​ការបញ្ជ្រាប​ការយល់ដឹង​ពី​ជំងឺ​មហារីក​សុដន់​

​ការបញ្ជ្រាប​ការយល់ដឹង​ពី​ជំងឺ​មហារីក​សុដន់​

ស្ត្រី​ត្រូវ​បាន​ជា​សះស្បើយ​ពី​ជំងឺ​មហារីក​សុដន់ ឡើង​ចែក​រំលែក​បទ​ពិសោធន៍​ដល់​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍ Fit For Hope

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ឆ្នាំ​២០១៤ បង្ហាញថា ស្ត្រី​កម្ពុជាប្រមាណ​៥៦៦​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សុដន់​។ លោក​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្ដីសង្ឃឹម លើកឡើងថា កត្តា​ដែល​បណ្ដាល​ឱ្យ​ស្ត្រី​មក​មន្ទីរពេទ្យ​យឺត​ពេល ដោយសារ​តែ​ភាព​អៀនខ្មាស និង​ចំណេះដឹង​ទៅលើ​បញ្ហា​ជំងឺមហារីក​សុដន់​នៅមានកម្រិត​។ កត្តា​មួយចំនួន​នោះ​បាន​ធ្វើឱ្យ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្ដីសង្ឃឹម​សហកា​រណ៍​ជា​ក្រុមហ៊ុន​ឯកជន ស្ត្រី​ដែល​មាន​ជំងឺមហារីក​សុដន់ ជនបរទេស និង​ជា​ពិសេស​ប្រជាជន​ខ្មែរ​ទូទៅ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ពី​បញ្ហា​ជំងឺមហារីក​សុដន់​។​

​សេចក្ដីរាយការណ៍​ដោយ រាជ ចំប៉ា​រ័ត្ន

​​ស្ត្រី​១៧៤​នាក់​បាន​ចូលរួម​ពិនិត្យ​រក​ជំងឺមហារីក​សុដន់ ដោយ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្ដីសង្ឃឹម កាលពី​ពាក់កណ្ដាល​ខែ​តុលា​នៅ​ក្នុង​ព្រឹត្តិការណ៍ Fit For Hope​។ ស្ត្រី​៤​នាក់​ដែល​បាន​ចូលរួម​ត្រូវបាន​គ្រូពេទ្យ​ឯកទេស​ពិនិត្យឃើញថា​មាន​ដុំ​មហារីក​នៅ​សុដន់​របស់គាត់​។​

​នៅក្នុង​ព្រឹត្តិការណ៍​ដែល​ពោរពេញ​ទៅ​ដោយ​បូរ ​និង​អាវយឺត​ពណ៌​ផ្កាឈូក តំណាងឱ្យ​ការលើកកម្ពស់​ការយល់​ដឹង និង​បង្ការ​ជំងឺមហារីក​សុដន់​នេះ លោក​វេជ្ជបណ្ឌិត ព្រាប ឡី ប្រធាន​ផ្នែក​វះកាត់​នៃ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្ដី​សង្ឃឹម​មាន​ប្រ​សាសន៍ថា ស្ត្រី​ខ្មែរ​ភាគច្រើន​នៅ​មាន​ការ​ខ្មាសអៀន និង​មាន​ចំណេះដឹង​តិចតួច​ពី​ជំងឺមហារីក​សុដន់​។ លោក​បន្តថា កត្តា​នេះ​បាន​ធ្វើឱ្យ​ស្ត្រី​មួយចំនួន​មក​មន្ទីរពេទ្យ​យឺត​ពេល ហើយ​មិន​អាច​ព្យាបាល​ជំងឺ​នេះ​ជា​។​

​វេជ្ជបណ្ឌិត​ជំនាញ​រូប​នេះ​មាន​ប្រសាសន៍​ទៀតថា ការព្យាបាល​ជំងឺ​មហារីក​សុដន់​មិនមែន​ជា​ការលំបាក​នោះទេ តែ​អ្វី​ដែល​ជា​ការលំបាក​សម្រាប់​ពេទ្យ​ពិតប្រាកដ​មែន​នោះ គឺ​ថវិកា​សម្រាប់​ផ្ដល់​ការព្យាបាល និង​ផ្សព្វផ្សាយ​អំពី​ជំងឺ​នេះ​៖ «​ជាទូទៅ​បច្ចេកទេស​នៃ​ការព្យាបាល​វា​មិន​ពិបាក​ទេ ប៉ុន្តែ​វា​ពិបាក​ការព្យាបាល​យើង​ត្រូវការ​ពេលវេលា យើង​ត្រូវការ​ថវិកា​ច្រើន​។ ជា​មូលហេតុ​មួយ​ដែល​យើង​ត្រូវការ​ថវិកា​មក​ដើម្បី​បន្ត​និរន្ដរភាព​នៃ​ការព្យាបាល​មហារីក​សុដន់ ការតាមដាន​មហារីក​សុដន់​និង​ការបង្ហាត់​បង្រៀន​ស្ត្រី​គ្រប់​រូប​ឱ្យ​យល់ដឹង​ពី​មហារីក​សុដន់​។ ពីព្រោះថា​ការ​ដែល​យើង​អាច​ការពារ​មហារីក​សុដន់​ឬក៏​យើង​អាច​រកឃើញ​តាំងពី​ដំណាក់កាល​ដំបូង​គឺ​យើង​អាច​ព្យាបាល​ជា​។ តែ​បើសិនជា​គាត់​មិន​យល់ដឹង ហើយ​ទុកឱ្យ​ជំងឺ​នឹង​ហួសពេល​ទៅ​ដល់​ដំណាក់កាល​ទី​៣ ទី​៤​ទៅ ការព្យាបាល​របស់​យើង​ពិបាក​ជា ប្រើ​រយៈពេល​យូរ​អស់​លុយ​ច្រើន​»​។​

​ព្រឹត្តិការណ៍ Fit For Hope ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង AIA ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង និង​បង្ការ​ជំងឺមហារីក​សុដន់ ដោយ​ឱ្យ​ស្ត្រី​បាន​ពិនិត្យ​សុដន់​ដោយ​មិន​គិតថ្លៃ រាំ zumba និង​ហាត់ yoga ដើម្បី​សុខភាព​។ ជាពិសេស កម្មវិធី​នេះ​មាន​គោលបំណង​ស្វែងរក​ថវិកា ដើម្បី​គាំទ្រ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្ដីសង្ឃឹម ដែល​ជា​មន្ទីរពេទ្យ​មាន​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺមហារីក​សុដន់​ដោយ​មិន​គិតថ្លៃ​ជាង​១០​ឆ្នាំ​មកហើយ​។​

លោក Richard Bates នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង AIA មានប្រសាសន៍ថា ការយល់ដឹង​របស់​ប្រជាជន​ខ្មែរ​ទៅលើ​បញ្ហា​ជំងឺមហារីក​សុដន់​នៅមានកម្រិត និង​ដោយ​មើលឃើញ​សក្ដានុពល​នៃ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្ដីសង្ឃឹម ទើប​លោក​សម្រេច​ចិត្ត​បង្កើត​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ​៖ «​ការងារ​របស់​មន្ទីរ​ពេទ្យ​ព្រះសីហនុ គឺជា​ការងារ​ដ៏​អស្ចារ្យ​មួយ​ដែល​គាត់​បាន​ជួយ​ប្រជាពលរដ្ឋ​ក្រុមគ្រួសារ​ប្រទេស​កម្ពុជា​បាន​ជាច្រើន​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​គឺ​ការងារ​របស់​យើង​ចាំ​ជួយ​ទំនុកបម្រុង​ប្រជាពលរដ្ឋ​នៅពេល​ដែល​គាត់​ត្រូវការ​មាន​តម្រូវការ​ហិរញ្ញវត្ថុ​។ យើង​មាន​កិត្តិយស​យ៉ាងខ្លាំង​ដែល​បាន​ធ្វើ​កម្មវិធី​នេះ​ឡើង ហើយ​បាន​ផ្ដល់​ជា​ការពិនិត្យ​កម្មវិធី​ជំងឺមហារីក​សុដន់​ជូន​ប្រជាពលរដ្ឋ​យើង​ជា​ច្រើន​នៅក្នុង​ថ្ងៃ​នេះ​តែម្ដង​»​។​

លំហាត់​យ៉ូហ្គាក្នុងព្រឹត្តិការណ៍ Fit For Hope កាលពី​ពេល​កន្លងមក​
លំហាត់​យ៉ូហ្គាក្នុងព្រឹត្តិការណ៍ Fit For Hope កាលពី​ពេល​កន្លងមក​

​ស្ត្រី​ដែល​ធ្លាប់​មាន​ជំងឺ​មហារីក​សុដន់ និង​បាន​ឆ្លងកាត់​ការព្យាបាល​ជាសះស្បើយ​ចំនួន​៥​រូប បាន​ចូលរួម​ចែករំលែក​បទ​ពិ​សោធន៍​របស់​ខ្លួន​ទៅ​កាន់​សាធារណជន​។​

​អ្នកស្រី ហូ សុភាព អ្នក​ជាសះស្បើយ​ពី​ជំងឺមហារីក​សុដន់​សម្ដែង​ចំណាប់​អារម្មណ៍​ថា នេះ​គឺជា​លើក​ទី​១ ដែល​អ្នកស្រី​បាន​ចូលរួម​ក្នុង​កម្មវិធី​បែបនេះ ដើម្បី​ធ្វើ​ចែករំលែក​ពី​រឿងរ៉ាវ​ដែល​អ្នកស្រី​បាន​ឆ្លងកាត់​។ អ្នកស្រី​ក៏​បាន​សំណូមពរ​ឱ្យ​ស្ត្រី​ទាំងអស់​យកចិត្តទុកដាក់​លើ​បញ្ហា​ជំងឺមហារីក​សុដន់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​៖ «​ចង់ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ហ្នឹង​ឱ្យ​គាត់​ដូច​ថា​កើត​ដុំ​ហ្នឹងហើយ ឱ្យ​គាត់​ប្រញាប់ប្រញាល់​មក​ពេទ្យ​មក​ទាន់​ដែលថា​លោកគ្រូ​ពេទ្យ​អ្នក​គ្រូពេទ្យ​គាត់​អាច​ជួយ​បាន​។ បើ​ទុកឱ្យ​ហួសពេល​ក៏​គាត់​អត់​អាច​ជួយ​យើង​បានដែរ​មែន​អត់​? ដល់​ពេល​ចឹង​ទៅ ខ្ញុំ​ចេះ​សំណូមពរ​ឱ្យ​គាត់​មក ទោះបី​ខ្ញុំ​ដើរទៅ​ជិត​ទៅ​ឆ្ងាយ​ក៏​ខ្ញុំ​អាច​ប្រាប់​បងប្អូន​តាម​ភូមិ​តាម​ឃុំ​។ សូម្បី​ខិតប័ណ្ណ​ស្ត្រី​យើង​ដែល​មាន​រូប​ដោះ​អី​នឹង​ក៏​ខ្ញុំ​ដើរ​ចែក​»​។​

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ឆ្នាំ​២០១៤ បង្ហាញថា ស្ត្រី​កម្ពុជាប្រមាណ​៥៦៦​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សុដន់​។​

​តារាចម្រៀង និង​ជា​អ្នកចូលរួម​បរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្ដី​សង្ឃឹម អ្នកនាង ពេជ្រ សោភា លើកឡើងថា រាល់ពេល​ដែល​មាន​កម្ម​វិធី​សប្បុរសធម៌ អ្នកស្រី​តែងតែ​ពេញចិត្ត​ក្នុង​ការចូលរួម​។ អ្នកស្រី​បន្ត​ថា បងប្អូន​មិត្ត​យុវវ័យ​ដែល​ជា​នារី​ក៏​ដូច​ជា​ស្ត្រី​ដែល​មាន​កូន​ហើយ គួរ​ការពារ​ខ្លួន​ឱ្យបាន​ល្អ ដើម្បី​ចៀសវាង​ពី​ការ​កើត​ជំងឺមហារីក​៖ «​ពាក្យ​ថា​ជំងឺមហារីក​មួយ គឺ​មិន​ស្លូត​ទេ​អូន​មីង​ពូ គឺ​វា​អាច​នឹង​វាយប្រហារ​យើង​បាន​គ្រប់ពេល​។ ជាពិសេស​បើសិនជា​យើង​អ្នក​អន់​ខ្សោយ ឧទាហរណ៍​ថា​យើង​មិនមែន​ជា​អ្នក​ដែល​មាន​លុយ​ច្រើន គឺ​ជំងឺ​ហ្នឹង​ធ្វើបាប​យើង​លឿន​មែនទែន​។ ចឹង​ត្រូវ​ការ​ពារ​ឱ្យបាន​ល្អ​បំផុត ពីព្រោះ​ថា​សមាជិក​គ្រួសារ​ម្នាក់ៗ​មិន​ចង់ឱ្យ​បាត់បង់​អ្នកណា​ម្នាក់​ទេ គឺជា​ភាព​សោកស្ដាយ​មួយ​។ ចឹង​ត្រូវថែ​ខ្លួន​ឱ្យ​ល្អ ការពារ​ខ្លួន​ឱ្យ​ល្អ​»​។​

​ក្រុម​អ្នក​រៀបចំ​កម្មវិធី​បានឱ្យដឹងថា ព្រឹត្តិការណ៍ Fit For Hope រក​បាន​ថវិកា​សរុប​ចំនួន​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​អាច​ប្រើប្រាស់​សម្រាប់​ការអប់រំ​នៅ​តាម​សហគម​ន៍​បាន​ជាង​២​ឆ្នាំ ឬ​ការ​ពិនិត្យ​វិនិច្ឆ័យ​ដោយ​កាំរស្មី X ឬ​អេកូ​ដល់​ស្ត្រី​ចំនួន​១០០០​នាក់​។​

​លោក Richard Bates នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង AIA អះអាងថា លោក​នឹង​បន្ត​ធ្វើ​ការសហការ​ជាមួយ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្ដីសង្ឃឹម ដើម្បី​ធ្វើ​ការកាត់បន្ថយ​ការកើនឡើង​នៃ​ជំងឺមហារីក​សុដន់ និង​បញ្ជ្រាប​ការ​យល់​ដឹង​ពី​បញ្ហា​ជំងឺ​មហារីក​សុដន់​នៅក្នុង​ប្រទេស​កម្ពុជា​៕

ចែករំលែកតាម៖