​អ្នកជំនាញ​៖ ឪពុក​ម្ដាយ​គួរ​អប់រំ​កូន​ឱ្យបាន​ត្រឹមត្រូវ​តាម​បែប​ចិត្តសាស្ត្រ​តាំង​ពី​តូច​

​អ្នកជំនាញ​៖ ឪពុក​ម្ដាយ​គួរ​អប់រំ​កូន​ឱ្យបាន​ត្រឹមត្រូវ​តាម​បែប​ចិត្តសាស្ត្រ​តាំង​ពី​តូច​

​លោក ហឿ សេ​ធុល អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ និង​ជា​អ្នក​និពន្ធ​សៀវភៅ បុត្រតូច​សំណព្វចិត្ត

«​បុត្រ​តូច​សំណព្វ​ចិត្ត​» គឺជា​ចំណងជើង​សៀវភៅ​ថ្មី​មួយ​និពន្ធ​ដោយ​លោក ហឿ សេ​ធុល អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចិត្ត​វិទ្យា និង​ផ្នែក​ពិគ្រោះ​យោបល់​ផ្លូវចិត្ត ពី​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ហ្វីលីពីន​។

​សៀវភៅ​ដែល​ក្រប​ខាងមុខ​មាន​រូប​ម្ដាយ​ម្នាក់​កាន់​ដៃ​កូន​៤​នាក់​ដើរ​ឆ្ពោះ​ទៅ​មុខ​នេះ គឺ​សម្រាប់​ឱ្យ​ឪពុក​ម្ដាយ​យល់ដឹង​អំពី​ការ​រីក​លូត​លាស់​​របស់​កុមារ រួម​ជាមួយ​វិធីសាស្ត្រ​ថែទាំ និង​គ្រប់គ្រង​អាកប្បកិរិយា​របស់​កុមារ​តាម​បែប​ចិត្តសាស្ត្រ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​កុមារ​អាយុ​ពី​២​ឆ្នាំ ​រហូតដល់​១០​ឆ្នាំ​។​

ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​មួយរូប លោក ហឿ សេ​ធុល ដែល​បាន​និពន្ធ​សៀវភៅ «​បុត្រ​តូច​សំណព្វ​ចិត្ត​» លើក​ឡើង​ថា ឪពុក​ម្ដាយ​គួរតែ​យកចិត្តទុកដាក់​ថែរក្សា​និង​អប់រំ​កូន​តាំងពី​កូន​នៅ​តូចៗ ដើម្បី​ឱ្យ​ចំណងមិត្តភាព​រវាង​ឪពុកម្ដាយ និង​កូន​កាន់តែ​មាន​ភាពប្រសើរឡើង ជា​ពិសេស​ជួយ​ឱ្យ​កូន​ចៀសវាង​ពី​ការដើរ​ផ្លូវខុស​ដែល​សង្គម​មិន​ទទួលស្គាល់​៖

«​នៅ​ក្នុង​កំឡុង​ពេល​ដំបូងៗ​នៃ​ជីវិត​របស់​គេ​ហ្នឹង បើសិនជា​គេ​ទទួលបាន​ការថែទាំ​ល្អ ចំណង​ប្រតិព័ទ្ធ​របស់គេ​ជាមួយ​ឪពុក​ម្ដាយ​នឹង​មាន​កាន់តែខ្លាំង។ បានន័យថា​ថ្ងៃក្រោយ​ទៅ​គេ​មាន​មនោសញ្ចេតនា​ខ្លាំង​ជាមួយ​ឪពុក​ម្ដាយ​គេ​។ គេ​មាន​ចំណុច​ល្អៗ​ដែល​ធ្វើឱ្យ​គេ​ចង​ចាំ​ពី​គ្រួសារ​របស់​គេ ដែល​ធ្វើឱ្យ​គេ​មាន​ទស្សនៈ​ល្អៗ​ក្នុង​ខ្លួន​របស់​គេ បាទ​ហ្នឹង​ទាក់ទង​ទៅនឹង​ចំណង​ប្រតិព័ទ្ធ​។ គេ​ថា បើសិនជា​គាត់​អត់​មាន Attachment (​ចំណង​ប្រតិព័ទ្ធ​)​ហ្នឹង​ខ្លាំង​ទេ គាត់​នឹង​ក្លាយជា​មនុស្ស​មួយ​ដែល​អត់​សូវ​ខ្វល់​ពី​អ្នក​ដទៃ អត់​សូវ​មាន​មនោសញ្ចេតនា​ច្រើន​ជាមួយ​គ្រួសារ ហើយ​គាត់​ក៏​អាច​ក្លាយជា​មនុស្ស​ដែល​មើល​អ្វីៗ​ក្នុង​ផ្លូវ​អវិជ្ជមាន​ដែរ​»។

«អ៊ីចឹង​គេ​ថា​បទពិសោធន៍​ដំបូងៗ​នៃ​ជីវិត​របស់​កុមារ​នឹង​តម្រង់​ទិស​អនាគត​គេ​ពេញ​មួយជីវិត​។ គេ​នឹង​មើល​អនាគត​គេ​តាមរយៈ​អ្វី​ដែល​គេ​បាន​រៀន​នៅ​ពេល​ដែល​គេ​ចាប់ផ្ដើម​មាន​កំណើត​នៅលើ​ពិភព​លោក​​ហ្នឹង ចឹង​នៅក្នុង​លក្ខណៈ​ចិត្តសាស្ត្រ គេ​មាន​ការស្រាវជ្រាវ​គេ​រកឃើ​ញចឹង​។ ចឹង​ហើយ​បានជា​ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការថែទាំ​ក្មេង​តាំង​ពី​តូច​ទៅ​»​។​

​អ្នកជំនាញ​ចិត្តសាស្ត្រ​រូប​នេះ​ឱ្យដឹង​ដែរ​ថា ឪពុក​ម្ដាយ​ភាគច្រើន​អប់រំ​កូន​តាមរយៈ​ធម៌​ត្រជាក់ និង​ធម៌​ក្ដៅ​ដែលជា​តំណរ​តាំង​ពី​ដូនតា​មក​ម្ល៉េះ​។ ការអប់រំ​បែបនេះ​បាន​ធ្វើ​ឱ្យ​ក្មេង​មួយចំនួន​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​បាក់ស្បាត​ជាដើម ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ឪពុក​ម្ដាយ​ និង​កូន​កាន់តែ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​។​

Hoeur-Sophol-kid-book-20170820-02
សៀវភៅអប់រំសម្រាប់​កុមារ “បុត្រតូច​សំណព្វចិត្ត”

ក្នុង​បំណង​ធ្វើឱ្យ​សៀវភៅ «​បុត្រ​តូច​សំណព្វ​ចិត្ត​» មាន​ខ្លឹមសារ​ច្បាស់លាស់​និង​ប្រកប​ដោយ​វិជ្ជាជីវៈ លោក ហឿ សេ​ធុល អះអាងថា លោក​បាន​ចុះ​ស្រាវជ្រាវ​ដល់​សហគមន៍​ផ្ទាល់ ដើម្បី​យល់ដឹង​បន្ថែម​ពី​វិធីសាស្ត្រ​ថែទាំ​កុមារ និង​ដកស្រង់​ចេញពី​ឯកសារយោង​ដែល​មាន​ទាំង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​។ នៅក្នុង​សៀវភៅ​ដែល​មាន​កម្រាស់​ចំនួន​៦០​ទំព័រ​នេះ លោក ហឿ សេ​ធុល បាន​ដាក់បញ្ចូល​ខ្លឹមសារ​អប់រំ​ជា​៣​ដំណាក់កាល​ធំៗ​៖

«​ទី​១​និយាយ​ទៅលើ​ការរីកលូតលាស់​របស់​កុមារ​។ មុន​នឹង​យើង​និយាយ​ពី​ការថែទាំ​ក្មេង យើង​ត្រូវ​យល់​ពី​ការវិវត្ត​របស់​កុមារ​។ កុមារ​ដែល​នៅ​តូច​តើ​គេ​មាន​ការលូតលាស់​ផ្នែក​ពុទ្ធិ​គេ​ប៉ុណ្ណា​? តើ​គេ​ចាប់ផ្ដើម​​មាន​​ទំនាក់​ទំនង​​យ៉ាង​ម៉េច​​ជាមួយ​យើង​? នៅក្នុង​លក្ខណៈ​ចិត្តសាស្ត្រ​គេ​បង្ហាញចឹង ថា​នៅ​ពេល​ដែល​​យើង​និយាយ​ពី​ការរីកលូតលាស់​របស់​ក្មេង ទី​១​យើង​ផ្ដោត​ទៅលើ​កត្តា​ធម្មជាតិ​និង​កត្តា​អប់រំ​។ ហើយ​ចំណុច​ទី​២​ខ្ញុំ​និយាយ​ទៅ​លើ​ការបង្កើត​ចំណង​ប្រតិព័ទ្ធ ការ​ប្រឡែង​លេង ទាក់ទង​ទៅនឹង​ការជួយ​គេ ទម្លាប់​ល្អ​មួយចំនួនចឹង​ហា៎ ពីព្រោះ​អាកប្បកិរិយា​របស់​យើង​កើតឡើង​ពី​ការអប់រំ​ច្រើន​ជាង​ធម្មជាតិ ដែល​មនុស្ស​យើង​យើង​តែង​ថា​ចរិត​មនុស្ស​កើត​ឡើង​ពី​ធម្មជាតិ បើ​ទេវតា​ចារ​មក​ម៉េច​គឺ​វា​ទៅចឹង​ហើយ ប៉ុន្តែ​នៅក្នុង​លក្ខណៈ​ចិត្តសាស្ត្រ​គេ​អត់ថា​ចឹង​ទេ អាកប្ប​កិរិយា​​របស់​ម​នុស្ស​គឺ​កើតឡើង​តាមរយៈ​ការរៀន​ពី​បរិយាកាស​ជុំវិញ​»។

«ហើយ​ចំណុច​ចុង​ក្រោយ​ខ្ញុំ​និយាយ​ទាក់ទង​នឹង​ការ​គ្រប់​គ្រង​អាកប្បកិរិយា​របស់គេ​ដូចជា ខ្ញុំ​ឱ្យ​តម្លៃ​ទាក់ទង​នឹង​ការលើកសរសើ​រហើយ​និង​ការផ្ដល់​រង្វាន់​។ ពេលខ្លះ​យើង​ឃើញ​កូន​ធ្វើ​រឿង​ល្អ​មួយចំនួន យើង​អត់​ដែល​ចាប់អារម្មណ៍​ក្នុង​ការលើកសរសើរ​ទេ​។ នៅក្នុង​លក្ខណៈ​ចិត្តសាស្ត្រ គេ​ប្រើ​ថា រាល់​អាកប្បកិរិយា​ណា​ដែល​ទទួលបាន​ការលើក​សរសើរ គេ​ថា​អាកប្បកិរិយា​ហ្នឹង​វា​នឹង​កើនឡើង​។ បើសិនជា​គាត់​ធ្វើ​ល្អ ហើយ​ទទួលបាន​ការសរសើរ គេ​ថា​គាត់​នឹង​ធ្វើ​ទៀត​»​។​

យោងតាម​បទពិសោធន៍​របស់​លោក ហឿ សេ​ធុល ដែល​ធ្លាប់​ជួប​ជាមួយ​ក្មេង​ដែល​រស់នៅ​លើ​គំនរ​សំរាម ក្មេង​ដែល​ឪពុក​ម្ដាយ​បោះបង់ចោល លោក​ថា​មិនមែន​ជា​រឿង​ងាយស្រួល​ក្នុង​ការតម្រង់ទិស​ពួកគាត់​នោះ​ទេ ព្រោះ​អាកប្បកិរិយា​មួយចំនួន​បាន​ក្លាយទៅជា​ទម្លាប់​ដែល​ពួកគេ​បាន​ប្រើប្រាស់​ជា​ប្រចាំ​។ ពោល​គឺ​ពួកគាត់​ត្រូវការ​ពេល​ច្រើន​បំផុត​ដើម្បី​កែប្រែ​អាកប្ប​កិរិយា​នោះ​ឱ្យបាន​ប្រសើរ​មកវិញ​៖

«​ចឹង​ឧបមា​ថា​គាត់​រៀន​ជេ​រទាំង​អាយុ​៥​ឆ្នាំ រហូត​ដល់​ឥឡូវ​គាត់​ពេញវ័យ​១៨​ឆ្នាំ ចឹង​គាត់​រៀន​ជាង​១០​ឆ្នាំ​។ យើង​កុំ​រំពឹង​ថា​មួយថ្ងៃ​ពីរ​ថ្ងៃ​យើង​ផ្លាស់ប្ដូ​រការ​ជេរ​ហ្នឹង​បាន យើង​ត្រូវការ​ពេល​ស្ទើរ​រាប់​ឆ្នាំ​ដែរ ដើម្បី​ឱ្យ​គាត់​ផ្លាស់ប្ដូរ​ទម្លាប់​ហ្នឹង​។ នេះ​គ្រាន់តែ​ជា​ទម្លាប់​តូច​មួយ​ទេ​។ ឃើញ​ទេ​? ហើយ​មួយទៀត​ឧបមា​ថា គេ​មាន​ទម្លាប់​វាយ​ដំ​ទាត់​ធាក់​អ៊ីចឹង ដោយសារ​គាត់​ឃើញ​គំរូ​គ្រួសារ​តែងតែ​ធ្វើ​ចឹង​។ ឧបមា​ថា ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា ប្ដី​វាយ​ប្រពន្ធ ទឹងៗ​ៗ គេ​ថា ក្មេង​នឹង​មើល​គំរូ​ហ្នឹង ហើយ​ថ្ងៃក្រោយ​គេ​នឹង​ដោះស្រាយ​បញ្ហា​ដូច​អ្វី​ដែល​ឪពុក​ម្ដាយ​គេ​ធ្វើ​ចឹង​។ នៅពេលដែល​គេ​ឈ្លោះ​ជាមួយ​ប្រពន្ធ​គេ ដំណោះស្រាយ​ដំបូង​គេ​បង្អស់​គឺ​វាយ​ប្រពន្ធ​»​។

​ទាក់ទិន​ទៅ​នឹង​ការអប់រំ​ថែទាំ​កូន​តាម​បែប​ចិត្តសាស្ត្រ​នេះ លោក ហឿ សេ​ធុល អ្នកនិពន្ធ​សៀវភៅ «​បុត្រ​តូច​សំណព្វ​ចិត្ត​» និង​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ លើកឡើងថា ទៅ​ថ្ងៃ​ខាង​មុខ​លោក​គ្រោង​នឹង​និពន្ធ​សៀវភៅ​មួយទៀត ដែល​រៀបរាប់​អំពី​ការគ្រប់គ្រង​អាកប្បកិរិយា​របស់​មនុស្ស​វ័យ​ជំទង់​តាម​បែប​ចិត្តសាស្ត្រ​។ លោក​បន្តថា នៅពេល​ឈាន​ដល់​វ័យ​ជំទង់ មនុស្ស​មាន​ប្រែប្រួល​អាកប្បកិរិយា​ខ្លាំង ដែល​ពួកគេ​ចាប់ធ្ដើម​ចង់​ដឹង​ចង់ឮ​រឿង​ក្នុង​សង្គម​កាន់តែច្រើន​៕

ចែករំលែកតាម៖