​អ្នក​អភិរក្ស​ឯកសារ​បុរាណ​ដង្ហោយ​រក​ការឧបត្ថម្ភ​គាំទ្រ​

​អ្នក​អភិរក្ស​ឯកសារ​បុរាណ​ដង្ហោយ​រក​ការឧបត្ថម្ភ​គាំទ្រ​

សាស្ត្រាស្លឹក​រឹត​ដែល​តម្កល់ទុក​នៅ​បណ្ណាល័យ​ស្ថិត​ក្នុង​បរិវេន​វត្ត​​សា​រ៉ា​វន្ត

​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​សា​រ៉ា​វន្ត កណ្ដាល​រាជធានី​ភ្នំពេញ បណ្ណាល័យ​ព្រះ​វណ្ណា​រ័ត្ន​កែន​វង្ស​មាន​តម្កល់​ឯកសារ​បុរាណៗ​ដូចជា​សាស្ត្រា​ស្លឹករឹត​និង​ឯកសារ​ក្រាំង​។ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ស្រុក បណ្ណាល័យ​នេះ​បើកទទួល​ស្វាគមន៍​សាធារណជន ពិសេស​សិស្ស​និស្សិត ដើម្បី​សិក្សា​ស្រាវជ្រាវ​ឯកសារ​បុរាណ​ដោយ​សេរី​។​

​ក្រុម​អភិរក្ស​ឯកសារ​បុរាណ​នៅ​ទីនោះ លើកឡើងថា ទោះ​ជា​បណ្ណាល័យ​នេះ​ផ្តល់ឱកាស​ឱ្យ​សារ​ធា​រណ​ជន​ចូល​ដោយ​សេរី​ក្តី ប៉ុន្តែ​មិន​សូវ​ឃើញ​មាន​យុវជន​ជំនាន់​ក្រោយ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ ទៅ​ចូល​អាន​និង​សិក្សា​ស្វែង​យល់​ឯកសារ​បុរាណ ដែលប​ន្យ​ល់​ទុក​ពី​បុព្វបុរស​ខ្មែរ​នោះ​ប៉ុន្មាន​ឡើយ​។​

​តំណាង​ក្រុម​អភិរក្ស​ឯកសារ​បុរាណ​នៅ​បណ្ណាល័យ​ព្រះ​វណ្ណា​រ័ត្ន​កែន​វង្ស លោក ម៉េច ឃឿន ព្រួយបារម្ភ​ថា សាស្ត្រា​ស្លឹករឹត​បុរាណ​ខ្មែរ អាច​នឹង​ត្រូវ​បាត់បង់​ទៅ​ថ្ងៃ​អនាគត​។ លោក​សង្កេតឃើញថា បច្ចុប្បន្ន​ប្រជាជន​ទូទៅ​រួម​ទាំង​ព្រះសង្ឃ​ផង​នោះ និយម​អាន​សៀវភៅ​និង​គុម្ពី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ ដូចជា ទូរទស្សន៍ អ៊ី​ន​ធើ​ណែ​ត ហើយ​បោះបង់​ការអាន​និង​ស្រាវ​ជ្រាវ​តាមរយៈ​សាស្ត្រា​ស្លឹក​រឹត​។​

«​បើសិនជា​យើង​និយាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការសរសេរ ឬ​ការ​ចារ​ឡើង​វិញ​នោះ បច្ចុប្បន្ន​គឺ​យើង​អត់​មាន​ទេ ហ្នឹង​សម្រាប់​នៅ​កន្លែង​អង្គការ​ទេ អត់​មាន​ការ​ចារ​ចម្លង​ឡើង​វិញ​ទេ។ ប៉ុន្តែ​ការអភិរក្ស​រក្សា​ទុករ​បស់​ដែលមាន​រួចហើយ ជាពិសេស​ទៅលើ​សាស្ត្រា​ស្លឹករឹត ក្រាំង ​វៀន ​របស់​ខ្មែរ​យើង​ពី​អតីតកាល​ហ្នឹង​។ ហើយ​ចំណុច​​មួយទៀត ដែល​សាស្ត្រា​ស្លឹក​រឹតឬ​ឯកសារ​បុរាណ​របស់​យើង​នេះ ដែល​ស្ថិតនៅ​ក្នុង​ស្ថានភាព​មួយ​ដែល​យើង​គួរ​ឱ្យ​មាន​ការភ័យព្រួយ វា​រង​ការបាត់បង់​ជា​បណ្តើរៗ ហើយ​ការបាត់បង់​នេះ គឺ​កើត​ចេញពីទី​១​គឺ យើង​មិនសូវ​យក​ចិត្ត​ទុក​ដាក់ នៅក្នុង​ការថែរក្សា​របស់​ដូនតា​ដែល​មាន​ហើយហ្នឹង។ ដូច​ស្ថានភាព​ជាក់ស្តែង​ដែល​ខ្ញុំ​បាន​ចុះ​ទៅ​តាម​ខេត្ត​មួយចំនួន ដូចជា​នៅ​ខាង​ខេត្ត​តាកែវ ខេត្ត​កំពង់ចាម គឺ​យើង​ជួប​ជាក់ស្តែង សាស្ត្រា​គឺ​ស្ថិតនៅ​ក្នុង​សភាព​មួយ​ដែល​មិន​សមគួ​រសោះ។ សាស្ត្រា​ខ្លះ​គេ​យកទៅ​ដាក់​ក្នុង​ប​ល្ល័ង្ក​ព្រះ​ នៅ​ខាង​ក្រោម​បល្ល័ង្ក​ព្រះ​ហ្នឹង​គឺ​ដាច់​ខ្សែ​ចំណង​អី​ទាំងអស់នេះ​…ទាំងអស់​នេះ​ហើយ​ដែល​ធ្វើឱ្យ​យើង​មាន​ការភ័យព្រួយ​នៅ​ក្នុង​ការបាត់បង់​ឯក​សារ​ទាំងអស់​ហ្នឹង បើសិនជា​យើង​មិន​មាន​ការថែរក្សា​ដោយ​រួសរាន់​នៅក្នុងពេល​ឆាប់ៗ​ខាង​មុខ​នោះ​ទេ​»​។​

សាស្ត្រាស្លឹករឹត​បុរាណ​ដែល​រងការ​ខូចខាត
សាស្ត្រាស្លឹករឹត​បុរាណ​ដែល​រងការ​ខូចខាត

​តំណាង​ក្រុម​អ្នក​អភិរក្ស​ឯកសារ​បុរាណ​ខ្មែរ​រូប​នេះ​បញ្ជាក់ថា ខ្លឹមសារ​ក្នុង​សាស្ត្រា​ស្លឹករឹត​បុរាណ​ខ្មែរ​នេះ  មាន​សារៈសំខាន់​និង​មាន​បង្កប់​នូវ​លក្ខណៈ​ពិសិដ្ឋ​នៃ​អក្សរសាស្ត្រ​ខ្មែរ ដែល​អ្នកប្រាជ្ញ​បុរាណ​ខ្មែរ​បាន​ចារ​ដៅ​ទុក​អំពី​ខ្លឹមសារ​ច្បាប់ ទំនៀម​ទំលាប់ និង​អត្តសញ្ញាណ​ជា​ព្រលឹង​ជាតិខ្មែរ ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួមគ្នា​អភិរក្ស​ទាំងអស់គ្នា​៖ «​ខ្ញុំ​គិតថា​ជា​ប្រយោជន៍​ផ្នែក​មួយ​នៅក្នុង​វិស័យ​អភិវឌ្ឍ​ប្រទេសជាតិ​យើង ពីព្រោះ​ឯកសារ​នេះ​បាន​កត់ត្រា​ទុក​នូវ​រាល់​សកម្មភាពឬ​ព័ត៌មាន​បុព្វបុរស​ខ្មែរ​យើង​ក្នុង​អតីតកាល ដែល​គាត់​រស់នៅ​ដោយ​របៀប​ណា គាត់​ធ្វើ​ការសិក្សា​ដោយ​របៀប​ណា គឺ​គាត់​មាន​ចារ​ចម្លង​ទុក​នៅ​ក្នុង​ឯកសារ​ទាំងអស់នេះ ដែល​សំខាន់​បំផុត​គឺពាក់ព័ន្ធ​នឹង​ផ្នែក​អក្សរសាស្ត្រ​របស់​យើង​តែ​ម្តង​»​។​

​ទន្ទឹម​គ្នា​នេះ​ដែរ តំណាង​ក្រុម​អ្នក​អភិរក្ស​ឯកសារ​បុរាណ ដែល​ជា​ជនជាតិ​បរទេស លោក ត្រេ​ន្ត វ៉ក​ឃ័រ (Trent Walker) បានឱ្យដឹងថា ដើម្បី​លើកស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិខ្មែរ ក្រុម​របស់​លោក​បាន​ព្យាយាម​បង្កើត​ឯកសារ​នានា​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន តាមរយៈ​ការស្រាវជ្រាវ​និង​សង្ខេប​ខ្លឹមសារ​នានា ដើម្បី​ឱ្យ​យុវជន​ចាប់ផ្តើម​ស្រឡាញ់​ការអាន ដើម្បី​ឆ្លើយតប​ទៅ​នឹង​កង្វះខាត​អក្សរ​ស្លឹក​រឹត​៖ «​ប្រសិនបើ​មាន​ជំនឿ​នៅក្នុង​ព្រះពុទ្ធសាសនា សាស្ត្រា​ស្លឹករឹត​មួយចំនួនធំ គឺ​ព្រះ​ធម៌​តែម្តង​។ អ៊ីចឹង​បើ​យើង​យល់​ថា​ព្រះ​ធម៌​ជា​របស់​សំខាន់ គឺជា​អ្វីមួយ​ដែល​យើង​ត្រូវ​រក្សាទុក ត្រូវ​អភិរក្ស ឱ្យ​វា​គង់វង្ស​និង​ដាក់​វា​នៅក្នុង​កន្លែង​ដ៏​សម​គួរ​»​។​

ក្រុមអ្នកអភិរក្សឯកសារបុរាណកំពុង​ពិនិត្យ​មើល​សាស្ត្រាស្លឹក​រឹត​នៅបណ្ណាល័យ​ស្ថិត​ក្នុង​វត្ត​​សា​រ៉ា​វន្ត
ក្រុមអ្នកអភិរក្សឯកសារបុរាណកំពុង​ពិនិត្យ​មើល​សាស្ត្រាស្លឹក​រឹត​នៅបណ្ណាល័យ​ស្ថិត​ក្នុង​វត្ត​​សា​រ៉ា​វន្ត

​បច្ចុប្បន្ន សាស្ត្រា​ស្លឹករឹត​បុរាណ​ខ្មែរ​ត្រូវបាន​គេ​ឃើញ​មាន​តម្កល់​នៅតាម​បណ្ណាល័យ​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ជា​នៅ​វត្ត​សា​រ៉ា​វ័ន្ត ជាង​៤០០០​ខ្សែ សារមន្ទីរ​ជាតិ​២០០០​ខ្សែ បណ្ណាល័យ​ជាតិ​២៥០០​ខ្សែ និង​ក្នុង​បណ្ណាល័យ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត បរម​រាជវាំង ជាង​២៥០០​ខ្សែ​។ ក្រៅពីនេះ សាស្ត្រា​ស្លឹករឹត​បុរាណ​ខ្មែរ​មួយចំនួន​ទៀត​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​មាន​នៅ​តាម​វត្ត​អារាម​មួយចំនួន​ក្នុង​ខេត្ត​កំពង់ចាម និង​កណ្តាល​។​

​សាស្ត្រា​ភាគច្រើន​ដែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ ច្រើន​ជា​សាស្ត្រា​ដែល​ឆ្លងកាត់​ការថែរក្សា​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​។ សាស្ត្រា​ស្លឹករឹត​ដែល​បន្សល់​ទុក​រហូត​បច្ចុប្បន្ន​(២០១៧) បាន​ឆ្លងកាត់​ការរក្សា​ទុក​របស់​ស្ថាប័ន​សំខាន់​៣​បន្តរ​បន្ទាប់​គ្នា​រួមមាន​៖ សាលា​បាលី​ជាន់ខ្ពស់ នា​អំឡុង​ឆ្នាំ​១៩១៤ ព្រះ​រាជបណ្ណាល័យ នា​អំឡុង​ឆ្នាំ​១៩២៥ និង​ពុទ្ធ​សាសន​បណ្ឌិត្យ នា​អំឡុង​ឆ្នាំ​១៩៧៥​។​

​ក្រុម​អភិរក្ស​ឯកសារ​បុរាណ​ខ្មែរ​នៅតែ​ដង្ហោយ​រក​ការឧបត្ថម្ភ និង​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ ព្រមទាំង​អំពាវនាវ​យុវជន​ឱ្យ​ចូលរួម​ថែរក្សា​សាស្ត្រា​ស្លឹករឹត​បុរាណ ដើម្បី​លើកស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិខ្មែរ​៕

ចែករំលែកតាម៖