អា​យ៉ៃ ជា​សិល្បៈ​បញ្ជូន​សារ​អប់រំ​ដ៏​ប៉ិនប្រសព្វ

អា​យ៉ៃ ជា​សិល្បៈ​បញ្ជូន​សារ​អប់រំ​ដ៏​ប៉ិនប្រសព្វ

សមាជិក​ក្រុមអាយ៉ៃ​នៃ​​ក្លឹបសិល្បៈ​មរតក​ដូនតា​ខ្មែរ​

អា​យ៉ៃ ត្រូវបាន​គេ​ចាត់ទុកជា ទម្រង់​សិល្បៈ​ទស្សនីយភាព​មួយ ដែល​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ អា​យ៉ៃ ក៏​ជា​ទម្រង់​សិល្បៈ​ដែលមាន​ជំនាញ​មួយ មិន​គ្រាន់តែ​ជា​សិល្បៈ​បែប​កំប្លុកកំប្លែង តែ​ជា​សិល្បៈ​បែប​អ្នក​បញ្ជូន​សារ​អប់រំ​ដ៏​ប៉ិនប្រសព្វ និង​ឈ្លាសវៃ​ថែម​ទៀត​។​

​ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​យុវជន​ភាគច្រើន មិនសូវ​និយម​ចូលចិត្ត​សិល្បៈ​ប្រពៃណី​បុរាណ​មួយ​នេះ​ច្រើនក្តី តែ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ អា​យ៉ៃ​នៅតែ​ទម្រង់​សិល្បៈ​ដែលមាន​ប្រជាប្រិយភាព​យ៉ាង​ធំធេង​នៅក្នុង​សង្គម​យើង ព្រោះ​ជា​ទី​ចូលចិត្ត​ទាំង​ប្រជាជន​នៅ​ទីក្រុង និង​នៅ​ជនបទ នេះ​បើ​តាម​ការលើកឡើង​ពី​អ្នកជំនាញ និង​អ្នកសិក្សា​ផ្នែក​សិល្បៈ​អា​យ៉ៃ​។​​ជា​អ្នកជំនាញ​សិល្បៈ​អា​យ៉ៃ និង​ជា​ស្ថាបនិក​នៃ​ក្លិប​សិល្បៈ​មរតក​ដូនតា​ខ្មែរ​យើង លោក ពេជ្យ សា​រ៉ា​ត លើកឡើង​ពី​ប្រវត្តិ​សិល្បៈ​អា​យ៉ៃ​ដូច្នេះ​ថា​៖ «​អា​យ៉ៃ​មកពី​ពាក្យ​គេ​ហៅ​ឆ្លងឆ្លើយ​គ្នា ហើយ​ការកកើត​នេះ​យើង​អត់​បាន​ចាំ​ច្បាស់​ទេ ក៏​ប៉ុន្តែ​នៅក្នុង​ឯកសារ​មួយចំនួន​បាន​ចែង​ក្នុង​ឆ្នាំ​១៨៧៨ គឺ​មាន​ក្រុម​តា​យ៉ៃ ដែល​គាត់​ធ្វើការ​ប្រឡូក​នៅតាម​តំបន់ មុន​ដំបូង​គេ​ហៅ​ថា​សិល្បៈ​តាម​តំបន់ ហើយ​និង​ចូលមក​ដល់​រាជធានី ធ្វើ​ម៉េច​ឱ្យ​សិល្បៈ​ហ្នឹង​ឱ្យ​បាន​រីក​សុះសាយ​។ កាល​សម័យ​នោះ​ពេញនិយម​មែនទែន អ៊ីចឹង​ទម្រង់​អា​យ៉ៃ​នេះ​គឺ​ច្រៀង ទី​១​ត្រូវមាន​ខាង​ផ្នែក​បុរស និង​ខាង​ផ្នែក​ស្ត្រី នេះ​គេ​ហៅ​ថា​អា​យ៉ៃ​ឆ្លើយឆ្លង​»​។​

​លោក ពេជ្យ សា​រ៉ា​ត ក៏​បញ្ជាក់​ថា គេ​ឃើញ​សិល្បៈ​នេះ​ចែក​ជា​ពីរ​ប្រភេទ​គឺ​៖ ១.​អា​យ៉ៃ​ឆ្លងឆ្លើយ(​ភាគច្រើន​ស្រី​ម្ខាង ប្រុស​ម្ខាង ច្រៀង​ឆ្លងឆ្លើយ​)​ជា​កំណាព្យកាព្យឃ្លោង​ដោយ​ឥត​ព្រាងទុក​។ និង​ទី​២.​អា​យ៉ៃ​រឿង គឺ​ទម្រង់​អា​យ៉ៃ ដដែល​ប៉ុន្តែ​សម្តែង​រឿង ផ្សេងៗ ភាគច្រើន​ជា​រឿង​កំប្លុកកំប្លែង ដែល​យើង​អាច​ប្រើ​ពាក្យ​សម្គាល់​បណ្តោះអាសន្ន​នៅ​តាម​លក្ខណៈ​ពិសេស​ក្នុង​ការសម្តែង​នេះ​ថា អា​យ៉ៃ​រឿង គឺជា​ប្រភេទ«​ល្ខោន​ធ្វើ​ពើ​»​ជាដើម​។​

​សិល្បៈ​អា​យ៉ៃ អ្នក​សម្តែង​អាច​ច្រៀង​បាន​ច្រើន​របៀប ក្នុងពេល​សម្តែង​ម្តងៗ​ទៅ​តាម​ដំណាក់កាល​នៃ​សកម្មភាព​សម្តែង​នី​មួយៗ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម ពី​លោក ពេជ្រ សា​រ៉ា​ត​៖ «​ដូច​បទ នមស្សកា​រ បើ​នៅ​ក្នុង​សៀវភៅ​គេ​ហៅថា ស្រ​កា ស្រ​គំ គឺ​បទ នមស្សកា​រ​។ បទ នមស្សការ​ហ្នឹង​គឺ​ដូច​យើង​បាន​ច្រៀង​អ៊ីចឹង ក្បាល​ដំបូង គេ​ហៅ​ថា​បទ នមស្សកា​រ​។ ទី​២ គេ​ហៅ​តាម​បទ បំពេ​ខ្លាយ បន្ទាប់​ពី​បទ នមស្សកា​រ គឺ​ចូល​បទ បំពេ​ខ្លាយ​។ បន្ទាប់​ពី​បទ បំពេ​ខ្លាយ​ហ្នឹង​ហើយ​ចូល​ដល់​បទ កេនចៅ​។ កេនចៅ​ហ្នឹង​គឺ​ហៅ​ស្រី​ហ្នឹង កេនចៅ​គឺ​ស្រីគាត់​ឡើងមក​តវ៉ា​(​ច្រៀង​)​។ ដល់​ពេល​ស្រី​សួរ​ទៅ​បាន​មាន​បទ ដូ​ឡា​។ បទ ដូ​ឡា ហ្នឹង​គឺ​រៀបរាប់​ដោះស្រាយ​នៅ​ពេល​ស្ត្រី​ហ្នឹង​គាត់​សួរ​សំណួរ ដូច​ថា ឈឺ​កោង វល្លិ៍​ព័ទ្ធ មនុស្ស​ខ្ចាត់ព្រាត់ កុំ​យក​ខ្លួន​បៀត ឬក៏ ចេះ​មកពី​រៀន មាន​មកពី​រក​។ ដល់​ខាង​បុរស​គេ​ឆ្លើយ​ផាច់ ដល់​ពេល​ស្ត្រី​សួរ​ហើយ ខាង​បុរស​គេ​ឆ្លើយ​។ នៅ​ក្នុង​មួយ​ទម្រង់​អា​យ៉ៃ​ហ្នឹង​យើង​មាន ទី​១ ផ្នែក​ស្ត្រី និង​ផ្នែក​បុរស និង​មាន​វង់ភ្លេង​»​។​

​ឯ​ឧបករណ៍​ដើម្បី​សម្តែង​សិល្បៈ អា​យ៉ៃ​វិញ ភាគច្រើន​គេ​ឃើញ​មាន​ឧបករណ៍ ទ្រ តា​ឃេ ឃឹម ស្គរ​ដៃ ខ្លុយ និង ឆុ​បឆឿង​ជាដើម​។

ayai-talented-text-message-artist-20170729-02
សមាជិកនៃក្លឹបសិល្បៈមរតកដូនតាខ្មែរយើង កំពុង​ហ្វឹកហាត់អំពី​សិល្បៈអាយ៉ៃ

​មកដល់​ត្រង់​ចំនុច​នេះ អ្នកជំនាញ​ខាង​សិល្បៈ​អា​យ៉ៃ​រូបនេះ​យល់ថា  សិល្បៈ​អា​យ៉ៃ​មាន​លក្ខណៈ​ពិសេស​ជាច្រើន ព្រោះ​អា​យ៉ៃ​គឺជា​ទម្រង់​សិល្បៈ​មួយបែប  មិន​គ្រាន់តែ​ជា​សិល្បៈ​បែប​កំប្លុកកំប្លែង តែ​ជា​សិល្បៈ​បែប​អ្នក​បញ្ជូន​សារ​អប់រំ ទាំង​ន័យធៀប​ទាំង​ន័យត្រង់​ដ៏​ប៉ិនប្រសព្វ និង​ឈ្លាសវៃ​ថែម​ទៀត​៖ «​អា​យ៉ៃ បើ​យើង​គិត​ឱ្យដល់ ជា​សិល្បៈ​មួយ​បញ្ជូន​សារ​អប់រំ បញ្ជូន​សារ​ដោយ​ប្រសិទ្ធភាព បង្គប់​នូវ​ភាព​ក្រមិចក្រមើម ធ្វើយ៉ាងណា​បញ្ជូន​សារ​បណ្តើរ ទាក់ទាញ​មនុស្ស​ឱ្យ​ចាប់អារម្មណ៍​ឈឺ​ចិត្ត នៅពេល​ដែល​ច្រៀងៗ គេ​រាំ គេ​លេងសើច​នៅលើ​ឆាក ហើយ​តែ​ពីរ​នាក់​ហ្នឹង ធ្វើ​ម៉េច​គេ​ហៅថា​ផ្តោះផ្តង​គ្នា​ទៅមកៗ ហើយ​យើង​គិត​មើលថា តែ​ពីរ​នាក់​សោះ​ធ្វើឱ្យ​មហាជន គាត់​មើល ហើយ​បញ្ជូន​សារ​។ ឧទាហរណ៍​ថា​សារ​ហ្នឹង “​ទូក​ទៅ កំពង់​នៅ ប្រុស​ថ្លៃ​មានន័យ​យ៉ាងណា បំណាច់​បាន​ជួប​និង​ជីវ៉ា ថ្ងៃនេះ​ស្រី​សុំ​សួរ​ម្តង​” ស្រី​គេ​សួរ ដល់​ពេល​ហើយ​ខាង​ប្រុស​គេ​ឆ្លើយ “​ទូក​ទៅ​កំពង់​នៅ​” ហើយ​សារ​ហ្នឹង​គេ​បកស្រាយ​ផ្លូវ​ធៀប និង​ផ្លូវត្រង់​»​។​

​មិនតែប៉ុណ្ណោះ អា​យ៉ៃ​ក៏​ជា​ទម្រង់​សិល្បៈ​ឆ្លងឆ្លើយ ឬ​ជា​ប្រភេទ​សិល្បៈ​ដេញ​ប្រាជ្ញា​គ្នា​ដោយ​ច្រៀង​ចោទ និង​ឆ្លើយ​ដោះស្រាយ​សំណួរ ឬ​ប្រស្នា​នា​ដោយ​សំនួនវោហារ ជា​កំណាព្យកាព្យឃ្លោង​ឥត​ព្រាងទុក ដែល​ភាគច្រើន​មាន​លក្ខណៈ​បញ្ឆិតបញ្ឆៀង​បង្កើតឲ្យមាន​ន័យ​ពីរ​ផ្ទុយគ្នា ឬ​កំប្លុកកំប្លែង​ថែមទៀត​ផង ដែល​ទាម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​សិក្សា​ស្វែងយល់ និង​ថែរក្សា​កេរ​សិល្បៈ​ប្រភេទ​នេះ​។ នេះ​បើ​តាម​ការលើកឡើង​ពី​យុវជន​មួយចំនួន​ដែល​បាន​សិក្សា​ជំនាញ​សិល្បៈ​អា​យ៉ៃ នៅ​ក្លឹប​សិល្បៈ​មរតក​ដូនតា​ខ្មែរ​យើង​៖ «​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​ជា​សិល្បៈ​បុរាណ ហើយ​មាន​នូវ​ការអប់រំ​ក្នុង​ហ្នឹង ហើយ​មាន​ការ​កំប្លែង​សើច​សប្បាយ​…​។ ចំពោះ​សិល្បៈ​អា​យ៉ៃ​ផ្សារភ្ជាប់​ដូចជា យើង​ជួយ​បណ្តុះ​នូវ​ចំណេះដឹង យើង​ជា​អ្នក​(​ចម្រៀង​)​អា​យ៉ៃ​អ៊ីចឹង ត្រូវតែ​និយាយ​ជា​ពាក្យ​អប់រំ​ទៅ​ឱ្យ​អ្នកមើល អ្នក​ស្តាប់ ដើម្បីឱ្យ​គេ​យល់​ដឹង​ពី​ការអប់រំ​វា​មាន​បែបបទ​យ៉ាងម៉េច​…​។ ចំណុច​ហ្នឹង​ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវជន​ខ្មែរ ក៏ដូចជា​សិល្បៈ​មួយចំនួន គាត់​មាន​សំឡេង​ស្រាប់​ហើយ ជួយ​ថែ​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​…​។ បាទ ចង់ឱ្យ​យុវជន​ទាំងអស់​យល់ដឹង​ពី​សិល្បៈ​អា​យ៉ៃ របាំ​បុរាណ កុំ​រវល់​តែ​ពី​សម័យ​របស់​គេ​ពេក បាត់បង់​របស់​ខ្មែរ​ពី​បុរាណ​អស់ហើយ​»​។​

បច្ចុប្បន្ន​យុវជន​ខ្មែរ​ពុំ​សូវ​មាន​ចំណាប់អារម្មណ៍​លើ​ជំនាញ​អា​យ៉ៃ​នេះ​ប៉ុន្មាន​ឡើយ ដោយ​មូលហេតុ​ពួកគេ​យល់ថា ជំនាញ​អា​យ៉ៃ​នេះ​គឺជា​ជំនាញ​របស់​មនុស្ស​ចាស់ ហើយ​មាន​លក្ខណៈ​លំបាក​រៀនសូត្រ ត្រូវការ​ពេលវេលា​សិក្សា​យូរ និង​មិន​សូវ​ធ្វើឲ្យ​ពួកគេ​មានភាព​ល្បី​ខ្លាំង​នៅ​លើ​វិថី​សិល្បៈ​នោះឡើយ​។​

ហេតុនេះ​ទាំង​អ្នកជំនាញ និង​អ្នកសិក្សា ផ្នែក​សិល្បៈ​អា​យ៉ៃ នៅតែ​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​នាំ​គ្នា​សិក្សា​ស្វែងយល់​ពី​ជំនាញ​អា​យ៉ៃ ព្រមទាំង​រួមគ្នា​ផ្សព្វផ្សាយ ដើម្បី​រក្សា​កេរតំណែល​សិល្បៈ​ដ៏​មានតម្លៃ និង​អស្ចារ្យ​របស់​កម្ពុជា​កុំឱ្យ​បាត់បង់​៕

ចែករំលែកតាម៖