ុណ្ណោះ កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង ក្នុង​ទឹកប្រាក់​២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​ពង្រឹង​ការផលិត​ពូជស្រូវ​ក្រអូប​សុទ្ធ ដើម្បី​សម្រេច​ទិសដៅ​ការនាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

​ក្រៅពីនេះ លោក គៀន សុភា អះអាងថា ក្រសួង​កសិកម្ម នឹង​បង្កើន​ដំណើរការ​សកម្មភាព​គម្រោង​កម្មវិធី​ជំរុញ​ផលិត​កម្ម​ស្បៀង ទៅកាន់​បណ្តា​ខេត្ត​ដទៃ​បន្ថែមទៀត ដើម្បី​ជំរុញ​ការផ្គត់ផ្គង់​បន្លែ និង​ផ្លែឈើ​សុវត្ថិភាព​ឱ្យ​បាន​គ្រប់គ្រាន់​នា​ពេល​ខាង​មុខ ឈាន​ទៅ​បម្រើ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​បាន​ពេញលេញ៕

ចែករំលែកតាម៖