អ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ លើកឡើងថា ការចាប់ផ្តើមអនុវត្តន៍គម្រោងផលិតកម្មស្រូវប្រកបដោយនិរន្តភាពគឺជាជំហានថ្មីមួយឈានទៅដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ពិសេសជំរុញការនាំចេញអង្ករទៅទីផ្សារអន្តរជាតិកាន់តែប្រសើរឡើង។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីគម្រោងផលិតកម្មស្រូវប្រកបដោយនិរន្តភាព ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនានេះ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប្រាក់ ជាតិថូ ថ្លែងថា ទិសដៅសំខាន់នៃគម្រោងរយៈពេលបីឆ្នាំនេះ គឺបង្កើនការផលិតពូជស្រូវក្រអូបនិងផលិតពូជស្រូវសុទ្ធល្អគ្រប់ចំនួន ដើម្បីជួយឱ្យកសិករមានគ្រាប់ពូជត្រឹមត្រូវសម្រាប់ដាំដុះ ស្របតាមតម្រូវការទីផ្សារ៖ «ហើយគម្រោងនេះ មានអត្ថប្រយោជន៍ណាស់សម្រាប់ប្រជាកសិកររបស់យើង។ ទី១ គឺទីផ្សារ កាលណាគម្រោងដំណើរការទៅ គាត់ជួយផ្តល់ជា Trade mark ជាឡូហ្គោថាផលិតផលនេះល្អ អាចនាំចេញទៅប្រទេសក្រៅបាន អ៊ីចឹងវាជួយដល់ទីផ្សារ ហើយជួយជំរុញឱ្យកសិករយើងផលិតឱ្យបានគុណភាពល្អ ជួយដល់កសិករយើងខាងវិស័យយេនឌ័រ ហើយគុណភាពខាងសុខភាពយើងក៏ល្អ យើងប្រើថ្នាំពុល(ថ្នាំសម្លាប់សត្វល្អិត)មានកម្រិត និងជួយផ្តល់នូវពូជ ជួយដល់កសិករយើងឱ្យគាត់ផលិតស្រូវណាដែលមានទីផ្សារ»។
តំណាងក្រុមហ៊ុននាំចេញអង្ករ លោក សុង សារ៉ន មានប្រសាសន៍ថា គម្រោងផលិតកម្មស្រូវប្រកបដោយនិរន្តភាព ដែលទទួលបានប្រាក់ឧបត្ថម្ភពីស្ថានទូតកាណាដា តាមរយៈសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ប្ដេជ្ញាផលិតពូជស្រូវក្រអូបចំនួន ចាប់ពីជាង ៧០០០តោន ទៅ៣ម៉ឺនតោនក្នុងមួយឆ្នាំ។
អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ អេមរុរ៉ាយស៍ (AMRU RICE) រូបនេះបន្តថា ជាជំហានដំបូង ដំណើរការគម្រោងផលិត កម្មស្រូវប្រកបដោយនិរន្តភាពនឹងប្រើប្រាស់ថវិការប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក ជាមួយសហគមន៍ចំនួន៤ មកពីខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ គម្រោងនេះមានសមាជិកចំនួន៧២៩គ្រួសារ លើផ្ទៃដី២១២០ហិតា សម្រាប់ផលិតស្រូវ៣ប្រភេទគឺផ្ការំដួលខ្មែរពិសេស IRគ្រាប់វែង និងស្រូវសែនក្រអូបខ្មែរពិសេស។
លោក សុង សារ៉ន រំពឹងថា គម្រោងនេះនឹងផ្តល់ផលចំណេញច្រើនដល់កសិករខា្នតតូច ជំរុញការនាំចេញផលិតផលកសិកម្ម ជួយលើកស្ទួយកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា លើកកម្ពស់ជីវភាពកសិករកម្ពុជា ពិសេសជួយបញ្ចៀសឱនភាពសេដ្ឋកិច្ចជាតិ៖ «កសិករគាត់បានប្រយោជន៍ ទី១ គាត់បានចំណូលថេរ។ ចំណូលថេរគឺបានន័យថាគាត់កើនឡើងជាងមុន ហើយធានាបាននូវទីផ្សារ។ យើងធានាទិញរបស់គាត់ទាំងអស់អ្វីដែលយើងសន្យាហ្នឹង ហើយទី៣ គាត់ធានាបានការរក្សានូវភូមិឋានល្អ ស្អាតដោយមិនមានជាតិពុល នៅក្នុងមូលដ្ឋានរបស់គាត់ ទាំងរស់នៅ ក៏ដូចជានៅវាលស្រែ អត់ឱ្យមានថ្នាំពុលធ្វើឱ្យមិនសុវត្ថិភាពដល់កូនចាំគាត់ទេ ដោយសារតែយើងដឹងហើយ កាលដែលយើងប្រើប្រាស់ថ្នាំពុលនេះភាគច្រើន គ្រោះថ្នាក់ទាំងអ្នកបាញ់ថ្នាំ និងអ្នកហូប ដូច្នេះហើយយើងទប់ស្កាត់ហ្នឹងបាន ហើយកសិករទទួលបានប្រយោជន៍មួយទៀតនោះ គឺប្រយោជន៍យូរអង្វែង បានន័យថា គាត់នៅពេលណាដែលលទ្ធផលនេះដើរហើយ គាត់នឹងទទួលបានប្រយោជន៍បែបនេះ កើនឡើងទៅតាមតម្រូវការទីផ្សារហើយគុណភាពដែលគាត់ផលិតបាន។ អ៊ីចឹងនៅពេលណាដែលគុណភាពល្អ គឺគាត់ត្រូវតែបានចំណូលកើនឡើងច្រើន»។
គម្រោងផលិតកម្មស្រូវប្រកបដោយនិរន្តភាព (SRP) គឺត្រូវបានទទួលស្គាល់ពីវេទិកាពហុអ្នកពាក់ព័ន្ធដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិបរិស្ថាន (UNEP) និងវិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ (IRRI)។ វាមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពធនធាន និងនិរន្តរភាពក្នុងលំហូរពាណិជ្ជកម្មប្រតិបត្តិការផលិតកម្មនិងការផ្គត់ផ្គង់ និងចង្វាក់ផ្គត់ផ្គង់។
នៅឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាកំណត់ផែនការនាំអង្ករចេញទៅក្រៅប្រទេសយ៉ាងតិចចំនួន១លានតោន ក៏ប៉ុន្តែមិនអាចសម្រេចបានដូចការគ្រោងទុក។
ក្រសួងកសិកម្ម ក្រុមហ៊ុននាំចេញអង្ករ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) អះអាងថា ភាគីពាក់ព័ន្ធនឹងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតគ្រាប់ពូជស្រូវសុទ្ធដល់កសិករ ផ្តល់ទីផ្សារនិងតម្លៃសមរម្យដល់កសិករដែលជាក្រុមគោលដៅគម្រោង ដើម្បីឱ្យគម្រោងផលិតកម្មស្រូវប្រកបដោយនិរន្តភាពនេះសម្រេចជោគជ័យនិងឈានទៅសម្រេចទិសនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ៕