«​បង្សុកូល​» ស្នាដៃ​តន្ត្រី​ថ្មី​អប់រំ​ពី​សន្តិភាព​និង​ការផ្សះផ្សារ​ជម្លោះ​តាមរយៈ​សិល្បៈ

«​បង្សុកូល​» ស្នាដៃ​តន្ត្រី​ថ្មី​អប់រំ​ពី​សន្តិភាព​និង​ការផ្សះផ្សារ​ជម្លោះ​តាមរយៈ​សិល្បៈ

សិន្និសីទសារព័ត៌មានស្តីពីកម្មវិធីសម្តែង «បង្សុកូល» កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក

​តន្ត្រី​បង្សុកូល គឺជា​ស្នាដៃ​សិល្បៈ​វប្បធម៌​បែប​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​កម្ពុជា ដែល​អាច​ឈាន​ទៅ​ជួយ​កសាង​គំនិត​ស្រឡាញ់​មនុស្សជាតិ ស្រឡាញ់​ពិភពលោក ប្រឆាំង​សង្គ្រាម ប្រឆាំង​វិនាស​សកម្ម និង​ដើម្បី​ផ្សះផ្សារ​សន្តិភាព​សម្រាប់​កម្ពុជា​និង​ពិភពលោក​ទាំងមូល​។ នេះ​ជា​ការអះអាង​របស់​ក្រុម​ផលិតករ និង​អ្នកនិពន្ធ​ស្នាដៃ​តន្ត្រី​បង្សុកូល​។​

​ក្រុម​ផលិតករ​និង​អ្នកនិពន្ធ​ក៏​រំពឹង​ផងដែរ​ថា ស្នាដៃ​តន្ត្រី​បង្សុកូល​របស់​កម្ពុជា​នឹង​កាន់តែ​នាំ​ពិភពលោក​ឱ្យ​ស្គាល់​កម្ពុជា​ច្បាស់​ថែម​ទៀត​។​

​ស្នាដៃ​តន្ត្រី​បង្សុកូល​នេះ គឺ​ត្រូវបាន​និពន្ធ​បទ​ភ្លេង​ដ៏​ឆ្នើម​ដោយ លោក បណ្ឌិត ហ៊ឹម សុ​ភី និង​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​គឺ​លោក ប៉ាន់ រិទ្ធី  ព្រមទាំង​មាន​ការចូលរួម​ពី​សិល្បករ​កម្ពុជា​និង​បរទេស​ជាច្រើនរូប​ទៀត​។​

នៅក្នុង​សិន្និសីទ​សារព័ត៌មាន​ស្តីពី​កម្ម​វិធី​សម្តែង «​បង្សុកូល​៖​ការ​រំឭក​ដល់​កម្ពុជា​» ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា អ្នកនិពន្ធ​បទ​ភ្លេង​និង​ជា​ផលិតករ​ភាពយន្ត លោក បណ្ឌិត ហ៊ឹម សុ​ភី មានប្រសាសន៍ថា ស្នាដៃ​តន្ត្រី​បង្សុកូល​របស់​កម្ពុជា​ត្រូវបាន​ចាប់ផ្តើម​បង្កើតឡើង​នៅ​ឆ្នាំ​២០០៨​។ លោក​ថា តន្ត្រី​បង្សុកូល​នឹង​មាន​ការចូលរួម​សម្តែង​ពី​សំណាក់​តន្ត្រីករ​កម្ពុជា និង​តន្ត្រីករ​ពិភពលោក​ជិត​៤០​នាក់​។ លើសពីនេះ តន្ត្រី​បង្សុកូល​នឹង​ប្រើ​ឧបករណ៍​បុរាណ​ភ្លេងខ្មែរ និង​ឧករ​ណ៍​ភ្លេងបរទេស​ប្រមាណ​ជិត​៤០ ប្រគុំ​រួមគ្នា ព្រមទាំង​មាន​បញ្ចូល​ឧបករណ៍​ពិណ ពី​សម័យ​អង្គរ​ដែល​បាន​បាត់បង់​ជា​យូរ​មក​ហើយ​ទៀតផង​៖ «​សរុប​តន្ត្រីករ​ទាំងអស់​ជិត​៤០​នាក់ បើ​រាប់​មិន​ខុស​ទេ​ប្រហែល​៣៧​នាក់ ក្នុងនោះ​មាន​តន្ត្រីករ និង​អ្នកចម្រៀង​ខ្មែរ​តែ​៨​នាក់​ទេ ក្រៅពីនេះ​សុទ្ធតែ​អន្តរជាតិ​។ ឧទាហរណ៍​ថា​បើ​យើង​ទៅ​លេង​នៅ​អូស្ត្រាលី គឺ​ក្រុម​តន្ត្រី​ខ្សែ​អូស្ត្រាលី​ហើយ​បូក​នឹង​ពិណ​អន្តរជាតិ និង​អ្នកចម្រៀង​ជា​ពួក​គឺ​របស់​គេ​ទាំង​អស់ ហើយ​ចូល​ជាមួយ​ឧបករណ៍​វង់ភ្លេង​បុរាណ​ខ្មែរ​យើង​។ ឧបករណ៍​បុរាណ​យើង​មាន​ច្រើន អ្នកលេង​៦​នាក់ ប៉ុន្តែ​ឧបករណ៍​ជិត​១០ ហើយ​ក្នុង​ហ្នឹង​ខ្ញុំ​សូម​បញ្ជាក់​ដែរ​គឺ​មាន​ឧបករណ៍​ពិសេស​មួយ ដោយសារ​ស្នាដៃ​បង្សុកូល​បានជា​យើង​ធ្វើ​ឧបករណ៍​ពិណ​ខ្មែរ​សម័យអង្គរ​មក​វិញ គឺ​យើង​បានគិត​ថា យើង​បង្កើត​ស្នាដៃ​ធំ​បង្សុកូល​ហ្នឹង យើង​ត្រូវតែ​រក​អ្វី​ដែល​ថ្មី ជាពិសេស​គឺ​ឧបករណ៍​ភ្លេងបុរាណ​យើង គឺ​យើង​មាន​គំនិត​បង្កើត​ពិណ​ខ្មែរ​ឡើងវិញ គឺ​ខ្ញុំ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឱ្យ​បង្កើត​។ ខ្ញុំ​មិន​បាន​ធ្វើ​ផ្ទាល់​មែន ប៉ុន្តែ​ខ្ញុំ​បាន​ផ្តួចផ្តើម​គំនិត​ឱ្យ​បង្កើត ហើយ​អ្នក​ដែល​ចូលរួម​បង្កើត​ពិណ​ខ្មែរ​ហ្នឹង​គឺ​មាន​ជនជាតិ​បារាំង​លោក ប៉ា​ទ្រី​ក កា​សូ​ឡេ​។ ហើយ​ឧបករណ៍​ភ្លេង​ខ្សែ យើង​មាន​ទ្រ​អ៊ូ ទ្រ​សោរ គ្រឿង​ផ្លុំ​មាន​ប៉ីអរ ប៉ី​ពក មាន​ប៉ីពក​ធំ​ដែល​យើង​បង្កើត​ថ្មី មាន​ស្នែង មាន​ខ្លុយ​ដី គ្រឿង​ដំ​មានដូចជា រនាថ​ភ្លោះ​…»​។​

art-bang-skol-20170718-02

លើសពីនេះ​ទៀត ស្នាដៃ​តន្ត្រី​បង្សុកូល ក៏​ជា​ស្នាដៃ​និពន្ធ​ថ្មី​មួយ​ដោយ​រួម​បញ្ចូល​សាច់​ភ្លេង ចម្រៀង ការ​បញ្ចាំង​កុន​ឯកសារ និង​ចលនា​សម្ដែង​ផងដែរ​។​

​ជាមួយគ្នានេះ អ្នក​ចងក្រង​ឯកសារ​ចម្រៀង​សម្រាប់​តន្ត្រី​បង្សុកូល​របស់​កម្ពុជា លោក ត្រេ​ន្ត វ៉ក​ឃ័រ (Trent Walker) លើកឡើងថា ស្នាដៃ​តន្ត្រី​បង្សុកូល​របស់​កម្ពុជា មាន​លក្ខណៈ​ពិសេស ព្រោះ​អាច​ឱ្យ​សិល្បករ​ពិភពលោក​ចូលរួម​សម្តែង ដែល​នឹង​កាន់តែ​ជំរុញ​ឱ្យ​វិស័យ​សិល្បៈ​កម្ពុជា​កាន់តែ​រស់រ​វើក និង​ញ៉ាំង​ចិត្ត​អ្នក​ជំនាន់​ថ្មី​និង​ពិភពលោក ឱ្យ​យល់​ពី​ប្រវត្តិសាស្ត្រ​នា​សម័យ​ខ្មែរ​ក្រហម​របស់​កម្ពុជា​កាន់តែច្បាស់​៖ «​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​អំពី​ការ​ចងក្រង រៀបរៀង​នូវ​ពាក្យ​ដែល​ជា​ធម៌​ផង ពាក្យ​ដែល​ជា​ធម៌​បទ​សម្រាយ​ជា​ភាសា​ខ្មែរ​ផង យក​មក​ផ្សំគ្នា ដើម្បី​បង្កើត​ជា​សាច់​រឿង​ម្យ៉ាង ដែល​អាច​បង្ហាញ​អំពី​ការឈឺចាប់​យ៉ាង​ក្រៀមក្រំ​ចំពោះ​អ្នក​នៅ​សម័យ​ខ្មែរក្រហម និង​ណាមួយ​ទៀត​ចំពោះ​ការពិចារណា​អំពី​សេចក្តីស្លាប់​របស់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅ​ហើយ និង​ទី​៣​ដើម្បី​ឧទ្ទិស​កុសល ឬ​ឧទ្ទិស​ការ​នឹករលឹក​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទាំងអស់នោះ​»​។​

ស្នាដៃ​តន្ត្រី​បង្សុកូល​គ្រោង​នឹង​ចាប់ផ្តើម​សម្ដែង​លើកទីមួយ​នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ក្នុង​ខែ​តុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង New York និង​រដ្ឋ Boston សហរដ្ឋអាមេរិក ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧ និង​នៅ​ទ្វីប​អឺរ៉ុប​និង​អាស៊ី​ក្នុង​ឆ្នាំ​២០១៨​។ ក្រុម​តន្ត្រី​បែប​ថ្មី​នេះ​នឹង​ត្រឡប់​មក​សម្ដែង​នៅ​រាជធានី​ភ្នំពេញ​វិញ​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ការដួលរលំ​របប​ខ្មែរក្រហម​៕

ចែករំលែកតាម៖