ស្មូត្រ​ជា​សិល្បៈ​មួយបែប​ធ្វើឱ្យ​អ្នក​ស្ដាប់​លន្លង់លន្លោច តែ​បង្កប់​អត្ថន័យ​ជ្រៅ

ស្មូត្រ​ជា​សិល្បៈ​មួយបែប​ធ្វើឱ្យ​អ្នក​ស្ដាប់​លន្លង់លន្លោច តែ​បង្កប់​អត្ថន័យ​ជ្រៅ

កញ្ញា ភឿន ស្រីពៅ គឺជាអ្នកស្មូតនៅក្នុងកម្មវិធីព្រះពុទ្ធសាសនា

​នេះ​ជា​បទ​ទំនួញ​នាង​មេ​ទ្រី ដែល​ស្មូត្រ​យ៉ាង​ពីរោះ​ក្រអួន​ក្រអៅ​ចេញពី​ក្រអូមមាត់​របស់​កញ្ញា​ដ៏​ស្រស់​សោភា​មួយរូប ដែល​ចូលចិត្ត​សិល្បៈ​ស្មូត្រ​។ បើ​អ្នក​បាន​ស្ដាប់​សំនៀង​ស្មូត្រ​ផ្ទាល់ អ្នក​ប្រាកដជា​ស្លុង​អារម្មណ៍​ចង់​ស្ដាប់​បន្ដ​រហូត​ដល់​ចប់​។​

​ថ្ពាល់​ខួច បង្កប់​ស្នាមញញឹម​រួសរាយ ស័ក្ដិសម​ជា​នារី​ខ្មែរ​យ៉ាង​សម​សួន កញ្ញា ភឿន ស្រី​ពៅ វ័យ​២៧​ឆ្នាំ បានបង្ហាញ​ទេពកោសល្យ​សិល្បៈ​បុរាណ​ខ្មែរ​តាមរយៈ​ការ​ស្មូត្រ​យ៉ាង​ពីរោះ​ជា​ប់ចិត្ដ​។​

កញ្ញា ភឿន ស្រី​ពៅ គឺជា​អ្នក​ស្មូត្រ​នៅក្នុង​កម្មវិធី​ព្រះពុទ្ធសាសនា ដែល​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​នានា​។ ដោយសារ​ទេពកោសល្យ​ពី​កំណើត​រួមផ្សំ​ជាមួយ​និង​ការសិក្សា​រៀនសូត្រ​ផង​នោះ បាន​ធ្វើ​ឱ្យ​ស្រី​ពៅ​អាច​ស្មូត្រ​បាន​យ៉ាង​ល្អ​ឯក និង​មាន​សំឡេង​យ៉ាង​ពីរោះ​។​

​កញ្ញា ភឿន ស្រី​ពៅ ជា​កូន​ទី​៤​ក្នុងចំណោម​បងប្អូន​៥​នាក់ ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ កញ្ញា​ក៏បាន​រំឭក​ពី​ខ្សែជីវិត​អតីត​កាលពី​ការ​សិក្សា​ជំនាញ​ស្មូត្រ​ថា កញ្ញា​ចាប់ផ្ដើម​រៀន​កំណាព្យ​ស្មូត្រ​នៅក្នុង​អង្គការ​ខ្មែរ​អមតៈ ដែល​បាន​មក​បើក​ថ្នាក់​បង្រៀន​ស្មូត្រ​តាំងពី​ឆ្នាំ​២០០៤​មក​៖ «​ការចាប់ផ្តើម​ការសិក្សា​ទម្រង់​សិល្បៈ​នេះ ដោយសារ​តែ​ឱកាស គឺ​ដោយសារ​មាន​ខាង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​គេ​មាន​គម្រោង​មួយ​គឺ​អភិរក្ស​ទៅលើ​សិល្បៈ​បុរាណ​ដែល​ជិត​បាត់បង់ នៅក្នុង​នោះ​មាន​ទម្រង់​សិល្បៈ​ស្មូត្រ​ផងដែរ ដែល​ភាគច្រើន​អត់​សូវ​មាន​អ្នក​ស្មូត្រ​ផ្ទាល់​ទេ គេ​ច្រើន​ប្រើ​កាសែត​។ អ៊ីចឹង​ខាង​អង្គការ​សិល្បៈ​អមតៈ​បើក​ថ្នាក់​បង្រៀន​ស្មូត្រ​នៅ​ជិត​ភូមិ​របស់​នាង​ខ្ញុំ ទើប​នាង​ខ្ញុំ​មាន​ឱកាស​ចូល​រៀន ហើយ​ចាប់ផ្តើម​យល់ថា ស្មូត្រ​នឹង​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​អប់រំ​ចិត្ត សម្រាប់​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​ព្រះ​ពុទ្ធ​សាស​នា​។ អ៊ីចឹង​ឱកាស​នោះ​ហើយ​ដែល​ធ្វើ​នាង​ខ្ញុំ​បាន​សិក្សា​រៀនសូត្រ រហូត​ចេះ​ដើម្បី​ជា​ប្រយោជន៍​ពុទ្ធបរិស័ទ រហូតដល់​ពេល​បច្ចុប្បន្ន​នេះ​»​។​

​ក្រៅពី​ចំណេះដឹង​ខាង​សិល្បៈ​ស្មូត្រ កញ្ញា ស្រី​ពៅ ក៏​ជា​និស្សិត​បញ្ចប់​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ​កម្ពុជា និង​ជា​សិស្ស​ភាសា​អង់គ្លេស​នៅ​សាលា ACE ទៀតផង​។ កញ្ញា ស្រី​ពៅ បានឱ្យ​ដឹង​ដែរ​ថា ស្មូត្រ​គឺជា​ប្រភេទ​កំណាព្យ​មួយបែប​ដ៏​ពិបាក ពី​ព្រោះ​អ្នក​ស្មូត្រ​ត្រូវ​រៀន​ពាក្យ​បាលី និង​ការលើកដាក់​សំឡេង​ជាដើម​។ ថែម​ពី​នេះ អ្វី​ដែល​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ សំឡេង​។​

​កញ្ញា ស្រី​ពៅ​បន្តថា បច្ចុប្បន្ន​យុវជន​ខ្មែរ​ពុំ​សូវ​មាន​ចំណាប់អារម្មណ៍​លើ​ជំនាញ​នេះ​ប៉ុន្មាន​ឡើយ ដោយ​មូលហេតុ​ពួកគេ​យល់ថា ជំនាញ​ស្មូត្រ​នេះ​គឺជា​ជំនាញ​របស់​មនុស្ស​ចាស់ ហើយ​មាន​លក្ខណៈ​លំបាក​រៀនសូត្រ ត្រូវការ​ពេលវេលា​សិក្សា​យូរ និង​មិន​សូវ​ធ្វើឱ្យ​ពួកគេ​មាន​ភាព​ល្បី​ខ្លាំង​នៅ​លើ​វិថី​សិល្បៈ​ឡើយ​។​

​ទោះយ៉ាងណា អ្នកជំនាញ​ខាង​ស្មូត្រ​រូបនេះ​អះអាងថា កម្ពុជា​ពិតជា​ត្រូវការ​អ្នកជំនាញ​ស្មូត្រ ពី​ព្រោះ​ការ​ស្មូត្រ​ជា​ជំនាញ​មួយ​ដែល​អាច​ធ្វើឱ្យ​អ្នក​ស្ដាប់​លន្លង់លន្លោច តែ​បង្កប់​អត្ថន័យ​អប់រំ​ផ្លូវចិត្ត​ដ៏​ជ្រាលជ្រៅ ដែល​ទាមទារ​ឱ្យ​ពលរដ្ឋ ពិសេស​យុវជន​ខ្មែរ​ត្រូវតែ​សិក្សា​រៀនសូត្រ ចំពោះ​សិល្បៈ​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នេះ​៖ «​តាមពិត​ទម្រង់​សិល្បៈ​ស្មូត្រ​នេះ គឺ​មិនមែន​សម្រាប់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ទេ គឺ​សម្រាប់​អ្នក​ដែល​នៅ​មាន​ជីវិត ឱ្យ​គាត់​បាន​ស្តាប់​ហើយ​ពិចារណា​នៅក្នុង​សាច់​ធម៌ ព្រោះ​បទ​បទ​ស្មូត្រនិមួយៗ​មាន​បង្កត់នូវ​អត្ថន័យអ​ប់រំចិត្ត ប៉ុន្តែ​បុព្វបុរស​ខ្មែរ​យើង ចាស់​បុរាណ​របស់​យើង គាត់​យល់​ថា​ការ​និយាយប្រាប់​ផ្ទាល់មាត់ គឺ​មានន័យថា ការយកចិត្តទុកដាក់​តិចជាង បើ​យើង​យក​អត្ថន័យ​ហ្នឹង​មកជា​សូត្រ ឬ​ការស្មូត្រ មនុស្ស​ស្តាប់ទៅ​គឺ​ចូល​ច្រើនជាង ដូច​យើង​និយាយថា អស់ឱ​គួរ​សង្វេក អាសូរ​ពេក​រូបរាងកាយ ប្រុស​ស្រី​ផង​ទាំងឡាយ តែង​បែកធ្លាយ​ជាធម្មតា នេះ​ជា​កំណាព្យ តែ​នេះ​ក៏​ជា​បទ​ស្មូត្រ នៅពេលដែល​យើង​ស្មូ​ត្រទៅ សំឡេង​សង្វេក​ហ្នឹង​ធ្វើឱ្យ​មនុស្ស​មាន​ការពិចារណា​។ អ៊ីចឹង​អត់​មាន​ឱ្យ​យើង​ខ្លាច​ទេ បើ​យើង​យល់​ច្បាស់​គឺ​យើង​គិតថា វា​ជា​ប្រយោជន៍​មួយ​ក្នុង​ការអប់រំ​ចិត្ត​របស់​យើង​»​។​

​ដោយ​មើលឃើញ​ពី​គុណសម្បត្តិ និង​អត្ថន័យ​អប់រំ​ផ្លូវចិត្ត​ដ៏​ជ្រាលជ្រៅ​របស់​សិល្បៈ​ស្មូត្រ ខណៈ​យុវជន​កម្ពុជា មិនសូវ​ចាប់​អារម្មណ៍​សិក្សា​លើ​ជំនាញ​ស្មូត្រ កញ្ញា ភឿន ស្រី​ពៅ បាន​ខិតខំ​ប្រើប្រាស់​ជំនាញ​ស្មូត្រ​របស់ខ្លួន មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រជាជន​ខ្មែរ​កោតស្ញប់ស្ញែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ថែមទាំង​នាំទៅ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ចាប់​អារម្មណ៍​កាន់តែខ្លាំង​ឡើង​លើ​សិល្បៈ​ដ៏​សម្បូរបែប និង​មាន​អាយុកាល​យូរ​ឆ្នាំ​របស់​ខ្មែរ​នេះ​។

ជាក់ស្តែង ទេពកោសល្យ​ស្មូត្រ​ទាំង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​យ៉ាង​ពីរោះ​នេះ បាន​ផ្ដល់ឱកាស​ឱ្យ​យុវជន​វ័យក្មេង​រូបនេះ ឈាន​ជើង​ទៅ​មើល​ពិភពលោក​ខាង​ក្រៅ​ជាច្រើន​ប្រទេស ដូចជា​សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី នេ​ប៉ាល់ ថៃ ចិន និង​ប្រទេស​តៃវ៉ាន​ជាដើម​។​

​នេះ​ក៏​ជា​មោទនភាព និង​ឱកាស​មួយ​ក្នុង​ការបង្ហាញ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​។ បើ​តាម​ការលើកឡើងរ​បស់​កញ្ញា ស្រី​ពៅ​៖ «​មហិច្ឆតា​ក្នុង​ការផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​ស្មូត្រ​នេះ នាង​ខ្ញុំ​មាន​តាំងពី​យូរយារ​ណាស់​មកហើយ មុនពេល​ដែល​នាង​ខ្ញុំ​មាន​អាជីវកម្ម​ផ្សារភ្ជាប់​ជាមួយ​ទម្រង់​សិល្បៈ​ស្មូត្រ​នេះ​ទៅទៀត គឺ​គោលបំណង​នោះ​គឺ​ចង់​ឱ្យ​ស្មូត្រ​មាន​ការពេញនិយម មានន័យ​ថា ភាពភ័យខ្លាច​សូមឱ្យ​បាត់បង់​ពី​ចិត្ត​របស់​ពុទ្ធបរិស័ទ​ឱ្យ​អស់​ទៅ ឱ្យ​គាត់​ចាប់ផ្តើម​គិត​ថា ស្មូត្រ​នោះ​គឺ​មាន​ប្រយោជន៍​នៅ​ក្នុង​ការអប់រំ​ចិត្ត​របស់​គាត់ ប្រយោជន៍​ធំ​នោះ​គឺ​អប់រំ​ចិត្ត​របស់​គាត់​ឱ្យ​ទទួល​យក​អ្វី​ដែល​ល្អៗ​»​។​

​បន្ថែម​ពី​នេះ​ទៀត កញ្ញា ស្រី​ពៅ ឱ្យដឹងថា ស្មូត្រ​មកពី​ពាក្យ​ថា «​សូត្រ​បទ​រលាក់រលែក​ស្រែក​ជា​តម្អូញ​មាន​ទំនងជា​ទំនួញ​រៀបរាប់​»​។ រៀង​រហូត​មក បទ​ទំនួញ​នេះ​ច្រើន​ប្រើប្រាស់​នៅក្នុង​ពិធី​បុណ្យសព ប៉ុន្ដែ​ឥឡូវ​កាន់តែ​មាន​ភាពទូលំទូលាយ​ជាង​មុន ដោយ​គេ​អាច​សូត្រ​នៅក្នុង​កម្មវិធី​បុណ្យ​ជាច្រើន​ដូចជា​បុណ្យ​ចម្រើន​ព្រះជន្ម បុណ្យបច្ច័យបួន និង​បុណ្យ​ដែល​ផ្សារភ្ជាប់​នឹង​ព្រះពុទ្ធសាសនា​ជាច្រើន​ទៀត​។​

​កញ្ញា​ថា ការ​ស្មូត្រ​មិន​ដូច​ចម្រៀង​សម័យ​ទេ​។ វា​ត្រូវ​មាន​ចំណុច​៣​សំខាន់ៗ​គឺ​សំឡេង ទេពកោសល្យ និង​ការអត់ធ្មត់​ព្យាយាម​។​

​មកដល់​ត្រង់​ចំនុច​នេះ កញ្ញា ស្រី​ពៅ បញ្ជាក់ថា ស្មូត្រ​មាន​របៀប​សូត្រ​ទាំងអស់​រហូត​ជាង​៦០​របៀប ដែល​មិន​មាន​ជាតិ​សាស្ត្រ​ណា​មាន​ទម្រង់​សិល្បៈ​ស្មូត្រ​ដ៏​ច្រើន​ដូច​កម្ពុជា​នោះទេ​។​

​អ្នកជំនាញ​ខាង​ស្មូត្រ​រូបនេះ​សង្ឃឹមថា យុវជន​ជំនាន់​ក្រោយ​នឹង​នាំគ្នា​សិក្សា​ស្វេងយល់​ពី​ជំនាញ​ស្មូ​ត្រ និង​រួម​គ្នា​ផ្សព្វផ្សាយ ដើម្បី​រក្សា​កេរតំណែល​សិល្បៈ​ដ៏​មាន​តម្លៃ​និង​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​នេះ​៖ «​ការ​អាច​សិក្សា​តាមរយៈ Youtube បាន ឬ​អាច​ទិញ​ជា​កាសែត​ឬ​ស៊ី​ឌី អ៊ីចឹង​ដំបូង​គាត់​អាច​ចាប់ផ្តើម​ដោយ​ការ​ស្តាប់​នេះឯង ដោយ​ការទិញ​កាសែត ស៊ី​ឌី ឬ​ក៏​តាម Youtube ហ្នឹង​គាត់​អាច​ស្តាប់​ហើយ​ចាប់ផ្តើម​រៀន​តាម​ហ្នឹង​បាន ហើយ​យើង​ក៏​អាច​នឹង​ជួប ឬ​ពិភាក្សា​បច្ចេកទេស​រៀន​ហ្នឹង​បន្ថែមៗ​អំពី​គ្រូ​របស់​យើង​ចាស់ៗ​។ ប៉ុន្តែ​កត្តា​ដែល​សំខាន់ ដែល​ថា​យើង​រៀន​ស្មូត្រ​ទៅ​ឆាប់​ចេះ ឆាប់​ចាប់បាន​នោះ ទី​១ ស្មូត្រ​ត្រូវការ​យើង​មាន​សំឡេង និង​ការព្យាយាម​»៕

ចែករំលែកតាម៖