​ស្ថាប័ន​ពាក់ព័ន្ធ​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំណីអាហារ ​និង​គោរព​ច្បាប់​ចរាចរណ៍​អំឡុង​បុណ្យអុំទូក​

​ស្ថាប័ន​ពាក់ព័ន្ធ​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំណីអាហារ ​និង​គោរព​ច្បាប់​ចរាចរណ៍​អំឡុង​បុណ្យអុំទូក​

​ក្រសួង​សុខាភិបាល​និង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវគោក​បាន​សង្កេតឃើញថា នៅពេល​មាន​ពិធីបុណ្យ​ធំ​ម្តងៗ​ដែល​ជា​ពេល​ឈប់​សម្រាក​ពី​ការងារ អត្រា​អ្នកបើកបរ​មិន​គោរព​ច្បាប់​មាន​ចំនួន​កើនឡើង ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​។ ទន្ទឹមគ្នានេះ បញ្ហា​ពុល​ចំណីអាហារ​ដោយសារ​បរិភោគ​ចំណីអាហារ​គ្មាន​អនាម័យ ក៏​កើត​មាន​គួរអោយ​ព្រួយបារម្ភ​ដែរ​។ ស្ថាប័ន​ទាំង​ពីរ​រំឭក​ពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ចំណីអាហារ​និង​គោរព​ច្បាប់​ចរាចរណ៍ នា​អំឡុង​ពេល​បុណ្យអុំទូក​ដែល​កំពុង​ឈាន​ចូល​មក​ដល់​។​

​សូម​ស្តាប់​សេចក្តីរាយការណ៍ ដោយ​សែម ពិសី!

​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ឆ្នាំ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី២ ដល់​៤ ខែវិច្ឆិកា​។ ខណៈ​ពិធីបុណ្យ​នេះ​ខិត​ជិត​មក​ដល់​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​អំពាវនាវ​​ទៅ​កាន់​​អ្នក​ប្រើ​ប្រាស់​ផ្លូវ នា​ឱកាស​ពិធី​បុណ្យ​អុំទូក​នេះ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​បុណ្យ​អុំទូក​។​

​ក្នុង​សេចក្ដីជូនដំណឹង​ចុះហត្ថលេខា​ដោយ​លោក លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ស្ថាប័ន​នេះ​បាន​ក្រើនរំឭក​ឱ្យ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ច្បាប់​១០​ចំណុច ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​។​

​ចំណុច​សំខាន់​ទាំង​១០​នោះ​រួមមាន អ្នកបើកបរ​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមាន​ជាយថាហេតុ​នៅលើ​ផ្លូវថ្នល់ ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​បាន​គ្រប់ៗ​គ្នា​ពេល​ធ្វើដំណើរ មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ឬ​ក្នុង​ស្ថានភាព​ងងុយ គោរព​សិទ្ធិ​អាទិភាព​គោរព​សញ្ញា​ចរាចរណ៍​និង​ប្រកាន់​ស្តាំ​ជានិច្ច មិន​ត្រូវ​បត់​ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន​ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់​ទំ​នង់​។​

​សេចក្ដីជូនដំណឹង​ដដែល​ក៏​ជំរុញ​ឱ្យ​ម្ចាស់​យានយន្ត​ទាំងអស់​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រូវ​ត្រួតពិនិត្យ​កង់ ចង្កូត ភ្លើង​បំភ្លឺ កុំ​ផ្ទុក​អ្នកដំណើរ​ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​ឬ​កម្មករ មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ​ឬ​កម្មករ​លើដំបូល និង​កុំ​តម្លើង​ថ្លៃ​ធ្វើដំណើរ​ក្នុង​ឱកាស​នេះ​។

ចំណែក​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែតុលា លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​អនុវត្ត​អនាម័យ​ស្អាត ដើម្បី​សុខភាព​ល្អ​ឱ្យ​ចៀសផុត​ពី​ការពុល​ចំណីអាហារ និង​ជំងឺឆ្លង​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ចំណីអាហារ​គ្មាន​អនាម័យ ឬ​ទឹក​កខ្វក់​ដែល​មាន​មេរោគ​បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី​ផ្សេងៗ​។​

​លោក ម៉ម ប៊ុនហេង ក៏​ក្រើនរំឭក​ពលរដ្ឋ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ច្បាប់​៨​ចំណុច ដើម្បី​ការពារ​ការពុល​ចំណីអាហារ​រួមមាន ប្រើប្រាស់​ទឹក​និង​ម្ហូបអាហារ​ដែល​ស្អាត​និង​ឆ្អិន​ជានិច្ច លាង​សម្អាត​ដៃ​ឱ្យ​ស្អាត មុន​បរិភោគ​អាហារ លាង​សម្អាំត​បន្លែ​ផ្លែឈើ​ឱ្យ​បាន​ស្អាត​មុន​បរិភោគ ត្រូវ​សម្អាត​សម្ភារ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឱ្យបាន​ត្រឹមត្រូវ ចម្អិ​អាហារ​ឱ្យបាន​ឆ្អិន​ល្អ មិន​ត្រូវ​រក្សារ​ទុក​អាហារ​ជាច្រើន​ថ្ងៃ​ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​ណាក៏ដោយ និង​កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​ប្រើប្រាស់​។​

​ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផលប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ បាន​ប្រាប់​វិទ្យុ​ផ្កាឈូក​តាម​ទូរ​សព្ទ​ថា ខណៈ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ ​ប្រារព្ធ​ឡើង គឺជា​ពេលវេលា​ដែល​គ្រួសារ​ខ្មែរ​ជួបជុំគ្នា​និង​អាច​ធ្វើ​ដំណើរ​ទៅ​តំបន់​កម្សាន្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា​។ លោក​ថា ជា​ការកត់សម្គាល់​ក្នុង​ពិធីបុណ្យ​ជាតិ​ម្តងៗ​នោះ គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​និង​របួស​ជាង ៩០% កើតឡើង​មក​ពី​កត្តា​មនុស្ស​បើកបរ​មិន​គោរព​ច្បាប់​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​និង​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​៖ «​ដោយឡែក​រឿង​ចរាចរណ៍ ខាង​ក្រសួង និង​ខាង​ស្ថាប័ន​ទទួល​​​បន្ទុក ត្រូវមាន​វិធានការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​គឺជា​យន្តការ​បន្ថែម​លើ​សេចក្តីប្រកាស​ហ្នឹង​»​។​

​តាម​ការកត់សម្គាល់​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ​និង​យូរអង្វែង ដែល​បាន​កើតឡើង​ភ្លាមៗ​ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​មាន​ការធ្វេសប្រហែស ឬ​ខ្ជីខ្ជារ​មិន​គោរព​ច្បាប់​។ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧​នេះ មាន​អ្នក​ជិះ​ទោចក្រយានយន្ត​ចំនួន​៧៧% ដែល​ភាគច្រើន​ជា​យុវវ័យ បាន​ក្លាយជា​ជន​រង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ហើយ​ក្នុងចំណោម​ជនរងគ្រោះ​ទាំង​នោះ មាន​ចំនួន​៦៦% មិនបាន​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​មាន​គ្រោះថ្នាក់​។​

​ដោយឡែក​ការពុល​ចំណី​អាហារ​ដែល​កើតឡើង​មក​ពី​ការបរិភោគ​អាហារ​គ្មាន​អនាម័យ និង​គ្មាន​សុវត្ថិភាព ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​បរិភោគ​ផងដែរ​។ ប៉ុន្តែ​យ៉ាងណា សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍ និង​សុវត្ថិភាព​ចំណីអាហារ​នៅ​កម្ពុជា នៅតែ​ក្រើនរំឭក​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ឱ្យ​គោរព​ច្បាប់​ចរាច​រណ៍ ព្រមទាំង​ប្រុងប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ​គ្មាន​សុវត្ថិភាព ដើម្បី​កុំឱ្យ​ថ្ងៃ​សប្បាយរីករាយ​ក្លាយជា​ថ្ងៃ​កើតទុក្ខ ព្រោះ​តែ​ការធ្វេសប្រហែស​តែ​មួយ​ពព្រិច​ភ្នែក​។​

​ជាងនេះទៀត សង្គម​ស៊ីវិល​ក៏​ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ត្រៀមកម្លាំង​អាជ្ញាធរ​ចុះ​អប់រំ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​សុវត្ថិភាព​ចំណីអាហារ និង​ពី​ច្បាប់​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​អុំទូក​ទើប​កាន់​មាន​ប្រសិទ្ធភាព​ជាង គ្រាន់​តែ​ចេញ​សេចក្តីជូនដំណឹង​៕

ចែករំលែកតាម៖